លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រកាសយ៉ាងដាច់ណាត់ថា លោកនឹងមិនស្នើឲ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោស ដល់អតីតសមាជិកគណបក្សប្រឆាំងណាមួយនោះទេ ដោយថា មេដឹកនាំរបស់ពួកគេ គឺលោក សម រង្ស៊ី បានញុះញង់ឲ្យមានការដុតរូបថត និងទីងមោង ប្រឆាំងនឹងវត្តមានរបស់លោកនៅប្រទេសអូស្រ្តាលី កាលពីសប្តាហ៍មុន។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តីថ្លែងប្រតិកម្មទៅនឹងអ្នកដែលបានដុតរូបលោក ដោយចោទថា អតីតមេដឹកនាំគណបក្សប្រឆាំងជាអ្នកនយោបាយដែលមិនមានភាពអត់ធ្មត់ និងថា បានចាញ់ល្បិចលោក ដោយបានញុះញង់ឲ្យពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីដុតរូបរបស់លោក កាលពីសប្តាហ៍មុន។
លោកបន្ថែមថា ការថ្លែងរបស់លោកដែលថា នឹងតាមវាយដល់ផ្ទះចំពោះនរណាដែលហ៊ានដុតរូបរបស់លោកនៅប្រទេសអូស្រ្តាលី កាលពីពេលលោកចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី កាលពីថ្ងៃទី១៧-១៨ ខែមីនានោះ គឺជាល្បិចពន្យុះឲ្យមានការដុតរូប និងថា ការដុតរូបនេះ ជាមូលហេតុដែលលោកមិនលើកលែង ឬសុំបន្ធូរបន្ថយទោសសម្រាប់សមាជិកគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំទាំងនោះទេ។
លោកមានប្រសាសន៍ថា៖
«ដឹងថា គន្លឹះនៅនឹងដៃ ហ៊ុន សែន ហើយទៅដុតរូប ហ៊ុន សែន វាមិនចប់។ មិនមែន ហ៊ុន សែន ដាក់អន្ទាក់ទេ ក៏ប៉ុន្តែអ្នកឯងទៅផុតគំនូសក្រហមទៅហើយ។ អីចឹងបានសេចក្តីថា អ្នកឯងស្ទើរភ្លើងណាស់ខាងនយោបាយ។ អ្នកឯងគួរមានការអត់ធ្មត់ ហើយអ្នកឯងសុំទទូចចរចាល្អជាង... ព្រោះអាពួកនេះវាចូលចិត្តតែនិយាយ [ហាម] ស្អី ធ្វើហ្នឹង! យើងថា ស វាថាខ្មៅ។ អីចឹងទេយើងថា ដុតរូប រឿង! អានេះដុតរូបផ្ចាញ់មែន! ចូលមែន!»
លោកនាយករដ្ឋមន្រ្តីបន្ថែមថា កន្លងមកលោកបានសុំឲ្យមានការលើកលែងទោសអតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូប តែលោកថា អតីតមេដឹកនាំគណបក្សប្រឆាំង បាននិយាយថា ការដោះលែងនោះជាសម្ពាធពីអន្តរជាតិ។ ដូច្នេះលោកថា ដោយយោងលើមូលហេតុទាំងនេះ លោកនឹងមិនស្នើឲ្យមានការលើកលែង ឬបន្ធូរបន្ថយទោសអតីតសមាជិកគណបក្សប្រឆាំងណាមួយនោះទេ។
លោកបញ្ជាក់ថា៖
«ឯងដោះលែង ហុង សុខហួរ មួយ គេថា អាហ្នឹងសម្ពាធអន្តរជាតិ។ អើ! អីចឹង បើកាលណានៅតែបន្តអាធុនហ្នឹង អញមិនលើកលែងឲ្យអាណាទេ ប្រាប់ឲ្យហើយទៅ! ជាប់គុកឲ្យគ្រប់ ហើយមិនបាច់បញ្ចូលក្នុងអាអីលើកលែងទោសទេ។ ព្រោះអាខ្លះសាលក្រមអត់ទាន់ចូលស្ថាពរទេ នៅក្តីនៅឡើយទេ ទុកនៅហ្នឹង! ព្រោះអាមេវាហ្នឹងព្រហើនពេក។ យើងលើកលែងទោសឲ្យមួយ ដោយសារការសុំទោសជាលាយលក្ខណ៍អក្សរ យើងក៏បានលើកលែងទោសឲ្យ។ ប៉ុន្តែអាមេវានោះ វាថា ដោយសារសម្ពាធអន្តរជាតិ។ អីចឹងទុកហ្អែងទាំងអស់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលបានធ្វើឡើងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី រវាងមេដឹកនាំប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយមានអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ខណៈកិច្ចប្រជុំកំពុងដំណើរការ គេឃើញមានអង្គការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋខ្មែរអូស្ត្រាលី ដែលធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនៅចុងសប្តាហ៍នេះ បានទទូចឲ្យមានការផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជា។
