ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទ្វីបអាមេរិកនៅក្នុងទីក្រុង Los Angeles រដ្ឋ California នៅសប្តាហ៍នេះ ដោយជំរុញឱ្យមានការទាក់ទងជាមួយមេដឹកនាំតំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប ដែលប្រទេសចិនកំពុងបង្កើនវិស័យការទូតនិងសេដ្ឋកិច្ចយ៉ាងខ្លាំងនៅទីនោះ។
រដ្ឋបាលសហរដ្ឋអាមេរិកបានស្នើផ្តល់គំនិតផ្តួចផ្តើមខាងវិស័យសេដ្ឋកិច្ច សុខភាពនិងអាកាសធាតុដែលសង្ឃឹមថា អាចជួយទប់ទល់នឹងការបង្កើនឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងពង្រឹងនូវដៃគូប្រជាធិបតេយ្យរបស់ខ្លួន ដែលនេះជាយុទ្ធនាការមួយដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយុទ្ធសាស្ត្រដែលលោក Biden បានប្រើនៅក្នុងប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអាស៊ីកាលពីខែមុនផងដែរ។
នៅក្នុងតំបន់ទាំង២នេះ សាររបស់លោក Biden គឺថា ប្រទេសនានានឹងទទួលបានផលប្រយោជន៍ ដោយអនុវត្តតាមទស្សនវិស័យរបស់លោកស្តីពីវិបុលភាពសេដ្ឋកិច្ច ការពង្រឹងគ្រួសារដែលមានប្រាក់ចំណូលមធ្យមនិងការតាំងចិត្តដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការគោរពបរិស្ថាននិងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ។
លោក Biden បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងធ្វើការវិនិយោគលើការពង្រឹងកម្មករនិងក្រុមគ្រួសារដែលមានប្រាក់ចំណូលមធ្យមនោះ ក្រុមអ្នកក្រីក្រអាចមានឱកាសឆ្ពោះទៅរកការរីកចម្រើនទៅមុខ ហើយអ្នកមានអាចធ្វើការនោះបានល្អធម្មតា។ នេះជារបៀបដែលយើងអាចបង្កើននូវឱកាសនិងកាត់បន្ថយនូវភាពមិនស្មើគ្នាដែលកំពុងបន្តកើតឡើងនោះ។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ចេញគំនិតផ្តួចផ្តើមដែលមានលក្ខណៈសាមញ្ញរបស់រដ្ឋបាលអាមេរិកនិងការសន្យារបស់ខ្លួននោះ ប្រហែលជាមិនអាចពន្យឺតឬបញ្ឈប់នូវការពង្រីកខ្លួនដ៏លឿនរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់នោះឡើយ។ ចាប់តាំងពីលោកប្រធានាធិបតី Biden ចូលកាន់អំណាចកាលពីដើមឆ្នាំមុនមក ចិនបានធ្វើឱ្យមានគម្លាតពាណិជ្ជកម្មកាន់តែធំជាមួយអាមេរិក ហើយបានងាកទៅរកប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកឡាទីន។ នេះបើយោងទៅលើការវិភាគមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្តីពីទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១។
នៅពេលដែលប្រទេសម៉ិកស៊ិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាមេរិកត្រូវបានផាត់ចេញ
នោះ ការវិភាគនៃទិន្នន័យនាពេលថ្មីៗនេះបង្ហាញថា ចរន្តពាណិជ្ជកម្មសរុបទាំងការនាំចេញនិងនាំចូលរវាងប្រទេសក្នុងតំបន់អាមេរិកឡាទីននិងប្រទេសចិនមានចំនួនជិត២៤៧ពាន់លានដុល្លារកាលពីឆ្នាំទៅ ដែលចំនួននេះខ្ពស់ជាងទំហំពាណិជ្ជកម្មដែលចិនបានធ្វើជាមួយអាមេរិកដែលមានចំនួនត្រឹមតែ១៧៤ពាន់លានដុល្លារតែប៉ុណ្ណោះ៕
ក្នុងកិច្ចប្រជុំកំពូលទ្វីបអាមេរិកលោក Biden លេងល្បែងដេញតាមឱ្យទាន់ចិន
ក្រុង Los Angeles សហរដ្ឋអាមេរិក —