ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី ព្រួយ​បារម្ភ​រឿង​កិច្ចព្រមព្រៀង AUKUS


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៦ ខែមករា ២០១៩។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៦ ខែមករា ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សម្រេច​របស់​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ការ​ទិញ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​សំដៅ​ទៅ​លើ​កិច្ច​ព្រមព្រៀង AUKUS ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​មុន​រវាង​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស លោក Saifuddin បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី​និងឥណ្ឌូណេស៊ី​ មាន​ការព្រួយ​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​អំពី​កិច្ច​ព្រមព្រៀង​នេះ។

បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi មក លោក Saifuddin បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ថា៖ «យើង​បាន​យល់ស្រប​គ្នា​លើ​បញ្ហា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​តំបន់​ទាក់ទិន​នឹង​ប្រទេស​មួយ​ដែល​នៅ​ជិត​ទឹកដី​របស់​យើង​ដែល​កំពុង​ទិញ​នាវា​មុជទឹក​ថ្មី​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ»។

លោក Saifuddin បាន​បន្ថែម​ថា៖ «ទោះបីជា​ប្រទេស​នោះ ​មិន​មាន​សមត្ថភាព​ខាង​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ក៏​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ដែរ»។

កាលពី​ខែ​មុន ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ថា កិច្ច​ព្រមព្រៀង AUKUS អាច​នាំ​ឱ្យ​មាន​ការ​ប្រជែង​ខាង​សព្វាវុធ​នៅ​ក្នុង​តំបន់។

កិច្ច​ព្រមព្រៀង AUKUS នេះ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កើនឡើង​នៅ​សមុទ្រ​ចិន​ខាង​កើត (East China Sea) និង​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea) ដែល​ជា​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ទំនិញ​ប្រហែល​មួយ​ភាគ​បី​នៃ​ពាណិជ្ជកម្ម​ពិភពលោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG