ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើប​អង្កេត​អំពី​ការពាក់ព័ន្ធ​របស់​លោក សម រង្ស៊ី​ទៅនឹង​ការ​សន្យា​កាត់​ដី​ឲ្យ​វៀតណាម


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters and និង VOA)
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters and និង VOA)

លោក​ ហ៊ុន សែន​ ​បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​​លើ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​ធ្វើ​រួម​គ្នា​ ​រវាង​​​លោក​ ​សម រង្ស៊ី​ ​ជាមួយ​ប្រធាន​មូល​និធិ​ម៉ុងតាញ៉ា​ ​កាល​ពី​ឆ្នាំ​២០១៣​ ហើយ​ក្រសួង​មហា​ផ្ទៃ​ថាបាន​ត្រៀម​ប្តឹង​លោក​ ​សម រង្ស៊ី​ ​ពី​បទ​ក្បត់​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ ​និង​ក្រសួង​យុត្តិធម៌​ ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​ម៉ត់ចត់​ លើ​ព័ត៌មាន​ដែល​បង្ហោះ​តាម​ហ្វេស​ប៊ុក​ចោទ​លោក​ ​សម រង្ស៊ី​ ថា​បាន​សន្យាកាត់​ខេត្ត​ខ្មែរ​ចំនួន​៤​ ​ឲ្យ​ទៅ​ជន​ជាតិ​ដើម​ភាគ​តិច​វៀតណាម។​ ​លោក​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា​ ​នេះ​គឺជា​ទង្វើ​ក្បត់ជាតិ​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​អត់​ឱនឲ្យ​បាន។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​កាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម​ទៅ​កោះប៉ែន​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា​ ​លោក​ ​សម រង្ស៊ី​ ​អតី​ត​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​បាន​សន្យា​កាត់​ដី​ចំនួន​៤ខេត្ត​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​វៀតណាម​ ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។​ ​លោក​បន្ថែម​ថា​ ​ទង្វើនៃការ​កាត់​ទឹកដីឲ្យបរទេស​ ​ជាអំពើក្បត់ជាតិ ដែល​លោក​ថា​ ​រដ្ឋាភិបាល​ចាំ​បាច់​ត្រូវមាន​ចំណាត់ការ​តាម​ច្បាប់​ឲ្យ​បាន​ហ្មត់ចត់។​

លោក​នាយករដ្ឋ​មន្ត្រី​ ដែល​កាន់​អំណាច​ជាង​ ​៣ទសវត្សរ៍​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«រឿង​នេះ​កុំ​ភ្លេច ​រដ្ឋមន្ដ្រី​យុត្តិធម៌​ត្រូវ​ចាត់ចែង​រឿង​ហ្នឹង​ជាមួយ​ក្រសួង​មហាផ្ទៃ។​ ​រឿង​ក្ដី​មួយ​នេះ​ជា​រឿង​ធំ​ណាស់​ ជាផល​ប្រយោជន៍​ ​ហើយ​នេះ​អំពើ​ក្បត់​ជាតិ​ចេញ​មក​ច្បាស់​ក្រឡែត។​ ​ប៉ុន្ដែ​យើង​អត់​ត្រូវ​ធ្វើ​ទទឹង​ទិស​ទេ​ ​ព្រោះ​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ ​ហើយ​ត្រូវ​ដំណើរការ​តាម​យន្ដ​ការ​ច្បាប់​។ ​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​កាត់ដី​កម្ពុជា​ឲ្យ​ជនបរទេស​នោះ​ទេ»។​

​លោក​ ​ហ៊ុន សែន​ ​បន្ត​ថា​ ​លោក​គ្រោង​ណាត់​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ក្នុងកិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី នា​ថ្ងៃទី​១៧ ខែមីនា​ខាងមុខ​ ដើម្បី​សួរ​នាំ​ពាក់ព័ន្ធ​នឹង​ការ​សន្យា​របស់​លោក​ សម រង្ស៊ី​ ថា​នឹង​កាត់​ដីកម្ពុ​ជា​ទៅ​ឲ្យ​វៀតណាម​នា​ពេល​នោះ។​

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ ​អ្នក​ប្រើប្រាស់​គណនីហ្វេសប៊ុក​មួយ​ឈ្មោះ​ ​Rithy Erng​ ​បាន​បង្ហោះ​ឯកសារ​មួយ​ចំនួន ​រួម​ទាំង​វីដេអូ​ឃ្លីប​ផង​ ដោយ​បង្ហាញ​ថា​ ​លោក​ ​សម រង្ស៊ី​ ​ធ្លាប់​បាន​ជួប​លោក Kok Ksor​ ​ប្រធាន​មូល​និធិ​ម៉ុង​តាញ៉ា​ ​កាល​ពី​ឆ្នាំ​២០១៣​ ​ដោយ​ភាគី​ទាំង២ ​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ឲ្យ​ជនជាតិ​ម៉ុង​តាញ៉ា​រស់នៅ​លើ​ខេត្ត៤ ​របស់​កម្ពុជា​រួមមាន​ ​ខេត្ត​ក្រចេះ​ ​ស្ទឹងត្រែង​ ​រតនគិរី​ ​និង​មណ្ឌល​គិរី។​

ឯកសារ​ទាំង​នោះត្រូវ​បានអង្គភាព​សារ​ព័ត៌មាន​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​ ​យក​ទៅ​ផ្សាយជា​បន្ត​បន្ទាប់។​ ​ក្នុង​ឯកសារ​ដែល​ដាក់​ឈ្មោះ​ថា​ ​«កិច្ច​ព្រមព្រៀង​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​Degar​ ​នៅកម្ពុជា»​ ​មាន៣មាត្រា​ ​ដែល​មាត្រា​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នា​នា​ ​ដោយ​យោងលើ​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច។​

ចំណែក​ក្នុង​វីដេអូប្រវែង​ជាង​១នាទី​ ​ដែល​ផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិនា​ពេល​នោះ​ ​បាន​និយាយ​ថា​ ​ជនជាតិ​ដើម​ភាគតិចម៉ុងតាញ៉ា​ ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​ទំហឹង។​

លោក​ ​សម រង្ស៊ី​ ​បាន​និយាយ​ក្នុង​ខ្លឹមសារ​ដើមជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា៖​

«Kok Ksor​ ​គឺជា​មេដឹកនាំ​ចលនា​ម៉ុងតាញ៉ា​ ​ជា​ភាសា​បារាំង​ថា​ ​Montagnard​ ​ប៉ុន្តែ​ពួកគេ​ហៅ​ខ្លួនឯង​ថា​ ​Degar។​ ​ពួកគេ​គឺជា​ផ្នែក​នៃ​ជាតិ​កម្ពុជា​ ​ពួកគេ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​រតនគិរី​ ​ស្ទឹងត្រែង ក្រចេះ។​ ​ដូច្នេះ​យើង​ដឹង​គុណ​ដល់​ពលរដ្ឋ​ ​Degar​ ​ហើយ​ ​Degar​ ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។​ ​ដូច្នេះ​នៅ​ពេល​យើង​បង្កើត​រដ្ឋាភិបាល​ថ្មី​ ​យើង​នឹង​ធានា​ថា​ម៉ុងតាញ៉ា​ ​មនុស្ស​ជនជាតិ​ ​Degar​ ​នឹង​រស់​នៅ​ជា​ពលរដ្ឋ​របស់​កម្ពុជា។​ ​ដី​របស់​ពួកគេ​ ព្រៃ​របស់​ពួកគេ ​និង​ភ្នំ​របស់​ពួកគេ​នឹង​ប្រគល់​ទៅ​ឲ្យ​ពួកគេ​វិញ​ក្នុង​នាម​ជា​ម្ចាស់​ដី​ដូច​ដែល​ពលរដ្ឋ​កម្ពុជា​ទូទៅ​ជា​ម្ចាស់​របស់​ដី​នោះ​ដែរ​»។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​ថា​ ​ក្រសួង​មហាផ្ទៃ​បាន​ប្រមូល​ឯកសារ​ ​និង​ភស្តុតាង​យ៉ាង​ច្រើន​ ​ហើយថា​ ​ក្រសួង​នឹង​ដាក់​បណ្តឹងទៅ​តុលាការ​ក្នុង​សប្តាហ៍​នេះ​ ប្តឹង​លោក​ ​សម រង្ស៊ី​ ​ពី​បទ​ក្បត់ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​នឹង​ប្តឹងពីបទ​ក្បត់​ជាតិ​ ​យើង​បាន​ត្រៀម​អស់​ហើយ។​ ​ភស្តុតាង​សម្តី​របស់​ ​សម រង្ស៊ី​ ​ឯកសារ​របស់​ ​សម រង្ស៊ី​ ​ដែល​បាន​ចុះ​ហត្ថលេខា​ ​ហើយ​យក​ហត្ថលេខា​ទាំងអស់​ហ្នឹង​មក​ពិនិត្យ​មើល​ ​និង​ខ្លឹមសារ​ បើ​មិនកាត់​ទឹក​ដី​ឲ្យ​បរទេស​ទេ​ ហ៊ាន​ភ្នាល់»។​

