រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto ដែលជាបេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសជ័យជម្នះ ក្រោយពីការរាប់សន្លឹកឆ្នោតមិនផ្លូវការបានបង្ហាញថាលោកនាំមុខដាច់គូប្រជែង ២ នាក់ទៀត។
មនុស្សរាប់ពាន់នាក់បានហ៊ោកញ្ជ្រៀវ ពេលលោក Prabowo ស្វាគមន៍ក្រុមអ្នកគាំទ្រនៅពហុកីឡដ្ឋានក្នុងស្រុកមួយកន្លែងកាលពីថ្ងៃពុធ។ លោកបានហៅលទ្ធផលក្រៅផ្លូវការនេះថាជា «ជ័យជម្នះរបស់ពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់» និងបានប្តេជ្ញាបង្កើតរដ្ឋាភិបាលមួយដែលមានការចូលរួមពីយុវជនដែលមានសមត្ថភាពល្អបំផុតរបស់ឥណ្ឌូណេស៊ី។
លទ្ធផលបោះឆ្នោតមិនផ្លូវការដែលរាប់ដោយក្រុមស្ទង់មតិការបោះឆ្នោតឯករាជ្យហើយត្រូវបានផ្សព្វផ្សាយក្រោយពីការបោះឆ្នោតបានបិទបញ្ចប់នៅម៉ោង ១ រសៀល ម៉ោងក្នុងទីក្រុងហ្សាការតា បានបង្ហាញថា លោក Prabowoទទួលបានសំឡេងឆ្នោតប្រមាណ ៦០% បើធៀបជាមួយនឹងអតីតអភិបាលក្រុងហ្សាការតាលោក Anies Beswadan ដែលទទួលបានសំឡេងឆ្នោតតែប្រមាណជាង ២០% បន្តិចបន្តួចប៉ុណ្ណោះ។ អតីតអភិបាលខេត្តម្នាក់ទៀតលោក Ganjar Pranowo ស្ថិតនៅលំដាប់ទី ៣ ដាច់ឆ្ងាយពីគេ។
បើលោក Prabowo ទទួលបានសំឡេងឆ្នោតច្រើនជាង ៥០% នៃសន្លឹកឆ្នោតដែលបានបោះសរុប រួមទាំងយ៉ាងតិច ២០% នៃសន្លឹកឆ្នោតដែលបានបោះក្នុងខេត្តចំនួនពាក់កណ្តាលនៃប្រទេសឥណ្ឌូណេស៊ី ពេលដែលលទ្ធផលផ្លូវការត្រូវបានប្រកាស នោះលោកនឹងឈ្នះតំណែងប្រធានាធិបតីទាំងស្រុងដោយមិនចាំបាច់ត្រូវបោះឆ្នោតជុំទីពីរនៅខែមិថុនាខាងមុខនេះទេ។
ការបូកសរុបសន្លឹកឆ្នោតចុងក្រោយនឹងរួចរាល់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានបញ្ជាក់អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះថា៖ «ការបោះឆ្នោតនេះគឺជាការស្តែងឱ្យឃើញអំពីថិរភាពនិងភាពរឹងមាំខ្លាំងក្លានៃការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីចំពោះដំណើរការប្រជាធិបតេយ្យនិងស្ថាប័នរៀបចំការបោះឆ្នោត»។
លោក Miller បានបន្ថែមថា៖ «យើងទន្ទឹងរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត [ឥណ្ឌូណេស៊ី]»៕
លោក Richard Greenនៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
លោក Prabowo Subianto អះអាងថាខ្លួនឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឥណ្ឌូណេស៊ី
ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី —
វេទិកាបញ្ចេញមតិ