ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្ត្រាចារ្យ​ច្បាប់​នៅ ​​Columbia Law School ​ថា ពលរដ្ឋ​កំពុង​មើល​ទង្វើ​រដ្ឋាភិបាល


លោក Jonathan Bush សាស្ត្រាចារ្យ ច្បាប់​នៃ​សាលា​ច្បាប់ Columbia Law School នៃ​សកល​វិទ្យាល័យ Columbia University ក្នុង​បុរី​ញូយ៉ក។ (សាយ មុន្នី/VOA)
លោក Jonathan Bush សាស្ត្រាចារ្យ ច្បាប់​នៃ​សាលា​ច្បាប់ Columbia Law School នៃ​សកល​វិទ្យាល័យ Columbia University ក្នុង​បុរី​ញូយ៉ក។ (សាយ មុន្នី/VOA)

ក្រោយពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ខ្លះ បាន​ចាប់ផ្តើម​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក អ្នក​ជំនាញ​ច្បាប់​និយាយា​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​យក​គំរូ​តាម​របប​ដឹកនាំ​បែប​ផ្តាច់ការ​នានា​នៅ​លើ​ពិភពល​លោក ដោយ​យក​ច្បាប់​ធ្វើ​ជា​លេស។

កំណត់​និពន្ធ៖ លោក ចូណាថាន់ ប៊ូស(Jonathan Bush) គឺ​ជា​សាស្ត្រាចារ្យ​អាមេរិកាំង ​នៅ​សាលា​ច្បាប់​Columbia Law Schoolនៃ​សកលវិទ្យាល័យ Columbia ក្នុង​បុរី​ញូយ៉ក។ លោក​បង្រៀន​ច្បាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត រួម​ទាំង​បញ្ហា​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​Holocaust ផង​ដែរ។ លោក សាយ មុន្នី នៃ​វីអូអេ ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន បាន​សម្ភាសន៍​លោក Jonathan Bush អំពី​ការ​ប្រើ​ច្បាប់របស់​រដ្ឋាភិបាល ក្នុង​ការបង្ក្រាប​ទៅ​លើ គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយយ​មួយ​ចំនួន។​ ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​មក រដ្ឋាភិបាលរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់​ច្បាប់​ស្តីពី​ពន្ធដារ ​ទៅលើ​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​និង​ក្រុម​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន ដោយ​បង្ខំ​ឲ្យ​ស្ថាប័ន​ទាំង​នោះ បិទ​ដំណើរការ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស។ កាល​ពី​ខែ​វិច្ឆិកា តុលាការ​កំពូលកម្ពុជា ក៏​បាន​សម្រេច​តាម​ពាក្យ​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល ឲ្យរំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​គឺ​គណបក្ស​សង្គ្រោះជាតិ ដោយ​ចោទប្រកាន់​ថា មេដឹកនាំ​គណបក្ស​នេះ ​ បាន​រៀបចំ​ផែនការ​ផ្តួលរំលំ​លោក ហ៊ុន សែន ដោយ​មាន​ការសមគំនិត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ដូច​លោក​បាន​ដឹង​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​បង្ក្រាប​គណបក្ស​ប្រឆាំង បុគ្គលិក​អង្គការ​សង្គមស៊ីវិល និង​អ្នក​កាសែត ដែល​រិះគន់​រដ្ឋាភិបាល នៅ​មុន​ពេល​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ តើ​ទង្វើ​បែប​នេះ មាន​ន័យ​ដូចម្តេច សម្រាប់​រូប​លោក នៅពេល​ដែល​រដ្ឋាភិបាល បាន​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​មិន​អាច​សម្តែង​មតិ​របស់​ខ្លួន​ដោយ​សេរី​បាន នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​បែប​នេះ?

លោក Bush៖ ខ្ញុំ​បាន​តាមដាន​ព្រឹត្តិការណ៍​ហ្នឹង​ខ្លះ​ដែរ ហើយ​ខ្ញុំ​គិត​ថា ព្រឹត្តិការណ៍​ទាំង​នេះ ពិត​ជា​រំខាន​ចិត្ត​មែនទែន។ វា​ដូច​ជា​បែប​ផែន​មួយ​ដែល​អ្នក​ឃើញ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​របប​ផ្តាច់ការ​កាន់តែ​ច្រើន​ឡើង បាន​ព្យាយាម​លាក់បាំង​ការ​បង្ក្រាប​របស់​ពួកគេ ដោយ​យក​ច្បាប់ ​ធ្វើ​ជា​លេស។ ការណ៍​នេះ ពិត​ជា​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់។

មាន​របៀប​ច្រើន​យ៉ាង​និង​ឧបករណ៍​ផ្លូវច្បាប់​ជាច្រើន ដែល​រដ្ឋាភិបាល​អាច​យក​មកប្រើ​ដើម្បី​ធ្វើ​ការ​បង្ក្រាប។ ខ្ញុំ​ចង់​និយាយ​ថា គេ​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​ពីបទ​បរិហាកេរ្តិ៍ អាច​ជា​បទល្មើស​រដ្ឋប្បវេណី​ឬ​ព្រហ្មទណ្ឌ ឬ​គេ​អាច​ប្តឹង​ពី​បទ​ញុះញង់​ក៏​បាន ដើម្បី​បង្ក្រាប​លើ​ស្ថាប័ន​ដែល​គ្រប់គ្រង​កាសែត ឬ​ក៏​អង្គការ​ក្រៅរដ្ឋាភិបាល ចំពោះ​ការ​រំលោភ​ច្បាប់​ពន្ធដារ​ឬ​បែបបទ​រដ្ឋបាល​ផ្សេងៗ​ តាម​ដែល​គេ​ចោទប្រកាន់។ គេ​ថែម​ទាំង​អាច​ចោទ​ពី​បទ​ក្បត់​ជាតិ​ថែម​ទៀត​ផង។ ទង្វើ​ទាំង​នេះ ត្រូវ​បាន​គេ​ដឹង​ឭ​ជា​យូរយារ​ណាស់​មក​ហើយ​ថា​ជា​ឧបករណ៍​ដែល​ជន​ផ្តាច់ការ​ប្រើប្រាស់។ ខ្ញុំ​ចេះ​តែ​គិត​ថា​ឧបករណ៍​ទាំង​នេះ មាន​ប្រសិទ្ធភាព​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ។ តាម​ធម្មតា ការ​ពិត នឹង​លេច​ឡើង។

អ្នក​ដឹង​ទេ​ថា គ្មាន​នរណា សាហាវ​ជាង​ស្តាលីន​ទេ ប៉ុន្តែ​អ្វីៗ​ទាំងអស់ សូម្បី​តែ​សារ​លេច​ធ្លាយ​ពី​ លោក [Nikita] Khrushchev [អតីត​មេដឹកនាំ​រុស្សី] ក៏​បាន​បង្ហាញ​ផ្នែក​ខ្លះ​នៃ​ការ​ពិត អំពី​អ្វី​ដែល​ស្តាលីន​បាន​ធ្វើ ហើយ​ការ​ពិត​ផ្សេងទៀត ក៏​បាន​លេចឡើង​នៅ​ពេល​ក្រោយ​មក​ទៀត។ ខ្ញុំ​គិត​ថា គេ​មិន​អាច​លាក់បាំង​ការ​សម្ងាត់​ដ៏​ខ្មៅ​ងងឹត​ទាំង​នេះ​បាន​រហូត​ទេ។

ខ្ញុំ​គិត​ថា យក​ល្អ មិត្តភក្តិរបស់​រដ្ឋាភិបាល គួរ​តែ​ប្រាប់​រដ្ឋាភិបាល​ថា «‍ឲ្យ​អ្នក​ទាំង​នោះ ប្រយុទ្ធ​គ្នា​នៅ​លើ​ទីលាន​សាធារណៈមតិ​ទៅ។ ឲ្យ​អ្នក​កាសែត​និយាយ​អី​ និយាយ​ទៅ​តាម​តែ​ពួកគេ​ចង់»។

VOA៖ សូម្បី​តែ​អ្នក​កាសែត ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អ្នក​ពាំនាំ​មក​ជូន​សាធារណជន​នូវ​ព័ត៌មាន​ដែល​មាន​តុល្យភាព​និង​ឥត​លម្អៀង ក៏​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ការងារ​របស់​ពួកគេ​ដែរ។ ជា​ឧទាហរណ៍​ ​អ្នកកាសែត​ពីរ​នាក់​នៃ​កាសែត​ ដឺខែមបូឌា ដេលី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ នៅ​ពេល​ដែល​ពួកគេ គ្រាន់តែ​សួរសំណួរ​ទៅកាន់​ប្រភព​ព័ត៌មាន​របស់​ពួកគេ​ប៉ុណ្ណោះ។ តើ​ការ​ចោទប្រកាន់​បែប​នេះ ប៉ះពាល់​សេរីភាព​សារព័ត៌មាន​និង​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​ដូចម្តេច​ខ្លះ?

លោក Bush៖ ពិតណាស់ អ្វី​ៗ​ទាំង​នេះ ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូចទៅ ដែល​ជា​ការណ៍​គួរ​ឲ្យ​ក្រៀមក្រំ​ណាស់។ គេ​សង្ឃឹម​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស និង​ក្រុម​អ្នក​កាសែត​បរទេស​ នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​ ផ្តោត​លើរឿង​ទាំង​នេះ ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹង​ថា ពលរដ្ឋកំពុង​តែ​តាម​មើល​រឿង​ទាំង​នេះ។ អ្នក​អាច​មើលឃើញ​បញ្ហា​នេះ​នៅក្នុង​ប្រទេស​ជាច្រើន។ ពេល​នេះ គឺ​ជា​គ្រា​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​ក្នុង​នាម​ជា​អ្នក​កាសែត នៅក្នុង​ប្រទេស​ជាច្រើន។ សម្រាប់​ពួក​យើង​ទាំងអស់គ្នា លទ្ធផល​គឺ​ថា យើង​បញ្ចេញ​គំនិត​កាន់តែ​តិច​ជាង​មុន និង​ការ​ជជែក​ពិភាក្សា​ដេញដោលគ្នា​ដ៏​ស្មោះត្រង់​ កាន់តែ​តិច​ជាង​មុន។ គេ​គ្រាន់តែ​អាច​សង្ឃឹម​ម្តង​ទៀត​ថា វា​ងាយស្រួល​ក្នុង​ការ​អង្គុយ​ក្នុង​ស្ទីឌីយោ ហើយ​សង្ឃឹម​ថា​ អ្នក​ដទៃទៀត មាន​ភាព​ក្លាហាន ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា អ្នក​កាសែត​ទាំង​នោះ ត្រូវ​បាន​ដោះលែង ឬ​អាច​បន្ថយ​គំនាបសង្កត់ ឬ​អាច​ទទួល​បាន​លំហ​ក្នុង​ការ​និយាយ​ស្តី​ពី​អ្វី​ដែល​ពួកគេ​យល់​ឃើញ ហើយនិង​សង្ឃឹម​ថា របប​ដឹកនាំ​នេះ នឹង​មិន​រៀនសូត្រ ​ប្រើ​ឧបករណ៍​ផ្លូវ​ច្បាប់ ដូច​របប​ផ្សេងៗ​ទៀត បាន​ប្រើ ដើម្បី​បង្ក្រាប​ ឬ​ក៏​ធ្វើ​ខុស​ស្មារតី​ច្បាប់ ដោយ​ធ្វើ​តែ​តាម​តួអក្សរ​នោះ។

VOA៖ ដូច​លោក​មាន​ប្រសាសន៍​ខាង​ដើម​អញ្ចឹង​ថា កម្ពុជា មិន​មែន​ជា​ប្រទេស​ដំបូង​និង​តែ​មួយ​គត់ ដែល​បាន​រៀន​តាម​គំរូ​ប្រទេស​ផ្សេង​ ហើយ​បាន​យក​តាក់តិច​នៃ​ការ​ប្រើប្រាស់​ឧបករណ៏​ផ្លូវច្បាប់​ ដើម្បី​បង្ក្រាប​គូរ​បដិបក្ខ​នយោបាយ​របស់​ខ្លួន​នោះ។ ដូច្នេះ តើ​លោក​បាន​រៀន​ពី​យន្តការ​អ្វី​ខ្លះ ដើម្បីតទល់​ជាមួយ​តាក់តិច​បែប​នេះ?

លោក Bush៖ នេះ​គឺ​ជា​សំណួរ​ដែល​ពិបាក​ជាង​គេ។ ខ្ញុំ​ចង់​និយាយ​ថា អ្នក​និយាយ​ពិត​ជា​ត្រឹមត្រូវ​ណាស់។ ឧទាហរណ៍ មិន​ចាំ​បាច់​និយាយ​ចំ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​មាន​ប្រទេស​ខ្លះ នៅ​អឺរ៉ុប​ខាង​កើត ដែល​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ដើរ​តាម​គន្លង​ប្រហាក់ប្រហែល​គ្នា​ដែរ។ ដោយសារ​ប្រទេស​ទាំង​នេះ​ ស្ថិត​ក្នុង​សហភាពអឺរ៉ុប ប្រទេស​ដទៃទៀត​ដែល​ជា​បងប្អូន​គ្នា​ក្នុង​សហភាពអឺរ៉ុប​ដែរ អាច​ព្យាយាម​ដាក់​សម្ពាធ​ជា​លក្ខណៈ​ស្ថាប័ន​ក្នុង​តំបន់ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត ឬ​ក៏​មាន​ការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​ជាដើម។ ប្រទេស​ដែល​មាន​ឯករាជ្យភាព​ពេញលេញ ​ប្រើប្រាស់​អធិប្បាយភាព ជាលេស​ដើម្បី​បិទបាំង។ ប្រសិន​បើ​កម្ពុជា ចង់​ធ្វើ​បែប​នេះ គ្មាន​ប្រទេស​ណា នឹងដក​ជំនួយ ឬ​ឱ្យ​ផ្លាស់ប្តូរ​ឥរិយាបទ ទៅ​លើ​អត្ថប្រយោជន៍ពាណិជ្ជកម្ម ដោយភ្ជាប់​លក្ខខណ្ឌ​ឱ្យ​ដោះលែង​អ្នក​កាសែត​ម​នោះ​ទេ។ ការណ៍​នេះ គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ។ តើ​អ្នក​អាច​ឱ្យ​របប​ដឹកនាំ​នេះ ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​គេ​គួរ​តែ​ធ្វើ​តាម​របៀបមួយ​ដែល​បង្ហាញ​ការ​គោរព​ដល់​ប្រជាជន​កម្ពុជា និង​ពលរដ្ឋ​ទាំង​អស់​ បាន​ដោយ​របៀប​ណា នៅ​ពេល​ដែល​អ្នក​គ្មាន​អ្វី​ទាំង​អស់​ ក្រៅ​តែ​ពី​ក្តីសង្ឃឹម​និង​សម្ពាធ​ខាង​សីលធម៌​នោះ។

ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដទៃទៀត ពោល​គឺ​ប្រទេស​មហាអំណាច​ នឹង​មិន​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា​នោះ។ សូមទោស និយាយ​នេះ មិន​មែន​ជា​សំឡេង​ដែល​អស់សង្ឃឹម​ទេ តែ​គ្រាន់តែ​ស្រងាកចិត្ត​ប៉ុណ្ណោះ​នៅ​ពេល​នេះ។

VOA៖ មេដឹកនាំ​កម្ពុជា ជា​រឿយៗ និយាយ​យោង​ទៅដល់​វោហាសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន អំពី​ប្រព័ន្ធផ្សព្វផ្សាយ នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ដាក់​ស្ថាប័ន​ព័ត៌មាន​និង​អ្នក​កាសែត​ក្នុង​ប្រទេស ដោយ​និយាយ​ថា សូម្បី​តែ​ប្រធានាធិបតី​អាមេរិក ក៏​បាន​វាយប្រហារ​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​ដែរ។ ដូច្នេះ តើ​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ អាច​ធ្វើ​អ្វី​បាន​ចំពោះ​រឿង​នេះ?

លោក Bush៖ ការណ៍​ដែល​ប្រធានាធិបតី​អាមេរិក បាន​និយាយ​វាយប្រហារ​លើសារព័ត៌មាន​ជាប់​ជា​ប្រចាំ​និង​យ៉ាង​ស្វាហាប់ មិន​ថា​ជា​ស្ថាប័ន​ព័ត៌មាន​បែប​កម្សាន្ត​ឬ​ផ្តល់​ព័ត៌មាន​ឬ​ក៏​ទៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​មូល​នោះ​ទេ គឺ​ថា​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ឡើយ។ យើង​នៅ​តែ​មាន​ប្រព័ន្ធយុត្តិធម៌ឯករាជ្យ ហើយ​យើង​ក៏​នៅ​មាន​សំឡេង​សារព័ត៌មាន​ផ្សេងៗ​គ្នា ដែល​ជា​តម្រូវការ​របស់​ស្ថាប័ន​និង​មាន​ការ​ធានា នៅ​ពេល​ដែល​ស្ថាប័ន​ព័ត៌មាន​ជាក់លាក់​ណា​មួយ ត្រូវ​បាន​គេ​ចុច​ចំ​ឈ្មោះ​ សម្រាប់​ការ​វាយប្រហារ​នោះ។

តាម​ដែល​ខ្ញុំដឹង ចាប់តាំង​ពី​រដ្ឋការ​របស់​លោក ត្រាំ ឡើង​កាន់​អំណាច​មក មិន​ទាន់​មាន​កាសែត​ណាមួយ​បិទទ្វារ ដោយសារ​ហេតុផល​នយោបាយ​នោះ​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​អ្នក​កាសែត​ណាម្នាក់ ជាប់​ពន្ធនាគារ​ដែរ។ ដូច្នេះ ជ្រុង​មួយ​ទៀត​នៃ​រឿង​នេះ គឺ​ថា ជា​ការ​ពិត​ណាស់ យើង​មាន​ប្រធានាធិបតី​ម្នាក់ និង​ជំនួយការ​របស់​គាត់​ខ្លះ ដែល​បាន​និយាយ​បរិហារ​ទៅ​លើ​ផ្នែក​ខ្លះ​នៃសារព័ត៌មាន។ យើង​ក៏​មាន​សារព័ត៌មាន ដែលភាគច្រើន មិន​ចាប់បារម្ភ​លើ​រឿង​នេះ​ដែរ។ ប្រាកដណាស់ លោក​ប្រធានាធិបតី បាន​និយាយ​រឿងជា​ច្រើន ប៉ុន្តែនៅ​តែ​មានរឿង​ជាច្រើន​ទៀត​ដែល​កំពុងតែ​លេច​ចេញ​មក​ក្រៅ។ កាសែត​បោះពុម្ព​អ្វី​ដែល​ពួកគេ​ចង់ អំពី​ការ​លេចធ្លាយ​ពាក់ព័ន្ធនឹង​រុស្សី ឬ​អំពី​ជំនួញ​គ្រួសារ​របស់​លោក​ប្រធានាធិបតី។ យើង​ចាំ​មើល​ថាតើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សារព័ត៌​មាន​ នៅ​តែ​ឈរ​ជើង​យ៉ាង​រឹងមាំ។

​VOA៖ វិល​ទៅ​ករណី​របស់​អតីត​អ្នក​កាសែត​កម្ពុជា​វិញ ដែល​សំណុំរឿងក្តី​របស់​ពួកគេ​ ត្រូវ​បាន​ចាត់ការ​ដោយ​តុលាការ​កម្ពុជា ដែល​ល្បី​ថា​មិន​មាន​ឯករាជ្យភាព​នោះ តើ​លោក​គិត​ថា ពួកគេ​អាច​ទទួល​បាន​យក​យុត្តិធម៌​ដោយ​របៀបណា?

លោក Bush៖ ច្បាស់​ណាស់ នោះ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​សម្រេច​ជា​លក្ខណៈ​ផ្ទៃក្នុង​ដោយ​តុលាការ​កម្ពុជា។ គ្មាន​នរណាអាច​និយាយថា សំណុំ​រឿង​នេះ គួរតែ​ត្រូវ​បាន​ពិនិត្យ​នៅ​កន្លែង​ផ្សេង ដោយ​ចៅក្រម​ឬតុលាការ​បរទេស​នោះ​ទេ។ ដូច្នេះ វា​អាស្រ័យ​ទៅ​លើ​តុលាការ​ខ្លួនឯង ដែល​ជួនកាល​ ត្រូវ​បាន​គេ​ចោទ​សួរ​ដែរ។ ​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ពាក់ព័ន្ធ​វិញ អ្វី​ដែល​គេ​ត្រូវ​ការ​នោះ​ គឺ​មេធាវី​ការពារ​ក្តី​ដ៏ល្អបំផុត​ដែល​អ្នក​អាច​រក​បាន និង​ការ​ផ្សព្វផ្សាយ​រឿង​ក្តី​នេះ​ជា​សាធារណៈ ឱ្យ​គេ​បាន​ដឹង​ឭ​សុះសាយ។​ ជួនកាល​ សំណុំរឿងក្តី​ទាំង​នេះ ត្រូវ​បាន​ដោះស្រាយ​នៅ​ពី​ក្រោយ​ឆាក ប៉ុន្តែ​នោះ​គឺ​ជា​អ្វី​មួយ​ដែល​មេធាវីការពារ​ក្តី​ដ៏ល្អបំផុត គួរ​តែ​ពិនិត្យ​មើល​ថាតើ​យើង​គួរ​ដោះស្រាយ​រឿង​ហ្នឹង​យ៉ាង​ដូចម្តេច? តើ​យើង​គួរ​តែ​និយាយ​ជាមួយ​នរណា​ខ្លះ?

ការ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ទម្លាក់ចោល​បទ​ចោទ មាន​លក្ខណៈ​ងាយស្រួល​ជាង​ការ​តតាំងក្តី​ ដើម្បី​យក​ឈ្នះ​ក្នុង​តុលាការ ពី​ព្រោះ​ប្រសិនបើ​ព្រះរាជអាជ្ញា​បន្ទន់​ជំហ ហើយ​យល់​ឃើញ​ថា គាត់​ទៅ​ជ្រុលហួស នោះ​គឺ​ជា​របៀប​ដោះស្រាយ​ដែល​ប្រសើរ​ជាង។ ប៉ុន្តែ នេះ​គឺ​រឿង​តាក់តិច។ អ្នក​កាសែត​ទាំង​នេះ ត្រូវ​ការ​មេធាវី​ដែល​ល្អបំផុត ហើយ​ត្រូវការ​ប្រមែប្រមូល​មិត្តភក្តិ ដែល​ត្រៀម​ទាញ​ចំណាប់អារម្មណ៍ទៅ​លើ​ករណី​របស់​ពួកគេ។ ខ្ញុំ​សង្ឃឹម​ថា គេ​នៅ​តែ​មាន​ភាព​ក្លាហាន ដូច​ដើម​អញ្ចឹង។

VOA៖ ​ជា​ចុងក្រោយ តើ​សហគមន៍​អន្តរជាតិ អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ទៅ​ហួស​ពី​ដែន​កំណត់​របស់​ខ្លួន​នោះ?

លោក Bush៖ តើ​មាន​អ្វី​ដែល​យើង​ឬ​ប្រទេស​ផ្សេងទៀត​ក្នុងសហគមន៍​អន្តរជាតិ ​អាច​ធ្វើ​បាន​ទេ? ប្រាកដជា​បាន។ មាន​កិច្ចការ​ច្រើន​ណាស់​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ទៀត​ផង។ គេ​អាច​ស្រមៃមើល​ឃើញ​យ៉ាង​ស្រួល​អំពី​សំឡេង​សហគមន៍អឺរ៉ុប​ទៅលើ​បញ្ហា​នេះ ដោយសារ​អំណាច​នៃ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ ដែល​សហភាពអឺរ៉ុប​ទាំង​មូល មាន។​ គេ​ក៏​អាច​ស្រមៃឃើញ​សំឡេង​របស់​អាមេរិកាំង​លើ​បញ្ហា​នេះ​ដែរ។ ថាតើ​យើង​នឹង​បញ្ចេញ​សំឡេង​នេះ​ឬ​អត់​នោះ ខ្ញុំ​មិន​ដឹង​ទេ។ ប៉ុន្តែ ក្នុង​បញ្ហា​ទាំង​នេះ សំឡេង​រដ្ឋាភិបាល ជានិច្ចកាល​ គឺ​ប្រសើរ​ជាង​សំឡេង​អង្គការក្រៅរដ្ឋាភិបាល។ ការដែល​ឱ្យ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ​និង​ Open Society Foundation ចេញ​សេចក្តីថ្លែងការណ៍​នោះ គឺ​ពិត​ជា​មាន​ប្រយោជន៍ ប៉ុន្តែ បើ​ក្រសួងការបរទេសឬ​ក្រសួង​ពាណិជ្ជ​អាមេរិក ឬ​សហភាពអឺរ៉ុប ឬ​ក៏ប្រទេស​ជា​មិត្ត​ផ្សេងទៀត​របស់​កម្ពុជា ​និយាយ​ថា «‍ល្មម​ហើយ ឈប់​ទៅ» នោះ​វា​នឹង​ប្រសើរ​ជាង។ ខ្ញុំ​ចង់​និយាយ​ថា ជាថ្មី​ម្តង​ទៀត​ដោយ​មិន​បាច់​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយទេ​ គឺ​មាន​ប្រទេស​៥​ឬ៦នៅ​ក្នុង​ពិភពលោក ដែល​យើង​ឃើញ​ដំណើរការ​បង្ក្រាប​ទៅលើ​សារព័ត៌មាន​និង​គណបក្ស​ប្រឆាំង ដូចគ្នា​បេះបិទ។ តើ​នរណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់​ពី​នេះ​ទៅ? ឥឡូវ ដល់​ពេល​ដែល​ប្រទេស​ជា​មិត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បញ្ចេញ​សំឡេង​របស់​ពួកគេ​ហើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG