ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីជជែក​ដេញ​ដោល​គ្នា


រដ្ឋមន្ត្រី​​​ការពារ​ជាតិ​លោក​​ Prabowo Subianto​ អតីត​អភិបាល​ខេត្ត​​ជ្វា​កណ្តាល​​​​ (Central Java) លោក​ Ganjar Pranowo និង​​​លោក​​ Anies Baswedan អតីត​​​អភិបាល​​​ក្រុង​​​ហ្សាការតា ជជែក​ដេញដោល​គ្នា​នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​​​ការពារ​ជាតិ​លោក​​ Prabowo Subianto​ អតីត​អភិបាល​ខេត្ត​​ជ្វា​កណ្តាល​​​​ (Central Java) លោក​ Ganjar Pranowo និង​​​លោក​​ Anies Baswedan អតីត​​​អភិបាល​​​ក្រុង​​​ហ្សាការតា ជជែក​ដេញដោល​គ្នា​នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្រុម​បេក្ខជនប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ជជែកដេញ​ដោល​គ្នាលើក​ទី ២ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ៧ ខែ​មករា ​ដើម្បី​ពិភាក្សា​គ្នាអំពី​បញ្ហា​ការការពារ​ជាតិ​ ភូមិសាស្ត្រ​នយោបាយនិង​ការទូត។

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Prabowo Subianto​ អតីត​អភិបាល​ខេត្តជ្វា​កណ្តាល (Central Java) លោក​ Ganjar Pranowo និង​លោក Anies Baswedan អតីត​អភិបាល​ក្រុង​ហ្សាការតានឹង​ប្រកួត​ប្រជែង​គ្នានៅ​ក្នុង​ការបោះឆ្នោត​នៅថ្ងៃទី ១៤ ​ខែកុម្ភៈ ​ដើម្បី​ដឹកនាំ​ប្រទេសឥណ្ឌូណេស៊ី​ដែល​ជាប្រទេសជាតិ​ប្រជុំកោះធំ​បំផុត​ក្នុង​ពិភពលោក។

មនុស្សជិត​ ២០៥​ លាន​នាក់ មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​គោលដៅ​ជ្រើសរើស​អ្នក​បន្ត​តំណែងពី​លោក​ប្រធានាធិបតី Joko Widodo ក្រោយអាណត្តិ​ ១០ ​ឆ្នាំ​ របស់​លោក។

អ្នក​នាំមុខគេ​គឺលោក​ Subianto​ បាននិយាយថា ប្រសិន​បើ​លោក​ជាប់ឆ្នោត លោកនឹង​ថែរក្សាទំនាក់ទំនងវិជ្ជមានជាមួយ​មហាអំណាច​សាកល​ទាំង​អស់តាមរយៈ​គោលនយោបាយ​ការបរទេស​ «មិនចូល​បក្សសម្ព័ន្ធមិត្ត»​ របស់​ឥណ្ឌូណេស៊ី។

លោកបាន​ថ្លែងនៅ​ក្នុងការ​ជជែក​ដេញដោល​គ្នា​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ឥណ្ឌូណេស៊ី​ថា៖ «ដោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយមហា​អំណាច​ទាំងអស់ យើងអាច​ធានា​រ៉ាប់រង​ផលប្រយោជន៍ជាតិ​របស់​យើង។ មាន​មិត្ត​មួយ​ពាន់​នាក់ដូចជាតិច​ពេក មាន​សត្រូវ​តែមួយគឺ​ច្រើន​ពេក។ យើង​នឹង​បន្តគោលនយោបាយ​ជាអ្នកជិតខាងល្អ»។

អតីត​ឧត្ដមសេនីយ៍​នៃកងកម្លាំង​ពិសេស​រូប​នេះបាន​សង្កត់​ធ្ងន់លើសារៈសំខាន់នៃ​ការ​បង្កើន​កម្លាំង​យោធា​ដើម្បីការពារ​ឯករាជ្យ ​ដោយ​លោក​បាន​សម្ដែង​កង្វល់អំពី​ស្ថានការណ៍​ស្រដៀង​នឹងស្ថានភាពដែល​តំបន់ហ្កាហ្សា​ប្រឈម​នៅ​ក្នុងសង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។

ប្រទេស​ឥណ្ឌូណេស៊ីជា​អ្នកគាំទ្រ​ខ្ជាប់ខ្ជួន​ដល់​ឯករាជ្យប៉ាឡេស្ទីន។ ប្រទេស​នេះ​បាន​អំពាវនាវឱ្យ​មាន​ដំណោះស្រាយ​ជម្លោះ​នេះ ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ ដែលមាន​រួមការ​ដោះស្រាយ​ដោយ​បង្កើត​រដ្ឋ​ពីរ។

លោក Pranowo បានផ្តល់​ចំណុច​សំខាន់ៗ​នៃ​សំណើ​មួយ​សម្រាប់​ឱ្យ​មានកិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​មួយអំពីសមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ ដោយ​លោក​បាន​គូស​បញ្ជាក់​ឋានៈ​របស់​ឥណ្ឌូណេស៊ី​ដែល​មិនមែនជា​ភាគី​ក្នុង​ជម្លោះទាមទារទឹកដី​ក្នុង​តំបន់​នោះ​ទេ។

លោកបាន​ថ្លែង​ថា ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​នេះជា​ការ​ចាំបាច់​នៅពេលចិន​កំពុង​ធ្វើទំនើបកម្ម​យោធា​ ដែលត្រូវ​រំពឹង​ថា​នឹង​ចប់​រួចរាល់​ត្រឹម​ឆ្នាំ ២០២៧។

លោកបាន​ថ្លែង​ថា៖ «មាន​ការ​ប្រឹងប្រែង​ឱ្យ​មាន​ដំណោះស្រាយជាង ២០ ឆ្នាំ​មក​ហើយ តែ​គ្មាន​ការ​ជឿនលឿន​សោះ»។

លោកក៏​បាន​និយាយអំពី​សេចក្ដី​ត្រូវការ​ពង្រឹង​ការ​យាម​ល្បាត​ដោយ​កងទ័ព​ជើងទឹកឥណ្ឌូណេស៊ី​ផង​ដែរ។

លោក​ថា៖ «យើង​ត្រូវការ​នាវាផ្ទុក​ប្រេង​ឥន្ធនៈអណ្ដែតដែល​កងទ័ព​ជើង​ទឹក ​យើង​អាចប្រើប្រាស់​សម្រាប់​យាម​ល្បាត។ ការណ៍​នេះ​ធ្វើ​ឱ្យ​វិស័យភ័ស្តុភារអស់​សោហ៊ុយ​តិច។

លោក​ Baswedan វិញ​ បានលើក​ពី​បញ្ហាគំរាមកំហែង​បែប​ថ្មី​នានា​ ​ដូចជា​កំណើន​ឧប្បត្តិហេតុ​នៃ​ការ​លួច​ចូលក្នុង​អ៊ីនធឺណិត ឬ hacking ដោយ​លោក​បាន​សន្យា​បង្កើតប្រព័ន្ធ​ការពារ​បណ្តាញ​អ៊ីនធឺណិត។

លោក​បាននិយាយថា៖ «គន្លឹះ​មិនមែន​ផ្អែកលើ​តែបច្ចេកវិទ្យាប៉ុណ្ណោះ​ទេ។ សារៈសំខាន់អាស្រ័យ​លើការ​ពាក់ព័ន្ធដ៏​ទូលំទូលាយរបស់​មនុស្សគ្រប់គ្នា»។

លោក​ក៏​បានថ្លែង​ដែរ​ថា​ ​លោក​នឹង​ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ក្លាយ​ជា​មេដឹកនាំមួយ​លើ​ឆាកអន្តរជាតិ មិនមែន​ត្រឹម​តែ​ជា​«អ្នក​មើល»​ប៉ុណ្ណោះ​ តាម​រយៈ​អំណាច​ទន់​របស់​ខ្លួនដូចជា​សិល្បៈ​ជា​ដើម។

លោក​បានបន្ថែម​ថា៖ ​«តាម​រយៈការ​ប្រឹងប្រែងទាំងនេះ យើង​មាន​គោលដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋឥណ្ឌូណេស៊ី​ទៅ​ជា​ម្ចាស់ផ្ទះមាន​ការ​គួរសម​នៅ​ក្នុង​ប្រទេស​ខ្លួន​ផ្ទាល់​និង​ជា​ភ្ញៀវ​រស់រាយ​នៅក្នុង​ប្រទេស​ឯ​ទៀតៗ»។

លោក Subianto នាំ​មុខគូប្រជែង​លោក​ក្នុង​ការ​ស្ទង់មតិ​តាំងពី​លោក​បានជ្រើសរើស​លោក Gibran Rakabuming Raka កូន​ប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី Joko Widodo ឱ្យ​ធ្វើ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក។​

លោក Pranowo មានការ​គាំទ្រ​លំដាប់​ទីពីរ ឆ្ងាយ​ក្រោយ​ពី​លោក Subianto។

ការ​ស្ទង់មតិ​ថ្មីៗ​បំផុតបង្ហាញ​ថា​លោក Baswedan​ ដែល​មាន​លំដាប់​ទីបី​ ប្រហែល​មាន​ឱកាសឈ្នះ​លោក Pranowo ហើយអាច​មាន​ការគាំទ្រ​លំដាប់​ទី​ពីរក្នុង​ការ​បោះឆ្នោត​លើក​ទី​ពីរ នៃ​ប្រព័ន្ធ​បោះឆ្នោត​ពីរ​លើក​របស់​ឥណ្ឌូណេស៊ី៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG