ជនម្នាក់ជាប់សង្ស័យថាជាភេរវជនបានត្រូវបាញ់ស្លាប់ដោយពួកប៉ូលិសក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្រោយគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅជិតអាគារមួយរបស់រដ្ឋាភិបាលនៅក្នុងក្រុង Bandung។
លោក Anton Charliyan ប្រធានប៉ូលិសក្នុងផ្នែកខាងលិចនៃកោះ Java បាននិយាយថាគ្មាននរណាម្នាក់ត្រូវរបួសទេនៅពេលដែលឆ្នាំងធ្វើម្ហូបអគ្គិសនីបានផ្ទុះនៅថ្ងៃចន្ទនេះនៅក្នុងកន្លែងទំនេរមួយនៅជិតទីនោះ។
លោក Charliyan បានថ្លែងថាជនជាប់សង្ស័យបានរត់ចូលទៅក្នុងអាគារនោះនៅក្រោយការផ្ទុះនោះហើយបានដុតភ្លើងឱ្យមានអគ្គីភ័យនៅខាងក្នុងអាគារនោះនៅមុនពេលគាត់បានត្រូវបាញ់ស្លាប់នៅក្នុងការបាញ់កាំភ្លើងតគ្នាមួយជាមួយពួកប៉ូលិស។
ប្រទេសឥណ្ឌូនេស៊ី ជាទីដៅនៃការវាយប្រហារភេរវកម្មមួយចំនួនដោយជនសកម្មប្រយុទ្ធឥស្លាមជាច្រើនឆ្នាំមកហើយ ដោយមានរួមបញ្ចូលការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០០២ទៅលើក្លិបរាត្រីមួយក្នុងកោះ Bali ដែលបានបណ្តាលឱ្យមនុស្ស២០២នាក់បាត់បង់ជីវិត៕