ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឈ្នះពាន​រង្វាន់​ផ្នែក​នវានុវត្តន៍​មាន​សុទិដ្ឋិនិយម​ថា​ អ្នកជំនាញ​នឹង​យក បច្ចេកទេស​ពួក​គេ​ទៅ​ប្រើ​​ ដោយ​ចំណាយ​តិច


ពិធីប្រគល់ពានរង្វាន់​ដល់ក្រុម​និស្សិត​ទទួលបាន​​ជ័យ​លាភី និង​ក្រុមនិស្សិត​ចូលរួម​​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​បច្ចេក​វិទ្យា​ឃ្លាំ​មើល​ទឹក​ទន្លេ​ នៅ​ទីក្រុង​វៀងចន្ទន៍​​ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល រស្មី​/វីអូអេ)​​​​
ពិធីប្រគល់ពានរង្វាន់​ដល់ក្រុម​និស្សិត​ទទួលបាន​​ជ័យ​លាភី និង​ក្រុមនិស្សិត​ចូលរួម​​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​បច្ចេក​វិទ្យា​ឃ្លាំ​មើល​ទឹក​ទន្លេ​ នៅ​ទីក្រុង​វៀងចន្ទន៍​​ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល រស្មី​/វីអូអេ)​​​​

វាមាន​រយៈពេល​៦ខែ​សម្រាប់និស្សិត​១៤​ក្រុម​មក​ពី​សកលវិទ្យាល័យ​ និង​គ្រឹះ​ស្ថាន​អប់រំ​ និងបណ្តុះបណ្តាល​បច្ចេកវិទ្យា​ចំនួន​១១មក​ពី​៤ ប្រទេស គឺ​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ ​ចូល​រួមក្នុងការ​ប្រកួត​ប្រជែង​មួយ​ដើម្បី​ស្រាវជ្រាវ​ និង​រក​ឧបករណ៍​ថ្មីៗ​សម្រាប់​ការ​ឃ្លាំមើល​ស្ថានភាព​ទឹកក្នុង​អាង​ទន្លេមេគង្គ។

ក្រុម​និសិ្សតរបស់វិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុមចំនួន៣របស់​ប្រទេស​កម្ពុជាដែលទទួលបាន​ជ័យលាភី​ជើង​ឯក​ក្នុង​ផ្នែក​វាស់​ស្ទង់​កម្រិត​ទឹក​ វិភាគ​គុណភាព​ទឹក និង​វាស់​ស្ទង់​កម្រិត​ទឹក​ភ្លៀង​។ ក្រុម​និសិ្សត​មក​ពីសាកលវិទ្យាល័យ​ជាតិ​ឡាវ (National University of Laos) ទទួល​បាន​ជ័យ​លាភីលេខ​១​ផ្នែក​វិភាគ​សំណើម​ដី​។ នេះមាន​ន័យ​ថា​ ក្នុង​ចំណោម​៤​ប្រទេស​គឺ​កម្ពុជា ឡាវ​ ថៃ​ និង​វៀត​ណាម​ ក្រុម​និស្សិត​ប្រទេស​កម្ពុជា​៣​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​។

កញ្ញា​ ដុស​ ចាន់ហេង​ ​និស្សិត​ឆ្នាំ​ទី​ ៥​ នៃ​វិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាផ្តល់​បទ​សម្ភាសន៍​ឱ្យ​វីអូអេ​ នៅ​ទីក្រុង​វៀងចន្ទន៍​ ថ្ងៃទី​៣ មេសា​ ឆ្នាំ២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ​)​
កញ្ញា​ ដុស​ ចាន់ហេង​ ​និស្សិត​ឆ្នាំ​ទី​ ៥​ នៃ​វិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាផ្តល់​បទ​សម្ភាសន៍​ឱ្យ​វីអូអេ​ នៅ​ទីក្រុង​វៀងចន្ទន៍​ ថ្ងៃទី​៣ មេសា​ ឆ្នាំ២០២៣។ (ហ៊ុល​ រស្មី​/វីអូអេ​)​

កញ្ញា ដុស​ ចាន់ហេង​ ​និស្សិត​ឆ្នាំ​ទី​៥​ នៃ​វិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជា​ ដែល​ទទួល​បានជ័យ​លាភី​ជើង​ឯក​សម្រាប់​ការ​ស្រាវជ្រាវ​ឧបករណ៍ដើម្បីវាស់​ស្ទង់​កម្រិតទឹក​ភ្លៀង ប្រាប់វីអូអេ​ នៅ​ក្រោយ​ពិធី​ទទួល​រង្វាន់​ថា​ ឧបករណ៍ដែលក្រុមកញ្ញាបាន​រក​ឃើញនោះ​ នឹង​បម្រើ​ដល់​ការ​គ្រប់​គ្រង​ធនធាន​ទឹក​និង​សម្រួល​ដល់​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​នានា​ដូច​ជា​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​ដើម។

កញ្ញា​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា៖​ «ដោយសារ​តែ​ data rainfall [ទិន្ន​ន័យ​ទឹក​ភ្លៀង​] គឺ​វា​សំខាន់​។ នៅពេល​ដែល​យើង​ដឹង​ទិន្នន័យ​ទឹក​ភ្លៀង​ គឺ​អាច​ដឹង​ពី​វិធី​ក្នុង​ការ​គ្រប់​គ្រង​ water resource [ធនធាន​ទឹក​] ដូច​ជាការ​បម្រែបម្រួល​អាកាស​ធាតុ​ និង​មួយ​ទៀត​គឺការ​ development [ការ​អភិវឌ្ឍ]​ ទាក់ទង​នឹង​ឧទាហរណ៍​ យើង​ចង់​ធ្វើ​វារី​អគ្គិសនី​អីជាដើមឧទាហរណ៍។ ហើយ​និង​ជាមូល​ហេតុ​ដែល​ពួក​ខ្ញុំ​ជ្រើស​រើសយក rainfall category [ផ្នែក​ទឹកភ្លៀង]​មក​ប្រកួត»។

លោក ​ចក់​ វុទ្ធី​ ដែល​ស្ថិត​ក្នុងក្រុម​របស់​កញ្ញា ដុស​ ចាន់ហេង​ ថ្លែង​ថា​ឧបករណ៍​ដែល​ក្រុម​លោក​បង្កើត​បាន​មានតម្លៃ​ថោក​ និង​អាច​ផ្តល់​ទិន្នន័យ​មាន​ភាព​សុក្រឹត​ជាង​ឧប​ករណ៍​ចាស់ៗដែល​គេបាន​ដាក់​ឱ្យ​ដំណើរ​ការ​ដើម្បីវិភាគ​កម្រិតទឹក​ដែល​បាន​មកពី​ការ​ធ្លាក់​ភ្លៀង​។ ការណ៍​នេះ​ លោក​ថា​អ្នក​ជំនាញ​អាចត្រូវការ​ឧបករណ៍​របស់​ក្រុម​លោក​ដែលចំណាយ​ប្រាក់​ត្រឹមតែ​២៥០​ដុល្លារ​ និង​ប្រើ​ពេល​តែ​៣ខែ​ប៉ុណ្ណោះ​ក្នុង​ការ​ផលិត​ឱ្យបាន​ផលិតផល​សម្រេច។

លោក​ថ្លែង​ថា​៖ «ពួក​ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាប់​អារម្មណ៍​ដោយ​សារ​តែ​ពួក​ខ្ញុំ​ជាteam[ក្រុម​] ដែល​បាន​ជ័យ​លាភី​ក្នុង​ការប្រកួត​នេះ​។ ហើយ​គណៈកម្មការ​ក៏គាត់​បាន​បញ្ជាក់​ដែរ​ថា​ វា​ជា​ innovation [នវានុវត្តន៍​] ថ្មី​ដែល​ប្លែក​ពី​ rain gauge [ឧបករណ៍​វាស់​ទឹក​ភ្លៀង​]ចាស់​ដែល​គេ​បាន​ designed[បង្កើត​]​។

លោក​បន្ថែម​ថា​៖​ «ហើយ​ក៏វា​មាន​accuracy [ភាពសុក្រឹត]​ ច្រើន​ជាង rain gauge ចាស់ដែល​គេ​បាន​បង្កើត​»។

