ប្រទេសឥណ្ឌូនេស៊ីបានធ្វើការត្រួតពិនិត្យអ្នកធ្វើដំណើរមកពីប្រទេសសិង្ហបុរី ដែលជាប្រទេសក្បែរខាងខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យច្បាស់ថា អ្នកធ្វើដំណើរទាំងនោះមាន ឬមិនមានផ្ទុកមេរោគ Zika។ ប្រទេសឥណ្ឌូនេស៊ីចេញវិធានការដូចនេះ ដោយសារតែប្រទេសសិង្ហបុរីបានរាយការណ៍អំពីចំនួននៃអ្នកឆ្លងមេរោគ Zika នេះមានការកើនឡើង។
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Oscar Primadi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីសុខាភិបាលបានស្នើឲ្យក្រសួងការបរទេសចេញនូវការណែនាំដល់អ្នកធ្វើដំណើរទាំងឡាយ ជាពិសេស ស្ត្រីមានផ្ទៃពោះ កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប្រសិនបើមិនមានការចាំបាច់។
ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា មានការឆ្លងជំងឺ Zika ថ្មីចំនួន២២ករណីនៅក្នុងតំបន់មួយនៅក្នុងទីក្រុង ហើយករណីឆ្លងដំបូងគឺការឆ្លងលើស្ត្រីមានផ្ទៃពោះ។
សម្រាប់អ្នកជំងឺ Zika ភាគច្រើន មេរោគនេះជះឥទ្ធិពលតិចតួចប៉ុណ្ណោះចំពោះពួកគេ ប៉ុន្តែគ្រូពេទ្យជឿជាក់ថា ការឆ្លងក្នុងពេលមានផ្ទៃពោះ អាចបណ្ដាលឲ្យទារកកើតមកមានក្បាលតូចខុសធម្មតា និងការអភិវឌ្ឍរបស់ទារកមិនប្រក្រតីដ៏ធ្ងន់ធ្ងរ។
គិតមកត្រឹមថ្ងៃពុធម្សិលមិញ ប្រទេសសិង្ហបុរីមានការឆ្លងជំងឺ Zika នេះចំនួន១៥៥ករណីរួចមកហើយ។
មជ្ឈមណ្ឌលដើម្បីការគ្រប់គ្រង និងការការពារជំងឺរបស់សហរដ្ឋអាមេរិក បានធ្វើការណែនាំដល់អ្នកធ្វើដំណើរដែលធ្វើដំណើរទៅប្រទេសសិង្ហបុរី ឲ្យមានការប្រយ័ត្នប្រយែង ដូចជាការការពារខ្លួនពួកគេកុំឲ្យមូសខាំជាដើម។ ហើយដោយសារតែមេរោគនេះឆ្លងតាមការរួមភេទផងដែរ មជ្ឈមណ្ឌលនេះបានណែនាំឲ្យប្រើស្រោមអនាម័យ ក្នុងពេលរួមភេទ។
គិតមកទល់ពេលនេះ មិនទាន់មានការរាយការណ៍ណាមួយថា មានការឆ្លងមេរោគ Zika នេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅឡើយទេ៕