ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​អ៊ីរ៉ង់​បន្ទាប់​ពី​​​អ៊ីរ៉ង់​មាន​ការ​រារែក


រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ឈ្មោះ ​Sukhoi Su-34 របស់​រុស្ស៊ី ​បាន​ហោះ​ហើរ​ក្នុង​ទិវា​ជ័យ​ជម្នះ​ នៅទីក្រុង​មូស្គូ​ កាល​ពី​ឆ្នាំ២០១៥។
រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ឈ្មោះ ​Sukhoi Su-34 របស់​រុស្ស៊ី ​បាន​ហោះ​ហើរ​ក្នុង​ទិវា​ជ័យ​ជម្នះ​ នៅទីក្រុង​មូស្គូ​ កាល​ពី​ឆ្នាំ២០១៥។

ទើប​តែ​មួយ​សប្តាហ៍​បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​លើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ចេញ​ពី​មូលដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​បេសកម្ម​នោះ ​បាន​ចប់​ហើយ។

រដ្ឋមន្រ្តី​ការបរទេសអ៊ីរ៉ង់ ​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ ពី​ការ​ចង់​បង្អួត​និង​គ្មានការ​បង្ហាញ​ពី​ភាពត្រឹម​ត្រូវ​ចំពោះការ​អួត​ដល់​ពិភពលោក​ពី​សមត្ថភាព​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ចេញ​ពី​ទឹក​ដី​របស់​អ៊ីរ៉ង់​នេះ។

ចំណាត់ការ​នេះ ​ចោទ​ជាសំណួរ​ថា​ តើ​ជម្លោះ​នេះ​បានធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ត្រឹម​តែ​អារម្មណ៍ ឬថា​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្តដែល​អ៊ីរ៉ង់​និង​រុស្ស៊ី ​នឹង​បន្ត​គាំទ្រ​របប​ស៊ីរី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​ខ្លួន​ដល់​ក្រុម​រដ្ឋ​ឥស្លាម។

លោក ​Bahram Ghasemi ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ​បាន​ប្រកាស​ជាផ្លូវការ​ថា ​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានី ​Tehran ​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អា​កាស​របស់​រុស្ស៊ី ​បាន​បញ្ចប់​យ៉ាង​ហោច​ណាស់​ក៏​នៅ​ពេល​ឥឡូវ​នេះ​ដែរ។

​នៅ​រសៀល​ថ្ងៃ​អាទិត្យ ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្រ្ត​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ​ Tu-22M3 ​និង​យន្ត​ហោះ​ចំបាំង​ប្រភេទ ​Sukhoi Su-34​ របស់​រុស្ស៊ី​បាន​ត្រូវ​គេ​ឃើញ​ហោះ​ចេញ​ពី​ទីតាំង​ទ័ព​អាកាស ​Shahid Nojeh ​នៅ​ក្នុង​ទីក្រុង ​Hamedan ​នៃ​ប្រទេស​អ៊ីរ៉ង់​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ។

រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ទេ ​កាល​ពី​ថ្ងៃ​ចន្ទ​ស្តី​ពី​អត្ថាធិប្បាយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។

ក៏ប៉ុន្តែ ​របប​អ៊ីរ៉ង់ ​បាន​និយាយ​ថា ​រុស្ស៊ី ​បាន​ប្រើ​ប្រាស់​ទីតាំង​របស់​ខ្លួន​អស់​ជា​ច្រើន​ខែ​ហើយ​បាន​សម្រេច​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​សាធារណៈ​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG