ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ចូលរួម​សកម្ម​ឃោសនា​តាម​អនឡាញ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​​អាមេរិកាំង


រូបឯកសារ៖ អ្នកបោះឆ្នោត​បំពេញ​សន្លឹកឆ្នោត​របស់​ខ្លួន​នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​ទៀត​រង់ចាំវេន​របស់​​​អ្នកស្រី ក្នុង​អំឡុងពេល​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Pennsylvania នៅ​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកបោះឆ្នោត​បំពេញ​សន្លឹកឆ្នោត​របស់​ខ្លួន​នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​ទៀត​រង់ចាំវេន​របស់​​​អ្នកស្រី ក្នុង​អំឡុងពេល​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ Pennsylvania នៅ​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០។

ដោយសារតែ​ជំងឺកូវីដ​១៩​កំពុង​តែ​ឆ្លងរាលដាល​យ៉ាងច្រើន​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ក្រុមសកម្មជន​​មិន​អាច​ចុះ​តាម​លំនៅដ្ឋាន ​និង​ជួបជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​រាល់​ដង​ ពួកគេ​ខ្លះ​បាន​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម ​និង​ទូរស័ព្ទ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ។

ក្រុមសកម្មជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​ឃោសនា​យ៉ាង​មមាញឹក​ជួយ​ដល់បេក្ខជន​ប្រធានាធិបតី ដែល​ពួកគេ​គាំទ្រ​ក្នុង​ការបោះឆ្នោត​ ដែល​នឹង​រៀបចំ​ឡើង​នៅថ្ងៃ​ទី៣​ខែវិច្ឆិកា​ខាងមុខ​នេះ។​

ដោយសារតែ​ជំងឺកូវីដ​១៩​កំពុង​តែ​ឆ្លងរាលដាល​យ៉ាងច្រើន​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ក្រុមសកម្មជនមិន​អាច​ចុះ​តាម​លំនៅដ្ឋាន ​និង​ជួបជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​រាល់​ដង​ ពួកគេ​ខ្លះ​បាន​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម ​និង​ទូរស័ព្ទ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ។

លោក សាវីន ជូ ​សកម្មជន គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ ​រដ្ឋផេនស៊ីលវេនៀ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«រៀងរាល់​ថ្ងៃ​គឺថា​ខាងគណៈកម្មការ​សាធារណរដ្ឋ​សហរដ្ឋ​អាមេរិកប្រចាំ​ហ្វីឡាដែលហ្វៀនេះ ជាពិសេស​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅបងប្អូនខ្មែរ​យើង​ឲ្យមើល​កម្មវិធី​របស់​បេក្ខជន​ទាំងពីរ​នាក់​គឺ ចូសិហ្វ បៃដឹន ​និង​ ដូណាល់ ត្រាំ​។ ដូច្នេះ​គេ​បាន​យល់ដឹងដំណើរការរបស់​ដូណាល់ត្រាំ និង​គេបាន​ដឹងនូវ​ដំណើរការ​របស់​លោក ​ចូសេហ្វ​ បៃដឹន»។

រូបឯកសារផ្គុំ៖ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ជ្រើសរើស​អាមេរិក​ឆ្នាំ២០២០ និង​លោក​ប្រធានាធិបតី Donald Trump។
រូបឯកសារផ្គុំ៖ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ជ្រើសរើស​អាមេរិក​ឆ្នាំ២០២០ និង​លោក​ប្រធានាធិបតី Donald Trump។

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ដែលមកពី​គណបក្សសាធារណរដ្ឋ​នឹង​ត្រូវប្រកួត​ប្រជែង នឹង​លោកចូ បៃដឹន​ អតីតអនុប្រធានាធិបតី​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងពេល​ដែល​មាន​ការរិះគន់​ជាច្រើន​លើ​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​គ្រា​មាន​ជំងឺ​រាតត្បាត​សាកល​នេះ។ ​

លោក សាវីន ជូ​ ពេញចិត្ត​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតីត្រាំ​ហើយ​មាន​សុទ្ទិដ្ឋិនិយម​ថា​មហាសេដ្ឋី​អចលនទ្រព្យ​នេះ​នឹង​ជាប់ឆ្នោត​ជាថ្មី​នៅ​អណត្តិ​ទី២។

លោកសាវីន ជូ ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖

«ខ្ញុំ​បាន​ជួប​ខ្មែរ​មួយ​ចំនួន​ប្រហែល​ជាមួយ​ខែ​មុន​នេះ​ គឺ​ជួបប្រជុំ​ជាមួយខ្មែរ​គេ​ថា​គេ​គាំទ្រ​ដូណាល់​ត្រាំ។ ពីមុនគេ​អត់ហ៊ាននិយាយទេប៉ុន្តែ​ ឥឡូវគេហ៊ាននិយាយ​ថា​គេនឹងបោះឆ្នោត​ឲ្យ​ដូណាល់ ត្រាំ​គេដឹងថា​ដូណាល់ត្រាំដឹង​ពីគម្រោងការរបស់កុម្មុយនីស្ត​ពីព្រោះ​កុម្មុយនីស្ត​ជារបបមួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​មិន​ល្អ ហើយ​ដូណាល់ត្រាំ​មាន​គម្រោងការដើម្បីកម្ទេចកុម្មុយនីស្ត​កុំឲ្យ​ដំណើរការទៅមុខ​ទៀត»។

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ថត​រូប​ជាមួយ​សកម្មជន​ឃោសនា​គណបក្ស​នយោបាយ​ បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រួច នៅទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ថត​រូប​ជាមួយ​សកម្មជន​ឃោសនា​គណបក្ស​នយោបាយ​ បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រួច នៅទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​៣៣​ម៉ឺន​នាក់​គិត​ត្រឹម​ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការប៉ាន់ស្មានរបស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុងឋានៈ​ជាជនភៀសខ្លួន​ក្រោយពី​ការដួល​រលំ​របប​ខ្មែរក្រហម​ក្នុង​ខែមករា​ឆ្នាំ​១៩៧៩។ សហរដ្ឋ​អាមេរិក​បាន​ទទួល​យកពួកគេ​ចំនួន​ប្រហែល​១៥​ម៉ឺន​នាក់​ទៅ​ដាក់​តាម​រដ្ឋ​នានា​ហើយ​ រដ្ឋ​ដែល​មាន​ខ្មែរ​រស់នៅច្រើន​គឺ​រដ្ឋ​កាលីហ្វញ៉ា ​ម៉ាស្សាឈូសិត ​វ៉ាស៊ីនតោន​ ផេនស៊ីលវេនៀ​និង​តិចសាស។

បើទោះបីជា​ពួកគេ​ជួប​ប្រទះ​ស្ថានភាព​ក្រីក្រ​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ដទៃ​ទៀត​ ក៏​ពលរដ្ឋខ្មែរ​មួយ​ចំនួន​បាន​ជោគជ័យ​ក្នុង​ជីវភាព​រស់នៅ​និងជីវិត​នយោបាយ​ដោយ​បាន​ជាប់​ឆ្នោត​ជាអ្នក​តំណាងរាស្ត្រ​នៅ​ថ្នាក់​រដ្ឋ ​និង​ក្រុមប្រឹក្សា​ក្រុង​ជាដើម។

អ្នកស្រី ប៉ង់ ចំប៉ា ​សកម្មជន​នៃគណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋម៉ាស្សាឈូសិត​បាន​ប្រើ​វិធី​និយាយ​ទាក់​ទងតាម​ទូរស័ព្ទ​សម្រាប់​ទាក់ទាញ​ការគាំទ្រ ព្រោះវា​ជា​មធ្យោបាយ​ដែល​សំខាន់​ជាង​គេ​ក្នុង​អំឡុងពេល​ រឹតត្បិត​ឲ្យ​មាន​គម្លាត​សង្គម​នេះ។​

អ្នកស្រី​ ប៉ង់ ចំប៉ា ធ្លាប់​គាំទ្រ​លោកស្រី​អេលីហ្សាបែត វ៉រឹន (Elizabeth Warren) សមាជិកព្រឹទ្ធសភា​ រដ្ឋម៉ាស្សាឈូសិតកាលពីយុទ្ធនាការឃោសនាស្វែងរកការគាំទ្រជាបេក្ខជន​ប្រធានាធិបតី​បានចាប់ផ្តើម​ដំបូង​នៅក្នុង​ជួរគណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ដោយសារ​លោកស្រី​វ៉រឹន​បាន​ដកខ្លួនចេញ​ពីការប្រកួត​ អ្នកស្រីចំប៉ា​ ​គាំទ្រ​លោក​ចូ បៃដឹនបន្តទៀត។

អ្នកស្រី ប៉ង់​ ចំប៉ា​បាន​បញ្ជាក់​ថា៖

«ខាង​គណបក្ស​ប្រជាធិបតេយ្យ​គេ​ត្រូវការបេក្ខជន​ណា​ដែល​គេ​គិត​ថា​មានឱកាស​ឈ្នះ​ គឺ​មិនត្រឹម​តែ​ទាក់អារម្មណ៍​ខាងប្រជាធិបតេយ្យ​ទេ​គឺ​អាចទាក់​អារម្មណ៍​ខាងសាធារណរដ្ឋ​ដែរ ម្ល៉ោះហើយ​គេ​ថា​លោកចូ បៃដឹន​មាន​គោលនយោបាយ​កណ្តាល​ដែល​អាច​រួបរួម​ខាងគណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ចូល​ជាមួយ​គ្នា»។​

អ្នកស្រី ​ប៉ង់ ចំប៉ា​ យល់​ថាលោកប្រធានាធិបតីដូណាល់ ត្រាំផ្តោតលើមុខជំនួញ​ប្រចាំ​គ្រួសារ​របស់​គាត់ច្រើន​ជាងលើ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ក្នុង​រយៈពេល​ជាង​៣ឆ្នាំ​មក​នេះ​ហើយបើ​ទោះជាលោក​ជាប់​ឆ្នោត​ជាថ្មី​ក៏នឹង​មិនផ្លាស់ប្តូរ​វិធី​ដឹកនាំ​របស់​លោក​ដែរ។

អ្នកស្រីប៉ង់ ចំប៉ា​ បាន​បញ្ជាក់​ថា៖

«ម្ល៉ោះហើយ​យើង​ត្រូវ​ទទួលស្គាល់ថា​យើង​ជ្រើសរើស​ប្រធានាធិបតីណា​ដែល​ស្រឡាញ់​ប្រជាជន ស្រឡាញ់​ប្រទេស​ហើយ​មិនសូវ​ជាស្រឡាញ់​របរជំនួយផ្ទាល់ខ្លួនខ្លាំងពេក​ពីព្រោះ​វាធ្វើឲ្យ​រអាក់រអួល​មិន​ដឹកនាំប្រទេសច្បាស់លាស់​ហើយ​ធ្វើឲ្យ​ប្រទេស​ឡើងលេខ១»។​

លោក ចូ បៃដឹន គឺជាបេក្ខជន​ប្រធានាធិបតី​ផ្លូវការរបស់ គណបក្សប្រជាធិបតេយ្យក្រោយពី​លោកឈ្នះ​បានប្រតិភូនៅក្នុង​បក្ស​លើស​ចំនួន​១៩៩១​នាក់​ដែល​ជា​ចំនួន​ចាំបាច់​សម្រាប់​ទទួល​ការតែងតាំងកាលពី​ដើម​ខែមិថុនា។​ នេះគឺ​ជា​ការឈរឈ្មោះជាលើក​ទី៣ របស់​លោកបៃដឹន​ដែល​មាន​អាយុ៧៧​ឆ្នាំ​ដើម្បី​ទៅកាន់​តំណែង​នៅសេតវិមាន។

លោក បៃដឹន ​ឃោសនា​ដោយ​ឈរ​លើ​សមិទ្ធិផល​ការងារ​ ដែល​លោក​បាន​បំពេញ​ក្នុង​រយៈពេល​៨ឆ្នាំ​ជាមួយ​នឹង​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​បុគ្គលិក​លក្ខណៈ​សមរម្យ​ ដែល​អាច​ឈ្នះ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។ រីឯ​លោកដូណាល់ ត្រាំ ​ដែលមាន​អាយុ​៧៣ឆ្នាំ​និង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អាមេរិក​តែងតែ​ឃោសនា​ពី​គោលនយោបាយ​តឹងរ៉ឹង​លើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដោយ​ត្រូវ​គិតគូ​ពី​ពលរដ្ឋ​អាមេរិកាំង​មុន​គេ។ លោក​យល់ ​ថា​ប្រទេស​ចិន​បាន​កេង​ចំណេញ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ហើយ​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ជាច្រើន​មុខ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

លោក ​គុជ ចាន់លី ​ជាអ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋម៉ារីឡែន។ ​លោកតែងតែ​ចូលរួម​ឃោសនា​មិន​ដែលខាន​ប៉ុន្តែ​នាំនេះ​លោក​ត្រូវ​សម្រប​វិធី​ឃោសនា​តាម​ស្ថានភាព​សុខាភិបាល​ដែរ។

លោក​បានបញ្ជាក់​ថា៖

«បើសិនជា​គ្មាន​ការរឹតបន្តឹង​លើ​ការធ្វើដំណើរ​ដោយសារតែ​មេរោគកូវីដ​ហ្នឹងទេ​ ខ្ញុំតែង​តែ​ដាក់ស្លាក​លើ​រថយន្ត​របស់ខ្ញុំ​ហើយ​បើក​ឲ្យ​គេ​ឃើញ​នូវឈ្មោះបេក្ខជន​ដែលខ្ញុំ​គាំទ្រ»។​

សហរដ្ឋ​អាមេរិក​មាន​អ្នកឆ្លងវីរុស​កូរ៉ូណា​ជិត​២លាន​នាក់​និង​មាន​អ្នកស្លាប់​ជាង​១១​ម៉ឺន​នាក់។ វីរុស​ដ៏ប្រល័យ​នេះ​បាន​បង្ខំ​ឲ្យ​សហរដ្ឋ​អាមេរិក​បិទ​សកម្មភាព​ពាណិជ្ជកម្ម​ដែល​បណ្តាល​ឲ្យ​មនុស្ស​អត់ការងារ​ធ្វើ​ជាង៣៨,៥​លាននាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ។​

លោក គុជ ចាន់លី បាន​ធ្វើការឃោសនាតាមហ្វេសប៊ុក​និង​ទូរស័ព្ទ​បញ្ចុះបញ្ចូល​មិត្ត​ភក្តិ​និង​បងប្អូន​របស់​លោក​ឲ្យ​គាំទ្រ​លោកចូ បៃដឹន។ លោកចាន់លី​យល់ថា​វោហាសាស្ត្រ​និង​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ធ្វើឲ្យ​បែកបាក់​ប្រទេស​ជាតិ៖

«ខ្ញុំសង្កេតមើលទៅឃើញ​ស្នាដៃ​របស់​លោក​ត្រាំ​បណ្តាល​ឲ្យ​មានគ្រោះថ្នាក់​ដល់​អនាគត​ប្រទេស​ជាតិ​របស់​យើង​ តាំងពីវិស័យសេដ្ឋកិច្ចឡើងទៅ តាំងពីការប្រកួតប្រជែង​នឹង​បរទេស​គ្រប់បែបយ៉ាង តាំងពី​អំពើ​ពុករលួយ​នៅក្នុង​ជួររដ្ឋាភិបាល​ហើយនឹង​បទឧក្រិដ្ឋ​ជាច្រើន​។ ជំពូក​ផ្សេងទៀត​ដែលក្រុមរបស់លោក​បាន​ប្រព្រឹត្ត​មាន​មួយ​ចំនួន​ធំ​បាន​ទទួលការផន្ទាទោសហើយ​បញ្ជូន​ទៅ​ជាប់​គុក​រួចហើយ​ប៉ុន្តែ​នៅមានមួយចំនួន​ទៀត​ដែល​កំពុង​ប្រព្រឹត្តនៅក្នុង​ជួររដ្ឋាភិបាលនៃលោក​ប្រធានាធិបតីដូណាល់ត្រាំ»។

ក្រៅពីការណែនាំអ្នកបោះឆ្នោត​ឲ្យ​យល់ពី​ជំហរ​នយោបាយរបស់​បេក្ខជន​នីមួយៗ សកម្មជនក៏​ត្រូវ​ពន្យល់​ពលរដ្ឋ​ពី​ការបោះឆ្នោត​តាមសំបុត្រ​ផងដែរ​ព្រោះ​វាជា​វិធីថ្មី​ដែល​រដ្ឋ​មួយ​ចំនួន​បាន​ប្រើប្រាស់​ក្នុង​គ្រា​ដែល​មាន​វិបត្តិ​សុខភាព​នេះ។ ក្នុង​ពេល​កន្លង​មក​អ្នក​ដែល​បោះឆ្នោត​តាម​សំបុត្រ​ត្រូវ​បញ្ជាក់​ហេតុផល​សមស្រប​ដែល​មាន​ដូច​ជាអ្នកបោះឆ្នោតត្រូវ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ផ្សេង​ឬ​ជាប់​បេសកកម្ម​ក្រៅ​ប្រទេស​នៅថ្ងៃបោះឆ្នោត​ ហើយ​មិនអាច​មកបោះ​ដោយ​ផ្ទាល់​ជាដើម។

តើការបោះឆ្នោតតាមប្រអប់សំបុត្រធ្វើឡើងដោយរបៀបណា?
សូម​រង់ចាំ

No media source currently available

0:00 0:02:27 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម


អ្នកស្រី​ ប៉ង់ ចំប៉ា បាន​បញ្ជាក់​ថា៖

«នេះជាអ្វីថ្មីមួយ​ដែលប្រជាជនខ្មែរ​យើង​អត់ទាន់​ធ្លាប់ ​ម្ល៉ោះ​ហើយ​វាអាចធ្វើឲ្យ​យើង​ខកពេល​និង​ខាត​ការបោះឆ្នោត​ដែរ​បើសិនជា​យើង​អត់បង្រៀន​ប្រជាជន​យើង»។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​រិះគន់​ការបោះឆ្នោត​តាម​សំបុត្រដោយលោកចាត់ទុក​ថាវា​ធ្វើឲ្យ​មានការគៃបន្លំសន្លឹកឆ្នោត។ ប៉ុន្តែ​លោក គុជ ចាន់លី​បានបោះឆ្នោតតាមសំបុត្រសម្រាប់ការបោះឆ្នោតបឋម​កាលពីថ្ងៃអង្គារ​សប្តាហ៍​មុន​ហើយ​លោក​សម្តែង​ទំនុកចិត្ត​លើវិធី​ថ្មីនេះ​ព្រោះ​វា​សមស្រប​ទៅ​តាម​ស្ថានភាព​វិបត្តិ​សុខភាព​នៅ​ពេល​នេះ។

«ការពិសោធ​កន្លង​មក​ហើយ​ដែល​យើង​ទទួល​ក្នុងលក្ខណៈ​ជាអវិជ្ជមានវា​ធ្វើឲ្យ​ការបោះឆ្នោត​កាន់តែ​ល្អឡើងៗ​ទៅវិញ​ពីព្រោះ​យើង​បាន​រៀន​មេរៀន​។ ស្រុក​អាមេរិកនេះ​គេ​ឆាប់រៀន​មេរៀន​ណាស់​ហើយ​គេ​ធ្វើ​ការផ្លាស់ប្តូរតម្រូវទៅតាម​ហ្នឹង​ដូច្នេះហើយ​ខ្ញុំ​ជឿលើ​ប្រព័ន្ធនៃការបោះឆ្នោត។ ទាំងការបំពេញ​ក្រដាស​ស្នាម​ទៅឲ្យ​គេ​ទៀត​គឺថា​ពិបាក​នឹង​មាន​បរទេស​ណាមួយ​ឬ​ជនខិលខូច​ណាមួយ​គេ​ធ្វើការ​បន្លំសន្លឹកឆ្នោត​នេះ​ណាស់។​ ដូច្នេះខ្ញុំ​មានទំនុកចិត្ត»។​

ទន្ទឹមនឹងគាំទ្របេក្ខជនប្រធានាធិបតី ពលរដ្ឋ​ខ្មែរខ្លះ​ក៏គាំទ្របេក្ខជនប្រចាំរដ្ឋហើយ​ក៏ចូលរួម​សកម្មភាព​ឃោសនា​នេះ​ដែរ។

អ្នកស្រី ធិត គឹមហ៊ុន​ សាស្ត្រាចារ្យ​ខាង​បច្ចេកទេស​ឱសថសាស្ត្រនៃ​មហាវិទ្យាល័យ​សហគមន៍​ Davidson ​នៅរដ្ឋ​ណ័សការ៉ូឡាញណា​បានចូលរួម​ជួយ​ធ្វើ​យុទ្ធនាការ​ឃោសនា​ជួយ​ដល់​បេក្ខជន​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​ដោយ​បាន​ជួយលោក​ថេត បាត់ (Ted Budd) ​ សមាជិក​សភា​តំណាងរាស្ត្រមណ្ឌល​១៣ នៃ​រដ្ឋ​ណ័សការ៉ូឡាញណា ​និង​លោកដែន ហ្វរ៉ែស (Dan Forest) សម្រាប់​តំណែង​អភិបាលរដ្ឋ​និង​ចៅក្រម ​អេព្រិល ស្មីត (​April Smith)​ សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​ប្រចាំ​រដ្ឋ។

អ្នកស្រី ថិត គឹមហ៊ុន ​បាន​បញ្ជាក់​ថា​អ្នកស្រីបាន​ចូលរួមធ្វើយុទ្ធ​នាការ​តាម​បណ្តាញ​សង្គម​ដូចជា​ចែក​រំលែក​បន្ត​ ចូល​ធ្វើអត្ថាធិប្បាយ​គាំទ្រ​ នៅរាល់ពេល​ដែល​បេក្ខជន​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ បន្ថែម​ពីលើនោះ​អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ដឹកស្បៀង​ចែក​ដល់​ពលរដ្ឋ​ចាស់ៗ​នៅក្នុង​រដ្ឋដែល​អាច​មាន​ហានីភ័យ​សុខភាព​បើ​ចេញ​ពី​ផ្ទះ។

អ្នកស្រី​ គឹមហ៊ុន​ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ត្រូវចូលរួម​សកម្មភាព​នយោបាយ​របស់​អាមេរិកាំង៖

«នេះជាជំហាន​ដែល​ខ្ញុំបានធ្វើ​មួយឆ្នាំ ពីរឆ្នាំហើយ អីចឹងខ្ញុំ​នឹងពង្រឹងពួកគាត់​ឲ្យ​បាន​យល់ដឹង​ឲ្យ​បាន​ច្រើន​ដែរ​ដើម្បី​ពួកគាត់​ជួយ ដោយសារក្នុង​តួនាទីជាពលរដ្ឋខ្មែរ​អាមេរិកាំងយើង​មានសារៈសំខាន់​ណាស់​ក្នុង​ការចូល​រួ​ម​ជា​សំឡេង​មួយ​នៅ​ក្នុង​សហគមន៍»។​

បញ្ហា​រើសអើង​ពូជសាសន៍​ពណ៍សំបុរ​ ក៏កំពុងតែ​ក្លាយជា​ប្រធាន​បទក្តៅ​ដែល​អ្នកបោះឆ្នោត​យកចិត្ត​ទុក​ដាក់​ផងដែរ​បន្ទាប់​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់ឈ្មោះ​ចច ផ្លយ បាន​ស្លាប់ក្រោយពីប៉ូលិស​នៅ​រដ្ឋ​មីនីសូតា​បានឃាត់​ខ្លួន​និង​សង្កត់ក​គាត់​កាលពី​ចុង​ខែឧសភា។

រូបឯកសារ៖ បុរស​ម្នាក់​ឈរ​នៅមុខ​ផ្ទាំងគំនូរ​របស់​លោក George Floyd ដែល​ជា​បុរស​ស្បែកខ្មៅ​ដែល​បាន​ស្លាប់​នៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis រដ្ឋមីនីសូតា កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​ឈរ​នៅមុខ​ផ្ទាំងគំនូរ​របស់​លោក George Floyd ដែល​ជា​បុរស​ស្បែកខ្មៅ​ដែល​បាន​ស្លាប់​នៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis រដ្ឋមីនីសូតា កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ពលរដ្ឋ​អាមេរិកាំង​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​នៅស្ទើរ​តែ​គ្រប់​រដ្ឋ​ទាមទារ​យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​ឲ្យ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌ ​ហើយ​លោកប្រធានាធិបតី​ត្រាំ​រង​ការរិះគន់​ជាច្រើន​លើ​វិធីដោះស្រាយ​របស់​លោក​ជាពិសេស​ការយក​កងកម្លាំង​ឆ្មាំ​ជាតិ​មក​រក្សា​សន្តិសុខ​នៅ​រដ្ឋ​មួយ​ចំនួន​និង​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏ដូចជា​ការប្រើ​កម្លាំង​ប៉ូលិស​ឲ្យ​បណ្តេញ​បាតុករ​អហិង្សា​ចេញពី​មុខ​វិហារគ្រឹស្តសាសនា​មួយ​នៅ​ក្បែរ​សេត​វិមាន​ដើម្បី​លោក​បានទៅឈរថតរូប​ជាដើម​។

លោក សាវីន ជូ​ បាន​ការពារ​លោកត្រាំ​ហើយ​ថាបាតុកម្ម​នោះ ​គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ​និងបានចាត់​ទុក​ថា​ប្រទេស​ណាក៏មានការរើសអើងដែរ​ប៉ុន្តែវា​ជា​រឿង​បុគ្គលទេ។​

ចំណែក​អ្នកស្រី​ ធិត គឹមហ៊ុន ​យល់​ថា ​ការចូលរួម​សកម្មភាព​នយោបាយ ​គឺកាន់តែ​ជួយ​លុប​បំបាត់​ការរើសអើង។

«កាលណា​យើង​ចូលរួម​ក្នុង​ការងារសហគមន៍​ជាមួយនឹង​អភិបាលរដ្ឋ​អាមេរិកាំងច្រើន​វាធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ហើយ​កាត់​បន្ថយ​ភាព​រើស​អើង​ច្រើន​ដោយសារ​យើង​។ ធម្មតា​មនុស្ស​ជាតិ​យើង​តែងតែ​ព្រួយ​បារម្ភ​ពីគ្នា​ទៅវិញ​ទៅមក​ បើសិនជាមានការយកចិត្តទុកដាក់​គឺ​សហគមន៍​របស់​យើង​រាប់អាន​គ្នា​បានល្អ​ទៅវិញ​ទៅមក»។​

ក្រៅពីកត្តាសេដ្ឋកិច្ច ​នយោបាយ ​និង​ការរើសអើងជាតិសាសន៍នៅក្នុង​សហរដ្ឋ​អាមេរិក​ សកម្មជន​ខ្មែរ​អាមេរិកាំង​ក៏ភ្ជាប់​គោលនយោបាយ​ការបរទេស​របស់​បេក្ខជន​នីមួយៗ​ទៅនឹង​ស្ថានភាព​នយោបាយ​នៃ​ប្រទេស​កំណើត​ផងដែរ។

លោក ជា មាស ​រស់​នៅ​រដ្ឋ​ផឹនស៊ីលវេនៀ ​ជារដ្ឋ​ដែល ​លោកត្រាំ​បាន​ឈ្នះ​ក្នុងការបោះឆ្នោត​កាលពី​ជាង៣​ឆ្នាំ​មុន។ លោកក៏បានបោះឆ្នោត​គាំទ្រ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំដែរ។ ប៉ុន្តែសម្រាប់​ការបោះឆ្នោត​លើកនេះ​គឺ​លោក ជា មាស ​មិនទាន់សម្រេចចិត្តទេ។​ លោកនឹង​សម្រេចចិត្ត​គាំទ្រ​បេក្ខជន​ណាមួយ​គឺ​អាស្រ័យ​លើ​កត្តា​ក្នុងស្រុក​និង​នយោបាយការបរទេសរបស់​ពួកគេ​ ​ជាពិសេស​កត្តា​នយោបាយ​នៅ​កម្ពុជា។​

លោក ​ជា មាស​ បាន​បន្ថែម​ថា លោក​សង្កេត​ឃើញ​ថារដ្ឋបាលលោកត្រាំ​មានទំនាក់ទំនងល្អ​ជាមួយ​នឹង​រាជរដ្ឋាភិបាលកម្ពុជា ​សូម្បី​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ក៏ដោយ​ហើយនៅបន្តជួយការកែទម្រង់​រាល់ពេលវេលា​និងផ្តល់ជំនួយដល់​អង្គការក្រៅ​រដ្ឋាភិបាល​ដដែល។​

លោក​ជា មាស​បន្ថែម​ថា៖

«ទាំងនេះ​ជាចំណុច​សំខាន់ដែល​ខ្ញុំ​ត្រូវ​ក្តាប់​យក​ថា​រដ្ឋាភិបាល​របស់​លោក​ត្រាំ នេះ​នៅ​យ៉ាងម៉េច​ហើយ​ម្យ៉ាងទៀត​សូម្បីតែមានគំនាប​រឿង​ EBA រឿងអីផ្សេងៗ​ រឿងដល់រំលាយ​គណបក្ស​អីក្តី​ក៏ប៉ុន្តែ​ស្ថាប័ន​របស់​រដ្ឋ​មិនទាន់​មាន​គំនាប​អ្វីនៅឡើយ​ទេ​សូម្បី​តែច្បាប់​ដែល​អាមេរិក​បាន​ធ្វើ​ក៏​ដោយសារមានរឿង​ផ្ទាល់​ខ្លួន​ហ្នឹង​មិន​ទាន់​ដំណើរការច្បាស់​លាស់នៅឡើយ​ទេ​បើសិន​ជារដ្ឋាភិបាល​កែ»។​

ការណ៍នេះ​ត្រូវ​លោក សាវីន ជូ ​យល់ថា​វាទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​កាន់តែ​សកម្ម​ដើម្បី​រដ្ឋបាល​ថ្មី​មើល​ឃើញ​និង​ជួយ​បំពេញ​តាម​ការចង់​បាន​របស់​សហគមន៍​ខ្មែរ​ផងដែរ៕

XS
SM
MD
LG