លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងថាលោកចង់ឃើញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មួយដែលមិនមានអំពើហិង្សា ហើយប្រជាពលរដ្ឋអាចបោះឆ្នោតបានដោយសេរី និងជ្រើសគណបក្សដែលខ្លួនពេញចិត្ត។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
លោកថ្លែងថា៖ «ឆ្លៀតឱកាសនេះ អំពាវនាវគ្រប់ទីកន្លែងទាំងអស់រក្សានូវការខិតខំ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត នឹងជ្រើសរើសដោយសេរី...សេរី។ ស្រឡាញ់គណបក្សមួយណា ស្រឡាញ់បេក្ខជនមួយណា បោះឱ្យបេក្ខជនហ្នឹងទៅ។ បងប្អូនប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ។ ពេលដែលគណបក្សប្រជាជននៅកាន់អំណាច បងប្អូនទាំងអស់យល់ឃើញយ៉ាងម៉េច? រស់នៅបានយ៉ាងម៉េច? អីយ៉ាងម៉េច? និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជនឈ្នះ ដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរ»។
លោក ហ៊ុន សែន ថា លោកនឹងមិនមានវត្តមានក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២១ ខែឧសភាខាងមុខនេះទេ ដែលចំថ្ងៃឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដោយសារលោកនឹងទៅទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ទោះយ៉ាងណា លោកនាយករដ្ឋមន្រ្តីថ្លែងថា អាជ្ញាធរមូលដ្ឋានត្រូវបង្កបរិកាសឱ្យមានភាពល្អប្រសើរ និងស្មើៗគ្នា ដល់គ្រប់គណបក្សទាំងអស់ក្នុងការធ្វើសកម្មភាព និងត្រូវធានាដំណើរការបោះឆ្នោតមិនមានអំពើហិង្សា។
លោកបញ្ជាក់ថា៖ «អ៊ីចឹង ខ្ញុំមិនធ្វើការឃោសនាបោះឆ្នោតទេ គ្រាន់តែជាបញ្ហាដែលបញ្ជាក់ថា សូមកុំឱ្យមានហិង្សាឱ្យសោះ នៅក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។ មិនថា ហិង្សានោះជាហិង្សាដោយការវាយតបគ្នា ឬក៏ហិង្សាពាក្យសម្តីនៃការជេរប្រមាថគ្នានោះទេ។ បរិយាកាសនយោបាយអព្យាក្រឹតពិតជាចាំបាច់នៅក្នុងដំណាក់កាលនៃការធ្វើសកម្មភាពនៃការធ្វើការឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កលក្ខណៈសម្បត្តិឱ្យគណបក្សនយោបាយទាំងអស់មានសិទ្ធិដូចៗគ្នា ឧទាហរណ៍កន្លែងជួបជុំមួយរបស់គណបក្សណាមួយធ្វើបាន គណបក្សដទៃទៀតក៏អាចធ្វើនៅកន្លែងហ្នឹងបានដែរ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេថា លោកក៏គាំទ្រការណែនាំនិងការជំរុញរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែលោកស្នើឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការ និងដាក់ទោសទណ្ឌយ៉ាងម៉ឺងម៉ាត់លើមន្ត្រីមូលដ្ឋាន និងបុគ្គលមួយចំនួនដែលនៅតែបន្តធ្វើសកម្មភាពគំរាមកំហែងដល់សកម្មជនគណបក្សភ្លើងទៀន។ លោកក៏ជំរុញឱ្យរដ្ឋាភិបាលស្វែងរកជនបង្ក ដែលធ្វើទុក្ខបុកម្នេញសកម្មជនខ្លួន និងអ្នកវាយកម្ទេចស្លាកគណបក្សមួយចំនួនដើម្បីយកមកផ្តន្ទាទោស និងត្រូវបញ្ឍប់ការយាយីសកម្មជនគណបក្សភ្លើងទៀនតាមផ្លូវតុលាការបន្តទៀត។
លោកបន្តថា ប្រសិនបើមិនចាត់វិធានការតឹងរ៉ឹងទេ នោះអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលនឹងមិនមានប្រយោជន៍អ្វីនោះទេ សម្រាប់ធានាដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «គ្រាន់តែជំរុញ ហើយពុំបានមានវិធានការ ឬចាត់វិធានការឱ្យមានប្រសិទ្ធភាពទេ វាគ្រាន់ជាការថ្លែងសារល្អមើល ល្អស្តាប់តែប៉ុណ្ណោះទេ តែវាមិនបានល្អដល់ការអនុវត្តក្នុងការធានាដល់ការបោះឆ្នោតខាងមុខឱ្យបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ជាពិសេសធានាបរិកាសនយោបាយមុនបោះឆ្នោតឱ្យបានល្អប្រសើរហ្នឹង»។
គណបក្សភ្លើងទៀនធា្លប់ឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២២ សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋានហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ បង្ហាញក្តីរីករាយនៅពេលនាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍ណែនាំបែបនេះទៅកាន់មន្ត្រីមូលដ្ឋាន ក្នុងការបង្កបរិយាកាសឱ្យល្អដល់គ្រប់គណបក្សទាំងអស់ក្នុងដំណើរការបោះឆ្នោតខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណា លោកថា សកម្មជនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានតែងតែរងការបំភិយបំភ័យគ្រប់រូបភាព។ ដូច្នេះលោកស្នើទៅអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឱ្យបានពេញលេញតាមអនុសាសន៍ ឬការណែនាំរបស់នាយករដ្ឋមន្រ្តីដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ករណីបំភិតបំភ័យមានច្រើនរូបភាព តាំងពីការដាក់បេក្ខជន រហូតទៅដល់ការដាក់អ្នកសង្កេតការណ៍ជាដើម ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទូចស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ស្តាប់តាមការណែនាំ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី ដើម្បីធានាបាននូវ ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌នៅក្នុងការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតមួយ អាចទទួលយកបានសម្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងសម្រាប់គណបក្សនយោបាយដែលជាអ្នកចូលរួមផងដែរ»។
លោក ឡឹក សុធារ បន្ថែមថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានតែងតែរំឭកសកម្មជនរបស់ខ្លួនឱ្យប្រកាន់យកនូវសាមគ្គីភាពយុត្តិធម៌ និងអហិង្សា។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា និកហ្វិច លោក សំ គន្ធាមី ចង់ឃើញមានការដាក់ទោសទណ្ឌតាមច្បាប់ទៅលើបុគ្គលណាដែលបំភិតបំភ័យដល់សកម្មជនគណបក្សដទៃទៀត ជាជាងត្រឹមតែផ្តល់អនុសាសន៍របស់ថ្នាក់ដឹកនាំ។ លោកបន្តថា ប្រសិនបើគ្មានវិធានការម៉ឹងម៉ាត់ទេ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងដំណើរការបោះឆ្នោតមូលដ្ឋានមួយនេះ។
លោកបញ្ជាក់ថា៖ «អ្នកមូលដ្ឋាន ដែលបង្កើតបញ្ហា បង្កលក្ខណៈរាំងស្ទះ ទម្លាក់ស្លាក[គណបក្ស] ទម្លាក់អី [ហើយ] គ្រាន់តែគាត់ចេញអនុសាសន៍ សេចក្តីណែនាំអត់ចាត់ការតាមច្បាប់ សម្រាប់អ្នកប្រព្រឹត្តខុស... ធ្វើអ៊ីចឹងវាម៉េចបានរលូន? ដំណើរការបោះឆ្នោត ការរៀបចំបញ្ជីឈ្មោះគណបក្ស ការរៀបចំស្លាកគណបក្សនៅតែមានបញ្ហាអ៊ីចឹង។ លោកឃើញទេ កន្លងមកឃើញមានបញ្ហាជាប់ទេ?»
គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ នឹងជ្រើសរើសក្រុមប្រឹក្សាសរុបទាំងអស់ជាង១១.០០០នាក់ នៅក្នុងឃុំសង្កាត់សរុបចំនួន១.៦៥២៕