ប្រមាណជាពីរសប្តាហ៍ មុនការចាប់ផ្តើមប្រជុំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានពីកម្ពុជាទៅថា នឹងតាមវាយដល់ផ្ទះ ចំពោះពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីណា ដែលដុតទីងមោងរូបលោក នៅពេលលោកចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី។ ក្រោយការព្រមានមិនប៉ុន្មានថ្ងៃផង គេឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីបាននាំគ្នាដុតទីងមោងរូបលោក ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក៏ដោយគេសង្កេតឃើញថា មិនមានការដុតទីងមោងរូបលោកក្នុងបាតុកម្មនៅពេលដែល លោក ហ៊ុន សែន បានទៅដល់ប្រទេសអូស្ត្រាលីនោះទេ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ និងដែលកំពុងភៀសខ្លួន និងស្នាក់នៅឯបរទេស បានប្រាប់ VOA នារសៀលថ្ងៃពុធនេះថា លោក សម រង្ស៊ី និងគណបក្សប្រឆាំងមិនបានស្ថិតនៅពីក្រោយការដុតរូបថតរបស់លោក ហ៊ុន សែន កាលពីសប្តាហ៍មុននោះទេ។ លោកស្រីបន្ថែមថា ការថ្លែងព្រមានតាមវ៉ៃដល់ផ្ទះ និងសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែនទៅវិញទេ ដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះដុតរូបរបស់លោក។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា៖
«ដើមចមនៃបញ្ហា អ្នកណាអ្នកទៅគំរាមកំហែងសិទ្ធិរស់នៅ សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំនៃប្រជាពលរដ្ឋអូស្រ្តាលី?... មិនចាំបាច់លោកប្រធាន សម រង្ស៊ី ទៅញុះញង់ទេ។ គេធ្វើដោយសារគេរស់នៅក្នុងប្រទេសមួយដែលមានសិទ្ធិ មានសេរីភាព ហើយគឺជាឧត្តមគតិនៃពលរដ្ឋដែលគេរស់ក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ដែលគេអាចបញ្ចេញ ហើយនិងយកសិទ្ធិសេរីភាពរបស់គេយកទៅប្រើ»។
លោក សម រង្ស៊ី គឺជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងក្រោយពីតុលាការបានរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ។ ការរំលាយនេះធ្វើឡើងក្រោមបទចោទប្រកាន់ថា គណបក្សនេះមានពាក់ព័ន្ធនឹងបរទេស ដើម្បីរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ខណៈកំពុងនៅបរទេស លោក សម រង្ស៊ី តែងរិះគន់ខ្លាំងៗ មិនសំចៃមាត់ ប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតលោកនាយករដ្ឋមន្រ្តីមានការជេរប្រមាថ និងឌឺដងទៅវិញជាច្រើនដង។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ ហើយដែលកំពុងស្ថិតក្នុងប្រទេស បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគួរយកកំហឹងផ្ទាល់ខ្លួនជាមួយលោក សម រង្ស៊ី មកពាក់ព័ន្ធជាមួយអ្នកដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនោះទេ។ លោកអ៊ូ ច័ន្ទរ័ត្ន ដែលត្រូវបានតុលាការព្យួរសិទ្ធិនយោបាយដែរនោះ បន្ថែមថា ការប្រើប្រាស់កំហឹងជះលើអ្នកដែលកំពុងឃុំខ្លួនបែបនេះ មិនមានប្រយោជន៍ណាមួយសម្រាប់ដំណោះស្រាយបញ្ហាជាតិនោះទេ។
លោកបញ្ជាក់ថា៖
«រឿងអ្នកទោស គ្នាអត់មានពាក់ព័ន្ធអីនឹងរឿងដុតទីងមោងហ្នឹងទេ។ ហើយបើខឹងឯកឧត្តម សម រង្ស៊ី ឯណោះ ហើយមកបន្តឹងទៅលើអ្នកទោស ខ្ញុំថា វាជារឿងមិនត្រឹមត្រូវទេ។ អ្នកទោសគួរតែត្រូវបានទទួលការសណ្តោសពីប្រមុខរដ្ឋាភិបាល ព្រមទាំងព្រះមហាក្សត្រផង ព្រោះអ្នកទោសមនសិកានេះ ខ្ញុំយល់ថាវាជារឿងអយុត្តិធម៌សម្រាប់គ្នាណាស់។ វាជារឿងតិចតួចសោះ ហើយបានដាក់ទោសគ្នារហូតដល់មាន៧ឆ្នាំ រហូតដល់២០ឆ្នាំអី។ ខ្ញុំគិតថា វាធ្ងន់ធ្ងរសម្រាប់អ្នកទោសទាំងអស់ហ្នឹងណាស់»។
រហូតមកដល់ពេលនេះ សកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង យ៉ាងហោចណាស់ជាង២០រូប កំពុងជាប់ក្នុងពន្ធនាគារទូទាំងប្រទេស។ ពួកគេត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥មក ទាក់ទងនឹងសំណុំរឿងផ្សេងៗគ្នា រាប់ចាប់តាំងពីការបង្កអំពើហិង្សា និងការកកូរកកាយរឿងផែនទី និងព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់គឺលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន។
ចំណែកលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលមានសញ្ជាតិបារាំង ហើយដែលកន្លងមកត្រូវបានឃុំខ្លួនដោយសារបញ្ហាព្រំដែន នោះ ត្រូវបានដោះលែង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យព្រះមហាក្សត្រលើកលែងទោស កាលពីចុងខែតុលា ឆ្នាំ២០១៧។ ការលើកលែងទោសនេះ ធ្វើឡើងបន្ទាប់ពីលោក ហុង សុខហួរ បានសរសេរលិខិតពីក្នុងពន្ធនាគារ សុំទោសលោកនាយករដ្ឋមន្រ្តី៕