ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្លែងសុន្ទរកថាដែលមានអត្ថន័យមិនព្រមចុះញ៉មនិងខឹងសម្បារមួយ ទៅមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈដែលប្រទេសរបស់លោកកំពុងទទួលរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាសេដ្ឋកិច្ចដែលមានការអន់ថយនោះ។
លោក Rouhani លើកឡើងក្នុងសុន្ទរកថានោះថា៖ «សហរដ្ឋអាមេរិកមិនអាចដាក់ទណ្ឌកម្មឲ្យមានការចរចាឬសង្គ្រាមមកលើប្រទេសអ៊ីរ៉ង់នោះទេ»។
លោកបន្ថែមថា៖ «ជីវិតពិតជាមានការលំបាកពេលស្ថិតនៅក្រោមទណ្ឌកម្ម។ ប៉ុន្តែទោះជាយ៉ាង អ្វីដែលកាន់តែពិបាកជាងហ្នឹងទៀតនោះ គឺជីវិតរស់នៅដែលគ្មានឯករាជ្យនោះ»។
លោក Rouhani ទទូចថា គឺអាមេរិកទេ ដែលនឹងត្រូវចុះញ៉មជាមួយនឹងភាពតស៊ូអត់ធន់របស់អ៊ីរ៉ង់នោះ។
ភាពតានតឹងបានកើនឡើងខ្ពស់ប្រកបដោយគ្រោះថ្នាក់រវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានដាក់ទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់នោះ៕