ទោះបីជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់ពេលជាច្រើនខែទៀតក្តី ក៏មានសំណួរចោទសួរឡើងថា តើជំងឺកូវីដ១៩ អាចផ្លាស់ប្តូររបៀបនៃការបោះឆ្នោត ដែលនោះជាការអនុវត្តសិទ្ធិបែបប្រជាធិបតេយ្យនៅសហរដ្ឋដែរឬទេ?
ក្នុងគ្រាដែលពលរដ្ឋអាមេរិកកាំងរាប់លាននាក់ កំពុងព្យាយាមបញ្ចៀសខ្លួនកុំឲ្យឆ្លងវីរុសកូវីដ១៩ នោះ ពួកគេបានងាកទៅរកបច្ចេកវិទ្យា ដើម្បីបន្តកិច្ចការពាណិជ្ជកម្ម រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងដើម្បីរក្សាទំនាក់ទំនងរស់នៅក្នុងសង្គមតាមដែលអាចធ្វើទៅបាន។
ក៏ប៉ុន្តែ នៅពេលនិយាយអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ ដំណោះស្រាយដើម្បីរក្សាសុវត្ថិភាព អាចនឹងត្រូវបានសម្រេចដោយការប្រើបច្ចេកវិទ្យាទាបវិញ។ នោះ គឺការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។
ពលរដ្ឋអាមេរិកកាំងភាគច្រើនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ធ្លាប់ប្រមូលផ្តុំគ្នាដោយផ្ទាល់ ដើម្បីបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតក្នុងតំបន់។ នៅឆ្នាំនេះ មានការតម្រូវឲ្យនៅផ្ទះ និងរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា។ ការទៅបោះឆ្នោតជុំគ្នាដូចពេលមុន ទំនងជានឹងមានគ្រោះថ្នាក់ខ្លាំងណាស់។
មានរដ្ឋចំនួន ១៤ រួចទៅហើយ ដែលបានពន្យារពេលការបោះឆ្នោតបឋមរបស់ពួកគេដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នេះ លើកលែងតែរដ្ឋមួយ គឺរដ្ឋ Wisconsin ដែលរៀបចំការបោះឆ្នោតបឋមរបស់ខ្លួននៅថ្ងៃអង្គារទី៧ ខែមេសា កន្លងទៅនេះ។ ការពន្យារពេលនៃការបោះឆ្នោតបឋមទាំងនោះ បានបង្កការរំខានយ៉ាងខ្លាំងដល់ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតី ដែលធ្លាប់បានធ្វើក្នុងពេលកន្លងមក។
ហេតុដូច្នេះហើយ នៅទូទាំងសហរដ្ឋអាមេរិកមន្ត្រីរៀបចំការបោះឆ្នោតកំពុងពិនិត្យ មើលវិធីបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ ដោយសារតែការបោះឆ្នោត អាចបោះពីផ្ទះបាន ដោយគ្រាន់តែមានខ្មៅដៃមួយដើម និងហត្ថលេខានោះ ដូច្នេះការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ ផ្តល់នូវមធ្យោបាយដើម្បីការពារសុខភាពរបស់អ្នកបោះឆ្នោតផង និងផ្តល់ឱកាសឲ្យពួកគេទាំងអស់ចូលរួមបោះឆ្នោតផង។
អ្នកស្រី Amber McReynolds ជានាយិកាប្រតិបត្តិនៃវិទ្យាស្ថានការបោះឆ្នោតជាតិពីផ្ទះ ឬ National Vote at Home Institute។ វិទ្យាស្ថាននេះ ធ្វើការជំរុញឲ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ អ្នកស្រី Amber McReynolds បានថ្លែងក្នុងសម្តីដើមថា៖
«យើងនិយាយអំពីការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ នៅក្នុងពេលដែលយើងស្ថិតនៅក្នុងស្ថានភាពបន្ទាន់មួយ។ យើងឃើញថា មានការគាំទ្រពីសំណាក់គណបក្សនយោបាយធំៗទាំងពីរ ក្នុងការកែទម្រង់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ»។
អ្នកស្រី Amber McReynolds ដែលជាអតីតប្រធានការរៀបចំបោះឆ្នោតនៅទីក្រុង Denver រដ្ឋ Colorado បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដោយគិតទៅដល់អ្វីដែលកំពុងកើតឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះ អ្នកបោះឆ្នោត ប្រហែលជាមិនចង់ចេញទៅបោះឆ្នោតនៅឯស្ថានីយ៍បោះឆ្នោតដែលមានមនុស្សច្រើននោះទេ»។
ទោះបីជាការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ មានភាពទាក់ទាញ ក៏ដោយក៏ការបោះឆ្នោតតាមវិធីនេះ អាចជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋអាមេរិកភាគច្រើន។ អ្នកដែលមានការសង្ស័យ និងសូម្បីតែអ្នកគាំទ្រខ្លះសួរថា តើមានពេលវេលាគ្រប់គ្រាន់ដើម្បីដាក់យន្តការ និងសន្តិសុខសម្រាប់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាដែរ ឬ ទេ។ អ្នកស្រាវជ្រាវលោក Collier Fernekes និងអ្នកស្រី Rachel Orey បានសរសេរនៅក្នុងបទវិភាគមួយកាលពីថ្ងៃទី ១ ខែមេសាសម្រាប់មជ្ឈមណ្ឌលគោលនយោបាយទ្វេភាគី Bipartisan Policy Center ដែលជាក្រុមអ្នកស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
«ការសម្របសម្រួលឲ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ ដែលបានរៀបចំយ៉ាងល្អ គឺមានការលំបាកក្នុងការសម្រេចឲ្យបានណាស់»។
អ្នកស្រាវជ្រាវទាំងពីររូបខាងលើ បានព្រមានថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ ក៏អាចធ្វើឲ្យអ្នកបោះឆ្នោតមានការច្រឡំផងដែរ។ អ្នកទាំងពីរបានបន្តទៀតថា៖
«ហើយដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកនោះ ការរៀបចំឲ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ គឺកាន់តែមានការលំបាក»។
សេចក្ដីព្រាងច្បាប់ថវិកាយកទៅប្រើប្រាស់ដើម្បីស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារការឆ្លងវីរុសកូវីដ១៩ ដែលមានចំនួន ២,៤ លាន លាន ដុល្លារ ដែលត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខាដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានរួមបញ្ចូលថវិកាចំនួន ៤០០ លានដុល្លារ សម្រាប់ជួយសម្រួលមន្ត្រីរៀបចំការបោះឆ្នោតក្នុងពេលដែលមានការរាតត្បាតនៃវីរុសកូវីដ១៩នេះ។
ក៏ប៉ុន្តែក្រុមអ្នកគាំទ្រកំពុងតែជំរុញឲ្យបានលើសពីនេះទៅទៀត រួមទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យដែលបានធ្វើសេចក្តីព្រាងច្បាប់ ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋអាមេរិកកាំងទាំងអស់នូវលទ្ធភាពបោះឆ្នោត ដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។
បោះឆ្នោតជាតិដំណើរការនៅថ្នាក់មូលដ្ឋាន
គ្រាដែលសហរដ្ឋអាមេរិក នឹងបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតី និងសមាជិកសមាជិកាសភា ការរៀបចំបោះឆ្នោតពិតប្រាកដ ត្រូវបានគ្រប់គ្រងដោយរដ្ឋ និងមន្ត្រីមូលដ្ឋាន។ ពួកគេធ្វើប្រតិបត្តិការក្រោមច្បាប់ផ្សេងៗគ្នា ដែលចែងថា អ្នកណា អាចបោះឆ្នោតបាន និងបោះឆ្នោតតាមរបៀបណា។
ក្នុងចំណោមរដ្ឋទាំង ៥០ នៅសហរដ្ឋអាមេរិក មានតែ រដ្ឋ ៥ ប៉ុណ្ណោះដែលរៀបចំការបោះឆ្នោតរបស់ពួកគេស្ទើរតែទាំងស្រុងតាមវិធីបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ។ រដ្ឋទាំង៥នោះមាន៖ រដ្ឋ Colorado រដ្ឋHawaii រដ្ឋOregon រដ្ឋUtah និងរដ្ឋ Washington។
ទោះជាយ៉ាងនេះក្តី នៅក្នុងរដ្ឋជាច្រើន សន្លឹកឆ្នោតមួយចំនួនធំ ក៏ត្រូវបានផ្ញើតាមប្រអប់សំបុត្រផងដែរ។ សន្លឹកឆ្នោតដែលត្រូវបានផ្ញើតាមប្រអប់សំបុត្រទាំងនោះ គឺសម្រាប់អ្នកនៅក្នុងជួរយោធា អ្នកធ្វើដំណើរនៅក្នុងអំឡុងពេលបោះឆ្នោត ឬ ជនពិការ។
ក៏ប៉ុន្តែ ឥឡូវនេះ រដ្ឋចំនួន ៣៣ ដែលភាគច្រើននៅភាគខាងលិច និងភាគកណ្តាលឈាងខាងលិច និងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានអនុញ្ញាតឲ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រក្នុងហេតុផលអ្វីក៏ដោយ ឬ សន្លឹកឆ្នោតដែលមិនចាំបាច់«មានហេតុផល»។
ក្នុងចំណោមនោះមានរដ្ឋកាលីហ្វ័រញ៉ាជារដ្ឋដែលមានអ្នកបោះឆ្នោតច្រើនជាងគេនៅសហរដ្ឋអាមេរិក។ នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិនៅឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាជាង ៨ លាននាក់ ឬ សន្លឹកឆ្នោតពីរក្នុងចំណោមសន្លឹកឆ្នោតបី ត្រូវបានផ្ញើតាមប្រអប់សំបុត្រ។
កាលពីខែមុនរដ្ឋ Michigan បានរាយការណ៍ថា មានសន្លឹកឆ្នោតដ៏ច្រើនលើសលប់ដែលបានផ្ញើតាមប្រអប់សំបុត្រសម្រាប់ការបោះឆ្នោតបឋមរបស់ខ្លួន។ នោះជាលើកទី១ហើយ ដែលរដ្ឋនោះបានធ្វើដូចនោះ ចាប់តាំងពីពួកគេមានច្បាប់ថ្នាក់រដ្ឋថ្មីដែលអនុញ្ញាតឲ្យមានការបោះឆ្នោត ដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ«ដោយមិនចាំបាច់មានហេតុផល»។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋ Wyoming និង រដ្ឋAlaska បានឲ្យដឹងថា នៅឆ្នាំនេះ ពួកគេនឹងធ្វើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រទាំងស្រុង។
សរុបទៅសន្លឹកឆ្នោតជិតមួយភាគបួននៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានផ្ញើតាមប្រអប់សំបុត្រនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ ២០១៦ ដែលគណបក្សសាធារណរដ្ឋ បានឈ្នះអ្នកស្រី ហ៊ីលឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យ។
វិទ្យាស្ថានការបោះឆ្នោតជាតិពីផ្ទះ ឬ National Vote at Home Institute បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ ២០១៨ គណបក្សប្រជាធិបតេយ្យបានដណ្តើមយកការគ្រប់គ្រងសភាតំណាងរាស្រ្តពីគណបក្សសាធារណរដ្ឋ។ សន្លឹកឆ្នោតដែលបោះតាមប្រអប់សំបុត្រមានចំនួន ៤២ លានសន្លឹក ដែលបានជួយជម្រុញឲ្យមានចំនួនអ្នកទៅបោះឆ្នោតច្រើនបំផុតក្នុងមួយសតវត្សរ៍។
គម្រូតាមរដ្ឋ Oregon
រដ្ឋ Oregon គឺជារដ្ឋដំបូងគេ ដែលបានធ្វើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រទាំងស្រុង នៅក្នុងការបោះឆ្នោតទូទៅ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ ២០០០។ មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋនោះ និយាយថា ដំណើរការនេះបានបង្កើនចំនួនអ្នកចូលរួមបោះឆ្នោត ហើយរដ្ឋនេះ ជាប់ចំណាត់ថ្នាក់ជារដ្ឋមួយនៅក្នុងចំណោមរដ្ឋដែលមានអ្នកបានបោះឆ្នោតច្រើនបំផុត។
អ្នកបោះឆ្នោតនៅរដ្ឋ Oregon ទទួលបានសន្លឹកឆ្នោតយ៉ាងតិចណាស់ពីរសប្តាហ៍មុនថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោតទាំងនោះមានភ្ជាប់មកជាមួយដោយស្រោមសំបុត្រពីរ គឺស្រោមការពារកុំឲ្យឃើញថាគេបោះឲ្យបេក្ខជនណាមួយ និងស្រោមសំបុត្រសម្រាប់ផ្ញើរត្រឡប់ទៅវិញដែលមានបិទតែមប្រៃសណីយ៍ស្រាប់។
នៅពេលអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតរបស់ខ្លួនរួចហើយ គេដាក់វាចូលក្នុងស្រោមការពារកុំឲ្យឃើញថាគេបោះឲ្យបេក្ខជនណាមួយ។ អ្នកបោះឆ្នោតចុះហត្ថលេខារបស់ពួកគេនៅខាងក្រៅស្រោមសំបុត្រដែលសម្រាប់ផ្ញើរត្រឡប់ទៅវិញ។ ហត្ថលេខានោះ ត្រូវបានយកទៅប្រៀបធៀបនឹងហត្ថលេខាពីមុនដែលមាននៅក្នុងឯកសារដែលពួកគេបានចុះ ពេលពួកគេចុះឈ្មោះបោះឆ្នោត។
សន្លឹកឆ្នោតមិនត្រូវបានយកចេញពីស្រោមការពារ ហើយក៏មិនត្រូវបានរាប់ដែរ ប្រសិនបើការប្រៀបធៀបហត្ថលេខា ឃើញថា មិនត្រូវគ្នា។ អ្នកបោះឆ្នោត អាចផ្ញើសន្លឹកឆ្នោតរបស់ខ្លួនតាមប្រអប់សំបុត្រ ឬ យកទៅទីតាំង ឬ ការិយាល័យបោះឆ្នោត ណាមួយដែលងាយស្រួលសម្រាប់ម្ចាស់សន្លឹកឆ្នោតនោះ។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Oregonលោក Ron Wyden គឺជាសមាជិកព្រឹទ្ធសភាដំបូងគេនៅសហរដ្ឋអាមេរិកដែលត្រូវបានបោះឆ្នោតជ្រើសរើសតាមការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រទាំងស្រុង នៅក្នុងការបោះឆ្នោតពិសេសនៅឆ្នាំ ១៩៩៦។ លោក Ron Wyden និងអតីតបេក្ខនារីប្រធានាធិបតី អ្នកស្រី Amy Klobuchar ដែលជាសមាជិកាព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋមីនីសូតា កំពុងគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យមានការបោះឆ្នោតទូទៅ ដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនៅខែវិច្ឆិកា។ អ្នកស្រី
Amy Klobuchar បានប្រាប់សារព័ត៌មាន The New York Times កាលពីពេលថ្មីៗនេះថា៖
«យើងមិននិយាយថា នឹងលុបចោលស្ថានីយ៍បោះឆ្នោតទាំងអស់តាមមធ្យោបាយណាមួយនោះឡើយ។ វាគ្រាន់តែថា វិធីនេះ នឹងធ្វើឲ្យមនុស្សកាន់តែច្រើនទៅបោះឆ្នោត។វិធីនេះ ផ្តល់លទ្ធផលកាន់តែប្រសើរ»។
សង្គ្រាមនៃល្បែងនយោបាយ
ទោះជាយ៉ាងនេះក្តី កាលពីខែមុនមជ្ឈមណ្ឌល Brennan បានស្នើសុំផែនការលម្អិត ដើម្បីធានាឲ្យមានជម្រើសការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ។ ការចំណាយដែលបានប៉ាន់ស្មានគ្រាន់តែទៅលើការការធានានោះតែមួយមុខ គឺ ១ពាន់ ៤ រយលានដុល្លារសម្រាប់បច្ចេកវិទ្យា ការបោះពុម្ពសន្លឹកឆ្នោត តែមប្រៃសណីយ៍ ប្រអប់សំបុត្រ សន្តិសុខ ការអប់រំដល់អ្នកបោះឆ្នោត និងដំណើរការបោះឆ្នោត។
ប្រធានរដ្ឋសភាដែលមកខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi បានស្នើថវិកាចំណាយ ២ ពាន់លានដុល្លារ និងរហូតដល់ ៤ ពាន់លានដុល្លារ ដើម្បីធ្វើឲ្យប្រាកដថា ការបោះឆ្នោតនៅខែវិច្ឆិកា នឹងប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីទាំងអស់។
ប៉ុន្មានឆ្នាំកន្លងមកនេះ នយោបាយទាក់ទងនឹងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ គឺទៅតាមគណបក្ស។ គណបក្សប្រជាធិបតេយ្យដែលមាននិន្នាការទទួលបានផលប្រយោជន៍ពីចំនួនអ្នកទៅបោះឆ្នោតច្រើននោះ គាំទ្រ។ រីឯគណបក្សសាធារណរដ្ឋដូចជាមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាគឺលោក Mitch McConnel បាននិយាយថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ សម្រាប់ការបោះឆ្នោតជាតិ នឹងប៉ះពាល់ដល់សិទ្ធិរបស់រដ្ឋក្នុងការគ្រប់គ្រងការបោះឆ្នោតរបស់ខ្លួន។
ក្រុមអ្នកអភិរក្សដូចជាមូលនិធិ Heritage Foundation អះអាងថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រងាយរងគ្រោះដោយការក្លែងបន្លំផ្សេងៗ។ឧទាហរណ៍ កាលពីឆ្នាំមុន មន្ត្រីនៅរដ្ឋ North Carolina ត្រូវបញ្ជាឲ្យមានការបោះឆ្នោតឡើងវិញ បន្ទាប់ពីបុគ្គលិកប្រតិបតិ្តការសម្រាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋម្នាក់ ត្រូវបានចោទប្រកាន់ថា បានប្រមូលសន្លឹកឆ្នោត របស់អ្នកបោះឆ្នោតដែលអវត្តមានដោយខុសច្បាប់នៅក្នុងការបោះឆ្នោតបឋម។
រដ្ឋនានាមានគោលការណ៍ខុសៗគ្នាអំពីថា តើអ្នកណាអាចប្រគល់សន្លឹកឆ្នោតអ្នកអវត្តមានបាន ជំនួសឲ្យម្ចាស់សន្លឹកឆ្នោត។ អ្នកគាំទ្រការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ និយាយថា ករណីក្លែងបន្លំ គឺកម្រមានណាស់ ហើយហានិភ័យ ត្រូវបានបំផ្លើស។
ថ្លែងក្នុងកម្មវិធី «Fox & Friends» កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Trump បានរិះគន់ការខិតខំរបស់គណបក្សប្រជាធិបតេយ្យដើម្បីទទួលបានថវិកាបន្ថែមសម្រាប់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនៅក្នុងច្បាប់កាលពីពេលថ្មីៗនេះ ដោយលោកចាត់ទុកថា វាជាសកម្មភាពមួយដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់គណបក្សរបស់ខ្លួន។ លោក ត្រាំ បានថ្លែងក្នុងសម្តីដើមថា៖
«ពួកគេមានអ្វីៗ ដូចជា កម្រិតនៃការបោះឆ្នោតដែលប្រសិនបើយើងយល់ព្រមតាមពួកគេនោះ យើងនឹងលែងមានបេក្ខជនខាងគណបក្សសាធារណរដ្ឋជាប់ឆ្នោតទៀតហើយនៅក្នុងប្រទេសនេះ»។
អ្នកគាំទ្រការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ អ្នកស្រី McReynolds បានកត់សម្គាល់ថា លោកប្រធានាធិបតី និងលោកស្រី Melania Trump បានបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋFloridaនៅឆ្នាំនេះ។ អ្នកស្រី McReynolds បានថ្លែងបន្តក្នុងសម្តីដើមទៀតថា៖
«ប្រហែលជា មានសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើន បានបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រពីរដ្ឋធានីវ៉ាស៊ីនតោន។ រាល់ការសិក្សាដែលយើងបានឃើញនាពេលថ្មីៗនេះ គឺថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រផ្តល់អត្ថប្រយោជន៍ដល់អ្នកបោះឆ្នោតទាំងអស់ ទោះបីអ្នកនោះជាអ្នកខាងគណបក្សសាធារណរដ្ឋ ឬ ខាងគណបក្សប្រជាធិបតេយ្យក៏ដោយ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់