ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រកាសជាសាធារណៈគាំទ្រ«គណបក្សភ្លើងទៀន» ដែលត្រូវបានគេមើលឃើញថា កំពុងមានភាពសកម្មក្នុងការលើកស្លាកគណបក្ស និងការជួបប្រជុំគ្នានៅតាមរាជធានីខេត្តក្រុង ស្រុកខណ្ឌមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២២ នេះ។
គណបក្សភ្លើងទៀន ស្ថិតក្រោមឈ្មោះជាគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២ ដែលត្រូវបានច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយចោលវិញកាលពីឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចោទប្រកាន់បទក្បត់ជាតិ។
លោក រ៉ុង ឈុន ដែលត្រូវបានតុលាការដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ចំពោះការរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ បានបង្ហាញការគាំទ្ររបស់លោកចំពោះគោលជំហរ និងការសម្រេចរបស់គណបក្សភ្លើងទៀន ចំពោះការចុះរៀបចំរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់សហភាពសហជីពកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍មុន។
លោក រ៉ុង ឈុន ដែលជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់មួយរូបផងនោះ បានផ្តល់សេចក្តីអត្ថាធិប្បាយក្នុងសេចក្តីប្រកាសនោះថា៖ «ការណ៍ដែលគណបក្សភ្លើងទៀន បានសម្រេចចិត្តចុះរៀបរចនាសម្ព័ន្ធគណបក្ស គ្រប់លំដាប់ថ្នាក់ ពិតជាត្រឹមត្រូវ ហើយសមស្របតាមពេលវេលា នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនអាចពន្យារពេលបន្តទៀតបានឡើយ»។
លោកបន្ថែមថា៖ «ក្នុងខណៈនេះ មានតែគណបក្សភ្លើងទៀន ដែលលេចធ្លោជាងគេក្នុងចំណោមគណបក្សនៅក្រៅរដ្ឋាភិបាលផ្សេងទៀត ហើយគណបក្សភ្លើងទៀន នឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ អ្នកស្រឡាញ់ប្រជាធិបតេយ្យ កុំរារែក និងកុំរង់ចាំ ត្រូវចូលរួមគាំទ្រ និងធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀន ដើម្បីស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ»។
គួររំឭកផងដែរថា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិអស់រយៈពេល៤បួនឆ្នាំមកនោះ គណបក្សភ្លើងទៀន បានចាប់ផ្តើមរៀបចំរចនា សម្ព័ន្ធឡើងវិញតាំងពីចុងឆ្នាំ២០២១ តែគេមិនទាន់ដឹងថា លោក សម រង្ស៊ី ដែលបាននិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេស ជាអ្នកស្ថិតនៅពីក្រោយនៃការកម្រើកឡើងវិញរបស់គណបក្សជំទាស់មួយនេះ ឬយ៉ាងណាទេ ខណៈលោក កំពុងត្រូវបានរួតរឹតដោយបទឧក្រិដ្ឋចាក់ស្រេះនៅក្នុងតុលាការកម្ពុជា។
លោក រ៉ុង ឈុន ដែលធ្លាប់ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មកពីកូតារបស់អតីតគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូអេថា អ្នកប្រជាធិបតេយ្យ នឹងបាត់ឱកាសជ្រើសរើសតំណាងខ្លួននៅថ្នាក់ក្រោមជាតិ និងស្ថាប័ននីតិប្បញ្ញត្តិពោល គឺសភា និងព្រឹទ្ធសភា បើគ្មានការចូលរួមរបស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ។ លោកថ្លែងថា៖
«បើសិនជាយើងមិនចូលរួមការបោះឆ្នោតនៅពេលហ្នឹងទេ យើងខាត... ខាតច្រើន។ ទីមួយ ក្រុមប្រឹក្សាស្រុកខណ្ឌ ក៏យើងអត់បាន។ ទីពីរ ក្រុមប្រឹក្សារាជធានីខេត្ត ក៏យើងអត់។ ទីបី ព្រឹទ្ធសភា ក៏យើងអត់ដែរ។ ឃើញទេ? ខាតច្រើន បើយើងមិនចូលរួមប្រកួតនៅឆ្នាំ ២០២២ នេះ»។
លោកបន្ថែមថា អ្នកគាំទ្រប្រព័ន្ធនយោបាយប្រជាធិបតេយ្យ មិនអាចនៅអង្គុយរង់ចាំការវិលត្រឡប់របស់គណបក្សសង្គ្រោះជាតិនោះទេ។ លោកថ្លែងថា៖
«សម្រាប់សង្គ្រោះជាតិ យើងអត់មានទាន់ឃើញពន្លឺណាមួយថា នឹងបានត្រឡប់មកវិញទេ។ ហើយបើសិនជាយើងរង់ចាំ ហើយយើងអត់មានធ្វើអ្វីទាំងអស់។ ពេលហ្នឹងវានឹងហួសពេល ហើយបើយើងមិនចូលរួមប្រកួតប្រជែង វានឹងស្មើសូន្យហើយបាទ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន យល់ថា ការចូលរួមរបស់គណបក្សភ្លើងទៀនក្នុងសង្វៀននយោបាយកម្ពុជាឡើងវិញនោះ គឺត្រូវបានធានាដោយច្បាប់ ដោយសារគណបក្សនេះ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លោកប្រាប់វីអូអេថា៖ «វាជារឿងធម្មតាដែលគាត់ចុះបញ្ជីនៅក្រសួងមហាផ្ទៃហើយ ហើយគេអនុញ្ញាតឱ្យគាត់បានធ្វើសកម្មភាពដោយសេរីស្របទៅតាមគោលការណ៍ច្បាប់ វាអត់មានបញ្ហាអីទេ។ ហើយខ្ញុំយល់ថា វាមិនមែនជាការគំរាមកំហែងដូចជាអ្នកវិភាគខ្លះ ឬមួយក៏អ្នកអង្គការសង្គមស៊ីវិលលម្អៀងខាងនយោបាយមួយចំនួននិយាយថា វាជាការគំរាមកំហែងដោយសារគណបក្សប្រជាជនខ្លាច អ៊ីចឹងបានជាអីចេះ អីចុះអី។ អាហ្នឹងអត់ករណីហ្នឹងទេបាទ»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាផងនោះ ជឿថា លោក សម រង្ស៊ី មិនអាចស្ថិតនៅពីក្រោយសកម្មភាពចុងក្រោយរបស់គណបក្សភ្លើងទៀនទេ បើតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មកន្លងមកនោះ។ លោកមានប្រសាសន៍ថា៖
«ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មានដាក់រួចហើយ គណបក្សណាដែលពាក់ព័ន្ធនឹងឧក្រិដ្ឋជន ក្រុមភេរវករ ឬមួយក៏ក្រុមឧទ្ទាមក្រៅច្បាប់ អាហ្នឹង ធ្វើទុក្ខទោសខ្លួនឯងហើយ។ ច្បាប់មានហើយ»។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានប្រាប់វីអូអេនៅថ្ងៃចន្ទថា គណបក្សភ្លើងទៀន ដែលជាការផ្ចុងផ្តើមគំនិតបង្កើតឡើងដោយលោក សម រង្ស៊ី នៅតែជាកម្លាំងនយោបាយខ្លាំងមួយ ដែលអាចមានលទ្ធភាពតទល់ជាមួយនឹងគណបក្សកាន់អំណាចបច្ចុប្បន្ន។
លោកបានផ្តល់ការអធិប្បាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងន័យដើមថា៖ «គណបក្សភ្លើងទៀននៅតែគេឃើញថា ជា សម រង្ស៊ី ដែលជាស្ថាបនិក និងដែលជាកម្លាំងនយោបាយដ៏ខ្លាំងមួយទន្ទឹមនឹងកម្លាំងនយោបាយកាន់អំណាចសព្វថ្ងៃ បើតាមការប្រើប្រាស់កម្លាំងទៅតបតនឹងសកម្មភាពរបស់ សម រង្ស៊ី នៅនិងពីបរទេស និងជាពិសេសទៅទប់ទល់ រារាំងការវិលត្រឡប់របស់ សម រង្ស៊ី នៅឆ្នាំ២០១៩»។
លោកកត់សម្គាល់បន្ថែមថា បើដកហូតមេរៀនពីការរៀបចំ ការគ្រប់គ្រងដឹកនាំពីមុនៗ ហើយបើមានឈាមថ្មីដែលមានគំនិតថ្មីៗថា នឹងត្រូវធ្វើអ្វីខ្លះ ឬធ្វើយ៉ាងណា ដើម្បីរៀបចំ និងគ្រប់គ្រងដឹកនាំគណបក្សឱ្យមានប្រសិទ្ធភាពដែលអាចពង្រឹងស្មារតីរបស់សង្គ្រោះជាតិដែលជាស្មារតីផ្លាស់ប្តូររបស់ប្រជាពលរដ្ឋនោះ ហើយប្រែក្លាយស្មារតីនោះជាសន្លឹកឆ្នោតគាំទ្រនៅពេលបោះឆ្នោត «គណបក្សភ្លើងទៀន នឹងទៅជាកម្លាំងនយោបាយដ៏ខ្លាំងបានដោយមិនបាច់មានវត្តមានរបស់ សម រង្ស៊ី»។
លោកសង្កត់ធ្ងន់ថា៖ «ពុំឃើញមានគណបក្សណា មានគ្រឹះនៃអំណាច - power base - ធំ និងរឹងមាំជាងគណបក្សភ្លើងទៀនទេ»។
បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀនដែលសព្វថ្ងៃស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក ថាច់ សេដ្ឋា ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាមួយរូប មានឫសគល់ចេញពីគណបក្សជាតិខ្មែរដែលមានលោក សម រង្ស៊ី ជាស្ថាបនិក និងក្រោយមក ត្រូវបានប្តូរឈ្មោះជាគណបក្សសម រង្ស៊ី ហើយបានរួបរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។
គណបក្សជំទាស់មួយនេះ បានទទួលអាសនៈរដ្ឋសភាចំនួន១៥ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីឆ្នាំ១៩៩៨ និងបានអាសនៈចំនួន២៤ កាលពីឆ្នាំ២០០៣ និងបានអាសនៈចំនួន២៦ កាលពីឆ្នាំ២០០៨ មុននឹងចូលរួមជាមួយនឹងគណបក្សសិទ្ធិមនុស្សបង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២៕