បេក្ខជនសង្ឃឹមជាប់ឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីពីរនាក់ក្នុងចំណោមបីនាក់បានប្រាប់អ្នកវិនិយោគទុនអាមេរិកាំងកាលពីថ្ងៃអង្គារថាពួកគេនឹងដោះស្រាយបញ្ហាជុំវិញការធ្វើអាជីវកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍។
អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានប្រាប់កម្មវិធីជួបជុំមួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកថា លោកនឹងធានាបាននូវភាពប្រាកដប្រជាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគទុនបរទេស និងជំរុញការប្រមូលពន្ធនៅក្នុងសេដ្ឋកិច្ចដែលមានតម្លៃរាប់លានលានដុល្លារ។
លោក Anies Baswedan អតីតអភិបាលនៃរដ្ឋធានីហ្សាកាតា បានសន្យាថានឹងរក្សាភាពជឿជាក់លើគោលនយោបាយរបស់ប្រទេសឥណ្ឌូណេស៊ី ដោយផ្តល់មុខតំណែងសំខាន់ៗដល់អ្នកបច្ចេកទេស និងជំរុញការវិនិយោគទុនក្នុងឧស្សាហកម្មផលិតកម្ម ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅថ្ងៃទី ១៤ ខែកុម្ភៈ។
លោក Ganjar ដែលមានការគាំទ្រប្រកៀកប្រកិតគូប្រជែងគឺលោក Prabowo Subianto នៅក្នុងការស្ទង់មតិបានបន្ថែមថាបញ្ហាភាពប្រាកដប្រជាស្ថិតនៅក្នុងចំណោមកង្វល់សំខាន់ៗរបស់វិនិយោគិន។ លោកថ្លែងថា៖ «ថ្លៃសេវាខុសច្បាប់ត្រូវតែត្រូវបានលុបចោល សេវាកម្មនានាត្រូវតែធ្វើឱ្យថោកជាង និងលឿនជាងមុន។ យើងត្រូវតែផ្តល់ភាពច្បាស់លាស់ផ្នែកច្បាប់ដោយការអនុវត្តច្បាប់»។
លោក Ganjar បានសន្យាថានឹងជំរុញកំណើនជាមធ្យមនៃសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ដល់ ៧% ប្រសិនបើលោកឈ្នះអាណត្តិប្រធានាធិបតីប្រាំឆ្នាំបន្ទាប់។ លោក Anies ដែលមានការអប់រំនៅសហរដ្ឋអាមេរិកកំណត់គោលដៅកំណើនជាមធ្យម ៥,៥% ទៅ ៦,៥%។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើង ៥,៣% កាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃទំនិញ ប៉ុន្តែជាមួយនឹងការធ្លាក់ចុះនៃតម្លៃទំនិញ កំណើនត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយមកត្រឹមប្រហែល ៥% នៅឆ្នាំនេះ។
លោក Ganjar បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនៅក្នុងការិយាល័យពន្ធដើម្បីបង្កើនសមត្ថភាពចំណាយរបស់រដ្ឋាភិបាលទ្វេដងដោយមិនផ្តល់ព័ត៌មានលម្អិត។ លោកAnies បានផ្តល់ផែនការដើម្បីបង្កើតយ៉ាងហោចណាស់មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចថ្មីចំនួន ១៤ នៅខាងក្រៅកោះ ជ្វា (Java) ដ៏សំខាន់។
លោក Prabowo រដ្ឋមន្ត្រីក្រសួងការពារជាតិ មិនបានចូលរួមក្នុងកម្មវិធីជួបជុំរបស់សភាពាណិជ្ជកម្មអាមេរិកទេ។ លោកត្រូវបានគេរំពឹងថានឹងចុះឈ្មោះជាផ្លូវការនូវបេក្ខភាពរបស់លោកទៅគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្ងៃពុធទី២៥ ខែតុលា ហើយមិនបានផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយរបស់លោកទេ។
ការបោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី ជារឿយៗជាសមរភូមិនៃបុគ្គលិកលក្ខណៈជាជាងគោលនយោបាយ ដោយបេក្ខជននានាត្រូវប្រជែងលើគោលនយោបាយស្រដៀងគ្នាដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការងារ និងពហុនិយមនៅក្នុងប្រទេសដែលភាគច្រើនកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក។
ទោះជាយ៉ាងណា បេក្ខជនជាច្រើនជារឿយៗតែងតែលើកស្ទួយសេដ្ឋកិច្ចជាតិនិយមនៅពេលឃោសនាបោះឆ្នោត។ប្រធានាធិបតីកំពុងកាន់តំណែងលោក Joko Widodo ដែលត្រូវតែចាកចេញពីតំណែងបន្ទាប់ពីកាន់អំណាចពីរអាណត្តិជាអតិបរមាបានស្នើសុំអ្នកស្នងតំណែងរបស់លោកឱ្យបន្តគោលនយោបាយរបស់លោកក្នុងការផ្តល់អាទិភាពដល់ការកែច្នៃទំនិញធម្មជាតិនៅលើដីគោក។ លោក Widodo បានត្រួតពិនិត្យការហាមឃាត់ការនាំចេញនៅឆ្នាំ ២០២០ របស់ឥណ្ឌូណេស៊ីលើរ៉ែនីកែល ដែលលោកបានធ្វើបន្ទាប់ពីបានបញ្ឈប់ការនាំចេញរ៉ែបុកស៊ីតដែលមិនទាន់កែច្នៃនៅឆ្នាំនេះ។
ប្រែសម្រួលដោយលោកសុខ ខេមរា