មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានស្នើឲ្យមាន «ការដាក់ទោសដោយគ្មានការលើកលែង» ចំពោះអ្នកដែលស្ថិតនៅពីក្រោយនៃការធ្វើឃាតអ្នកវិទ្យាសាស្ត្ររបស់ខ្លួនម្នាក់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរយោធារបស់រដ្ឋាភិបាលអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលចំពោះអំពើឃាតកម្មនេះ។
ប្រទេសអ៊ីស្រាអែលត្រូវបានសង្ស័យជាយូរមកហើយថាបានធ្វើឃាតអ្នកវិទ្យាសាស្ត្រមួយចំនួនរបស់អ៊ីរ៉ង់កាលពីមួយទសវត្សរ៍មុន ក្នុងអំឡុងពេលដែលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។ ក៏ប៉ុន្តែ អ៊ីស្រាអែលនៅមិនទាន់ផ្ដល់អត្ថាធិប្បាយណាមួយអំពីករណីឃាតកម្មកាលពីថ្ងៃសុក្រកន្លងទៅនេះលើអ្នកវិទ្យាសាស្ត្រកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh នោះទេ។ ករណីឃាតកម្មនេះហាក់ដូចជាមានការគ្រោងទុកយ៉ាងប្រយ័ត្នប្រយែង ប្រៀបដូចជាការលួចវាយប្រហារបែបយោធាដូច្នេះដែរ។
អំពើឃាតកម្មនេះអាចបណ្ដាលឲ្យមានភាពតានតឹងជាថ្មីរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងអំឡុងពេលដែលអាណត្តិរបស់លោកប្រធានាធិបតី Donald Trump ជិតឈានដល់ទីបញ្ចប់ និងនៅចំពេលដែលលោក Joe Biden ដែលត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកបានលើកឡើងថា រដ្ឋបាលរបស់លោកអាចនឹងត្រឡប់ទៅចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រទេសមហាអំណាចពិភពលោកឡើងវិញ។ កន្លងមក រដ្ឋបាលរបស់លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។
ក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបញ្ជូននាវាដឹកយន្ដហោះចម្បាំង USS Nimitz ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញហើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Khamenei បានហៅលោក Fakhrizadeh «ថាជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ និងលេចធ្លោផ្នែកនុយក្លេអ៊ែរនិងផ្នែកការពារជាតិរបស់ប្រទេស»។
លោក Khamenei ថ្លែងថា អាទិភាពទីមួយរបស់អ៊ីរ៉ង់ក្រោយពីអំពើឃាតកម្មនេះកើតឡើងគឺ «ការដាក់ទោសដោយគ្មានការលើកលែងលើអ្នកប្រព្រឹត្តរឿងនេះ និងអ្នកដែលបញ្ជាឲ្យធ្វើរឿងនេះ»។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងក្រុមការងារពិសេសទទួលបន្ទុកកិច្ចការជំងឺកូវីដ១៩ របស់រដ្ឋាភិបាលអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ លោកប្រធានាធិបតី Hassan Rouhani បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាជាអ្នកប្រព្រឹត្តរឿងនេះ៕