ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken នៅក្នុង​ប្រទេស​បារំាង​ដើម្បី​ស្ដារ​សម្ព័ន្ធភាព​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​កិច្ចពិភាក្សា​បណ្តាញ Blue Dot នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​អង្គការ​សហ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍ នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​កិច្ចពិភាក្សា​បណ្តាញ Blue Dot នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៃ​អង្គការ​សហ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍ នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​កំពុង​ស្ថិត​នៅ​ទីក្រុង​ប៉ារីស​សម្រាប់​កិច្ច​ប្រជុំ​ជាមួយ​មន្រ្តី​បារាំង​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​មាន​ភាព​ប្រសើរ​ឡើង​ បន្ទាប់​ពី​មាន​ជម្លោះ​អំពី​ដៃគូ​សន្តិសុខ​រវាង​សហ​រដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​ប្រទេស​អូស្ត្រាលី។

លោក ​Blinken ​បានចាប់​ផ្តើម​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក ​Jean-Yves Le Drian ​នៅ​ថ្ងៃ​អង្គារ​ ហើយ​នៅ​ពេល​សួរ​ថា​ ​តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានាឱ្យ​បារាំង​អាចជឿ​ជាក់​បាន លោក​បាន​ឆ្លើយ​ថា​ «យើង​នឹង​មាន​ឱកាស​ពិភាក្សា​ជា​ក្រោយ»។

លោក​ក៏​មាន​គម្រោង​ពិភាក្សា​ជាមួយទីប្រឹក្សា​សន្តិសុខ​ជាតិ​បារាំង​លោក ​Emmanuel Bonne​ ហើយ​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​នៃ​អង្គការ​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ព្រម​ទំាង​ថ្លែង​សុន្ទរកថា​ផង​ដែរ។​

ក្រសួង​ការ​បរទេស​ស.រ.អ.​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា៖​«លោក​រដ្ឋ​មន្ត្រី​ Blinken​ នឹង​ជួប​ជា​មួយ​សមភាគី​បារាំង​ដើម្បី​បន្ត​ការ​ពិភាក្សា​បន្ថែម​ទៀត​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​អាមេរិក-បារាំង​លើ​បញ្ហា​ជា​ច្រើន​រួម​មាន​ សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ វិបត្តិ​អាកាសធាតុ​ ការ​ស្តារ​សេដ្ឋកិច្ច​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ទំនាក់​ទំនង​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក​ និង​ការ​ធ្វើ​ការ​ជា​មួយ​សម្ព័ន្ធមិត្ត ​និង​ដៃគូ​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​កាលានុវត្ត​ភាព​នានា​ក្នុង​ពិភពលោក»។​ ​

ភាព​តានតឹង​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​អាមេរិក​ អង់គ្លេស អូស្ត្រាលី​ (AUKUS)

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ថ្មី​ជាមួយ​ប្រទេស​អូស្ត្រាលី​ និង​អង់គ្លេស។ ​តាម​កិច្ច​ព្រមព្រៀងនោះ ប្រទេសអូស្ត្រាលី​ នឹង​ទទួល​បាន​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​យ៉ាង​តិច​ ៨ ​គ្រឿង​ ដែល​នឹង​ផលិត​ក្នុង​ស្រុក​ ដោយ​ប្រើ​បច្ចេកវិទ្យា​អាមេរិក។ ​កិច្ច​ព្រមព្រៀង​នេះ ​បានធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ពីមុន​ជា​មួយ​ប្រទេស​បារាំង​អំពី​នាវា​មុជទឹក​ប្រើ​ថាមពល​ម៉ាស៊ូត ​និង​អគ្គិសនី​ ហើយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉ារីស​ខឹង​សម្បារ។​

ប្រទេស​បារាំង​ បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​អូស្ត្រាលី​ក្នុង​រយៈ​ពេលពីរ​ថ្ងៃ​ បន្ទាប់​ពី​ការ​ប្រកាស​នេះ។​ លោក​ Le Drian ​បាន​ប្រកាស​ថា​ មាន«វិបត្តិ​មិន​ទុក​ចិត្ត»​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។

បន្ទាប់ពី​ការ​ហៅ​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី​ Biden​ និង​លោក​ប្រធានាធិបតី​បារាំង ​Emmanuel Macron ​កាលពី​ថ្ងៃ​ទី២២​ ខែ​កញ្ញា​ ដែល​ចង់​បន្ធូរ​បន្ថយ​ភាព​តានតឹង​ទាក់​ទងនឹង​កិច្ច​ព្រមព្រៀង​អំពី​នាវា​មុជទឹកនោះ​ ​មេ​ដឹកនាំ​ទាំងពីរ ​បាន​សម្រេច​ចិត្ត​«ឱ្យដំណើរ​ការ​ការពិគ្រោះ​យោបល់​ស៊ី​ជម្រៅ»​ដើម្បី​ធានា​«ទំនុកចិត្ត»។​ លោក​ Macron ​ក៏បាន​សម្រេច​ចិត្ត​ថា​ ឯក​អគ្គ​រដ្ឋទូត​បារាំង​លោក ​Philippe Etienne ​នឹង​ត្រឡប់​មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ នៅ​សប្តាហ៍​បន្ទាប់មក៕​

លោក Chris Hannas​ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។

XS
SM
MD
LG