មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ី អះអាងថាកម្លាំងគាំទ្ររបស់គណបក្សភ្លើងទៀនដែលអាចនឹងកើនខ្លាំងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាចនឹងបើកផ្លូវឱ្យលោកបានវិលចូលមកប្រទេសកម្ពុជាវិញ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ដែលមានគណបក្សនយោបាយជាង១០ត្រូវគេរំពឹងថានឹងចូលរួម។ការបោះឆ្នោតនោះក៏នឹងមានគណបក្សភ្លើងទៀនដែលដើមឡើយមានឈ្មោះថា«គណបក្សសម រង្ស៊ី»។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកសម រង្ស៊ីកាលពីថ្ងៃទី១៤ខែមេសា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនោះថ្លែងថាសំឡេងគាំទ្ររបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតថា្នក់ក្រោមជាតិនោះនឹងអាចធ្វើឱ្យបរិយាកាសនយោបាយប្រែប្រួលនិងអំណោយផលឱ្យបានវិលត្រឡប់ចូលប្រទេសកំណើតដែលលោកបានចាកចេញទៅប្រទេសបារាំងចាប់តាំងពីឆ្នាំ២០១៥។
លោកលើកឡើងយ៉ាងដូច្នេះ៖«ខ្ញុំជឿជាក់ថា ក្រោយពីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះក្រោយពីគណបក្សភ្លើងទៀនបានទទួលជ័យជម្នះ ឬក៏ទទួលលទ្ធផលយ៉ាងច្រើនលើសលប់ពីអ្នកបោះឆ្នោត ពេលនោះបរិយាកាសនយោបាយនៅប្រទេសកម្ពុជានឹងមានការផ្លាស់ប្តូរហើយបើបរិយាកាសនយោបាយប្រែប្រួលគឺវានឹងអំណោយផលឱ្យមាតុភូមិនិវត្តន៍របស់ខ្ញុំអាចធ្វើទៅបានយ៉ាងរលូន»។
លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងដែរធ្លាប់ទទួលបរាជ័យក្នុងផែនការមាតុភូមិនិវត្តន៍របស់លោកកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ដោយសារឧបសគ្គមួយចំនួនទាក់ទងនឹងជើងហោះហើរចូលប្រទេសថៃហើយឆ្លងចូលមកកម្ពុជា។រដ្ឋាភិបាលទីក្រុងភ្នំពេញក៏បានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនកម្ពុជាថៃដោយដាក់ពង្រាយកងទ័ពរាប់ពាន់នាក់។
រដ្ឋាភិបាលធ្លាប់បានប្រកាសថាបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកសមាជិកគណបក្សប្រឆាំងចូលមកប្រទេសកម្ពុជាទោះបីជាយ៉ាងណាក្រោយមករដ្ឋាភិបាលបដិសេធថាមិនបានប្រកាសដូច្នេះទេ។នៅក្នុងការប៉ុនប៉ងចូលប្រទេសកម្ពុជានេះដែរអ្នកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលបានរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនរយៈពេលខ្លីនៅព្រលានយន្តហោះកូឡាឡាំពួរ។
ចំណែកសកម្មជនអតីតគណបក្សប្រឆាំងដ៏ធំមួយនេះប្រមាណ៥០នាក់ត្រូវបានចាប់ខ្លួនចំពោះអ្វីដែលអាជ្ញាធរកម្ពុជាថាជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្តនិងរាជធានីនិងថ្នាក់ដឹកនាំរាប់សិបនាក់ទៀតរបស់គណបក្សនេះត្រូវបានតុលាការចោទប្រកាន់ឬចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ»បទ«រួមគំនិតក្បត់»ឬបទ«ញុះញង់ឱ្យប្រពឹត្តបទឧក្រិដ្ឋ»ដែលមានទំនាក់ទំនងនឹងផែនការវិលត្រឡប់របស់លោកសម រង្ស៊ី កាលពីឆ្នាំ២០១៩។
អ្នកវិភាគនយោបាយលោក សេង សារី យល់ថាការប្រកាសផែនការវិលចូលប្រទេសរបស់លោកសម រង្ស៊ីសាជាថ្មីនេះអាចជាយុទ្ធសាស្ត្រនៃការលើកទឹកចិត្តដល់សកម្មជនគណបក្សភ្លើងទៀនដោយប្រយោលដែលអាចឱ្យគណបក្សជំទាស់នេះកៀរគរការគាំទ្របានច្រើនទៀតក្រោយការបោះឆ្នោតឃុំសង្កាត់។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំខ្ញុំគិតថាការប្រកាសរបស់លោកសម រង្ស៊ីត្រឡប់ចូលកម្ពុជាវិញអំឡុងក្រោយការបោះឆ្នោតឆ្នាំ២០២២នេះវាជាយុទ្ធសាស្ត្រនយោបាយម្យ៉ាងដែលគេហៅថាជាការផ្តល់នូវកម្លាំងចិត្តឬក៏លើកទឹកចិត្តទៅដល់សកម្មជនគណបក្សភ្លើងទៀនហ្នឹងដោយប្រយោល»។
លោកបន្ថែមថា៖«ហើយគាត់ក៏បង្ហាញច្បាស់ដែរនៅក្នុងបទសម្ភាសន៍ហ្នឹងថាគាត់មិនពាក់ព័ន្ធជាមួយនឹងភ្លើងទៀនទេ ក៏ប៉ុន្តែអ្វីដែលសំខាន់គាត់ប្រើសារថាគាត់នឹងចូលវិញបើសិនជាភ្លើងទៀនមានកម្លាំងនយោបាយ។នេះជាការគិតរបស់ខ្ញុំទេ ខ្ញុំគិតថាវាយុទ្ធសាស្ត្រមួយនៅក្នុងការលើកចិត្តដល់សកម្មជនគណបក្សភ្លើងទៀន»។
លោក សេង សារី ឱ្យដឹងទៀតថាលោក សម រង្ស៊ី តំណាងឱ្យកម្លាំងនយោបាយដែលអាចមានលទ្ធភាពតទល់ជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការចរចានិងដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសបើសិនជាអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានជាន់ទឹកដីកម្ពុជាវិញនោះ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីនប្រាប់វីអូអេនៅថ្ងៃសុក្រថាលោក សម រង្ស៊ីអាចនឹងប្រឈមមុខចំណាត់ការច្បាប់នៅកម្ពុជា ប្រសិនបើលោកហ៊ានចូលមកប្រទេសកម្ពុជាខណៈលោកជាទណ្ឌិតមួយរូបហើយប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី។
លោកបញ្ជាក់ថា៖ «លោក សម រង្ស៊ី ជាទណ្ឌិតមានដីកាតាមចាប់ខ្លួនអ៊ីចឹងទេ បើសិនជាគាត់មក គាត់ត្រូវប្រឈមមុខតាមផ្លូវច្បាប់។ ហើយអារឿងគាត់មកមិនមកហ្នឹងទាល់តែសួរគាត់ព្រោះអីគាត់បោកប្រាស់វាច្រើនដងដែរហើយប្រមូលលុយគេក៏បានច្រើនដែរ។ហើយគេតាមទារដល់សព្វថ្ងៃមិនទាន់សងលុយគេវិញអស់ផង»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី តាមសារអេឡិចត្រូនិកអ៊ីមែលតែលោកមិនឆ្លើយតបនៅថ្ងៃសុក្រនេះ។
លោក សម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៨នាក់ទៀតព្យាយាមវិលចូលមកកម្ពុជាជាបន្តបន្ទាប់ក្រោយឆ្នាំ២០១៩ដើម្បីមកតតំាងរឿងក្តីព្រហ្មទណ្ឌជាច្រើនករណីក្នុងនោះមាន«បទឧបឃាត»ឬការប៉ុនប៉ងធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។ប៉ុន្តែពួកគេត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមមិនឱ្យចូលមកកម្ពុជាខណៈរដ្ឋាភិបាលកម្ពុជាហាមក្រុមហ៊ុនអាកាសចរណ៍នានាមិនឱ្យដឹកពួកគេចូលប្រទេស។ចំណែកលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានក្រសួងការបរទសកម្ពុជាធ្វើមោឃភាពសុពលភាព៕