ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប នឹង​ពិភាក្សា​បញ្ហា​កិច្ចព្រមព្រៀង​នាវា​មុជ​ទឹក​ប្រើ​ដោយ​ថាមពល​នុយក្លែអ៊ែរ


ទង់ជាតិ​នៃ​ប្រទេស​អូស្ត្រាលី អង់គ្លេស និង​អាមេរិក និង​អក្សរ «AUKUS» ដែល​ជា​អក្សរកាត់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​មួយ​ផ្នែក​សន្តិសុខ​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ជាមួយ​អូស្រ្តាលី។
ទង់ជាតិ​នៃ​ប្រទេស​អូស្ត្រាលី អង់គ្លេស និង​អាមេរិក និង​អក្សរ «AUKUS» ដែល​ជា​អក្សរកាត់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​មួយ​ផ្នែក​សន្តិសុខ​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ជាមួយ​អូស្រ្តាលី។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប ជួប​គ្នា​នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​កាលពីថ្ងៃចន្ទ ដើម្បី​ពិភាក្សា​អំពីសន្ធិសញ្ញា AUKUS ដែល​ជា​កិច្ចព្រមព្រៀង​នាវា​មុជទឹក​ដែល​បាន​ទទួ​ល​បរាជ័យ​រវាង​បារាំង​និង​អូស្ត្រាលី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Peter Stano អ្នក​នាំពាក្យ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប និយាយ​ថា «នេះ​ជា​ឱកាស​លើក​ដំបូង​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ពិភាក្សា​ពីភាព​សាំញ៉ាំ​និង​ផលវិបាក​នៃ​កិច្ចព្រមព្រៀង​ទាំង​មូល»។

លោក បាន​និយាយ​ទៀត​ថា ជំនួប​នេះ​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា«មិន​ត្រឹម​តែ​បញ្ហា​រវាង​ប្រទេស​បារាំង​និង​អូស្ត្រាលី​ទេ ក៏ប៉ុន្តែ វា​ក៏ពិភាក្សា​ពីភាព​សាំញ៉ាំ​នៃ​សម្ព័ន្ធភាព AUKUS ទាំង​មូល​ផងដែរ»។

ជំនួប​នេះ​ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ពេល​មុន​ទៅតាម​ភាពជាក់ស្តែង​ធម្មតា​សម្រាប់​បណ្តា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដើម្បី​សម្រប​សម្រួល​និង​ពិគ្រោះ​លើ​ប្រធានបទ​ជាច្រើន​មុនពេល​អ្នក​តំណាង​របស់​ពួកគេ ​ថ្លែង​នៅឯ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។

ក៏ប៉ុន្តែ ដោយ​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក ​និង​ចក្រភព​អង់គ្លេស​កាលពី​សប្តាហ៍​មុន បាន​បញ្ចេញ​សន្ធិសញ្ញា​ការពារ​ប្រទេស​ថ្មី ​ដែល​បាន​ចរចា​សម្ងាត់​អស់​រយៈពេល​ជាច្រើន​ខែ​មក ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​របស់ប្រទេស​បារាំង​នោះ​ បញ្ហា​នេះ​ បាន​ស្ថិត​នៅ​លើ​គេ​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ។

បារាំង បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ការបង្ហាញ​នូវ​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​ ​មិនត្រឹមតែ​ការបាត់បង់​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​ជា​មួយ​អូស្ត្រាលីដែល​មាន​តម្លៃ​ជាង​៣៧ពាន់​លានដុល្លារ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជាពិសេស​ គឺ«ការក្បត់​នូវ​សេចក្តីទុកចិត្ត»​ដែល​ខ្លួន​បាន​ទទួល​ពី​សម្ព័ន្ធ​មិត្ត​នោះ។

លោក Clement Beaune រដ្ឋមន្ត្រី​តំណាង​អឺរ៉ុប បាន​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ដែល​ប្រទេសអូស្ត្រាលី​បាន​ធ្វើ​ឲ្យ​ជឿនលឿន​ចាប់តាំង​ពី​ឆ្នាំ២០១៨​មក អាចទទួល​រង​នូវការប៉ះពាល់។

ពួក​អ្នក​ចរចា​ពាណិជ្ជកម្ម​មកនៃភាគី​ទាំង២ ​បាន​ជួប​គ្នា​ចុងក្រោយ​កាល​ពីខែ​មិថុនា ហើយ​មាន​គម្រោង​បន្ត​ជំនួប​របស់​ខ្លួន​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះទៀត៕

XS
SM
MD
LG