ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានបដិសេធចោលទាំងស្រុងនូវសេចក្តីអំពាវនាវមួយរបស់ប្រទេស អារ៉ាប៊ីសាអូឌីត ដែលសុំឲ្យរដ្ឋក្នុងតំបន់ឈូងសមុទ្រពែក្សទាំងអស់ចូលរួមក្នុងការពិគ្រោះយោបល់គ្នាចំពោះការចរចាណាមួយជាមួយប្រទេសអ៊ីរ៉ង់ក្នុងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍បានគូសបញ្ជាក់ថាប្រទេសរបស់ទ្រង់ «គួរត្រូវបានគេពិគ្រោះយោបល់ជាមួយដោយពេញលេញ» អំពីអ្វីដែលកើតមានឡើងជុំវិញការចរចាជាមួយប្រទេសអ៊ីរ៉ង់ស្តីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។
សេចក្តីស្នើសុំរបស់ទ្រង់ត្រូវបានទាត់ចោលនៅថ្ងៃចន្ទនេះដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកSaeed Khatibzadeh។
អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «គ្រប់គ្នាមានសិទ្ធិនិយាយស្តី ប៉ុន្តែវាប្រសើរជាងដែលគេមិននិយាយលើសពីកម្រិតរបស់គេដែលអាចធ្វើឲ្យខ្លួនឯងមានការខ្មាសអៀននោះ»។
ការលើកឡើងពីទីកន្លែងនៃប្រទេសធុនកណ្តាលមួយក្នុងតំបន់វានឹងមិនជួយអ្វីនោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងសំណួរជាច្រើន ជុំវិញតួនាទីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះ។
អ្នកនាំពាក្យរូបនេះ ក៏បានចោទប្រកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ថាបានផ្តល់ថវិកាផ្គត់ផ្គង់ឲ្យមានផ្នត់គំនិតជ្រុលនិយម ហើយជាអ្នកទទួលខុសត្រូវចំពោះបញ្ហាជាច្រើន នៅក្នុងពិភពឥស្លាមនិងអារ៉ាប់នោះ ដោយលោកគូសបញ្ជាក់ថា ពលរដ្ឋអារ៉ាប៊ីសាអូឌីត គួរទទួលបាននូវ«ភាពល្អប្រសើរជាងនេះ»។
លោក Joe Biden ដែលគេព្យាករណ៍ថានឹងក្លាយជាប្រធានាធិបតីអាមេរិកថ្មីនោះ បានបង្ហាញសញ្ញាថាលោកចង់ឲ្យអាមេរិកវិលទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ។
លោកប្រធានាធិបតីអាមេរិក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានចាប់ផ្តើមដាក់ទណ្ឌកម្មមួយចំនួនឡើងវិញនៅក្នុងយុទ្ធនាការដាក់សម្ពាធដ៏ខ្លាំងមួយប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ៕