មេដឹកនាំប្រទេសទន្លេមេគង្គរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាមបានចេញសេចក្តីប្រកាសរួមមួយ ពាក់ព័ន្ធនឹងស្ថានភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេមេគង្គ នៅឯជំនួបកំពូលលើកទី៤របស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដែលបានបិទបញ្ចប់នៅរដ្ឋធានីប្រទេសឡាវនាថ្ងៃពុធនេះ។
ជំនួបកំពូលលើកទី៤ និងសន្និសីទអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គបាន ចាប់ផ្តើមកាលពីថ្ងៃទី២ខែមេសានៅទីក្រុងវៀងចន្ទន៍ ដោយមានការចូលរួមពីដៃគូសំខាន់២ទៀតរបស់ស្ថាប័នអន្តរជាតិមួយនេះគឺចិន និងមីយ៉ាន់ម៉ា ហើយមានការពិភាក្សាអំពីបញ្ហាប្រឈមជាច្រើនដោយរាប់ចាប់ពីស្ថានភាពប្រែប្រួលក្នុងអាងទន្លេមេគង្គ ក្នុងនោះគឺការធ្លាក់ចុះដីល្បប់ ភាពរាំងស្ងួត ទឹកជំនន់ ការបាក់ច្រាំងទន្លេ បម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀត ទាក់ទងនឹងស្ថានភាពទឹក។ សន្និសីទក៏បានពិភាក្សាអំពីបញ្ហានវានុវត្តន៍ ឬការបង្កើតថ្មីជាមួយបច្ចេកវិទ្យាថ្មីៗដើម្បីតាមដានស្ថានភាពទឹក និងព្យាករណ៍ផ្សេងៗក្នុងអាងទន្លេមេគង្គ។
នៅក្នុងសេចក្តីប្រកាសនៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី៥ខែមេសា ឆ្នាំ២០២៣នេះ មេដឹកនាំប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គទាំង៤បានទទួលស្គាល់ថា ខណៈការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គបានរួមចំណែកគួរឱ្យកត់សម្គាល់ដល់កំណើនសេដ្ឋកិច្ចនោះ សកម្មភាពនេះក៏ផ្តល់ឱ្យមកវិញនូវផលប៉ះពាល់ជាច្រើន រួមមានផលប៉ះពាល់ឆ្លងដែនដែលត្រូវរួមគ្នាដោះស្រាយ និងផលប៉ះពាល់លើបរិស្ថានរបស់អាងទន្លេមេគង្គ និងផលប៉ះពាល់លើសហគមន៍ដែលងាយរងគ្រោះ។
សេចក្តីប្រកាសបន្ថែមថា ការប្រែប្រួលអាកាសធាតុកាន់តែបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ការកើតមានទឹកជំនន់ គ្រោះរាំងស្ងួត ការបាក់ច្រាំង និងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលឆាប់រហ័សនៃលំហូរ និងកម្រិតទឹកនៅក្នុងផ្នែកខ្លះនៃអាងទន្លេមេគង្គ ហើយនិងការខូចខាតផ្នែកបរិស្ថាន និងផលត្រី ដោយសារត្រូវទន្លេខណ្ឌជាកំណាត់ៗ។
យ៉ាងណាក្តីក្រុមមេដឹកនាំប្រទេសទន្លេមេគង្គបានទទួលស្គាល់សមិទ្ធផលជាច្រើនរបស់គណៈកម្មការទន្លេមេគង្គ ដែលរួមមានការជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗលើសហគមន៍ដែលងាយរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួតដោយមានឧបករណ៍មានភាពសុក្រឹតជាងមុនក្នុងការព្យាករណ៍អំពីស្ថានភាពជំនន់ និងភាពរាំងស្ងួតឱ្យ ព្រមទាំងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការប្រកាសអាសន្នជាមុន និងត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយតាមយន្តការតំបន់។ មេដឹកនាំនៃប្រទេសទាំង៤ដែលបានសម្រេចសេចក្តីប្រកាសខាងលើនោះគឺមាននាយករដ្ឋមន្ត្រីប្រទេសឡាវលោក Sonexay Siphandone នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính និងលោក Surasri Kidtimonton អគ្គលេខាធិការការិយាល័យធនធានទឹកជាតិប្រទេសថៃ។
ក្រុមមេដឹកនាំប្រទេសទន្លេមេគង្គក៏បានអំពាវនាវដល់រាល់ដៃគូ និងអ្នកពាក់ព័ន្ធឱ្យរកដំណោះស្រាយបែបនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គមួយដែលមានសន្តិសុខទឹកប្រកបដោយចីរភាព ខណៈប្រកាន់ខ្ជាប់គោលការណ៍បើកចំហ តម្លាភាព បរិយាបន្ន ឬការចូលរួមទាំងអស់គ្នា ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ភាពស្មើគ្នា និងការពិគ្រោះយោបល់៕