ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បញ្ជាក់ពីបារម្ភថា ការសម្រេចរបស់តុលាការកំពូល បន្តឃុំខ្លួនលោក កឹម សុខា ដោយមិនអនុញ្ញាតឲ្យលោកចេញព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារនោះ អាចនឹងធ្វើឲ្យកូនក្តីរបស់ពួកគេបាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់មេធាវីមួយរូបក្នុងចំណោម៧រូប ដែលចូលរួមសវនាការការពារក្តីឲ្យលោក កឹម សុខា កាលពីព្រឹកថ្ងៃសុក្រ។
ថ្លែងក្នុងសវនាការនៃតុលាការកំពូលលើបណ្តឹងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលសុំនៅក្រៅឃុំនោះ លោក ជូង ជូងី មេធាវីការពារក្តីរបស់ប្រធានគណបក្សជំទាស់ដែលត្រូវបានរំលាយនោះ បានត្អូញត្អែរប្រាប់ ក្រុមប្រឹក្សាអង្គជំនុំជម្រះ ដែលដឹកនាំដោយលោក ឃឹម ប៉ុណ្ណថា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺកៀបសសៃរបស់លោក កឹម សុខា មានស្ថានភាពធ្ងន់ធ្ងរជាលំដាប់។ លោកបន្ថែមថា គ្រូពេទ្យនៅប្រទេសសិង្ហបុរីបានប្រាប់ឲ្យលោក កឹម សុខា ត្រូវទទួលយកការព្យាបាល និងវះកាត់ ប៉ុន្តែលោកថា គ្រូពេទ្យក្នុងពន្ធនាគារមិនបានមើលលោកដិតដល់ និងគ្រប់គ្រាន់សម្រាប់តាមដានជំងឺរបស់លោក កឹម សុខា នោះទេ។
ក្នុងសវនាការដែលមិនមានវត្តមានរបស់លោក កឹម សុខានោះ លោក ជូង ជូងី បន្ថែមក្នុងន័យដើមថា៖
«ខ្លាចថា ការសម្រេចឃុំខ្លួនរបស់តុលាការនឹងធ្វើឲ្យកូនក្តីបាត់បង់ជីវិត»។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្តឹងមិនសុខចិត្តនឹងសាលាឧទ្ធរណ៍ដែលបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ដោយយោងមូលហេតុថា រក្សាទុកលោក កឹម សុខា ក្នុងពន្ធនាគារដើម្បីឲ្យតុលាការបន្តនីតិវិធីដើម្បីការពារសុវត្ថិភាពរបស់លោក កឹម សុខា និងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាដើម។
ក្នុងសវនាការរយៈពេល២ម៉ោងដោយគ្មានវត្តមានរបស់លោក កឹម សុខានោះ មេធាវីទាំង៧រូបសុទ្ធតែបានច្រានចោលមូលហេតុនៃការឃុំខ្លួនទាំងនោះ ដោយលើកឡើងថា មូលហេតុរបស់តុលាការមិនសមហេតុផល និងថា ការបន្តឃុំខ្លួននោះនឹងអាចធ្វើឲ្យលោក កឹម សុខា ដែលកំពុងមានជំងឺ ប្រឈមនឹងការបាត់បង់ជីវិត។ ក្រុមមេធាវីទាំងនោះបានបង្ហាញវេជ្ជបញ្ជារបស់គ្រូពេទ្យនៅប្រទេសសិង្ហបុរីទៅឲ្យក្រុមប្រឹក្សាអង្គជំនុំជម្រះពិនិត្យ។ វេជ្ជបញ្ជានោះតម្រូវឲ្យលោក កឹម សុខា ទទួលការព្យាបាល និងធ្វើការវះកាត់។
ទោះយ៉ាងណា ក្រោយសវនាការ ក្រុមប្រឹក្សាអង្គជំនុំជម្រះបានប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ដែលសម្រេចមិនអនុញ្ញាតឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ដោយថា សភាស៊ើបសួរសាលាឧទ្ធរណ៍ធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់។ ក្រុមប្រឹក្សាអង្គជំនុំជម្រះលើកឡើងថា ការបញ្ជាក់របស់មេធាវីទាំង៧រូប ដែលការពារក្តីឲ្យលោក កឹម សុខានោះ មិនមានហេតុផលត្រឹមត្រូវទេ ហើយថា ករណីជំងឺរបស់លោក កឹម សុខានោះ សមត្ថកិច្ចត្រូវធ្វើតាមលទ្ធភាព និងសមត្ថភាពរបស់ពន្ធនាគារកម្ពុជាដែលមិនអនុញ្ញាតឲ្យព្យាបាលនៅខាងក្រៅពន្ធនាគារនោះទេ។
ក្រោយសវនាការដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានថតរូប ឬសំឡេងនោះ អ្នកស្រី គឹម សត្ថាវី សមាជិកក្រុមប្រឹក្សាអង្គជំនុំជម្រះបានប្រកាសសាលដីកាថា៖
«ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ធ្វើឡើងត្រឹមត្រូវតាមច្បាប់។ សម្រេចតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការ»។
ក្រោយបញ្ចប់សវនាការ អ្នកស្រី ម៉េង សុភារី មេធាវីមួយរូបទៀត ដែលការពារក្តីឲ្យលោក កឹម សុខា បានប្រាប់ VOA ថា ការសម្រេចរបស់តុលាការកំពូលមានភាពអយុត្តិធម៌យ៉ាងខ្លាំងសម្រាប់កូនក្តីរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់នារសៀលថ្ងៃសុក្រនេះថា៖
«វាមានភាពអយុត្តិធម៌ ហើយនិងអមនុស្សធម៌ចំពោះកូនក្តីយើងខ្ញុំណាស់ ដែលឈឺហើយ គ្រាន់តែសុំនៅក្រៅឃុំដើម្បីធ្វើការពិនិត្យព្យាបាលក៏ត្រូវបានតុលាការបដិសេធនូវសំណើនេះ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយចោល ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ«ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆំាង តុលាការកំពូលកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
កន្លងមក ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ទាំងកណ្តាលយប់ ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលមានអភ័យឯកសិទ្ធិសភានោះ គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ ក្រុមមេធាវីទាំងនោះក៏បានប្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ប៉ុន្តែបណ្តឹងរបស់ពួកគេត្រូវបានតុលាការទាំងនោះច្រានចោល។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង៦ខែមកហើយ។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស លើកឡើងថា តុលាការអាចមានសិទ្ធិសម្រេចថា តើឲ្យ ឬមិនឲ្យជនជាប់ចោទបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺឬអត់។ ទោះយ៉ាងណា លោកនិយាយថា លោកសុំមិនអធិប្បាយលើការសម្រេចរបស់តុលាការកំពូលនៅព្រឹកនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ប្រសិនបើមានករណីណាមួយកើតឡើងលើលោក កឹម សុខា ដោយសារការធ្វេសប្រហែសរបស់តុលាការ ឬ ខាងពន្ធនាគារ នោះរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។
លោកមានប្រសាសន៍ថា៖
«បើសិនតុលាការមិនឲ្យនៅក្រៅឃុំ ពន្ធនាគារមិនអាចមានលេសអីទេ។ ពន្ធនាគារគ្នាចាំតែយាមកាមអ្នកទោសទេ។ ទទួលខុសត្រូវទាំងពេទ្យរបស់រដ្ឋ ទាំងពេទ្យដែលអះអាងថា គាត់អាចព្យាបាលបាន ហើយបើពេទ្យក្នុងប្រទេសកម្ពុជានិយាយថា ជំងឺហ្នឹងមិនអាចព្យាបាលបានទេ ត្រូវទៅណាទៅណីទៀត អាហ្នឹងជាការសម្រេចរបស់ពេទ្យ»។
សវនាការលោក កឹម សុខា នេះ ធ្វើឡើងស្របពេលដែលអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់ អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា កំពុងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកទី៥ ដែលមានរយៈពេល១០ថ្ងៃ។ អ្នកស្រីក៏មានគម្រោងជួបជាមួយលោក កឹម សុខា ក្នុងពន្ធនាគារដោយផ្ទាល់ផងដែរ។
ទោះយ៉ាងណា ការស្នើសុំជួបលោក កឹម សុខា ក្នុងពន្ធនាគារ ត្រូវបានបដិសេធ ដោយលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងលិខិតចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលសុំឲ្យអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានជួបជាមួយលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែមីនានេះ។
ក្នុងលិខិតនោះ លោក គី ឫទ្ធី លើកហេតុផលនៃការបដិសេធថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្ដុតាង ហើយថា មានតែក្រុមមេធាវី និងសមាជិកគ្រួសារប៉ុណ្ណោះ ដែលមានសិទ្ធិចូលសួរសុខទុក្ខ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក Garga Mahmoud អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅឡើយទេរហូតដល់ល្ងាចថ្ងៃសុក្រនេះ៕