ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Prabowo ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​មាន​បេក្ខជន​បី​នាក់​ចូលរួម


បេក្ខជនប្រធានាធិបតី លោក Prabowo Subianto ចាកចេញបន្ទាប់ពីចុះឈ្មោះបេក្ខភាពបោះឆ្នោតឆ្នាំ២០២៤ នៅអគារគណៈកម្មាធិការទូទៅរៀបចំការបោះឆ្នោតក្នុងទីក្រុងហ្សាកាតា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
បេក្ខជនប្រធានាធិបតី លោក Prabowo Subianto ចាកចេញបន្ទាប់ពីចុះឈ្មោះបេក្ខភាពបោះឆ្នោតឆ្នាំ២០២៤ នៅអគារគណៈកម្មាធិការទូទៅរៀបចំការបោះឆ្នោតក្នុងទីក្រុងហ្សាកាតា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto និង​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​ដែល​ត្រូវ​ជា​កូនប្រុស​របស់​ប្រធានាធិបតី​បាន​ចុះឈ្មោះ​កាល ពី​ថ្ងៃពុធ ទី២៥ ខែតុលា កន្លង​ទៅ​នេះ សម្រាប់​ការបោះឆ្នោត​ជ្រើស រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ការណ៍​នេះ​ជា​ការកំណត់នៃ​ការចាប់ផ្តើម​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ដែល​មាន​បេក្ខជន​បី​នាក់​ចូលរួម​ដែល​អតីត​មេបញ្ជាការ​យោធា​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ។

មួយ​ភាគបី​នៃ​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​មាន​ចំនួន​ជិត២០៥លាន​នាក់ ជាពលរដ្ឋ​ដែល​មាន​អាយុ​តិច​ជាង​៣០ឆ្នាំ ដែល​ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ប្រធានា ធិបតី​និង​អង្គនីតិបញ្ញត្តិ​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​ក្រោយ​នៅក្នុង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ទីបី​នៅ​លើ​ពិភពលោក។

អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ជួប​លោក Prabowo អាយុ៧២ ឆ្នាំ​និង​លោក Gibran Rakabuming Raka ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី Joko Widodo ដែល​នឹង​ចាកចេញ​ពី​តំណែង ស្របពេល​ដែល​ពួកគេ​ទាំងពីរ​នាក់​បាន​ប្រគល់​ប័ណ្ណ​សម្គាល់​ខ្លួន​និង​គោលនយោបាយ​ដល់​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​បោះឆ្នោត​ក្នុង​រដ្ឋធានី​ហ្សាការតា។

លោក Prabowoបាន​និយាយ​ថា«យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្ពោះ​ទៅមុខ​ជាមួយ​នឹង​កម្មវិធី​របស់​យើង ចក្ខុវិស័យ​ដើម្បី​បន្ត​ការអភិវឌ្ឍន៍ ដូច្នេះ​ឥណ្ឌូណេស៊ី​អាច​ជា​ប្រ ទេស​ជឿនលឿន​និង​មាន​វិបុលភាព‍»។ លោក​កំពុង​ប្រជែង​តំណែង​ប្រធានាធិបតី​ជា​លើក​ទីបី បន្ទាប់ពី​ចាញ់​យ៉ាងតិចតួច​ក្នុង​ឆ្នាំ ២០១៤ និង​២០១៩ ទៅ​លោក Widodo ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាJokowi ដែល​លោក​មិន​អាច​ឈរ​ឈ្មោះ​បាន​ម្តង​ទៀត​ដោយ​សារ​តែ​ការកំណត់​អាណត្តិ។

នៅក្នុង​ការស្ទង់មតិ​អតីត​ប្រធាន​កងកម្លាំង​ពិសេស​លោក Prabowo មាន​ការនាំមុខ​តិចតួច​លើគូ​ប្រជែង​ពីរនាក់​ផ្សេង​ទៀត គឺ​អតីត​អភិបាល​ខេត្ត លោក Ganjar Pranowo និង​អតីត​អភិបាល​ក្រុង​ហ្សាការតា​លោក Anies Baswedan។

ការស្ទង់មតិ​ដោយ Indikator Politik ដែល​បាន​ចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះ បាន​បង្ហាញ​ថា៣៧%នៃ​ អ្នក​ឆ្លើយតប​ក្នុង​ចំណោម​អ្នក​ចូលរួម​ដែល​មាន​ចំនួន៤.៣០០នាក់ បាន​គាំទ្រ​លោកPrabowo ខណៈ​ដែល​លោកGanjar វិញ​មាន​អ្នកគាំទ្រ៣៥% និង​លោក Anies មាន២២% ។ ការស្ទង់មតិ​ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២ ដល់​ថ្ងៃទី១០ ខែតុលា​បាន​បង្ហាញ​ថាជិត៧%មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ទេ។ នៅក្នុង​ទ្រឹស្តី​គោល នយោបាយ​ដែល​មាន៨៨ទំព័រ លោក Prabowoបាន​សន្យា​ថា​នឹង​ជំរុញ​ការសាង​រដ្ឋធា នី​ថ្មី​នៅ​លើ​កោះBorneo និង​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​រ៉ែក្នុង​ចំណោម​គោលនយោ បាយ​សំខាន់ៗ​របស់​លោក Jokowi។

លោក​ក៏បាន​សន្យា​ផងដែរ​ថា​នឹង​រឹតបន្តឹង​ការហូរចូល​នៃ​ពលករ​បរទេស លុប​បំបាត់​ភាពក្រីក្រ​ខ្លាំង​ក្នុង​រយៈពេល ២ ឆ្នាំ និង​បិទ​ដំណើរការ​រោងចក្រ​ថាមពល​ធ្យូងថ្ម និង​ពន្លឿន​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច។ លោក​ក៏​បាន​និយាយ​ផងដែរ​ថា លោក​នឹង​បង្កើន​ថវិកា​ការពារ​ជាតិ និង​ធ្វើ​ទំនើបកម្ម​ផ្នែក​សម្ភារ​យោធា។ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ​ទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG