នៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគ្រោងរៀបចំដាក់មន្ត្រីកសិកម្មតាមឃុំឱ្យទៅអនុវត្តការងារជាប្រចាំជាមួយកសិករ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលបានផ្តើមសាកល្បងក្នុងឃុំចំនួន១០ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមជាមុន មុនឈានទៅអនុវត្តគោលនយោបាយកសិកម្មនៅទូទាំងប្រទេស ក្នុងអាណត្តិទី៧។ នេះបើតាមលោក ហ៊ុន សែន។
ក្នុងពីធិបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «យើងនឹងបញ្ជូន[មន្ត្រីកសិកម្មទៅតាមឃុំ]។ ឥឡូវសាកល្បង១០ឃុំមុន នៅស្រុកជើងព្រៃ»។
បើតាមលោក ហ៊ុន សែន ដែលរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនឹងឈ្នះការបោះឆ្នោត រដ្ឋាភិបាលនឹងរៀបចំបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំសង្កាត់នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត ដើម្បីជួយដល់កសិករ។
លោកបន្តថា៖ «នេះជាគោលនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ»។
វិស័យកសិកម្មនៅកម្ពុជា ត្រូវបានរិះគន់ថាមានបញ្ហាប្រឈមជាច្រើន ក្នុងនោះមានការដាំដុះ ដោយកសិករមិនដឹងទីផ្សារកសិផល។ កសិករដាំដំណាំ ប៉ុន្តែតម្លៃលើទីផ្សារទាប។ កាលពីកន្លងទៅមានការរិះគន់ថាមិនមានមន្រ្តីកសិកម្មចុះទៅអប់រំ និងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមភូមិឃុំ។
មុនការប្រកាសរបស់លោក ហ៊ុន សែន គេឃើញមានគម្រោងដាក់មន្ត្រីកសិកម្មឃុំ ដែលលោក យ៉ង សាំងកុមារ ជាអ្នកជំនាញកសិកម្មម្នាក់ និងទើបទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម តែងតែលើកឡើងអំពីការរៀបចំឱ្យមាន«មន្ត្រីកសិកម្មតាមឃុំ» ដើម្បីជួយដល់កសិករ។
មុនទៅបំពេញការងារនៅក្រសួងកសិកម្ម លោក យ៉ង សាំងកុមារ ដែលជាអតីតប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏តែងតែលើកឡើង និងបង្ហោះសារជាគោលនយោបាយរបស់គណបក្ស ទាក់ទងគ្រូកសិកម្មគ្រប់ឃុំនេះផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក យ៉ង សាំងកុមារ បាននៅឡើយទេ។
ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោក យ៉ង សាំងកុមារ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងកសិកម្មបានសាកល្បងដាក់ឱ្យមាន«មន្ត្រីកសិកម្មឃុំ» ក្នុងឃុំចំនួន១០ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីសម្រួលការងារ និងដោះស្រាយបញ្ហាប្រឈមរបស់កសិករ។
បើតាមលោក យ៉ង សំាងកុមារ រដ្ឋាភិបាលនឹងដាក់មន្ត្រីកសិកម្មឃុំប្រចាំការ ដើម្បីបំពេញតួនាទី ដូចជាស្វែងយល់ពីបញ្ហា តម្រូវការរបស់ប្រជាកសិករ ផ្តល់យោបល់ទៅកសិករ និងការទំនាក់ទំនង ចងក្រងជាសហគមន៍ និងសម្របសម្រួលការងារផ្សេងៗទៀត។
នៅក្នុងការជួបជុំជាមួយសមាជិកគណបក្សកាលពីថ្ងៃអាទិត្យ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថា លោកគាំទ្រ និងកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តគោលនយោបាយ ដាក់អ្នកជំនាញកសិកម្មនៅតាមឃុំ ដោយលោកបញ្ជាក់ថា គណបក្សភ្លើងទៀន បានដាក់ចេញគំនិតនេះ តាំងពីឆ្នាំ២០១៣មក។
លោកថ្លែងថា៖ «នេះជាគំនិតរបស់គណបក្សភ្លើងទៀន តាំងពីឆ្នាំ២០១៣ យើងត្រេកអរ ដែលរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយដាក់អ្នកជំនាញកសិកម្មនៅតាមឃុំ ប្រទេសកម្ពុជា។ គាំទ្រ សូមកោតសរសើរ។ នេះជាការលើកទឹកចិត្តណាស់ ដែលគំនិតរបស់គណបក្សភ្លើងទៀនមិនចោលម្សៀតទេ។ យើងមិនធ្វើតាមការនឹកឃើញទេ គឺយើងធ្វើដោយមានគោលការណ៍ស្រាវជ្រាវជាក់ស្តែងដើម្បីប្រជារាស្ត្រខ្មែរ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ពន្ធកសិករកម្ពុជាយល់ថា នៅពេលមានមន្ត្រីកសិកម្មតាមមូលដ្ឋាននេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករបានមួយចំនួនផងដែរ។
លោកថ្លែងថា៖ «ការមានមន្ត្រីកសិកម្ម ទៅជួយកិច្ចការងារនេះ វានឹងជួយសម្រាលនូវបញ្ហាក្តីលំបាកសម្រាប់កសិករ ដែលជួបប្រឈមបញ្ហា។ តែទោះជាយ៉ាងណា ខ្ញុំគិតថា សូមឱ្យបញ្ហាដែលត្រូវបានដោះស្រាយនេះ មន្រ្តីដែលចុះទៅធ្វើការនេះមានការសម្របសម្រួល ហើយត្រូវតែបើកទូលាយក្នុងការធ្វើការជាមួយកសិករ ហើយធ្វើការដោយខ្នះខ្នែង និងការយកចិត្តទុកដាក់»។
ចំណែកអ្នកស្រី តុង ច័ន្ទធាង អ្នកជំនាញផ្នែកកសិកម្មឯករាជ្យម្នាក់ និងធ្លាប់បម្រើការនៅអង្គការសេដាក យល់ឃើញថា ការរៀបចំឱ្យមានមន្ត្រីកសិកម្មតាមឃុំសង្កាត់នេះនឹងអាចជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករមានប្រសិទ្ធភាព។
អ្នកស្រីថ្លែងថា៖« ចាស៍! ពិតប្រាកដណាស់ ព្រោះធ្លាប់បទពិសោធន៍កន្លងមកយើងធ្វើការងារ បុគ្គលិកយើងធ្វើការងារជាមួយកសិករជាប្រចាំអ៊ីចឹងតែម្តង។ ហើយយើងចុះដល់ភូមិគាត់ ផ្ទះគាត់ជាប្រចាំ គឺវាជួយបានច្រើន គឺធ្វើឱ្យការងារបណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាការជួយគាំទ្រ ផ្នែកទីផ្សារ គឺវាមានប្រសិទ្ធភាពខ្ពស់»។
ក្រសួងកសិកម្មប៉ាន់ប្រមាណថាអាចជ្រើសរើសមន្រ្តីជំនាញខាងកសិកម្ម ដើម្បីដាក់តាមឃុំ ដែលមានប្រមាណ១៤០០ឃុំនៅទូទាំងប្រទេស៕