កិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនគំរាមកំហែងដល់ស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនមានគោលដៅសំដៅប្រទេសណាមួយទេ។ នេះបើតាមបេសកជនសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅពេលដែលមានការព្រួយកង្វល់នៅក្នុងតំបន់ដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើងនោះ។
ប្រទេសឥណ្ឌូនេស៊ី មានការបារម្ភថា កិច្ចព្រមព្រៀងដែលហៅថា AUKUS ដែលនៅក្នុងនោះ អូស្ត្រាលី នឹងទទួលបានបច្ចេកវិទ្យានុយក្លែអ៊ែពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យមាន«ការប្រកួតប្រជែងអាវុធ»កាន់តែអាក្រក់ឡើងនៅក្នុងតំបន់។
ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយកង្វល់ប្រហាក់ប្រហែលគ្នានេះដែរ ខណៈពេលដែលប្រទេសហ្វីលីពីនដែលជាប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះ ក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនផងដែរ។
លោក Sung Kim ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានប្រាប់វេទិការតាមអនឡាញមួយថា «ការណ៍នេះ នឹងពង្រឹងការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសសំខាន់ៗដូចជាឥណ្ឌូនេស៊ីដើម្បីធ្វើឲ្យប្រាកដថា យើងមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរមួយដែលគោរពនីតិរដ្ឋ»។
លោក Kim បានថ្លែងទៀតថា លោកមិនមានការព្រួយបារម្ភអំពីការប្រណាំងប្រជែងអាវុធឬការរីកសាយអាវុធនុយក្លែអ៊ែនោះទេ ដោយលោកបានហៅថា វាជាកិច្ចផ្តួចផ្តើមវិជ្ជមានមួយដែលនឹងផ្តល់ការពេញចិត្តសម្រាប់ប្រទេសឥណ្ឌូនេស៊ី។
កិច្ចព្រមព្រៀង AUKUS ភាគច្រើនត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយសម្ព័ន្ធមិត្តប្រទេសលោកខាងលិចដើម្បីបញ្ចៀសអនុត្តរភាពរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៌និងហួសពីតំបន់នោះ ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងដែលជាផ្លូវពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាទី៣ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពផ្អែកលើប្រវត្តិសាស្ត្រនោះ។
ប្រទេសឥណ្ឌូនេស៊ីនៅដើមខែនេះ បានបង្កើនការយាមល្បាតនៅក្នុងការឆ្លើយតបដល់នាវាអាមេរិកនិងចិន៕