គណបក្សនយោបាយតូចធំមួយចំនួនដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាដើមខែមិថុនាខាងមុខនេះ ជំរុញឱ្យក្រសួងមហាផ្ទៃអប់រំមន្ត្រីថ្នាក់ក្រោមអំពីការអនុវត្តការងារឱ្យបានត្រឹមត្រូវទៅតាមតួនាទីនិងសិទ្ធិអំណាចរបស់ផងខ្លួន ជាពិសេសត្រូវតែចាត់វិធានច្បាប់ឱ្យបានតឹងរ៉ឹងដល់បុគ្គលណា ឬមន្ត្រីមូលដ្ឋានរូបណា ដែលនៅតែបន្តធ្វើសកម្មភាពរារាំង និងបំភិតបំភ័យសកម្មជនគណបក្សរបស់ពួកគេ ជាជាងត្រឹមតែចេញអនុសាសន៍។
ប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សបង្កើតថ្មីយ៉ាងហោចណាស់១៧គណបក្សត្រៀមប្រជែងជាមួយគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ខណៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានកំពុងខិតជិតចូលមកដល់នោះ មេដឹកនាំឬតំណាងគណបក្សនយោបាយមួយចំនួន បានបង្ហាញពីបញ្ហាប្រឈមជាច្រើនរបស់សកម្មជននយោបាយ រួមមានការរារាំង ការបំភិតបំភ័យនៅតាមមូលដ្ឋាន និងការបង្កការរំខានរបស់អាជ្ញាធរមូលដ្ឋានមិនឱ្យលើកស្លាកគណបក្សជាដើម។
បញ្ហាប្រឈមទាំងអស់នេះកើតឡើងស្របពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្តជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងការពារសន្តិសុខគ្រប់ខេត្តទាំងអស់ រក្សាជំហរអព្យាក្រឹត ដោយត្រូវអនុវត្តការងារមិនលម្អៀងទៅគណបក្សនយោបាយណាមួយ ដើម្បីធានាឱ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោត នាខែមិថុនាខាងមុខ ដោយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការការពារ ការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ កាលពីសប្តាហ៍មុន លោក ស ខេង ដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះ បានណែនាំមន្រ្តី និងគណៈបញ្ជាការអចិន្ត្រៃយ៍សន្តិសុខរាជធានីខេត្ត ឱ្យបង្កើតបរិយាកាសអំណោយផលដល់ការបោះឆ្នោត បន្ទាប់ពីលោកកត់សម្គាល់ថា ការបោះឆ្នោតឃុំសង្កាត់ នាខែមិថុនាខាងមុខ គឺជាការប្រកួតប្រជែងយ៉ាងតឹងតែង និងក្តៅគគុករបស់គណបក្សនយោបាយទាំងអស់ ដែលអាចនឹងងាយកើតទំនាស់ ឬបទល្មើសផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានសង្កត់ធ្ងន់ថា គណៈបញ្ជាការរដ្ឋបាលរាជធានីខេត្ត ដែលជាគណៈបញ្ជាការអចិន្ត្រៃយ៍សន្តិសុខរាជធានីខេត្តត្រូវដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាដឹកនាំសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្តរបស់ខ្លួន និងធានាឱ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។
បើតាមលោក ស ខេង ការបោះឆ្នោតក្នុងខែមិថុនា ត្រូវតែប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងប្រកបដោយតម្លាភាព។
លោក ស ខេង បានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការរដ្ឋបាលរាជធានីខេត្ត ដែលជាគណៈបញ្ជាការអចិន្ត្រៃយ៍សន្តិសុខរាជធានីខេត្ត ថា៖ «ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារមួយចំនួនដូចជា ត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានជាមួយថ្នាក់ជាតិ និងជាមួយយន្តការរចនាសម្ព័ន្ធចំណុះរបស់ខ្លួន សំដៅក្តាប់បានគោលការណ៍យកទៅបន្តផ្សព្វផ្សាយ និងប្រមូលបាននូវសភាពការណ៍ ឬហេតុការណ៍នានា ដើម្បីវិភាគ វាយតម្លៃ ធ្វើការសន្និដ្ឋាន និងចង្អុលដឹកនាំដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព»។
លោក ស ខេង បន្ថែមថា៖«កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់ងារសន្តិសុខ បោះឆ្នោតទាំងអស់ ត្រូវមានជំហរអព្យាក្រឹតភាព និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល នឹងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង»។
លោក ស ខេង ក៏ជំរុញអាជ្ញាធរ ថាត្រូវតែខិតខំដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីពេលមានហេតុការណ៍កើតឡើងដំបូង ដើម្បីកុំឱ្យក្លាយទៅជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឱ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍ នៃការកេងចំណេញផ្នែកនយោបាយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេថា ការគំរាមកំហែង និង ការរារាំងសកម្មជនគណបក្សភ្លើងទៀន នៅតែបន្តកើតមាន បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញអនុសាសន៍ណែនាំដល់ មន្ត្រីមូលដ្ឋានជាបន្តបន្ទាប់ ឱ្យបង្កបរិយាកាសដែលឥតមានការគំរាមកំហែង ដល់គ្រប់ភាគីគណបក្សនយោបាយឱ្យធ្វើសកម្មភាពយ៉ាងណាក្តី។
លោក យល់ថាដើម្បីធានាបរិយាកាស និងដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក្រសួងមហាផ្ទៃ និងអាជ្ញាធរ ត្រូវស្វែងរកមុខជនបង្ក ដែលដើរគំរាមកំហែង និងវាយស្លាកគណបក្សរបស់គណបក្សដទៃ ដើម្បីយកមកដាក់ទោស ឬចាត់វិធានការជាក់ស្តែងតាមច្បាប់ ហើយមន្ត្រីមូលដ្ឋាន និងរាជធានីខេត្តនីមួយ ក៏ត្រូវទទួលខុសត្រូវផងដែរ។
បើតាមលោក ថាច់ សេដ្ឋា ប្រសិនបើក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ មិនអនុវត្តវិធានការឱ្យបានតឹងរ៉ឹងទេ នោះអនុសាសន៍នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីនឹងមិនមានប្រសិទ្ធភាពនោះឡើយ។
លោក ថ្លែងថា៖« នៅត្រង់ចំណុចនេះ យើងមិនដឹងថាទឹកមាត់នាយករដ្ឋមន្ត្រី ទឹកមាត់រដ្ឋមន្ត្រីមហាផ្ទៃសាប ឬមួយថ្នាក់ក្រោមគេឈប់ស្តាប់បង្គាប់បញ្ជាអី យើងគួរឱ្យឆ្ងល់ដែរ ឬមួយគ្រាន់តែជាការថ្លែងដើម្បីឱ្យពីរោះស្តាប់ បំភាន់សាធារណៈមតិជាតិ អន្តរជាតិ ហើយបើកដៃឱ្យខាងក្រោមធ្វើ អាហ្នឹងក៏ជារឿងមួយដែរ ពីព្រោះឃើញថាមិនសូវមានប្រសិទ្ធភាពអីសោះ»។
លោកបន្ថែមថា៖ «នៅក្នុងឃុំសង្កាត់ណា ស្រុក ខណ្ឌ ខេត្តណា ដែលបំផ្លាញស្លាកគណបក្ស មានការគំរាមកំហែង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំហ្នឹង ត្រូវទទួលរងទណ្ឌកម្ម ឬ ទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យតឹងរ៉ឹងបែបហ្នឹង តើខ្លាចដែរអត់? ហើយបើយើងគ្មានវិធានការជាក់ស្តែងបែបហ្នឹងទេ គឺគ្រាន់តែធ្វើឱ្យពីរោះស្តាប់ទេ។ ហាក់ដូចជាខាងលើគ្រាន់និយាយ ..បើកដៃឱ្យខាងក្រោមធ្វើប៉ុណ្ណឹងឯង»។
ស្រដៀងគ្នានេះដែរ មន្ត្រីទទួលកិច្ចការបោះឆ្នោតនិងជាស្ថាបនិកម្នាក់នៃគណបក្សកម្ពុជានិយម លោក យី សីហា និយាយថា ការចេញអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមិនមានឥទ្ធិពលណាមួយលើអាជ្ញាធរមូលដ្ឋានទេ។
លោកថា សកម្មជន និងអ្នកគាំទ្រគណបក្សកម្ពុជានិយមតាមមូលដ្ឋាន នៅតែទទួលរងការគំរាមកំហែង និងការរារាំងការលើកស្លាកគណបក្ស ជាពិសេសពីសំណាក់មន្រ្តីមូលដ្ឋាន មេភូមិ មេឃុំ ដោយពួកគេមិនបានយកអនុសាសន៍ ឬការណែនាំទាំងនោះទៅអនុវត្តឱ្យបានត្រឹមត្រូវទេ។
លោកបញ្ជាក់ថា៖ «ជាការសំណូមពររបស់ខ្ញុំ សូមឱ្យឧបនាយករដ្ឋមន្ត្រី ស ខេង គឺតាមដានការអនុវត្តមន្ត្រីរបស់ខ្លួនក្រោមឱវាទរបស់ខ្លួន មានដូចជាគណៈអភិបាលរាជធានីខេត្ត គណៈអភិបាលស្រុក ក្រុង ហើយមេឃុំ ចៅសង្កាត់ មេភូមិ ឱ្យគាត់យល់ឱ្យបានច្បាស់អំពីអ្វីដែលជាសេចក្តីណែនាំរបស់ក្រសួង។ បើមិនដូច្នេះទេ វាធ្វើឱ្យមានការរឹតត្បិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលគាំទ្រគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសរឹតត្បិតសិទ្ធិសេរីភាពរបស់បេក្ខជន បេក្ខភាពរបស់គណបក្សកម្ពុជានិយមក្នុងការចូលរួមការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ»។
អ្នកនយោបាយរូបនេះស្នើឱ្យក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវអប់រំមន្ត្រីមូលដ្ឋានបន្ថែមទៀត បូករួមដាក់ទណ្ឌកម្ម ប្រសិនបើមន្ត្រីទាំងនោះនៅតែមករារាំង និងគំរាមកំហែងដល់សកម្មជន និងអ្នកគាំទ្ររបស់គណបក្សកម្ពុជានិយមរបស់លោក។ លោកបន្ថែមថា ប្រជាពលរដ្ឋ បង្ហាញការភ័យខ្លាចផងដែរ នៅពេលគណបក្សកម្ពុជានិយម សុំលើកស្លាកគណបក្សនៅតាមទីសាធារណៈ ខាងមុខផ្ទះរបស់ពួកគាត់។
លោកនិយាយថា៖ «ប្រជាពលរដ្ឋមួយចំនួនដែលយើងសុំកន្លែងគាត់លើកស្លាកនៅតាមមុខផ្ទះហ្នឹងជាក់ស្តែងបងខ្លួនឯង ចុះមកផ្ទាល់តែម្តង យើងទៅសុំគាត់ដោយផ្ទាល់ៗតែម្តង។ គាត់អត់ឱ្យយើងទេ។ គាត់ថា បើសិនជាឱ្យ គាត់ខ្លាចអាជ្ញាធរមូលដ្ឋានគំរាមកំហែងគាត់ ឬហៅថារឹតត្បិតសិទ្ធិសេរីភាព របស់គាត់ ធ្វើឱ្យប៉ះពាល់ដល់មុខរបររកស៊ីរបស់គាត់ ធ្វើឱ្យប៉ះពាល់ទៅដល់ការទទួលបណ្ណក្រីក្រពីអាជ្ញាធរមូលដ្ឋានហ្នឹង»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមនីយ៍ ខៀវ សុភ័គ បានទេ។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលកិច្ចការបោះឆ្នោត លោក កន សាវាង្សរំពឹងថា អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ អាចធ្វើឱ្យមន្ត្រីថ្នាក់ក្រោមយកទៅអនុវត្តតាម ដើម្បីធានាអព្យាក្រឹតភាពរបស់អាជ្ញាធរតាមមូលដ្ឋាន។
ប៉ុន្តែលោក ចង់ឱ្យមានការកំណត់ការអនុវត្តការងាររបស់មន្រ្តីមូលដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការបំពេញការងារ និងកុំឱ្យមន្ត្រីអនុវត្តការងារខុសពីអនុសាសន៍ និងច្បាប់ដែលមានជាធរមាន។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីជាការបារម្ភ គឺត្រង់ថា ការកំណត់ភាពមិនច្បាស់លាស់នៅក្នុងបញ្ហានៃការកើតឡើង ភាពមិនប្រក្រតីហ្នឹង ពីព្រោះកាលណាយើងបង្ហាញភាពមិនច្បាស់លាស់ធ្វើឱ្យថ្នាក់ក្រោមមិនបានបំពេញតួនាទីក្នុងនាមគាត់ជា អាជ្ញាធរអាចបង្កើនការគំរាមកំហែងដល់ប្រជាពលរដ្ឋថែមទៀត បើសិនជាការកំណត់ភាពមិនប្រក្រតី មិនច្បាស់លាស់នោះ»។
គួររំឭកឡើងវិញផងដែរថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ នឹងជ្រើសរើសក្រុមប្រឹក្សាសរុបទាំងអស់ជាង១១.០០០នាក់ នៅក្នុងឃុំសង្កាត់សរុបចំនួន១.៦៥២៕