ការបោះឆ្នោតបឋមសំខាន់ៗមួយចំនួនបានប្រព្រឹត្តធ្វើកាលពីថ្ងៃអង្គារនៅរដ្ឋចំនួនបីរបស់សហរដ្ឋអាមេរិក គឺនៅរដ្ឋ Kentucky រដ្ឋ New York និង រដ្ឋ Virginia ដែលស្ថិតនៅជាប់រដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋ Kentucky ដែលស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិក មានការបោះឆ្នោតបឋមសំខាន់សម្រាប់តំណែងអាសនៈព្រឹទ្ធសភារបស់គណប្សប្រជាធិបតេយ្យ ដែលនឹងក្លាយជាបេក្ខជនបក្សដែលនឹងត្រូវតតាំងជាមួយប្រធានព្រឹទ្ធសភាបច្ចុប្បន្នលោក Mitch McConnell ពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។
រដ្ឋ New York ដែលស្ថិតនៅភាគឦសានប្រទេស មានការបោះឆ្នោតបឋមដ៏ស្វិតស្វាញរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីតទល់យកអាសនៈរដ្ឋសភារបស់អ្នកតំណាងរាស្ត្រយូរឆ្នាំរបស់គណបក្សប្រជាធិបតេយ្យលោក Eliot Engel។
រដ្ឋ Virginia ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោនវិញ មានការប្រកួតការបោះឆ្នោតបឋមសម្រាប់ដណ្តើមអាសនៈរដ្ឋសភាចំនួន ៧ ព្រមជាមួយនឹងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដើម្បីជ្រើសរើសបេក្ខជនទៅប្រកួតដណ្តើមអាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Virginia ពីសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ គឺលោក Mark Warner នៅក្នុងខែវិច្ឆិកាខាងមុខ។
នៅថ្ងៃអង្គារដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅរដ្ឋ Arizona ភាគនិរតីសហរដ្ឋអាមេរិក ដែលនៅទីនោះលោកគ្រោងនឹងពិនិត្យជញ្ជាំងខណ្ឌព្រំដែនមួយកន្លែងជាមួយប្រទេសម៉ិកស៊ិកនៅទីក្រុង Yuma ដែលជាតំបន់មួយមានការផ្ទុះខ្លាំងនូវជំងឺកូវីដ១៩។ លោកក៏គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់មនុស្ស ៣ ពាន់នាក់ក្នុងពិធីជួបជាមួយនិស្សិតមួយកន្លែងនៅទីក្រុង Phoenix ផងដែរ។ ទាំងទីក្រុង Yuma និងទីក្រុង Phoenix តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់មុខពេលចេញទៅក្រៅ៕