ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថាយោធាអាមេរិកនឹងមិនអនុញ្ញាតឲ្យអ្នកប្ដូរភេទចូលបម្រើកងទ័ពទៀតទេ ដែលនេះផ្ទុយពីគោលនយោបាយរបស់អតីតប្រធានាធិបតី លោក Barack Obama ដែលបានប្រកាសកាលពីមួយឆ្នាំមុន។
នៅក្នុងប្រអប់បញ្ចេញមតិមួយចំនួនលើបណ្តាញសង្គម Twitter លោក ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា បន្ទាប់ពីពិភាក្សាជាមួយនឹងឧត្តមសេនីយ៍និងអ្នកជំនាញខាងយោធារបស់លោករួចមក លោកនឹងឈប់ទទួលយកអ្នកប្ដូរភេទឲ្យចូលបម្រើក្នុងជួរកងទ័ពទៀតហើយ។
លោក ត្រាំ បានសរសេរថា៖ «យោធារបស់យើងត្រូវតែផ្តោតទៅលើជ័យជម្នះដោយមិនរារែកនិងជាជ័យជម្នះខ្លាំងក្លា ហើយមិនអាចមានបន្ទុកសុខភាពច្រើនលើសលប់និងការបង្អាក់ដល់ជ័យជម្នះនានាដែលអ្នកប្តូរភេទនៅក្នុងជួរយោធានឹងអាចប្រឈម»នោះទេ។
អង្គការស្រាវជ្រាវ Rand Corporation បានប៉ាន់ស្មានថាមានអ្នកប្តូរភេទចំនួន៤ពាន់នាក់ដែលបម្រើក្នុងជួរយោធានៅអាមេរិក ប៉ុន្តែលោក ត្រាំ មិនបាននិយាយថា នឹងមានអ្វីកើតឡើងចំពោះពួកគេនោះទេ។
ក្រុមមន្ត្រីការពារប្រទេសនិយាយថា មន្ត្រីរបស់ខ្លួនប្រហែល២៥០នាក់ទៀតកំពុងតែឈានទៅប្ដូរយេនឌ័រដែលពួកគេចង់បាន។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យរបស់សេតវិមានបាននិយាយថា លោក ត្រាំ នឹង «ត្រូវធ្វើការ» ជាមួយនឹងក្រសួងការពារប្រទេសដើម្បី «កំណត់ទៅតាមច្បាប់» នូវជោគវាសនារបស់មន្ត្រីយោធាដែលប្ដូរភេទរួចទៅហើយនោះ។ ការសម្រេចចិត្តរបស់លោក ត្រាំ ទៅលើមន្ត្រីដែលប្ដូរភេទធ្វើឡើងមួយថ្ងៃមុនកាលកំណត់សម្រាប់យោធាក្នុងការធ្វើបច្ចុប្បន្នភាពទៅលើបទបញ្ញត្តិវេជ្ជសាស្ត្ររបស់ខ្លួន៕