ពលរដ្ឋឥណ្ឌូណេស៊ីទៅស្ថានីយបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈនេះដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោកក្នុងរយៈពេលមួយថ្ងៃដើម្បីជ្រើសរើសសមាជិករដ្ឋសភានិងប្រធានាធិបតីថ្មី។
ក្នុងចំណោមពលរដ្ឋ២៧០លាននាក់នៅលើកោះ១ម៉ឺន៧ពាន់របស់ឥណ្ឌូណេស៊ី មានមនុស្ស២០៥លាននាក់ដែលមានអាយុចាប់ពី១៧ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោត។ ៧៥ភាគរយនៃប្រជាពលរដ្ឋឥណ្ឌូណេស៊ីត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធនេះ។ នេះបើតាមគណៈកម្មការរៀបចំការបោះឆ្នោតជាតិឥណ្ឌូណេស៊ី ដោយមានអ្នកមានសិទ្ធិបោះឆ្នោត១០៦លាននាក់មានអាយុស្ថិតក្រោម៤០ឆ្នាំឬស្មើ៥២ភាគរយនៃអ្នកបោះឆ្នោតដែលត្រូវគេរំពឹងទុក។
នេះជាការបោះឆ្នោតលើកទី២ដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងធ្វើការបោះឆ្នោតប្រធានាធិបតីនិងសភានៅពេលជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៩មក។ ជារួម មានការិយាល័យរដ្ឋបាលបោះឆ្នោតចំនួន២ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ពួកអ្នកបោះឆ្នោត បោះឆ្នោតសម្ងាត់នៅលើក្រដាស។ ហើយខណៈដែលលទ្ធផលក្រៅផ្លូវការនឹងត្រូវបានដឹងក្នុងរយៈពេល ២៤ម៉ោង លទ្ធផលផ្លូវការនឹងមិនបានដឹងលឿងបំផុតរហូតដល់៣៥ថ្ងៃក្រោយមក។
បេក្ខជន៣នាក់កំពុងប្រកួតប្រជែងតំណែងកំពូលនេះគឺ លោក Prabowo Subianto លោក Ganjar Pranowo និងលោក Anies Baswedan។
ការប្រកួតប្រជែងរបស់ពួកគេអាចបញ្ចប់នៅក្នុងការបោះឆ្នោតជុំទី២នៅខែមិថុនាមុនពេលប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាមដ៏ច្រើនបំផុតក្នុងពិភពលោកបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងលោកប្រធានាធិបតី Joko Widodoឬ Jokowi។ លោកត្រូវចាកចេញពីតំណែងបន្ទាប់ពីបម្រើការងារ២អាណត្តិដែលក្នុងមួយអាណត្តិមានរយៈពេល៥ឆ្នាំ ថ្វីបើលោកមានប្រជាប្រីយភាពក៏ដោយ។ កូនប្រុសរបស់លោកឈ្មោះ Gibran Rakabuming ជាបេក្ខជនអនុប្រធានាធិបតីដែលឈរឈ្មោះជាមួយលោក Prabowoដែលបានចាញ់ឆ្នោតលោក Widodoនៅក្នុងឆ្នាំ២០១៤និង២០១៩។
បញ្ហាសេដ្ឋកិច្ច ការងារនិងស្បៀងអាហារក្នុងស្រុកជាបញ្ហាសំខាន់នៅក្នុងការប្រកួតប្រជែងនេះ។ ការរីកលូតលាស់សេដ្ឋកិច្ចបានថយចុះមកត្រឹម៥ភាគរយនៅឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹង ៥,៣ភាគរយកាលពីមួយឆ្នាំមុន បើតាមស្ថិតិឥណ្ឌូណេស៊ី ដែលបានរាយការណ៍ពីអត្រាគ្មានការងារធ្វើ៥,៣ភាគរយនៅក្នុងខែសីហាឆ្នាំ២០២៣។ ក៏ប៉ុន្តែ សម្រាប់ជនជាតិឥណ្ឌូណេស៊ីដែលមានអាយុពី១៥ឆ្នាំទៅដល់២៤ឆ្នាំ ប្រហែល១៤ភាគរយគ្មានការងារធ្វើ។ នេះបើតាមអង្គការពលរដ្ឋអន្តរជាតិ។
តាមរបាយការណ៍សន្តិសុខស្បៀងអាហារក្នុងតំបន់របស់អង្គការសហប្រជាជាតិថា ពលរដ្ឋឥណ្ឌូណេស៊ីជិត៧០ភាគរយមិនអាចមានប្រាក់ដើម្បីទិញចំណីអាហារដែលល្អសម្រាប់សុខភាពទេ។ ក្រៅពីបញ្ហាទូទៅនានាដូចជា សេដ្ឋកិច្ច ការងារនិងសន្តិសុខស្បៀងអាហារ ក៏មានការជជែកដេញដោលក្នុងស្រុកអំពីផែនការដ៏មហិច្ឆតារបស់លោក Widodoដើម្បីរើរដ្ឋធានីពីហ្សាការតាទៅ Nusantara ដើម្បីបន្ធូរបន្ថយការកកស្ទះនិងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចនៅខាងក្រៅតំបន់ទីក្រុងដ៏ធំបង្អស់របស់ប្រទេសនេះ។
បញ្ហាអន្តរជាតិរួមមានជម្លោះសមុទ្រចិនខាងត្បូងជាមួយចិននិងការប្រែប្រួលអាកាសធាតុ។
លោក Prabowo ដែលជាកូនប្រសាររបស់លោក Suhartoអតីតបុរសខ្លាំងរបស់ឥណ្ឌូណេស៊ីកំពុងនាំមុខដោយចំនួន៣០ពិន្ទុនៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះ។ មនុស្ស១.២០០នាក់ដែលត្រូវបានសាកសួរដោយ Indikator Politik Indonesiaនៅរវាងថ្ងៃទី២៨ ខែមករានិងថ្ងៃទី៤ ខែកុម្ភៈបាននិយាយថា ៥១,៨ភាគរយបាននិយាយថា ពួកគេនឹងបោះឆ្នោតឱ្យលោក Prabowo ខណៈដែល២៤,១ភាគរយនិង១៩,៦ភាគរយទៀតនឹងជ្រើសរើសលោក Aniesនិងលោក Ganjar។
ជ័យជម្នះសម្រាប់លោក Prabowo មិនធានាទេ បណ្តាលមកពីច្បាប់បោះឆ្នោតរបស់ឥណ្ឌូណេស៊ី ទោះបីលោកទទួលបានសន្លឹកឆ្នោតច្រើនជាងគេនៅថ្ងៃទី១៤ ខែកុម្ភៈក៏ដោយ។ ដើម្បីឈ្នះឆ្នោត បេក្ខជនត្រូវតែទទួលបានសន្លឹកឆ្នោតជាង៥០ភាគរយ ហើយយ៉ាងហោចណាស់ក៏ចំនួន២០ភាគរយនៅក្នុងខេត្តជាងពាក់កណ្តាលនៅក្នុងឥណ្ឌូណេស៊ីដែរ។
ប្រសិនបើ លោក Prabowo មិនទទួលបានចំនួនភាគរយទាំងនោះទេ លោកប្រឈមនឹងការ បោះឆ្នោតជុំទី២នៅថ្ងៃ ទី២៦ ខែមិថុនាជាមួយបេក្ខជនដែលទទួលបានសន្លឹកឆ្នោតលំដាប់ទី២ដែលពួកអ្នកសង្កេតការណ៍និយាយថាអាចជាការប្រកួតប្រជែងដ៏ស្វិតស្វាញលំបាកជាងដើម្បីឈ្នះការបោះឆ្នាតនេះ។
លោក Prabowo អាយុ៧២ឆ្នាំ កំពុងឈរឈ្មោះលើកទី៣ដើម្បីកាន់កាប់តំណែងប្រធានាធិបតី។ លោកនៅពេលបច្ចុប្បន្ននេះជារដ្ឋមន្ត្រីការពារជាតិ។ ក្នុងអំឡុងនៃភាពច្របូកច្របល់ខាងសេដ្ឋកិច្ចនិងនយោបាយក្នុងទសវត្សរ៍១៩៩០ លោកត្រូវបានគេបណ្តេញចេញពីយោធានៅពេលដែលមានការនិយាយស្មានៗពីការរំលោភសិទ្ធិមនុស្សអំពីការចាប់ជំរិតពួកសកម្មជនប្រជាធិបតេយ្យ។ លោកបានបដិសេធថាលោកមិនបានធ្វើអ្វីខុសទេ។
លោក Prabowo បានព្យាយាមកែប្រែរូបភាពរបស់លោកតាមបណ្តាញសង្គម ដោយមានបង្ហាញខ្លួនជា«ជីតាម៉ាប់ៗគួរឱ្យស្រឡាញ់» ដើម្បីទាក់ទាញអ្នកវ័យក្មេងជំនាន់ Gen Z ដែលមានរហូតដល់៥៦%នៃអ្នកមានសិទ្ធិបោះឆ្នោត។
ក៏ប៉ុន្តែ ពួកគេនៅក្មេងពេកមិនអាចចងចាំពីភាពព្រៃផ្សៃកាលពីអតីតកាលរបស់លោកដែលបានបណ្តាលឱ្យសហរដ្ឋអាមេរិកហាមឃាត់លោកមិនឱ្យចូលរហូតដល់ឆ្នាំ២០២០ នៅពេលដែលលោកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនបន្ទាប់ពីលោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិរបស់លោក Widodo។
លោកGanjarអាយុ៥៥ឆ្នាំ មកពីគ្រួសារកោះជ្វា (Java) ភាគកណ្តាលដែលមានឪពុកធ្វើការជាមន្ត្រីប៉ូលិស។ លោកបានធ្វើជាអភិបាលខេត្តCentral Java នៅរវាងឆ្នាំ២០១៣និង២០២៣ ហើយស្ថិតនៅក្នុងគណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ីឬ PDI-P។ មុនក្លាយជាអភិបាលខេត្ត លោកបានបម្រើការងារនៅក្នុងសភា ជាទីកន្លែងដែលលោកបានធ្វើការលើបញ្ហានានាដែលជាប់ទាក់ទិននឹងកំណែទម្រង់កសិកម្ម ផ្លូវនាវាចរណ៍ សន្តិសុខស្បៀង ដីនិងកំណែទម្រង់កសិកម្ម។
លោកGanjarបានស្ថិតនៅលើគេនៅក្នុងការស្ទង់មតិរហូតទាល់តែលោកបានការគាំទ្រការអំពាវនាវដោយអភិបាលខេត្តBaliកាលពីឆ្នាំទៅដើម្បីបញ្ឈប់អ៊ីស្រាអែលកុំឱ្យចូលរួមនៅក្នុងការប្រកួតប្រជែងបាល់ទាត់ពិភពលោកសម្រាប់អ្នកអាយុក្រោម២០ឆ្នាំ Under-20 World Cup ដែលឥណ្ឌូណេស៊ីត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ។
លោកAniesអាយុ៥៤ឆ្នាំជាអតីតសាកលវិទ្យាធិការសាកលវិទ្យាល័យដែលបានចាប់ផ្តើមកិច្ចផ្តួចផ្តើមមួយនៅឆ្នាំ២០១០ ដើម្បីនាំការសិក្សាអប់រំទៅកាន់តំបន់ដាច់ស្រយាលនៃប្រជុំកោះដ៏ធំដែលបានទាក់ទាញពួកអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់។ លោកបានបន្តបម្រើជារដ្ឋមន្ត្រីក្រសួងអប់រំក្នុងអំឡុងនៃអាណត្តិទី១របស់លោកប្រធានាធិបតី Jokowi។
បន្ទាប់ពីលោកត្រូវបានដកចេញពីតំណែង លោកបានឈរឈ្មោះជាអភិបាលក្រុងហ្សាការតាជាតំណែងមួយដែលជារឿយៗត្រូវបានគេមើលឃើញថា ជាការចាប់ផ្តើមសម្រាប់តំណែងប្រធានាធិបតី។ លោកបានជាប់ឆ្នោតនៅឆ្នាំ២០១៧ នៅពេលដែលលោកបានទទួលការគាំទ្រពីក្រុមអ៊ិស្លាមប្រកាន់នយោបាយតឹងរ៉ឹងដែលរៀបចំឡើងដើម្បីប្រឆាំងនឹងលោក Basuki Tjahaja Purnamaដែលជាអ្នកនយោបាយកាន់គ្រិស្តសាសនាជាជនជាតិភាគតិចចិន។
លោកAniesមិនមែនជាសមាជិករបស់គណបក្សនយោបាយណាមួយទេ ក៏ប៉ុន្តែលោកបានទទួលការគាំទ្រពី Nasional Demokrat ដែលជាគណបក្សជាតិនិយមមិនប្រកាន់សាសនានិង PKS ជាគណបក្សយុត្តិធម៌ជឿនលឿនអ៊ិស្លាមអភិរក្សនិយម។
ប្រទេសចិន និងបញ្ហាការប្រែប្រួលអាកាសធាតុ
ការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីតាមទូរទស្សន៍ជាតិដែលបានធ្វើឡើងកាលពីខែមុនបានបង្ហាញឱ្យឃើញនូវភាពខុសគ្នាក្នុងចំណោមបេក្ខជនប្រធានាធិបតីស្តីពីការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកាំង និងបញ្ហាការប្រែប្រួលអាកាសធាតុ។
ប្រទេសឥណ្ឌូណេស៊ីគឺគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលបានទាមទារនៅសមុទ្រចិនខាងត្បូង ដែលជាដែនទឹកសម្បូរធនធាន ដែលចិនទាមទារថាជារបស់ខ្លួនទាំងស្រុង។
ប្រទេសឥណ្ឌូណេស៊ីបានប្រឈមមុខការបន្ទុចបង្អាក់ពីប្រទេសចិនពាក់ព័ន្ធនឹងការរុករកប្រេង និងឧស្ម័នបម្រុងទុករបស់ខ្លួននៅក្នុងសមុទ្រ Natuna ខាងជើង។
លោក Ganjar បានស្នើឡើងនូវដំណោះស្រាយចំនួនបី៖ គាំទ្រកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយចិន ការពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងការល្បាតរបស់ឥណ្ឌូណេស៊ី និងចាប់ផ្តើមបូមឧស្ម័នបម្រុងទុកនៅសមុទ្រ Natuna ខាងជើងដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម និងភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។
ស្រដៀងគ្នានេះដែរ លោក Prabowo បាននិយាយថា ជម្លោះនៅសមុទ្រចិនខាងត្បូងគូសបញ្ជាក់ពីតម្រូវការសម្រាប់កម្លាំងការពារដ៏រឹងមាំ ទីកន្លែងសម្រាប់ល្បាត និងផ្កាយរណបបន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះផងដែរ លោក Anies បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាំបាច់ត្រូវដើរតួនាទីធំជាងនេះ ក្នុងការដោះស្រាយជម្លោះ រួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងផងដែរ។
បេក្ខជនអនុប្រធានាធិបតីទាំងបីបានជជែកអំពីវិធីដោះស្រាយបញ្ហាបរិស្ថានក្នុងពេលជជែកដេញដោល។ លោក Iqbal Damanik អ្នកធ្វើយុទ្ធនាការការពារព្រៃឈើនៅ អង្គការ Greenpeace Indonesia បាននិយាយថា សេចក្តីថ្លែងការណ៍របស់បេក្ខជនអនុប្រធានាធិបតីស្តីពីការប្រែប្រួលអាកាសធាតុបានខកខានក្នុងការផ្តល់នូវដំណោះស្រាយយូរអង្វែងសម្រាប់សហគមន៍ឆ្នេរសមុទ្រ និងសារៈសំខាន់នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន។
សាកលវិទ្យាល័យ Monash ក្នុងទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី បានចងក្រងការស្ទង់មតិរបស់អ្នកបោះឆ្នោតឥណ្ឌូណេស៊ី ហើយដែលបានសន្និដ្ឋានថា អ្នកបោះឆ្នោតយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុជាងការចាប់អារម្មណ៍របស់អអ្នកនយោបាយ ហើយការប្រែប្រួលអាកាសធាតុគឺជាកង្វល់ចម្បងរបស់អ្នកបោះឆ្នោតវ័យក្មេង៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន និងអ្នកស្រី លី ម៉ូរីវ៉ាន់