ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​​សេចក្ដី​មេត្តា​និង​សាមគ្គីភាព


ជន​មូស្លិម​ឥណ្ឌូណេស៊ីរាប់​ម៉ឺន​នាក់​តវ៉ាប្រឆាំង​នឹង​អភិបាល​ក្រុង​កាន់​សាសនា​គ្រិស្ត Ahok ដែល​បាន​មើល​ងាយ​សាសនា​ឥស្លាម។
ជន​មូស្លិម​ឥណ្ឌូណេស៊ីរាប់​ម៉ឺន​នាក់​តវ៉ាប្រឆាំង​នឹង​អភិបាល​ក្រុង​កាន់​សាសនា​គ្រិស្ត Ahok ដែល​បាន​មើល​ងាយ​សាសនា​ឥស្លាម។

សេចក្ដី​សន្ដោស​ប្រណី ​និង​សាមគ្គី​ភាព គឺ​ជា​ប្រធានបទ​នៃ​ការ​តវ៉ា​មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ចូលរួម​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ពីរ​ត្រូវ​បាន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​កាន់​សាសនា​ឥស្លាម​បែប​អភិរក្ស​និយម ​ធ្វើ​ឡើង​នា​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដក​លោក​អភិបាល​ក្រុង​ដំបូង​បង្អស់​ដែល​កាន់​សាសនា​គ្រិស្ត​នៅ​ក្នុង​រយៈ​ពេល ​៥០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ចេញ​ពី​តំណែង។

ការ​តវ៉ា​ដើម្បី​សន្តិភាព​នេះ ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​មនុស្ស​ច្រើន​ជាង ​២ ​សែន​នាក់ ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អភិបាល​ក្រុង​លោក​ Busuki Tjahaja Purmam​ ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ​Ahok។

លោក​ប្រធានាធិបតី ​Joko Widodo​ បាន​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ទៅ​កាន់​កន្លែង​តវ៉ា​នោះ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ចាកចេញ​ពី​កន្លែង​តវ៉ា​ដោយ​សន្តិវិធី។

លោក ​Ahok ​កំពុង​ត្រូវ​គេ​កាត់​ទោស​ពី​បទ​និយាយ​ស្ដី​មើល​ងាយ​សាសនា​ឥស្លាម ដោយសារតែ​ការ​លើក​ឡើង​របស់​លោក​អំពី​គម្ពីរ​កូរ៉ាន់។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​ធ្វើ​ការ​សុំ​ទោស ​និង​បាន​និយាយ​ថា ​លោក​គ្មាន​បំណង​ប្រព្រឹត្ត​ខុស​នោះ​ទេ។

ប៉ុន្តែ ការ​សុំទោស​របស់​លោក មិន​បាន​ធ្វើ​ឲ្យ​ជនជាតិ​ឥស្លាម​ជា​ច្រើន​នាក់ ដែល​មាន​ការ​ខឹង​សម្បា​ចំពោះ​បញ្ហា​ដែល​ទីក្រុង Jakarta ដែល​ជា​ទីក្រុង​មាន​ជនជាតិ​ឥស្លាម​ភាគ​ច្រើន​រស់នៅ​នោះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​អភិបាល​ដែល​កាន់​សាសនា​គ្រិស្ត​នោះ មាន​ការ​ស្ងប់​ចិត្ត​នោះ​ទេ។

លោក ​George Agus ​ដែល​ជា​ពលរដ្ឋ​មួយ​រូប​រស់​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ បាន​និយាយ​ថា៖ «ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មាន​ជនជាតិ​ភាគ​តិច​ច្រើន​រស់នៅ។ យើង​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ថា យើង​ធ្វើ​ការ​តវ៉ា​លើក​នេះ​គឺ​ដើម្បី​ភាព​រួបរួម​គ្នា​ជា​ធ្លុង​មួយ​តែ​ប៉ុណ្ណោះ‍»៕

XS
SM
MD
LG