យុវជនមួយក្រុមដែលមានគ្នាជាង១០នាក់ កាលពីព្រឹកថ្ងៃសុក្រ បានដាក់ញត្តិមួយច្បាប់ទៅក្រសួងព័ត៌មាន ដើម្បីស្នើក្រសួងពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានវីអូឌី និងស្ថាប័នសារព័ត៌មានឯករាជ្យផ្សេងទៀត ដែលក្រសួងបានបិទកាលពីកន្លងទៅ ឱ្យបើកដំណើរការឡើងវិញ។
ពួកគេយល់ថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារហ៊ានផ្សាយបញ្ហាសង្គម ដើម្បីអាចឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាទាំងនោះ និងបានជំរុញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ញត្តិនោះត្រូវបានរៀបចំដោយក្លឹបយុវជនចំនួន៤ រួមមាន ក្លឹបយុវជនបៃតង (GYC) ក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ(YSDD) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខែ្មរ(KYCD) និងក្លឹបយុវជនដើម្បីការយល់ដឹង(YA)។
បើតាមញត្តិនោះ យុវជនបានលើកឡើងថាសេរីភាពសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកផ្សាយព័ត៌មានពិត ពីប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសជួយជំរុញរាជរដ្ឋាភិបាលមានអភិបាលកិច្ចល្អ។
លោក កែ ចំរើន អាយុ២៨ឆ្នាំ ជាអ្នកតំណាងដែលបានប្រគល់ញត្តិទៅឱ្យមន្ត្រីរដ្ឋបាលរបស់ក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានស្ថាប័នសារព័ត៌មានច្រើន ប៉ុន្តែមិនសូវមានការផ្សព្វផ្សាយពីបញ្ហាសង្គម ឬបញ្ហារបស់ប្រជាពលរដ្ឋនោះទេ ទើបលោកចង់ឱ្យក្រសួងអនុញ្ញាតឱ្យវីអូឌីបើកដំណើរការឡើងវិញ។
លោកថ្លែងថា៖ «យើងមើលឃើញសារព័ត៌មានក្នុងស្រុកយើងមានច្រើន ប៉ុន្តែសារព័ត៌មានទាំងអស់ ដូចខ្ញុំលើកឡើងអ៊ីចឹង ភាគច្រើនគាត់ផ្សព្វផ្សាយបែបលក្ខណៈឃោសនាច្រើនជាង មិនសូវផ្សព្វផ្សាយពីបញ្ហា ពីព្រឹត្តិការណ៍អីចាំបាច់ដែលសង្គមយើងត្រូវដោះស្រាយ»។
លោកបន្តថា៖ «យើងឃើញហើយ បញ្ហាដូចជាបញ្ហាកម្មករណាហ្គាវើលដ៍ បញ្ហាការរំលោភដីធ្លី ឬការទន្ទ្រានយក កាន់កាប់ធនធានធម្មជាតិ អីមួយចំនួនគឺឃើញសារព័ត៌មានភាគច្រើន អត់សូវបានផ្សាយទេ។ អ៊ីចឹងបើសារព័ត៌មានឯករាជ្យគាត់ផ្សាយពីព័ត៌មាន និយាយទៅបញ្ហាសង្គមច្រើន។ ហើយគាត់ផ្សាយពីបញ្ហានេះ វាល្អត្រង់ថាទីមួយឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាសង្គម។ ទី២គាត់ជំរុញឱ្យរដ្ឋាភិបាលហ្នឹងពន្លឿននូវការដោះស្រាយ ឬក៏យន្តការណាមួយ ដែលរដ្ឋាភិបាលគាត់មានគោលនយោបាយឱ្យគាត់ធ្វើអាហ្នឹងទៅវាបានល្អ»។
លោកបន្ថែមថាខណៈការបោះឆ្នោតខិតជិតមកដល់ សារព័ត៌មានឯករាជ្យពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នានាឱ្យប្រជាពលរដ្ឋបានដឹងឮ។
លោកថ្លែងថា៖ «សំខាន់នៅក្នុងឆ្នាំនេះ យើងមានព្រឹត្តិការណ៍បោះឆ្នោត អ៊ីចឹងយើងចង់ឱ្យមានវត្តមានសារព័ត៌មានឯករាជ្យ ឬក៏មានវីអូឌី ដើម្បីឱ្យគាត់ផ្សព្វផ្សាយព័ត៌មានពីការបោះឆ្នោតទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន»។
លោករំពឹងថា ក្រសួងព័ត៌មាននឹងពិចារណាការស្នើសុំរបស់ក្រុមយុវជន។
ចំណែកកញ្ញា អាន ស្រីអូន និស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលមកចូលរួមដាក់ញត្តិនៅក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថាកញ្ញាចង់ឃើញក្រសួងព័ត៌មានពិនិត្យឡើងវិញចំពោះការបិទសារព័ត៌មានវីអូឌី ដោយសារសារព័ត៌មានមួយនេះផ្សាយព័ត៌មានដែលមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
កញ្ញាបញ្ជាក់ថា៖ «សារព័ត៌មានមួយចំនួនដែលបន្តបើកគឺឃើញថាគាត់ផ្សព្វផ្សាយ អត់សូវផ្តោតសំខាន់ទាក់ទងនឹងរឿងនយោបាយ រឿងការកាប់បំផ្លាញព្រៃឈើ ពាក់ព័ន្ធដីធ្លីអីទេ គាត់ផ្សព្វផ្សាយតែព័ត៌មានទូទៅ ទាក់ទងតារា ទាក់ទងគ្រោះថ្នាក់អីអ៊ីចឹង មើលទៅព័ត៌មានដែលវាទទួលបាន វាអត់គ្រប់ជ្រុងជ្រោយ។ អីចឹងហើយបានចង់ឱ្យមានសារព័ត៌មានឯករាជ្យ ដើម្បីទទួលបានព័ត៌មានមួយដែលវាគ្រប់ជ្រុងជ្រោយទាំងអស់ វាមិនមែនផ្សព្វផ្សាយតែមួយដុំៗ»។
លោក សឿន មករា អាយុ២៧ឆ្នាំ ជាពលរដ្ឋដែលមកចូលរួមដាក់ញត្តិនេះ ប្រាប់វីអូអេថា សារព័ត៌មានឯករាជ្យ គឺជាបេះដូងរបស់យុវជន ដែលបានផ្តល់ព័ត៌មានសម្រាប់ឱ្យយុវជនវិភាគបញ្ហាសង្គម ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជួយជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោកបន្តថាបើក្នុងសង្គមមួយ យុវជនទទួលបានតែព័ត៌មានមិនពិត នោះវានឹងធ្វើឱ្យយុវជនមិនអាចតៀមខ្លួនបានល្អក្នុងការចូលរួមការងារក្នុងសង្គមនោះទេ។
លោកថ្លែងថា៖ «ក្នុងនាមយើងជាយុវជន យើងស្រេកឃ្លានព័ត៌មានដែលពិត ព័ត៌មានដែលឯករាជ្យ ព្រោះការសម្លាប់បេះដូងរបស់យុវជន គឺជាការផ្តល់ព័ត៌មានដែលមិនពិតទៅកាន់យុវជន។ អ៊ីចឹងបើសិនយុវជន គាត់ហូបតែព័ត៌មានមិនពិត តើគាត់នឹងត្រៀមខ្លួនយ៉ាងណាក្នុងសង្គមប្រជាធិបតេយ្យរបស់ខ្លួន»។
លោកស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មេត្តាពិនិត្យ និងផ្តល់សិទ្ធឱ្យស្ថាប័នវីអូឌីអាចដំណើរការបានឡើងវិញផងដែរ។
លោក វ៉ែន រតនា អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងព័ត៌មាន ដែលចេញមកទទួលញត្តិរបស់ក្រុមយុវជន ប្រាប់អ្នកសារព័ត៌មានថាលោកនឹងរៀបចំចាត់ចែងញត្តិតាមទម្រង់រដ្ឋបាល និងដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រនេះ ដោយឆ្លើយតបទៅក្រុមយុវជនថា ការដកអាជ្ញាបណ្ណសារព័ត៌មានណាមួយ សុទ្ធតែអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។ អ្នកនាំពាក្យក្រសួងព័ត៌មាន បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានថា ការប្រើពាក្យ«សារព័ត៌មានឯករាជ្យ» ជាចេតនាដែលនាំឱ្យមានការបែងចែក រើសអើង និងបំបែកបំបាក់សាមគ្គីរវាងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា ព្រោះក្រសួងពុំដែលបានបញ្ជាក់ក្នុងអាជ្ញាបណ្ណថា សារព័ត៌មានណាមួយឯករាជ្យ ឬមិនឯករាជ្យឡើយ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ថ្លែងថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់ក្នុងការរាយការណ៍ពីភាពអវិជ្ជមាន និងផលប៉ះពាល់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យមានតម្លាភាពក្នុងសង្គម។ លោកបន្តថានៅកម្ពុជា កម្រមានស្ថាប័នសារព័ត៌មានរាយការណ៍ពីផលប៉ះពាល់ផ្សេងៗក្នុងសង្គមណាស់ ដូច្នេះក្រសួងព័ត៌មានគួរផ្តល់អាជ្ញាបណ្ណដល់វីអូឌី ដើម្បីអាចបន្តកិច្ចការផ្សព្វផ្សាយព័ត៌មានបានឡើងវិញ។
លោកថ្លែងថា៖ «សារព័ត៌មានឯករាជ្យ គឺជំរុញឱ្យមានការទទួលខុសត្រូវសង្គម ឬហៅថាAccountability។ អ៊ីចឹងបើសិនជាយើងមិនមានវត្តមានរបស់ស្ថាប័នសារព័ត៌មានឯករាជ្យទេ វាអត់មានយន្តការអី ដើម្បីជួយរដ្ឋាភិបាល អង្គភាពផ្សេងៗទៀត នៅក្នុងការជំរុញឱ្យមានគណនេយ្យភាពសង្គម ឬការទទួលខុសត្រូវសង្គមហ្នឹងទេ»។
គួរបញ្ជាក់ថា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណស្ថាប័នសារព័ត៌មានវីអូឌី តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីសា្ថប័នមួយនេះ ផ្សាយអត្ថបទថាលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជំនួយ១០ម៉ឺនដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន លើកឡើងថា មិនមានការចុះហត្ថលេខាបែបនេះទេ ហើយទាមទារឱ្យស្ថាប័នវីអូឌីសុំទោសជាសាធារណៈ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
ការបិទស្ថាប័នសារព័ត៌មានវីអូឌីនេះ រងការរិះគន់ពីសហគមន៍អន្តរជាតិមួយចំនួនផងដែរ៕