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពីលោក​ ​ជិន ម៉ាលីន​ ​និង​លោក​ ​គឹម សន្តិភាព​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ​ រហូតដល់​ល្ងាច​ថ្ងៃ​ពុធនេះ។​

ទោះ​ជា​យ៉ាង​ណា​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​លោក​ ​គឹម សន្តិភាព​ ​បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​ ​Freshnews ​កាល​ពី​សប្តាហ៍​មុន​ថា​ ​សកម្មភាព​របស់​លោក​ ​សម រង្ស៊ី​ ​ពាក់ព័ន្ធនឹង​ករណី​នេះ​ ​គឺជា​អំពើ​ក្បត់ជាតិ​ ដែល​ប្រឈម​នឹង​ការផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ឯ​បរទេស​នា​រសៀល​ថ្ងៃពុធ​នេះ​ ​ឆ្លើយ​តប​នឹង​សំណួររបស់​ ​VOA​ ​តាមរយៈ​សារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ ​ដោយគ្រាន់​តែលើក​យក​ការ​បកស្រាយ​លើ​ទំព័រ​ ​Facebook​ ​ផ្ទាល់​របស់​លោក​ ​កាល​ពី​ថ្ងៃទី​៨ ខែ​មីនា​នេះ​ថា ជន​ជាតិ​ដើម​ភាគតិច​ជាច្រើនដែល​កំពុង​រស់នៅ​ភាគឦសាន​ប្រទេស​កម្ពុជា​ ​កំពុងត្រូវ​បាន​រដ្ឋ​អំណាច​សព្វថ្ងៃ​ ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ។​ ​លោក​បន្ថែម​ដោយបាន​រៀបរាប់​ឈ្មោះ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​កម្ពុជា ដោយមិនបាន​បញ្ជាក់​ពី​ឈ្មោះ​ជនជាតិ​ដើម​ម៉ុងតាញ៉ា​ ​ឬ​ Degar​ ​ថា​ ជនជាតិ​ដើមភាគតិចទាំង​ក្នុង​ខេត្ត ​និង​តំបន់ដែល​ពួកគេ​កំពុង​រស់នៅ​ ​ត្រូវ​ទទួល​បាន​សិទ្ធិ​សម្រេច​ ​និង​ថវិកា​សមស្រប​ដើម្បី​ឲ្យពួកគេ​អាច​គ្រប់គ្រង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«វិមជ្ឈការ និង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ តែរដ្ឋ​អំណាច​ផ្តាច់​ការ​របៀប​កុម្មុយនីស្ត​សព្វថ្ងៃ​បាន​សម្លាប់​ទាំង​លទ្ធិ​ប្រជាធិបតេយ្យ​ ទាំង​វិមជ្ឈការ។​ វិមជ្ឈការ​អាច​ឈាន​ទៅ​ដល់​ការផ្តល់​ភាព​ស្វយ័ត​មួយ​កម្រិត​ ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​ធ្វើ​សេចក្តី​សម្រេច​នានា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​តាម​តំបន់​នីមួយៗ​ ​ក្នុង​ក្រប​ខណ្ឌ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ​តែ​មិនមែន​ជា​ការអនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋ​មួយ​ដោយ​ឡែក​នោះ​ទេ»។​ ការ​បញ្ជាឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ស៊ើប​អង្កេតលើ​លោក​ សម រង្ស៊ី​ ​ដែលជា​អតី​ត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​រូប​ ​ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​នេះ​ ​ធ្វើ​ឡើង​ស្រដៀង​ទៅ​នឹង​ករណី​ចោទ​លោក​ ​កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិ​ ​ដែល​ត្រូវ​បាន​រំលាយកាល​ពី​ចុងឆ្នាំ​២០១៧។​ ​លោក​ ​កឹម សុខា​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួនពីបទ​ក្បត់​ជាតិ​ ដោយ​រដ្ឋាភិបាលសំអាង​លើ​វីដេអូ​ឃ្លីប​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​៕

XS
SM
MD
LG