ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានរៀបចំពិធីបុណ្យសពសម្រាប់អ្នកវិទ្យាសាស្ត្រផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួនគឺលោក Mohsen Fakhrizadeh ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃសុក្រ ហើយមេដឹកនាំប្រទេសអ៊ីរ៉ង់បានគំរាមថា ខ្លួននឹងធ្វើការសងសឹកដល់ការស្លាប់របស់អ្នកវិទ្យាសាស្ត្ររូបនេះ។
រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បាននិយាយនៅក្នុងពិធីបុណ្យសពដែលត្រូវបានប្រារព្ធធ្វើក្នុងបរិវេណក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងរដ្ឋធានីតេហេរ៉ង់ថា ការស្លាប់របស់លោក Fakhrizadeh នឹងធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់មានការរួបរួមគ្នា និងការតាំងចិត្តខ្លាំងជាងមុន ហើយប្រទេសអ៊ីរ៉ង់នឹងបន្តការងាររបស់លោកដោយ «ល្បឿននិងថាមពលមួយកាន់តែខ្លាំងក្លាជាងមុន»។
កាលពីថ្ងៃសុក្រ ជនប្រដាប់អាវុធជាច្រើនបានបាញ់ប្រហារទៅលើរថយន្តរបស់លោក Fakhrizadeh ខណៈពេលលោកកំពុងធ្វើដំណើរជិតទីប្រជុំជនដាច់ស្រយ៉ាលមួយឈ្មោះ Absard។
ប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសការសម្លាប់អ្នកវិទ្យាសាស្ត្ររបស់ខ្លួនរូបនេះទៅលើប្រទេសអ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងចារកម្មប្រទេសអ៊ីស្រាអែលលោក Eli Cohen បានប្រាប់ស្ថានីយវិទ្យុអ៊ីស្រាអែលកាលពីថ្ងៃចន្ទថា លោកមិនបានដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវនៃការបាញ់សម្លាប់នោះទេ។
ជាការឆ្លើយតបចំពោះការបាញ់សម្លាប់នោះ សភាជាតិប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមពិនិត្យមើលឡើងវិញនូវច្បាប់មួយដែលអាចបញ្ឈប់ការត្រួតពិនិត្យនូវកម្មវិធីអាវុធនុយក្លេអែរបស់ខ្លួន ដោយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ។
ព្រឹត្តិការណ៍ទាំងនេះបានកើតមានឡើងក្នុងរយៈពេលតិចជាង២ខែមុនលោក Joe Biden ដែលត្រូវបានគេព្យាករណ៍ថាជាអ្នកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីនោះ នឹងត្រូវស្បថចូលកាន់តំណែង ដោយមានគោលបំណងមួយថា អាមេរិកនឹងចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលបានដាក់កម្រិតនូវសកម្មភាពផលិតអាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មផ្សេងៗ៕