សកម្មជនសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាម្នាក់ និងមិត្តភ័ក្រ្តរបស់គេ បានត្រូវគេកាប់រហូតដល់ស្លាប់ដោយជនសង្ស័យជាពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងអាគារ អាផាតមិនមួយនៅក្នុងរដ្ឋធានីដាកានៃប្រទេសបង់ក្លាដែស។
ពួកអ្នកវាយប្រហារយ៉ាងហោចណាស់ក៏មានគ្នា៥នាក់ដែរ បានមកអាគារអាផាតមិនរបស់លោក Mannan ធ្វើជាអ្នករត់សំបុត្រ ហើយបានវាយប្រហារទៅលើលោកហើយនិងមិត្តភ័ក្រ្តរបស់លោក។ ពួកអ្នកវាយប្រហារក៏បានធ្វើឲ្យឆ្មាំការពារសន្តិសុខ២នាក់រងរបួសដែរ។ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក និយាយថា បុរសទាំងនោះបានស្រែកថា Allahu Akbar ដែលមានន័យថា ព្រះដ៏អស្ចារ្សនៅពេលដែលពួកគេរត់គេចចេញពីកន្លែងកើតហេតុនោះ។
លោក Mannan ក៏ជាមន្រ្តីរបស់ទីភ្នាក់ងារ USAID របស់សហរដ្ឋអាមេរិកផងដែរ ដែលបានធ្វើការជាមន្រ្តីពិធីការនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីដាកា។ លោកស្រី Marcia Bernicat ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសបង់ក្លាដែស បានថ្កោលទោសការសម្លាប់នោះ។
លោកស្រីឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «យើងស្អប់ខ្ពើមយ៉ាងខ្លាំងសកម្មភាពហិង្សាដ៏ព្រៃផ្សៃនេះ ហើយជំរុញឲ្យរដ្ឋាភិបាលបង់ក្លាដែសចាប់ឧក្រិដ្ឋជននៅពីក្រោយឃាតុកម្មនេះ»។
លោក Mannan ក៏ជាបណ្ណាធិការនៃទស្សនាវដ្តីប្តូរភេទ Rupban ដែលជាទស្សនាវដ្តីតែមួយគត់របស់សហគមន៍ស្រឡាញ់ភេទដូចគ្នា។ លោកបានរៀបចំការជួបប្រជុំ Rainbow Rally ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ដែលជាឆ្នាំរបស់ជនជាតិបង់ហ្គាលី។ នៅឆ្នាំនេះ ប៉ូលិសបានហាមឃាត់ការធ្វើការជួបជុំបែបនេះដែលជាផ្នែកមួយនៃវិធានការណ៍សន្តិសុខ។
មុនពេលពិធីដែលហាមឃាត់នេះ លោក Mannan បា្រប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានទទួលការគំរាមកំហែងពីពួកឥស្លាមនៅក្នុងការចុះផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត៕