ក្រុម​ពីរ​ផ្សេងទៀត​ដែល​បាន​ឈ្នះការប្រកួតដែល​ផ្តួច​ផ្តើមឡើងជាលើក​ដំបូងដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ឬហៅកាត់​ថា​ (MRC) កាលពី​ខែ​តុលា​ ឆ្នាំ​២០២២​ គឺ​ក្រុម​មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ (Cambodia Academy of Digital Technology) និង​ វិទ្យា​ស្ថានជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា​ (National Polytechnic Institute of Cambodia)​។

កញ្ញា​ ពន់​ សុលីតា និស្សិត​ឆ្នាំ​ ២ ​នៃបណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វីអូអេ​ ក្រោយពី​ទទួលបាន​ពានរង្វាន់ នៅ​ទីក្រុង​វៀងចន្ទន៍​ ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល រស្មី​/វីអូអេ)
កញ្ញា​ ពន់​ សុលីតា និស្សិត​ឆ្នាំ​ ២ ​នៃបណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វីអូអេ​ ក្រោយពី​ទទួលបាន​ពានរង្វាន់ នៅ​ទីក្រុង​វៀងចន្ទន៍​ ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល រស្មី​/វីអូអេ)

កញ្ញា​ ពន់​ សុលីតា និស្សិត​ឆ្នាំ​២​នៃបណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ក្រុម​កញ្ញា​បាន​ប្រើ​ពេល៤ខែ​នៅក្នុង​ការបង្កើត​ឧបករណ៍​តាម​ដាន​ កម្រិត​ទឹក​ ដែល​អាច​ប្រើ​សម្រាប់​ការ​ព្យាករណ៍​ស្ថានភាព​ទឹក​ជំនន់​ ឬស្ថានភាព​ហួត​ហែង​។​

កញ្ញា​ថ្លែងថា៖​ «ចំពោះ​ water level​ [កម្រិត​ទឹក​] ហ្នឹង​ គឺ​យើង​អាច​ប្រើ​ក្នុង​solution ហ្នឹង​ជា​ ដូច​ថា​ early flood warning system ​[ប្រព័ន្ធ​ប្រកាស​អាសន្ន​ទុក​ជាមុន​អំពី​ស្ថានភាព​ទឹក​ជំនន់​] អ៊ីចឹង​ នៅ​ពេល​ដែល​ ឬក៏​ early drought warning system [​ប្រព័ន្ធ​ប្រកាស​អាសន្ន​អំពី​ស្ថានភាព​រាំង​ស្ងួត​]នៅ​ពេល​ដែល​យើង​ធ្វើ​ system ហ្នឹង​ទៅ​ យើង​អាច​ទទួល​ដឹង​ថា​ តើ​កម្ពស់​ទឹក​ទន្លេ​ឥឡូវ​ហ្នឹង​វាកម្រិត​ប៉ុណ្ណា។ ហើយ​វា​ខុស​ប្លែក​ពី​រាល់​ឆ្នាំ​យ៉ាង​ដូចម្តេច អ៊ីចឹង​នៅពេល​យើង​ប្រមូល​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ ប្រមូល​ data ទាំង​អស់​ហ្នឹង​ហើយ​ យើង​អាច​ឱ្យ​ MRC​ នៅ​ក្នុង​ការ​ analyze [វិភាគ​] ដើម្បី​ take immediate action [ចាត់វិធានការ​ភ្លាម​ៗ​] ឬ​ក៏​យើង​ចង់​យក​ទៅ​ ឥឡូវ​ហ្នឹង យើង​មាន​ platform [កម្មវិធី​ ]តាម​ទូរស័ព្ទ​ដៃ​ដែរ។​ អ៊ីចឹង​ បើសិន​ជា​យើង​ implement project [អនុវត្ត​គម្រោង​]ហ្នឹង​ ឱ្យ​មែន​ទែន​ហ្មង​ យើង​នឹង​ឱ្យ​ platform [កម្មវិធី​ ]របស់​យើង​ open sources [ប្រភព​បើក​ចំហ]​ អ៊ីចឹង​ ណាគេ​ក៏ចូល​បានដែរ​»។

កញ្ញា​បន្ថែម​ថា​៖ «​អ៊ីចឹង ប្រជាជន​ដែល​គាត់​រស់​នៅ​ជុំវិញ​តំបន់​ទន្លេមេគង្គ​ ឬក៏​ទន្លេ​ផ្សេង​ៗ​ហ្នឹង​ គាត់​អាច​ដឹង​ថា តើពេល​ណា​នឹង​អាច​មាន​គ្រោះ​ទឹក​ជំនន់​ ឬក៏គ្រោះ​រាំង​ស្ងួត​ដើម្បី​គាត់​អាច​ ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​បរិបទ​ធម្មជាតិ​អីហ្នឹង​»។

លោក ​Anoulak Kittikhoun នាយកប្រតិបត្តិ​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេ​គង្គ​យល់ថា​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បង្កើត​បច្ចេក​វិទ្យា​ថ្មីៗ​ មាន​សារ​សំខាន់​សម្រាប់​ការ​ឃ្លាំមើល​ស្ថានភាពទន្លេមេគង្គ​ ក្នុងរយៈពេល​វែង​ជាមួយ​នឹងការ​ចំណាយ​ថវិកា​តិច​ និង​មាន​ប្រសិទ្ធភាព​ជាង​វិធីសាស្ត្រ​មុនៗ​។​

លោក​ថ្លែង​ជាភាសា​អង់​គ្លេស​ហើយត្រូវ​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖ «​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​រយៈពេល​វែង​ យើង​ត្រូវ​ការ​បច្ចេក​វិទ្យា​ដែល​ចំណាយ​តិច​ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ហេតុដូច្នេះហើយ​ បាន​ជា​យើង​ងាក​មករកយុវជន​របស់​យើង​នៅសកលវិទ្យាល័យ​ដែល​ល្អ​បំផុត​ និង​មាន​ទេព​កោ​សល្យ​ឱ្យ​បង្កើត​បច្ចេក​វិទ្យា​ដែល​បង្កើត​ឡើង​ក្នុងប្រទេស​ខ្លួន​ឯង​ ហើយ​ការណ៍​នេះ​ក៏​ជួយ​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​ឃ្លាំមើល​ទន្លេ​ និង​យល់​ពី​អ្វីដែល​បាន​កើត​ឡើង​ ហើយ​មាន​វិធាន​ការ​ជា​បន្ទាន់​»។

អ្នក​ស្រី​ ថោង សុគន្ធារី​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេក​វិទ្យា​ឃ្លាំ​មើល​ទឹក​ទន្លេ នៅ​ទីក្រុង​វៀងចន្ទន៍ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល​ រស្មី​/វីអូអេ)​
អ្នក​ស្រី​ ថោង សុគន្ធារី​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេក​វិទ្យា​ឃ្លាំ​មើល​ទឹក​ទន្លេ នៅ​ទីក្រុង​វៀងចន្ទន៍ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣​។ (ហ៊ុល​ រស្មី​/វីអូអេ)​

ដោយ​ឡែក​ អ្នក​ស្រី​ ថោង សុគន្ធារី​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ បង្ហាញ​មោទនភាព​ចំពោះ​និស្សិត​កម្ពុជា​ដែល​បានឈ្នះ​ជ័យ​លាភី​លេខ១​ក្នុងការ​ប្រកួត​ផ្នែក​នវានុវត្តន៍​ ឬ​ការ​បង្កើត​ថ្មី​របស់គណៈកម្មការ​ទន្លេមេគង្គ​។

អ្នកស្រី​បា្រប់​វីអូអេ​ថា​៖«​ខ្ញុំមាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​កូន​ខ្មែរ​យើង​មាន​ មាន​បញ្ញា​ឈ្លាសវៃ​ ដែលបាន​រៀន ​បា​ន​ទទួល​នូវ​ជ័យ​លាភីដ៏​គួរ​ឱ្យ​មោទនភាព​ ហើយ​សប្បាយ​ចិត្ត​ណាស់​ ហើយ​សង្ឃឹម​ថា​ ក្មួយ​ៗ​ជំនាន់ក្រោយ​ រឹត​តែ​ខិតខំ​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​ជាតិ​ រីក​ចម្រើន​ឡើង​។ ខ្ញុំ​មាន​មោទន​ភាព​បំផុត​ នេះ​ជាពាក្យ​សម្តី​ដែល​ចេញ​ពី​បេះដូង​»។

អ្នក​ស្រី​ចង់​ឱ្យ​ អ្នក​ជំនាញ​យក​ស្នាដៃ​ដែលកូនខ្មែរ​រក​ឃើញ​ទៅបម្រើដល់​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធាន​ទឹកក្នុង​ទន្លេ​មេគង្គ​។

អ្នក​ស្រី​ថ្លែង​ថា​៖ «ធម្មតា​តែ​យើងរក​គំហើញ​អី​មួយ​ យើង​ចង់​ឱ្យ​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏ដូច​ជា​ តំបន់​ទាំងមូល​ជា​ពិសេស​ ទាក់​ទង​នឹង​ទន្លេ​មេគង្គ​យើង​»។ ​

គួរ​រំឭក​ថា​ ការ​ប្រកួត​ប្រជែង​បច្ចេក​វិទ្យា​សម្រាប់​ការ​ឃ្លាំ​មើល​ទន្លេរបស់​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​ មាន​គោល​បំណង​លើក​ទឹក​ចិត្ត​និស្សិត​សកល​វិទ្យាល័យ​មក​ពី​ប្រទេសកម្ពុជា​ ថៃ​ ឡាវ​ និង​វៀត​ណាម​ដែល​មាន​ភាព​វ័យ​ឆ្លាត​ និង​ពូកែ​ឱ្យ​ធ្វើ​ទាំង​កិច្ច​ការ​អនុវត្តន៍ និង​ជា​និមិត្ត​រូប​ ពាក់​ព័ន្ធ​នឹង​នវានុវត្តន៍​ ឬក៏​ការ​រក​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​ប្រឈម​របស់​ទន្លេមេគង្គ។

គណៈ​កម្មការ​ទន្លេមេគង្គ​ពន្យល់​ក្នុង​សេចក្តីប្រកាស​មួយថា​ គណៈកម្មការ​ត្រូវ​ការ​ជម្រើស​ដែលអាច​ប្រើការ​បាន​ជំនួស​ឱ្យ​បច្ចេកវិទ្យា​តាម​ដាន​ដែល​មាន​ស្រាប់​ និង​ដែល​ពឹង​ផ្អែក​លើ​ឧបករណ៍​របស់​បរទេស​ដែល​ជា​រឿយៗ​មានតម្លៃ​ថ្លៃ​ និង​ពិបាក​ក្នុង​ការ​ថែទាំ​។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​លោក​លឹម គាន​ហោ​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីនៃប្រទេស​ទន្លេមេគង្គ​ កាល​ពី​ថ្ងៃទី​៤ ខែ​មេសា​ ថ្លែង​ក្នុងពេល​កំពុង​ពិនិត្យ​ស្តង់​របស់ក្រុមនិស្សិតកម្ពុជា​ថា​ ឧបករណ៍​ដែល​រក​ឃើញ​ដោយ​និស្សិត​កម្ពុជា​ នឹង​អាច​យក​ទៅ​ប្រៀបធៀប​ជាមួយ​ឧបករណ៍​ដែល​ប្រទេស​ផ្សេង​ទៀត​បង្កើត​បាន​ដើម្បើ​ធើ្វ​ការ​កែ​លម្អ​បន្ថែម មុននឹង​យក​ទៅដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប​។

ស្តង់​របស់​ក្រុម​និសិ្សត​ បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ នៅ​ទីក្រុង​វៀង​ចន្ទន៍​ ថ្ងៃ​ទី​៤ ខែ មេសា​ ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​
ស្តង់​របស់​ក្រុម​និសិ្សត​ បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​ នៅ​ទីក្រុង​វៀង​ចន្ទន៍​ ថ្ងៃ​ទី​៤ ខែ មេសា​ ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​

លោកថ្លែង​ថា​៖ «ក្មួយ​ៗ​ ក៏​គេ​បាន​ទទួល​រង្វាន់​ដែរ​ ឃើញ​ទេ​។ ​ក្នុង​បួន​នេះ​ ដែល​គេ​ប្រលង​ប្រណាំង​ យើង​ទទួល​បាន​បី​ហើយ​។ កម្ពុជា​យើង​ជា​មោទនភាព​ណាស់​។ អ៊ីចឹង​ កូន​ខ្មែរ​យើង​មិន​អន់​ទេ​។ ខ្ញុំប្រាប់​ថា​ ឱ្យ​ទៅ​វិញ​ទៅ​ក្រសួង​ធនធាន​ទឹក​ ដើម្បី​ នឹង​ធ្វើ​ការងារ​ហ្នឹង​ជាមួយ​ខាង​ក្រសួង​។​ បើ​ក្រសួង​មើល​ទៅ​ ឱ្យ​ដើរ​ទៅ​មើល​សិន​ ទៅ​មើល​របស់​គេ​ហ្នឹង​ គេធ្វើ​យ៉ាង​ម៉េច?​ យើង​ យើង​ថា​ ​innovation ការ​រក​ឃើញ​ថ្មី​ ការ​អនុវត្ត​ថ្មី​ហ្នឹង​ វាយ៉ាង​ម៉េច​? Okay យើង​កែ​សម្រួល​លក់​ លក់​បានតម្លៃ​យ៉ាង​ថោក​»​។

ក្នុង​ការ​ថ្លែង​ទៅកាន់​ក្រុមនិស្សិតទន្លេមេគង្គ អ្នក​ការទូត​ ព្រមទាំង​អ្នក​ជំនាញ​ និង​មន្ត្រី​ពាក់​ព័ន្ធផ្សេង​ទៀត​ក្នុង​ថ្ងៃ​ប្រគល់​រង្វាន់​ជូន​និស្សិត​ខាង​លើ​ នាយក​ប្រតិបត្តិ​លេខា​ធិការ​ដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​លោក​ Anoulak Kittikhoun មិន​ត្រឹម​តែ​បានលើក​ឡើងអំពី​តម្រូវ​ការ​នៃ​បច្ចេក​វិទ្យា​ថ្មី​ៗ​ដើម្បី​ឃ្លាំមើល​ស្ថានភាព​ទឹក​ ប៉ុន្តែ​លោក​ថែម​ទាំងបានឱ្យ​ដឹងអំពី​បញ្ហា​ប្រឈម​ជា ច្រើន​ដែលកំពុង​កើត​ឡើង​ក្នុងទន្លេ​មេ​គង្គ​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ឆ្លើយ​តប​រួម​គ្នា​មួយ​របស់​មេដឹកនាំ​ប្រទេស​ទន្លេ​ដ៏​ធំ​មួយ​នេះ​។

បញ្ហា​ចោទ​មួយ​ដែលគំរាមកំហែង​ដល់​ទន្លេមេគង្គ​នោះគឺ​ ការ​បង្អាក់​កករ​នៅ​ផ្នែក​ខាង​លើ​ទន្លេ​ និង​ការ​បូម​យក​ខ្សាច់ ដែល​បាន​ធ្វើ​ឱ្យ​បរិមាណ​កំណកល្បាប់​នៅ​តាម​ផ្នែក​ខ្លះៗ​ ធ្លាក់​ចុះ​យ៉ាងច្រើន​ គឺ​ចាប់​ពី​កម្រិត​៦០ភាគរយ​ និង​៩០ភាគរយ​។​ ការណ៍​នេះ​ អាច​ប៉ះពាល់​ដល់​ផលិត​ភាព​តំបន់​លិច​ទឹក​ និងស្ថិរភាព​ច្រាំង​ទន្លេ។

លោក​គិធិឃួន​ថ្លែង​ជា​ភាសា​អង់គ្លេស​និងត្រូវបាន​ប្រែសម្រួល​ជា​ខេមរភាសា​ថា៖ «ទន្លេមេគង្គ​ មិន​អាច​បន្តបាត់​បង់​ដីល្បាប់​ទៀត​ទេ​ បើមិន​ដូច្នេះ​ទេ​ វានឹង​លេង​ក្លាយ​ជា​ទន្លេមេគង្គ​ទៀត​ហើយ»៕

XS
SM
MD
LG