ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​បោះឆ្នោត​ឯករាជ្យ​ទៅ​បោះ​ឆ្នោត​អំពី​បញ្ហា​របស់​ប្រទេស ​មិន​មែន​ដោយ​មនោគម​វិជ្ជា​ទេ​


រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ចូលរួមបោះឆ្នោតនៅក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ចូលរួមបោះឆ្នោតនៅក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

នៅ​ពេល​ដែល​ក្រុម​អ្នក​បោះឆ្នោត​ភាគ​ច្រើន​ក្នុង​សហរដ្ឋអាមេរិកនិយាយ​ថា​ ​ពួក​គេ​ជា​ពួក​សាធារណ​រដ្ឋ ​ឬ​ជា​ក្រុម​ប្រជា​ធិបតេយ្យ​ដែល​ជា​គណបក្ស​ធំៗ​ទាំង​ពីរ​នោះ​ ​ពួក​អ្នក​បោះឆ្នោត​ច្រើន​ឡើងៗ​យល់​ឃើញ​ថា​ ពួក​គេ​ជា​អ្នក​ឯករាជ្យ​ ឬ​មិន​មែន​ជា​សមាជិក​នៃ​គណបក្ស​ណា​មួយ​ទេ។​

អ្នក​ស្រី​ Ellen Moorhouse ​ដែល​និយាយ​ថា​ អ្នក​ស្រី​ជា​អ្នក​បោះឆ្នោត​ឯករាជ្យ​បាន​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​យល់​ថា​ ​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ពិត​ប្រាកដ​ថា ​គណបក្ស​ធំៗ​តំណាង​ផល​ប្រយោជន៍​ខ្ញុំ​ទេ»។​

អ្នកស្រី​ Moorhouse ​អាយុ​៣០​ឆ្នាំ​ ជា​នាយិកា​រង​ផ្នែក​គមនាគមន៍​នៃ​អង្គការ​ RepresentUs ​ដែល​ជា​អង្គការ​ខាង​នយោបាយ​និង​ខាង​កែ​ទម្រង់​រដ្ឋាភិបាល​ដែល​មាន​គោល​ដៅ​កាត់​បន្ថយ​អំពើ​ពុករលួយ​និង​ការ​គាំង​ដំណើរ​កិច្ចការ​ប្រទេស​ជាតិ។​

ការ​ស្ទង់​មតិ​ក្រុម​យុវជន​ដោយ​សាកល​វិទ្យាល័យ ​Harvard ​នៅ​រដូវ​ស្លឹក​ឈើ​លាស់​ឆ្នាំ​២០២០​ឲ្យ​ដឹង​ថា​ ៣៥​ភាគ​រយ​នៃ​ពលរដ្ឋអាមេរិកាំង​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ​និយាយ​ថា​ ពួក​គេជា​ក្រុម​ឯករាជ្យ​ ឬ​មិន​មែន​ជា​សមាជិក​នៃ​គណបក្ស​ណា​មួយ​ទេ។​

អង្គការ​ឈ្មោះ ​Independent Voting ​មានន័យ​ថា​ ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ​ជា​អង្គការ​មួយ​ដែល​ភ្ជាប់​ក្រុម​អ្នក​បោះឆ្នោត​ឯករាជ្យ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​កសាង​បណ្តាញ​មួយ​និង​ចលនា​មួយ​ដើម្បី​កែ​ទម្រង់​ដំណើរ​ការ​បោះឆ្នោត។​ បេសក​កម្ម​របស់​ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​ចាប់​តាំង​ពី​ត្រូវ​បង្កើត​ឡើង​កាលពី​ទសវត្សរ៍​១៩៩០​ ​ដោយ​ងាក​ចេញពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តែ​គណបក្ស​នយោបាយ​ទាំងពីរ។​

អ្នក​ស្រី​ Jacky Salit ​ ដែល​ជា​ប្រធាន​នៃ​អង្គការ​នេះ​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​«យើង​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ពី​ការ​ផ្តោត​លើ​គណបក្ស​ទៅ​ធ្វើ​អ្វី​ដែល​លោក​អ្នក​អាច​ហៅ​ថាការ​ផ្តល់​អំណាច​ដល់​ក្រុម​អ្នក​បោះឆ្នោត»។​

អ្នក​ស្រី​កត់​សម្គាល់​ថា ​ពួក​អ្នក​បោះឆ្នោត​ឯករាជ្យ​ចង់​បោះឆ្នោត​ «ឱ្យ​មនុស្ស​ មិន​មែន​ឱ្យ​គណបក្ស​ទេ»។​

អ្នក​ស្រី ​Salit ​បាន​ថ្លែង​ថា៖ ​«ពួក​គេ​ចង់​ចូលរួម​គិត​គូរ​បញ្ហា​របស់​ប្រទេស​ជាតិ​ មិនមែន​ចូលរួម​ជា​មួយ​មនោគម​វិជ្ជា​ទេ»។​

ការ​ស្ទង់​មតិ​មួយ​កាលពី​ឆ្នាំ​២០១៨​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​និង​ការ​ស្រាវ​ជ្រាវ​អំពី​ការ​រៀន​សូត្រ​និង​ការ​ទាក់ទង​ខាង​សិទ្ធិ​ពលរដ្ឋ​ហៅ​កាត់​ថា​ CIRCLE​ នៅ​ឯ​សាកល​វិទ្យាល័យ ​Tufts ​ក្នុង​ក្រុង​ Medford ​ រដ្ឋ​ Massachusetts ​បាន​រក​ឃើញ​ថា​ ចំនួន​៥៦​ភាគ​រយ​នៃ​ក្រុម​អ្នក​បោះឆ្នោត​មាន​អាយុ​ពី​១៨​ឆ្នាំ​ទៅ​២៤​ឆ្នាំមាន​ការ​ភ្ជាប់ទាក់​ទង​ជា​មួយ​គណបក្ស​សាធារណ​រដ្ឋ​ឬ​គណបក្ស​ប្រជា​ធិបតេយ្យ។​

អ្នក​ស្រី​ Moorehouse​ ធំ​ដឹង​ក្តី​នៅ​ក្នុង​រដ្ឋ ​Massachusetts​ នៅ​ក្នុង​គ្រួសារ​សាធារណ​រដ្ឋ​អភិរក្ស​និយម។​ អ្នក​ស្រី​បាន​និយាយ​ថា ​អ្នក​ស្រី​ធំ​ដឹង​ក្តី​ដោយ​មាន​ទស្សនៈ​ទទួល​ព័ត៌មាន​ពី​បំណង​ដែល​ចង់​ឱ្យ​មាន​បទ​បញ្ញត្តិ​តិច​របស់​រដ្ឋាភិបាល ​ក៏​ប៉ុន្តែ​ថា​ គំនិត​ក្នុង​ការ​ដក​រដ្ឋាភិបាល ​«ចេញ​ពី​ជីវិត​ឯកជន​របស់​ខ្ញុំ»​ ជា​ការណ៍​ពិត​បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​មាន​ទស្សន​វិជ្ជា​ជា​អ្នក​ឯករាជ្យ។​

អ្នក​ស្រី​ Moorhouse​ បាន​និយាយ​ថា៖​ «​ប្រសិន​បើ​យើង​និយាយ​អំពី​សេរីភាព​និង​ជម្រើស​ ​ លោក​អ្នក​មាន​ជម្រើស​កាន់​កាប់​កាំភ្លើង ​ហើយ​ខ្ញុំ​មាន​ជម្រើស​ពន្លូត​កូន។​ទោះ​ណា​ជា​បញ្ហា​ទាំង​នេះ​នាំ​ឱ្យ​មាន​ការ​បែកបាក់​គ្នា​ក៏​ដោយ​ ​តែ​អ្វី​ដែល​សំខាន់​គឺវា​ជា​សេរីភាពហើយ​លោក​អ្នក​គួរ​ជ្រើស​រើស​យក​អ្វី​ដែល​ត្រឹម​ត្រូវ»។​

លោក​ Corley ​ជា​អ្នក​បោះឆ្នោត​ឯករាជ្យ​ដែល​សុំ​ឲ្យ​បញ្ចេញ​តែ​នាម​ត្រកូល។​ ឳពុក​ម្តាយ​របស់​លោក​ជា​អ្នក​ប្រជា​ធិបតេយ្យ។​ លោក​បាន​និយាយ​ថា​ ​លោក​គិត​ថា​ ​អត្ត​សញ្ញាណ​នយោបាយ​នាំ​ឱ្យ​លោក​និង​ពួក​មិត្ត​ភក្តិ​លោក​មាន​ជំនឿ​ថា​ ​ពួកគេ​ជា​អ្នក​ប្រជា​ធិបតេយ្យ​ដែរ។​ ក៏ប៉ុន្តែ​កាល​ពីពីរ​បី​ឆ្នាំ​មុន​នេះ​ នៅពេល​លោក​បាន​ធ្វើ​លំហាត់​មួយដោយ​រាយឈ្មោះ​បញ្ហា​ផ្សេងៗ​និង​សេចក្តី​ថ្លៃ​ថ្នូរ​នៅលើ​ក្តារ​ខៀន​ លោក​បាន​ដឹង​ថា​ លោក​ជា​អ្នក​សាធារណ​រដ្ឋ​ម្នាក់។​ លោក​ចាំ​ថា​ លោក​បាន​គិត​ថា៖ ​«យើង​បាន​ត្រូវ​គេ​បញ្ឆោត​ហើយ»។​

លោក ​Corley ​បាន​ត្រឡប់​ទៅវិញ​ធ្វើ​លំហាត់​នោះ​ជា​មួយ​ឳពុក​ម្តាយ​លោក។​

លោក​បាន​ចាំ​ថា៖​ «ខ្ញុំ​បាន​និយាយ​ថា​ ម៉ាក់​ជា​អ្នក​សាធារណ​រដ្ឋ ​ ​ម៉ាក់​ទើប​តែ​បោះឆ្នោតឱ្យ​ពួក​ប្រជា​ធិបតេយ្យ»។

បើ​តាម​ការស្រាវ​ជ្រាវ​មួយ​ដោយ​អង្គការ​ Pew ​ថា​ មាន​អ្នក​បោះឆ្នោត​ឯករាជ្យ​រហូត​ដល់​៨១ភាគរយ​មាន​និន្នាការ​លម្អៀង​ទៅ​ខាងគណបក្ស​ធំ​ណា​មួយ​ច្រើន​ជាង​គណបក្ស​ធំ​មួយ​ទៀតនៅ​ពេល​ពួក​គេ​ប្រឈម​នឹង​ជម្រើស​ដែល​មាន​តែ​ពីរ​នោះ។​

ទិន្នន័យ​ពី​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១៨​ដោយ​អង្គការ​ CIRCLE ​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ពួក​យុវជន​ឯករាជ្យ​ដែល​និយាយ​ថា​ ​ពួក​គេ​«ទំនង​ណាស់»​ថា នឹង​ទៅ​បោះ​ឆ្នោត​នោះ​ ពួក​គេ​ជាច្រើន​គឺ​មាន​៤០ភាគរយ​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។​

ក៏​ប៉ុន្តែ​ក្រុម​អ្នក​បោះឆ្នោត​ទាំង​នោះ​នៅ​តែ​និយាយ​ថា​ជា​ការ​មាន​សារៈ​សំខាន់​ដែល​ពួក​គេ​ចុះ​ឈ្មោះ​ជា​អ្នក​ឯករាជ្យ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG