នៅទីក្រុងឡូវែល សកម្មជនមួយចំនួនកំពុងជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាក្រុង ដើម្បីធានាឲ្យមានតំណាងចម្រុះ ដែលចេញពីតំបន់ផ្សេងៗចូលកាន់តំណែងជាអ្នកដឹកនាំ។
(ទស្សនារបាយការណ៍នេះជាវីដេអូដោយ VOA ខេមរភាសា)
លោក Rodney M. Elliott សមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងឡូវែល និងជាអតីតចៅហ្វាយក្រុងកាលពីឆ្នាំ២០១១ បានប្រាប់ VOA ថា លោកបានស្នើឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត At-Large ពីព្រោះលោកជឿថា ប្រព័ន្ធនេះមិនបានផ្តល់ឱកាសស្មើគ្នាដល់បេក្ខជនគ្រប់រូបដែលឈរឈ្មោះ។
«ខ្ញុំយល់ថា បើសិនជាយើងបោះឆ្នោតតាមតំបន់ រួមបញ្ចូលទាំងបោះឆ្នោតទូទាំងក្រុង យើងនឹងមានបេក្ខជនច្រើនឈរឈ្មោះ។ យើងអាចទទួលបានតំណាងចម្រុះប្រសើរជាងនេះ។ ហើយខ្ញុំយល់ថា យើងនឹងមានសមាជិកដែលចម្រុះនៅក្រុមប្រឹក្សាក្រុង»។
តាំងពីឆ្នាំ១៩៤៣មក ទីក្រុងឡូវែលបានអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large មានន័យថា បេក្ខជនឈរឈ្មោះ ត្រូវធ្វើយុទ្ធនាការទូទាំងក្រុងឡូវែល ដើម្បីស្វែងរកសំឡេងគាំទ្រឲ្យបានច្រើនបំផុត ដើម្បីទទួលបានកៅអីក្នុងសាលាក្រុង ដែលមាន៩អាសនៈ។
ទីក្រុងឡូវែលសព្វថ្ងៃនេះត្រូវបានបែងចែកជា១១តំបន់។ ក៏ប៉ុន្តែ សមាជិក៦នាក់ ក្នុងចំណោម៩នាក់ដែលមានតំណែងនៅសាលាក្រុង គឺមកពីតំបន់តែមួយ គឺតំបន់ Belvidere ដែលពោរពេញពលរដ្ឋអាមេរិកាំងស្បែកស ហើយពលរដ្ឋនៅទីនោះមានសិទ្ធិ និងចេញទៅបោះឆ្នោតច្រើន។
សមាជិកក្រុមប្រឹក្សាក្រុង លោក Elliott បកស្រាយថា ការកែប្រែប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At-Largeនេះ គឺដើម្បីប្តូរទៅយកការអនុវត្តប្រព័ន្ធបោះឆ្នោតតាមតំបន់វិញ ឬក៏ប្រព័ន្ធបោះឆ្នោតចម្រុះ ដែលរួមមានការបោះឆ្នោតតាមតំបន់ និងតាមបែប At-Large។
«ទីក្រុងភាគច្រើននៅរដ្ឋម៉ាសាឈូសេត និងទូទាំងសហរដ្ឋអាមេរិកអនុវត្តប្រព័ន្ធចម្រុះរវាងការបោះឆ្នោតតាមតំបន់ និងការបោះឆ្នោតទូទាំងក្រុង ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង។ មានន័យថា យើងនឹងឃើញបេក្ខជនមកពីតំបន់ផ្សេងៗត្រូវបានជ្រើសតាំងជាសមាជិកទីប្រឹក្សាក្រុង ចេញពីសំឡេងរបស់ពលរដ្ឋក្នុងតំបន់នោះ។ ហើយយើងក៏នឹងឃើញឱកាសស្មើគ្នាមួយទៀត ដែលថា បេក្ខជនប្រហែលបីនាក់នឹងត្រូវបានជ្រើសតាំងដោយការបោះឆ្នោតទូទាំងក្រុង»។
នៅទូទាំងរដ្ឋម៉ាសាឈូសេតទាំងមូល មានតែទីក្រុងបីប៉ុណ្ណោះ រួមទាំងទីក្រុងឡូវែលផង ដែលអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ at-Large នេះ។ ទីក្រុងពីរទៀតគឺទីក្រុង Fall River និងទីក្រុង Haverhill។
លោក មុំ រ៉ាឌី តំណាងរាស្ត្រថ្នាក់រដ្ឋប្រចាំសង្កាត់ Middlesex ទី១៨ ធ្លាប់បានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងកាលពីឆ្នាំ២០០៥។ លោកថា លោកចង់ឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At-Large នេះ។
«ខ្ញុំចង់ឲ្យមាន more focus [ការយកចិត្តទុកដាក់] លើ district [សង្កាត់]។ មានន័យថា បើយើងនៅកន្លែងណា សុំឲ្យមានតំណាងនៅទីនោះ ដើម្បីជាសំឡេង the reflection of the constitutents [ដែលតំណាងឲ្យពលរដ្ឋក្នុងតំបន់នោះ]។ ឲ្យឃើញថា ប្រជារាស្ត្រយើងតើមកពីណា ដែលយើងអាចក្តាប់សំឡេងបាន ហើយយល់អ្វីដែលយើងមានជាបញ្ហាក្នុងសង្គមដែលយើងរស់នៅ»។
លោក មុំ រ៉ាឌី បានបន្ថែមថា ប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At-Large នេះ តម្រូវឲ្យបេក្ខជនចំណាយថវិកា និងរយៈពេលច្រើន ពីព្រោះការឃោសនាត្រូវធ្វើទូទាំងក្រុង។ ហេតុដូច្នេះ បេក្ខជនឈរឈ្មោះដែលមកពីតំបន់មានសេដ្ឋកិច្ចទាបអាចជួបកត្តាប្រឈមច្រើន។
លោក លាង ស៊ីដនី ប្រធានគម្រោងសិទ្ធិពលរដ្ឋនៃមជ្ឈមណ្ឌសុខភាពសហគមន៍ Lowell បានប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីខែសីហា ថា ទីក្រុងឡូវែលនេះមានពលរដ្ឋចម្រុះពូជសាសន៍ច្រើន រួមទាំងពលរដ្ឋខ្មែរអាមេរិកាំងប្រមាណបីម៉ឺនទៅបួនម៉ឺននាក់ តែពលរដ្ឋអាមេរិកាំងស្បែកសមានសិទ្ធិបោះឆ្នោតច្រើនជាង ពលរដ្ឋមកពីពូជសាសន៍ដទៃ។
«ហើយនៅទីក្រុងឡូវែលនេះពោរពេញទៅដោយពួកគេ គឺសាសន៍ស គឺច្រើនជាងជនជាតិភាគតិច។ ជនជាតិភាគតិចមានត្រឹមតែ៤៩ភាគរយ។ ដូច្នេះ សំខាន់ជាងគេ ដើម្បីឲ្យមានភាពស្មើគ្នា យើងត្រូវតែកែប្រែប្រព័ន្ធបោះឆ្នោតហ្នឹង។ បើមិនអញ្ចឹងទេ ទោះបីយើងភ្លុកទឹកភ្លុកដីទៅបោះឆ្នោត ក៏យើងមិនអាចឈ្នះបានដែរ»។
ក៏ប៉ុន្តែ លោក អ៊ុង រិទ្ធី គ្រូប្រឹក្សាសិស្សវិទ្យាល័យឡូវែល បានបញ្ជាក់ប្រាប់ VOA ថា ការឈ្នះឆ្នោតដើម្បីក្លាយជាក្រុមប្រឹក្សាក្រុងអាស្រ័យលើកត្តាបុគ្គលិកលក្ខណៈ ចំណេះដឹង និងបទពិសោធន៍របស់បេក្ខជន មិនមែនដោយសារតែប្រព័ន្ធបោះឆ្នោតនោះទេ។
«កាលយើងឈរនៅស្រុកនេះ គឺយើងឈរជា At Large ហើយកៅអីទាំងអស់ មិនមែនជាកៅអីរបស់បុគ្គលណាទេ។ ទាំងអស់វា៩កៅអី។ សំខាន់គឺបុគ្គលិកលក្ខណៈរបស់យើង និងការចេះដឹងរបស់យើងក្នុងសង្គម ដើម្បីឲ្យគេអ្នកបោះឆ្នោតជឿទុកចិត្តយើង ដើម្បីឲ្យគេឲ្យសំឡេង»។
លោក អ៊ុង រិទ្ធី គឺជាពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងឡូវែលដំបូងគេបង្អស់ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលក្នុងអំឡុងពេលជិតបីអណត្តិតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០២។
លោកបន្ថែមថា៖
«បើសិនជាយើងទាមទារឲ្យមាន district យើងត្រូវយល់ដឹងអំពីតម្លៃរបស់ district [សង្កាត់] យើងផងថា តើវាមានប្រយោជន៍អ្វីខ្លះ។ ចំពោះខ្ញុំ គឺថា យើងត្រូវសង្កេតមើលខ្លួនឯង។ បើសិនជាយើងធ្វើអស់គ្រប់ជ្រុងហើយ បានទៅចុះឈ្មោះបោះឆ្នោត ចេញមកបោះឆ្នោត ហើយសំឡេងឆ្នោតយើងឡើង។ ហើយយើងនៅតែមិនជាប់ទៀត នោះចាំយើងស៊ើរើម្តងទៀត»។
លោក Edward J. Kennedy ចៅហ្វាយក្រុងឡូវែលនាពេលបច្ចុប្បន្ននេះ ក៏យល់ស្របដូចលោក អ៊ុង រិទ្ធី ថា ការចូលរួមបោះឆ្នោតរបស់ពលរដ្ឋរស់នៅតាមតំបន់នីមួយៗគឺសំខាន់ ហើយលោកអង្កេតថា ការមិនរួបរួមគ្នារបស់សហគមន៍ខ្មែរជាកត្តាដែលបណ្តាលឲ្យបេក្ខជនជាខ្មែរមិនជាប់ឈ្មោះនៅសាលាក្រុងសម្រាប់ការបោះឆ្នោតថ្មីៗកន្លងទៅនេះ។
«ខ្ញុំយល់ថា សហគមន៍ខ្មែរមើលទៅមិនរួបរួមគ្នាទេទំនងជាដោយសារបញ្ហានយោបាយនៅប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានជាពួកគេមិនបោះឆ្នោតជាតំបន់រួមគ្នា។ បើសិនជាពួកគេបោះឆ្នោតរួមសំឡេងតែមួយ ខ្ញុំយល់ថា សំឡេងអ្នកគាំទ្របេក្ខជនខ្មែរនឹងមានច្រើន»។
ពេលចោទសួរអំពីប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At-Large នេះ លោកចៅហ្វាយក្រុង Kennedy បញ្ជាក់ថា ប្រព័ន្ធនេះជ្រើសរើសអ្នកដឹកនាំ ដែលតំណាងឲ្យសហគមន៍ទាំងមូល។
«ខ្ញុំជឿថា ប្រព័ន្ធនេះគឺរួមបញ្ចូលមនុស្សគ្រប់ៗគ្នាដែលរស់នៅក្នុងសហគមន៍។ ដោយសារតែយើងធ្វើការបម្រើទូទាំងក្រុង រួមទាំងរូបខ្ញុំផង។ ដូច្នេះយើងតំណាងឲ្យសហគមន៍ទាំងមូល»។
លោកចៅហ្វាយក្រុងក៏បានបន្ថែមថា៖ «ប្រព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាក្រុងសព្វថ្ងៃនេះដំណើរការទៅបានល្អ ពីព្រោះទាំងសមាជិកក្រុមប្រឹក្សាក្រុង អ្នកគ្រប់គ្រងក្រុង និងតំណាងរាស្ត្រនៅក្រុងឡូវែល ធ្វើការងាររួមគ្នា»។
សម្រាប់សកម្មជនដែលជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At Large នេះ ដូចជាសមាជិកក្រុមប្រឹក្សាក្រុង លោក Rodney Elliott និងលោក លាង ស៊ីដនី ពួកគេបានបញ្ជាក់ថា ជំហានសំខាន់ដំបូងគឺការធ្វើប្រជាមតិជាមួយពលរដ្ឋទូទាំងក្រុង ដើម្បីសម្រេចលើបញ្ហានេះ។
ទោះជាយ៉ាងណាក្តី ការតស៊ូមតិដើម្បីការកែប្រែប្រព័ន្ធបោះឆ្នោតទូទាំងក្រុងនេះនៅតែបន្ត៕