ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ពង្រីក​ឥទ្ធិពល​បណ្តាញ​ព័ត៌មាន​នៅ​ឥណ្ឌូណេស៊ី


រូបឯកសារ៖ អ្នកជំនាញពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន Belt and Road នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកជំនាញពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន Belt and Road នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុម​អ្នក​វិភាគ​និយាយថា ​ចាប់តាំង​ពី​ការ​បង់​សោហ៊ុយរួចរាល់​ទាំង​ស្រុង​សម្រាប់ការធ្វើ​ដំណើរទៅយក​ព័ត៌មាន​អំពី​កិច្ចប្រជុំកំពូល​ស្តី​ពី​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម​ចិ នរហូត​ដល់កិច្ចព្រមព្រៀង​ចែកចាយអត្ថបទជា​មួយបណ្តាញព័ត៌មានធំៗ រដ្ឋាភិបាលក្រុង​ប៉េកាំង​ធ្វើ​វិនិយោគ​ដើម្បី​ចែកចាយអត្ថបទ​ផ្សព្វផ្សាយរបស់ខ្លួនជា​មួយទស្សនិកជនឥណ្ឌូណេស៊ី។​

កិច្ច​ព្រមព្រៀងមួយក្នុងចំណោម​កិច្ចព្រមព្រៀងធំៗបំផុត​នានា​ធ្វើ​ឡើងកាលពី​ខែ​វិច្ឆិកា នៅ​ពេលបណ្តាញ​ទូរទស្សន៍ឥណ្ឌូណេស៊ី Metro TV​ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយជា​មួយ​ក្រុមបណ្តាញ​ព័ត៌មានចិន China Media Group ដើម្បី​ពង្រីកការផ្សាយកម្មវិធីព័ត៌មានជា​ភាសា​ចិនកុកងឺនៃ MetroTV’ គឺកម្មវិធី «Metro XinWen»។​

ទូរទស្សន៍​នេះចូលរួម​ជា​មួយ​កាសែត The Jakarta Post ដែល​ផ្សាយ​ជា​ថ្មីអត្ថបទនៃសារព័ត៌មាន China Daily​ ​និង​ទី​ភា្នក់ងារ​សារព័ត៌មាន Antara នៃប្រទេស​ឥណ្ឌូណេស៊ីដែល​មាន​ភាព​ដៃគូស្រដៀង​គ្នា​ជា​មួយ​ទី​ភា្នក់ងារ​សារព័ត៌មាន​ចិន Xinhua និង CGTN។​

កិច្ច​ព្រមព្រៀងចែកចាយ​អត្ថបទ ​ឬការព្រម​ព្រៀង​អំពី​ដំណើរការបង្កើត​បណ្តាញ​ព័ត៌មាន​ឌីជីថល ជា​ការបន្តរបៀប​ដែល​រដ្ឋាភិបាលក្រុង​ប៉េកាំងបានប្រើ​ច្រើន​ឆ្នាំមក​ហើយនៅឥណ្ឌូណេស៊ី។​ របាយការណ៍​មួយ​របស់​អង្គការ Freedom House ​កាលពី​ឆ្នាំ ២០២២ បាន​រក​ឃើញ​ថាចិនប្រើ​មធ្យោបាយទាំង​ពីរ​នេះ​ ជា​មួយ​ការ​ត្រួតពិនិត្យ​ដើម្បី​រៀបរៀង​ការពណ៌នា។

លោក​ Muhammad Zulfikar Rakhmat ដែល​ជាសហ​អ្នកនិពន្ធនៃរបាយការណ៍ កាលពី​ឆ្នាំ ២០២២ បាននិយាយថា​ អង្គការ Freedom House «​បាន​រកឃើញ​ថា ​បណ្តាញព័ត៌មានឥណ្ឌូណេស៊ី​មួយ​ចំនួនដែល​ចុះហត្ថលេខាជា​មួយបណ្តាញ​ព័ត៌មានចិន​បាន​ប្រឹងប្រែង​ជៀសវាងធ្វើការ​រិះគន់​អវិជ្ជមាន​ដល់ប្រទេសចិន»។

លោក​ Zulfikar ជា​នាយក​នៃការសិក្សាអំពី​ប្រទេសចិន ឥណ្ឌូណេស៊ី មជ្ឈឹម​បូព៌ានៅ​មជ្ឈមណ្ឌល​សិក្សា​សេដ្ឋកិច្ច​និង​ច្បាប់​នៃ​ប្រទេសឥណ្ឌូណេស៊ី។ លោកបាន​ថ្លែង​ថា​ បណ្តាញព័ត៌មាន​ឥណ្ឌូណេស៊ី​មិនបាន​ចែង​ឱ្យបានត្រឹមត្រូវអំពីរឿង​ដែលពួក​គេបានយកពីបណ្តាញ​ព័ត៌មានរបស់​រដ្ឋចិនទេ។

លោក​បានថ្លែងថា៖ «ការណ៍​នេះ​នាំ​ឱ្យអ្នកស្តាប់​យល់​ថា ​អត្ថបទ​ត្រូវបានសរសេរដោយ​បណ្តាញ​សារព័ត៌មានក្នុង​ស្រុក​ ហើយមិនមែន​យកពី​ក្រុមហ៊ុនបណ្តាញព័ត៌មាន បរទេសទេ»។

រូបឯកសារ៖ កាសែត The Jakarta Post ត្រូវបានឃើញដាក់លក់នៅ​ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ កាសែត The Jakarta Post ត្រូវបានឃើញដាក់លក់នៅ​ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ក្រុមអ្នកជំនាញ​បាន​និយាយ​ប្រាប់វីអូអេ​ថា កិច្ចព្រមព្រៀង​ទាំង​នេះ​អាច​ហាក់ដូចជាមានប្រយោជន៍ នៅពេលមួយដែលវិស័យ​បណ្តាញ​ព័ត៌មាន​ចុះថយខាងសេដ្ឋកិច្ច។ ហើយ​នៅ​ពេល​មានករណី​ក្រុមអ្នក​សារព័ត៌មាន​រាយការណ៍​អនុគ្រោះ​ជាងមុននៅក្រោយបានចូល​រួមក្នុងការធ្វើដំណើរបង់សោហ៊ុយដោយ​រដ្ឋាភិបាលក្រុង​ប៉េកាំង ​អ្នកជំនាញ​ខាងបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកថា ឥណ្ឌូណេស៊ីមានគោល​នយោបាយ​បទវិចារណាកថា​មាំមួន ដើម្បីរក្សា​ឯករាជ្យ​ភាព​ក្នុង​ការរាយការណ៍។

លោក Taufiqurrahman ដែល​ជា​បណ្ណាធិការនាយកនៃកាសែត The Jakarta Post

បាននិយាយប្រាប់​វីអូអេថា៖ ​«​កិច្ចសហប្រតិបត្តិការ​ណា​មួយជា​មួយកាសែត​ China Daily គ្រាន់តែជា​ចំណាត់ការពាណិជ្ជកម្មសុទ្ធ​សាធ»។​

លោក Taufiqurrahman បាន​និយាយ​ថា៖ «វា​គ្រាន់តែ China Daily ទិញកន្លែងសម្រាប់ធ្វើការឃោសនា​សម្រាប់អត្ថបទខ្លួន ហើយយើង​តែង​តែ​បញ្ជាក់​ថា ​យើង​មិនទទួល​ខុស​ត្រូវទេ​ដល់​ភាពមិនត្រឹមត្រូវ​នៃ​អត្ថបទត្រូវបានផ្សព្វផ្សាយនោះ។ គ្មានកិច្ចសហការខាងបទវិចារណ​កថាទេ ​គឺ​គ្រាន់តែ China Daily ​ប្រើ​ប្រាស់​កន្លែងរបស់យើងជា​ការ​ឃោសនា​ ហើយយើង​ចាត់ការតាមបែបដូច្នេះ»។​

ដូចជា​ជនជាតិ​ឥណ្ឌូណេស៊ី​ច្រើននាក់​ដែរ លោក Taufiqurrahman ប្រើ​ឈ្មោះ​តែ​មួយ។

បណ្តាញ​ទូរទស្សន៍ Metro TV មិន​បានឆ្លើយ​តប​នឹងការសុំ​អត្ថាធិប្បាយ​ពីវីអូអេទេ។ ទីភ្នាក់ងារ​សារព័ត៌មាន Antara ថា ​ខ្លួន​មិនអាច​បកស្រាយសេចក្តី​លម្អិតនៃ​កុងត្រារបស់ពួក​គេ​ជាមួយទីភ្នាក់ងារ​សាព័ត៌មាន Xinhua​ ទេដោយសារមានកង្វល់ខាងផ្លូវ​ច្បាប់។

វីអូអេបានសុំអត្ថាធិប្បាយពី​ស្ថានទូតចិននៅ​ក្រុង​ហ្សាការតា ប៉ុន្តែ​ពួក​គេ​បានប្រកែក​មិនព្រម​ឆ្លើយ​តបទេ។

រដ្ឋាភិបាលក្រុងប៉េកាំង​បានអញ្ជើញបណ្តាញ​ព័ត៌មានឱ្យ​ធ្វើដំណើរ ដែលក្រុម​អ្នក​វិភាគថា​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​ឱ្យមានការយក​ព័ត៌មានអនុគ្រោះ​ដល់​ខ្លួន។​

បើ​តាមរបាយការណ៍​នានាថា កាលពី​ខែ​កញ្ញា ​មន្ទីរ​សេវា​ព័ត៌មាននៃ​ប្រទេសចិនបាន​បង់​សោហ៊ុយ​ឱ្យ​អ្នកកាសែត ​១៥ នាក់ ដែល​រួមមាន​អ្នក​សារព័ត៌មាន​មកពី​ប្រទេសកូរ៉េខាងត្បូង ថៃ ឥណ្ឌូណេស៊ី ប៉ូឡូញនិងហុងគ្រី​ដើម្បីយក​ព័ត៌មានអំពីសន្និសីទកំពូលស្តីពីក្រវាត់ផ្លូវពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង។

បើ​តាមគេហទំព័រព័ត៌មាន Kompas.com ថាកាលពី​ខែ​ធ្នូ ចិន​បានអញ្ជើញពួកអ្នកកាសែតឥណ្ឌូណេស៊ីឱ្យទៅក្រុង Shenzhen ជាលើក​ដំបូង។

ក្រុមអ្នកជំនាញថា​ កិច្ច​ប្រឹងប្រែងរបស់ចិនដើម្បីពង្រីក​ឥទ្ធិពលខ្លួន​មិនមែន​សុទ្ធតែទទួល​បាន​ជោគជ័យនោះទេ។

នៅ​ពេល​ចិន​បានបញ្ជូនពួក​អ្នក​សារព័ត៌មានទៅតំបន់ Xinjiang ​ដើម្បីទៅ​មើលជំរំ​ក្រុមជនអំបូរ Uyghur កាន់​សាសនាអ៊ិស្លាមកាលពី​ឆ្នាំ ២០១៩ ​អ្នក​កាសែត​ភាគច្រើនមានភាពវិជ្ជមានអំពីការធ្វើ​ដំណើររបស់ពួក​គេ​នៅក្នុងការយក​ព័ត៌មាននៅពេល​បន្ទាប់។ ​ប៉ុន្តែ​អ្នក​កាសែត​ដទៃទៀត​បានសរសេរ​រឿងដែល​មាន​ការ​រិះគន់​ផងដែរ​។

ទោះជាយ៉ាង​នេះ​ក្តី​ អ្នក​ជំនាញខ្លះ​ថា ឯករាជ្យភាព​នៃ​បទ​វិចារណាទប់ស្កាត់​មិនឱ្យមានការជ្រៀតជ្រែក​ច្រើន​ពេក។

លោក Zulfikar បានកត់សម្គាល់​ថា​សារព័ត៌មានមិន​ផ្សាយការ​បរិយាយ​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំងដែលប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​របស់ឥណ្ឌូណេស៊ីទេ ដូច​ជា​ការជំទាស់​របស់​ឥណ្ឌូណេស៊ី​ដល់ការអះអាង​ទាមទាររបស់​ចិន​ក្នុង​សមុទ្រចិនខាងត្បូង​ជា​ដើម។

អ្នកស្រី Christine Tjhin គឺជាអ្នកជំនាញ​ម្នាក់​ខាង​ទំនាក់ទំនង​ចិនឥណ្ឌូណេស៊ីនៅ​ក្រុមហ៊ុនពិគ្រោះ​យោបល់ Gentala Institute។ អ្នកស្រីបាននិយាយ​ប្រាប់​វីអូអេថា ​ស្តី​ពី​កិច្ចព្រមព្រៀង​ចែកចាយ​ព័ត៌មាន អ្នកស្រីសង្ស័យ​ថា ចិនមិនមាន«ការគ្រប់គ្រងផ្ទាល់»​លើគោលនយោបាយខាង​បទវិចារណាកថា​របស់​បណ្តាញ​ព័ត៌មានក្នុង​ស្រុកទេ។

អ្នកស្រីថា៖ «ខ្ញុំ​ឃើញ​មាន​អត្ថបទ​ផ្សេងៗអំពី​ប្រទេសចិនតាម​បណ្តាញ​ព័ត៌មានឥណ្ឌូណេស៊ី ដែលមានទាំងភាពវិជ្ជមាននិងការ​រិះគន់​»។

ទោះជា​យ៉ាងណាក៏​ដោយ ក៏ក្រុមហ៊ុនបណ្តាញ​ព័ត៌មានឥណ្ឌូណេស៊ី​បើក​ចំហ​ជាងមុនដល់វិនិយោគ​បរទេសពីព្រោះ​ប្រាក់ចំណូល​ចុះថយ។

អ្នកស្រី Christine បាន​ពោល​ថា បណ្តាញ​ព័ត៌មាន​ឥណ្ឌូណេស៊ី​ខ្លះបាន​ស្វែង​រកអ្នកបណ្តាក់ទុនពីប្រទេស​ចិនយូរយា​មក​ហើយ។ ផ្អែកលើ​ទិន្នន័យ​កាលពី​ខែឧសភា ២០២០ នៃសហភាព​អ្នក​បោះពុម្ព​កាសែត​ថាជាង​ ៧០ ភាគរយ ក្នុង​ចំណោមក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន ៤៣៤​ត្រូ វ​បានស្ទង់មតិ​ឃើញ​ថា​ប្រាក់ចំណូល​ធ្លាក់ចុះ។ ការណ៍​នេះ​គឺមានការ​ចុះថយ៤០ភាគរយ​ប្រៀបធៀប​នឹងឆ្នាំ ២០១៩។​

លោក Zulfikar បានថ្លែង​បន្ទរថា៖ «ខ្ញុំបានធ្វើបទ​សម្ភាសន៍មួយកាលពីខែកក្កដា​ជាមួយ​ឥស្សរជន​សំខាន់ៗនៃប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី​ល្បីឈ្មោះ...ពួកគេ​បានលើកឡើងថា​បានថវិកាច្រើន»។

លោក​ Zulfikar ថា ស្ថានភាព​សេដ្ឋកិច្ចជាកត្តា​មួយ។

លោកបាននិយាយថា​៖ «ខ្ញុំយល់​ថា ​ចិនយល់​ដែរថា ​មុខនាទីរបស់បណ្តាញ​ព័ត៌មានបែបប្រពៃណី​កំពុង​ចុះថយ​នៅឥណ្ឌូណេស៊ី។ គ្មាននរណាមើល​បណ្តាញ​សារព័ត៌មាន​បោះពុម្ពទៀតទេ។ នៅ​ពេលនេះ​ពួក​គេប្រើ​អ៊ីនធើណិត ​ហើយមនុស្ស​ច្រើន​នាក់​ចង់​មើល YouTube ដោយប្រើបណ្តាញ​ព័ត៌មាន​សង្គមរបស់ពួក​គេ»។

លោក Wahyu Dhyatmika ប្រធានសមាគម​បណ្តាញ​ព័ត៌មាន​ Cyber ឥណ្ឌូណេស៊ី​ឬ AMSI ​បានថ្លែងថា​ ប្រទេសឥណ្ឌូណេស៊ីមាន​សហគមន៍​សេរីភាព​សារព័ត៌មានមាំមួន។

លោក​ Wahyu បាន​និយាយ​ប្រាប់វីអូអេនៅ​ក្នុង​ស​ម្ភាសន៍​តាមទូរសព្ទ​ថា ច្បាប់កម្រិតកម្មសិទ្ធិបរទេស ដែល​បន្ថយ​សក្តានុពលនៃបណ្តាញ​ព័ត៌មានរដ្ឋ​ចិន​ក្នុង​ការគ្រប់គ្រង​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក។ ក្រុម​អ្នក​វិនិយោគដែល​ប៉ុនប៉ងធ្វើ​អន្តរាគមន៍​ក្នុង​សេចក្តី​សម្រេច​ខាង​បទវិចារណកថា​ក្នុង​ស្រុកក៏​អាចប្រឈមនឹងការចោទប្រកាន់ពី​បទព្រហ្មទណ្ឌ​ដែរ​ ដោយសាររំលោភលើ​ច្បាប់ស្តី​ពីបណ្តាញ​ព័ត៌មាន។

លោក Wahyu ដែល​ជា​អ្នក​ស្រាវជ្រាវក្នុងកម្មវិធី Neiman នៃ​សាកលវិទ្យាល័យ Harvard កាល​ពីឆ្នាំ ២០១៤ បាន​ថ្លែង​ថា៖ «​ខ្ញុំមិនប្រកែក​ទេថា មានអ្នកបណ្តាក់ទុនចិនដែល​ប៉ុនប៉ងដាក់​ផ្សាយអត្ថបទ​ឃោសនា​បែបបទវិចារណា​ក្នុងបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ដូច្នេះវា​មានសារៈសំខាន់​សម្រាប់អ្នកបោះពុម្ពផ្សាយកាសែត​ត្រូវតែ​បញ្ជាក់អំពី​ឯករាជ្យភាពរបស់ពួកគេ​និងគោលការណ៍​ណែនាំអំពី​វិនិយោគ»។​

លំដាប់ថ្នាក់​របស់​ឥណ្ឌូណេស៊ីក្នុង​ការ​ចាប់លំដាប់ថ្នាក់​សាកលនៃសេរីភាព​សារព័ត៌មានប្រសើរ​ជាង​ឆ្នាំមុន។ ប្រទេសនេះស្ថិត​នៅលំដាប់ទី១០៨ក្នុង​បណ្តា​ប្រទេស១៨០នៅលើ​សន្ទស្សន៍​ពិភពលោក ដែលជា​លំដាប់ថ្នាក់មួយ​តំណាងបរិដ្ឋានបណ្តាញ​សារព័ត៌មានល្អ​បំផុត។ ក្នុង​ឆ្នាំ ២០២៣ ឥណ្ឌូណេស៊ី​ល្អជាង​មុន ៩ ពិន្ទុ​ បើធៀបនឹង​ឆ្នាំ ២០២២៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG