ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ក្រៅ​ប្រទេស​ទាមទារ​​ឱ្យ​ពន្យារ​ការ​បោះឆ្នោត​ជាតិ​ព្រោះ​តែ​ការ​រំលោភ​ធ្ងន់ធ្ងរ


រូប​ឯកសារ៖ លោក យ័ប គឹមទឹង និង​ពលរដ្ឋ​ខ្មែរអាមេរិកាំងចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)
រូប​ឯកសារ៖ លោក យ័ប គឹមទឹង និង​ពលរដ្ឋ​ខ្មែរអាមេរិកាំងចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

សកម្មជន​សិទ្ធិមនុស្ស​ក្រៅ​ប្រទេស​កំពុង​ធ្វើ​សកម្មភាពទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ដោយ​សេរី​និងត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ​ហើយ​បើ​មិន​ដូច្នោះ​ទេ​គឺ​ពួកគេ​យល់​ថា ​ត្រូវ​តែ​ពន្យារ​ពេល​សិន។​

យុទ្ធនាការ​បញ្ចុះបញ្ចូល​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ជួប​ដោយ​ផ្ទាល់​និង​តាម​អនឡាញ​ជាមួយ​នឹង​អ្នក​តាក់តែង​ច្បាប់​ មន្ត្រី​រដ្ឋាភិបាល​ សហជីព​ អង្គការ​ជំនួយ​មនុស្សធម៌​នានា​របស់​សហរដ្ឋ​អាមេរិក​ អ្នកការទូត​បរទេស​និង​អង្គការ​សហប្រជាជាតិ។​

ការណ៍​នេះ​ដោយសារ​តែ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិលោក ​Vitit Muntarbhorn ​បាន​ផ្តល់​អនុសាសន៍​ចំនួន១០​ចំណុច​កាលពី​ខែ​សីហា​ឆ្នាំ​២០២២​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​លើក​ទី១​នៅ​ប្រទេស​កម្ពុជា​ហើយ​លោកបាន​ទទូចឱ្យ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​អនុវត្ត​តាម​ដើម្បី​កែ​លម្អ​និង​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក។

អនុសាសន៍​ទាំង​នោះ​រួមមាន​ការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ សិទ្ធិ​ដីធ្លី​ បើក​ទូលាយ​លំហ​ស៊ីវិល​ និង​នយោបាយ ​និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កំណែ​ទម្រង់​តាម​បែបប្រជាធិបតេយ្យ។

អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​រូប​នេះបាន​បន្ថែម​នៅ​ពេល​នោះ​ថា​ប្រទេស​កម្ពុជា​សម្រេច​បាន​វឌ្ឍនភាព​ជាច្រើន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ហើយ​ថែម​ទាំង​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ស្នូល​ភាគ​ច្រើន ប៉ុន្តែកម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ដំណើរការ​ផ្ទុយ​យ៉ាង​ធំធេង​ដោយសារ​តែ​ចាប់តាំង​ពី​ឆ្នាំ​២០១៧ ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំសាយ​«ដោយ​អយុត្តិធម៌»​ដោយ​ការសម្រេច​របស់​តុលាការ​ កម្ពុជា​បាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ឯកបក្ស ដោយ​មាន​អាសនៈ​ទាំងអស់​នៃ​រដ្ឋសភា​ស្ថិត​ក្នុង​«កណ្តាប់​ដៃ​ផ្តាច់​មុខ»​របស់​បក្ស​តែ​មួយ។

លោក​ សោម កុលវឌ្ឍន៍ នៃ​សមាគម​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដាបាន​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ជាមួយ​នឹង​ក្រុម​ការងារ​ដើម្បី​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​អ្នក​តាក់​តែង​គោល​នយោបាយ​នានា​ឲ្យ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា។​

លោក​ កុលវឌ្ឍន៍​ យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការធានា​ឲ្យ​មាន​បរិយាកាស​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ពេល​ខាងមុខ​នៅ​ឡើយ​ទេ៖ «ឥឡូវ​មក​ដល់​ថ្ងៃនេះ​យើង​ឃើញ​ទាំងអស់​គ្នា​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នៅ​អត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដដែល​ហើយ​បន្ថែម​ទៀត​លោក​ កឹម សុខា​ ដែល​ជា​ប្រធាន​ត្រូវ​កាត់​ទោស​ជាប់​គុក​២៧​ឆ្នាំ​ទៀត​រហូត​ដល់​ទៅ​ក្រសួង​ការបរទេស​[សហរដ្ឋ​អាមេរិក] ​គាត់​ចេញ​សេចក្តី​ថ្លែងការណ៍មិន​សប្បាយ​ចិត្ត»។​

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកក៏​បាន​បង្ហាញ​ថា​កម្ពុជា​នៅ​តែ​មានការរំលោភ​សិទ្ធិ​ពលរដ្ឋក្នុង​នោះ​មាន​ការ​តាម​ឃ្លាំមើល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​បណ្តាញ​សារព័ត៌មាន។ នេះ​បើ​តាម​របាយការណ៍​ស្តីពី​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២២​របស់​ក្រសួង​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២០​ខែ​មីនា។

របាយការណ៍​នេះ​បាន​បន្ថែម​ថា​ពលរដ្ឋ​កម្ពុជា​នៅ​តែ​មិន​អាច​«ផ្លាស់​ប្តូរ​រដ្ឋាភិបាល​របស់​ពួកគេ​ដោយសន្តិវិធី​តាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ឡើយ»​ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការចូលរួម​សកម្មភាព​នយោបាយ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣​ ខែកក្កដា​ឆ្នាំ​នេះ​ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ដែល​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី។ ក្រុម​សកម្មជន​នៅ​ក្រៅ​ប្រទេស​ក៏​កំពុង​ប្រមូល​ហត្ថលេខា​គាំទ្រ​ញត្តិ​មួយ​ដែល​នឹង​ផ្ញើ​ទៅ​កាន់​មេដឹកនាំ​បរទេស​នានា​ដោយ​ទាមទារ​ឲ្យ​ផ្អាក​ការបោះឆ្នោត​ជាតិ​នេះ​សិន។ នៅ​ក្នុង​ញត្តិ​នោះ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​ ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​គោរព​បរិយាកាស​នយោបាយ តម្កល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​និង​សិទ្ធិ​ស្វ័យសម្រេច​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ធ្វើការ​សម្រេច​ចិត្ត​«ដោយ​ឈរ​លើ​ការពិត​ជាជាង​ការ​ភ័យ​ខ្លាច»។​


ញត្តិ​ដែល​រៀបចំ​ដោយ​អង្គការ​សង្គមស៊ីវិល​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​ថា៖ «ការ​ត្រួត​ពិនិត្យ​តាម​មូលដ្ឋាន​បាន​រកឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​សម​ហេតុ​ផល​ណាមួយ​ដើម្បី​អនុវត្ត​វិធានការ​កំណែ​ទម្រង់​ទាំងនេះ​ [របស់​អង្គការ​សហប្រជាជាតិ​] ដែល​មាន​សារៈសំខាន់​ដើម្បី​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ២០២៣​ ខាងមុខ​នេះ​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​ស្របច្បាប់។ ផ្ទុយ​ទៅវិញ​ រដ្ឋាភិបាល​នេះ​កំពុង​បង្កើន​ និង​ពង្រីក​គោលនយោបាយ​គាប​សង្កត់​លើ​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​សមាជិក​បក្ស​ប្រឆាំង​នយោបាយ​ ដើម្បី​គ្រប់គ្រង​ដំណើរ​ការ​បោះឆ្នោត​ និង​បន្ត​កាន់​អំណាច»។

កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​(VOD) ​ដែល​ជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​មួយ​ដែល​បាន​ដំណើរការ​ជាង​២០​ឆ្នាំ។ នៅ​ដើម​ខែ​មីនា​នេះ តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២៧​ឆ្នាំពីបទ​ឃុបឃិត​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​និង​ដក​ហូត​សិទ្ធិ​នយោបាយរបស់​លោក​ជារៀង​រហូត។


​លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​យុទ្ធនាការ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​គាំទ្រ​ពី​បណ្តា​ស្ថាប័ន​សំខាន់ៗ​ទាំងនោះ។

លោក​ គឹមទឹង​ បាន​បន្ថែម​ទៀត​ថា៖ «គេ​ព្រួយ​បារម្ភ​បញ្ហា​គោរព​សិទ្ធិមនុស្ស​នៅ​ស្រុក​ខ្មែរ​ហើយ​នឹង​បទ​បំពាន​ផ្សេងៗ​ទៀត​នៅ​លើ​ប្រជាជន​ខ្មែរ។ ម្ល៉ោះ​ហើយ​គេ​ថា​គេ​គាំទ្រ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង។ គេថា​គេ​ចង់​ឃើញ​ការបោះឆ្នោត​មាន​សេរីភាព​មាន​យុត្តិធម៌។​ ម្ល៉ោះ​ហើយ​គេ​នឹង​យក​ចិត្ត​ទុកដាក់​លើ​សំណូមពរ​របស់​យើង​ហើយ​គេ​ថា​គេ​នឹង​និយាយ​ទៅ​រដ្ឋាភិបាល​ខ្មែរ​យើងឱ្យ​កែ​ទម្រង់​ផងដែរ»។

រាជរដ្ឋាភិបាល​កម្ពុជា​យល់​ថា​យុទ្ធនាការ​របស់​សកម្មជន​សហគមន៍​ខ្មែរ​នេះ​គ្រាន់តែ​ជា​ទម្រង់​មួយ​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស​ហើយ​មិន​ឆ្លុះបញ្ចាំង​នឹង​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ទេ។

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ប្រាប់​វីអូអេ​ខេមភាសា​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖ «ការ​លើក​ឡើង​គ្រាន់តែ​ជា​មតិ​របស់​អ្នក​រស់នៅ​ឯនាយ​ ប៉ុន្តែ​អ្នក​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ វា​បាន​បង្ហាញ​តាម​ចំនួន​អ្នក​ដែល​ចេញ​ទៅ​បោះឆ្នោត​ ដោយ​គ្មាន​ការ​បង្ខំ។ វា​គ្មាន​ការ​ប្រើ​អំណាច​ណា​ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្លបខ្លាច​មិន​ចេញ​ទៅ​បោះឆ្នោត​ទេ​ពីព្រោះ​ការបោះឆ្នោត​គេ​យល់​ថា​វា​ជា​ភារកិច្ច​របស់​គេ»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​មួយ​ត្រូវ​តុលាការ​កំពូល​រំលាយ​នៅ​ប្រទេស​កម្ពុជា​ ក៏​គ្រោង​នឹង​រៀបចំ​ការ​តវ៉ា​មួយ​នៅ​ថ្ងៃសុក្រ​ទី៣១​ខែ​មីនា​នេះនៅ​មុខ​សភា​និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ​ សកម្មជន​សង្គម សកម្មជន​នយោបាយ​និង​អ្នកនយោបាយ​បក្ស​ប្រឆាំងក្នុង​នោះ​មាន​លោក កឹម សុខា ​និង​លោក ​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុម​អ្នករៀបចំ​ដែល​វីអូអេ​ទទួល​បាន។​

លោក ​ផៃ ស៊ីផាន ​ក៏បាន​ចាត់​ទុក​ថា​នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញ​មតិ​មួយ​ទៀត​របស់​សកម្មជន​នៅ​ក្រៅ​ប្រទេស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​វាយ​តម្លៃ​អ្វី​ឡើយ​លើ​សំណុំរឿង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។


រីឯ​ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​របាយការណ៍​សិទ្ធិមនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា​មាន​«លក្ខណៈ​រើសអើង​ លម្អៀង​ និង​ពុំ​ផ្អែក​លើ​ការ​ពិត​ក្រោម​ហេតុផល​នយោបាយ»។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២២​ខែ​មីនា​ ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​ថា៖ ​«សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​តែ​រស់រវើក​និង​ប្រកប​ដោយ​ថាមវន្ត»។

កម្ពុជា​ក៏​បាន​អះអាង​ថា​រាល់​ការ​ចោទ​ប្រកាន់​សកម្មជន​និង​អ្នកនយោបាយ​នានា​គឺ​«ពុំ​ជាប់​ពាក់​ព័ន្ធ​នយោបាយ​ទេ»។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស​បានឱ្យ​ដឹងថា ​ពួកគេ​ក៏​មាន​បណ្តាញ​នៅ​ក្នុង​ស្រុក​ដើម្បី​តាម​សង្កេត​មើល​ការរំលោភ​សិទ្ធិមនុស្ស​ ហើយ​បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​រាយការណ៍​ពី​ការរំលោភ​បំពាន​នានា​ដែល​កើត​ឡើង​ជាពិសេស​ពាក់​ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ។

លោក​ នួន នរា​ នៃ​សមាគម​គាំទ្រ​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​អាច​ចូល​តាមគេហទំព័រ​Savecambodia.org ​ដើម្បីរាយការណ៍និង​ផ្តល់​ព័ត៌មាន​បាន។

លោក​ នួន នរា​ បាន​បន្ថែម​ថា៖ «អ៊ីចឹង​ខ្ញុំ​យល់​ថា​នៅ​ពេល​ខ្មែរ​យើង​ទាំងអស់​គ្នា​ក្រោក​ឡើង​ទាំង​អស់​គ្នា​គឺ​មិន​ក្នុង​នាម​គណបក្ស​នយោបាយ​ទេ​ប៉ុន្តែ​ក្នុង​នាម​សមាគម​ ក្នុង​នាម​ពលរដ្ឋ​សាមញ្ញ​ដែល​យើង​ទាមទារ​ឲ្យ​អន្តរជាតិ​ជួយ​ពលរដ្ឋ​ខ្មែរ​ គឺ​ឥឡូវ​នេះ​លោក ហ៊ុន សែន ​គាត់​ខ្លាច​តែ​ពលរដ្ឋ​ខ្មែរ។ គាត់​អត់​ខ្លាច​បក្ស​នយោបាយ​ទេ»។

សកម្មជនយល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​មាន​ប្រៀប​លើ​ឆាក​នយោបាយ​ដោយ​សារ​លំហ​សម្រាប់​គណបក្ស​ផ្សេងទៀត​មាន​តូច​ចង្អៀត​បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​និង​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​អ្នករិះគន់​ជា​បន្ត​បន្ទាប់៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG