ការធ្វើឱ្យគណបក្សសង្គ្រោះជាតិ មានចលនារំកិលទៅមុខ និងការរួបរួមរបស់អ្នកប្រជាធិបតេយ្យដើម្បីប្រឆាំងអំណាចផ្តាច់ការ ជាសារនយោបាយក្នុងឃ្លីបវីដេអូមួយ ដែលបានបង្ហាញពីការប្រកាសដំណើរការចលនាសង្គ្រោះជាតិ ហើយត្រូវតុលាការក្រុងភ្នំពេញយកមកប្រើប្រាស់ជាភស្តុតាងគាំទ្រការចោទប្រកាន់បទញុះញង់ និងរួមគំនិតក្បត់លើថ្នាក់ដឹកនាំ និងអតីតសកម្មជនបក្សជំទាស់២១នាក់ ដែលមាន១៣នាក់ កំពុងជាប់ឃុំ។
ឃ្លីបវីដេអូមានរយៈពេលជាង៣ម៉ោងនោះ ត្រូវតុលាការចាក់បញ្ចាំងតាមប្រព័ន្ធកុំព្យូទ័រនៅចំពោះមុខជនជាប់ចោទទាំង១៣នាក់ ដែលបានមកបង្ហាញខ្លួនក្នុងសាលសវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះ ជាភស្តុតាងមួយថ្មីបន្ថែមទៀត ក្នុងចំណោមភស្តុតាងយ៉ាងហោចណាស់ជាង១០ ដែលត្រូវបានតុលាការបញ្ចេញកន្លងមក។ ភស្តុតាងទាំងនោះ មានខ្លះ ជាឃ្លីបវីដេអូខ្លីៗ ខ្លះជាការសន្ទនាតាមទូរសព្ទ និងខ្លះទៀត ជាការអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុកអមដោយរូបភាពមួយចំនួន។
បើតាមឃ្លីបវីដេអូនោះ ចលនាសង្គ្រោះជាតិដែលត្រូវបានប្រកាសនៅក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ មានគោលដៅសំខាន់ៗពីរ គឺធ្វើឱ្យគណបក្សសង្គ្រោះជាតិ បានវិលមកចូលរួមការបោះឆ្នោតវិញ និងទាមទារសិទ្ធិសេរីភាពឱ្យលោក កឹម សុខា។ ចលនានោះ ក៏មានបំណងជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជា។
ក្នុងឃ្លីបវីដេអូដែលមានរយៈពេលជាងបីម៉ោងនោះ គេឃើញមានវត្តមានអតីតថ្នាក់ដឹកនាំ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើនរូប ដែលរួមមានលោក សម រង្ស៊ី ភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង លោក តុ វ៉ាន់ចាន់ លោក នុត រំដួល និងលោក ហូរ វ៉ាន់។ សកម្មជនការពារសិទ្ធិដីធ្លីលោក សៀ ភារម្យ ដែលជានាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ពេលលោករស់នៅប្រទេសកម្ពុជា ក៏បង្ហាញមុខក្នុងពិធីប្រកាសចាប់ផ្តើមចលនាសង្គ្រោះជាតិនោះដែរ។
លោក សៀ ភារម្យ បានរិះគន់ធ្ងន់ៗលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចផ្តាច់ការ ប្រព្រឹត្តអំពើពុករលួយ និងការបណ្តេញចេញពលរដ្ឋពីផ្ទះសម្បែងដោយបង្ខំ និងថា រដ្ឋាភិបាលប្រទេសកម្ពុជា ក៏បានបង្កការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋ និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងដីធ្លីដែលចេះតែកើតមាន ក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
អ្នកការពារសិទ្ធិលំនៅដ្ឋានរូបនេះបន្ថែមថា លោកបានគេចខ្លួនមកស្នាក់នៅសហរដ្ឋអាមេរិក ដោយសារអង្គការរបស់លោក និងអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាពីរផ្សេងទៀត ត្រូវបានក្រសួងមហាផ្ទៃដាក់ក្នុងបញ្ជីខ្មៅនៃអ្នកមានទំនាក់ទំនងនឹងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។
ដោយឡែក អនុប្រធានអតីតគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បាននិយាយថា អ្នកប្រជាធិបតេយ្យ និងអ្នកសេ្នហាជាតិ គួរបញ្ឈប់ការបង្កជម្លោះដាក់គ្នា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោល និងងាកមកចូលរួមទាមទារឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងទាមទារឱ្យលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀតមានសេរីភាពឡើងវិញ។
លោកលើកឡើងថា៖ «ពេលវេលានេះ អត់ត្រូវមានអរិភាពនឹងគ្នាទេ គឺត្រូវសម្រេចគោលដៅឱ្យគណបក្សសង្គ្រោះជាតិដំណើរការ»។ លោក អេង ឆៃអ៊ាង បន្ថែមថា៖ «អ្វីដែលខ្ញុំភ័យបំផុត គឺ សម រង្ស៊ី ឈប់ចេញមុខធ្វើនយោបាយ»។
គួររំឭកផងដែរថា នៅក្នុងសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ ដែលតុលាការក្រុងភ្នំពេញ កំពុងបន្តជំនុំជម្រះនោះ មានជាប់ពាក់ព័ន្ធនឹងជនជាប់ចោទ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមមានលោក សម រង្ស៊ី ភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក តុ វ៉ាន់ចាន់ និងលោក នុត រំដួល ដែលកំពុងភៀសខ្លួនចេញពីប្រទេស។
បើតាមឃ្លីបវីដេអូដែលបានចាក់បញ្ចាំងក្នុងសាលសវនាការនៅតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ លោក សម រង្ស៊ី ត្រូវបានគេឃើញអមដំណើរពីក្រោយដោយលោក ហូរ វ៉ាន់ និងអ្នកស្រី ជូឡុង សូមូរ៉ា ដើម្បីចូលរួមប្រកាសចលនាសង្គ្រោះជាតិ ដែលលោក សម រង្ស៊ី ធ្លាប់អះអាងថា ជារូបមន្តល្អប្រសើរមួយដើម្បីតទល់នឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
មេធាវីការពារក្តីឱ្យជនជាប់ចោទលោក សំ សុគង់ បានប្រាប់វីអូអេ ក្រោយសវនាការនៅថ្ងៃព្រហស្បតិ៍ថា ភស្តុតាងជាវីដេអូដែលមានរយៈពេលជាងបីម៉ោង មិនជាប់ទាក់ទងនឹងកូនក្តីទាំង១៣នាក់ដែលកំពុងស្ថិតក្នុងឃុំទេ។ ដូច្នេះលោកថា ភស្តុតាងនេះ ក៏មិនសូវមានប្រយោជន៍ដល់សវនាការកូនក្តីរបស់លោកដែរ ហើយកូនក្តីលោកក៏ប្រាប់លោកថា ពួកគាត់មិនដែលបានឃើញឃ្លីបវីដេអូនោះទេ។ លោកថ្លែងថា៖
«អ៊ីចឹង យើងឃើញថា បើខ្ញុំធ្លាប់ជួបពួកគាត់ នៅក្រៅបន្ទប់សវនាការ ក៏ដូចនៅពេលដែលកំពុងសវនាការពេលសម្រាកហ្នឹង គឺពួកគាត់ថា វីដេអូនេះ គឺគាត់មិនបានដឹងក៏មិនបានឃើញ ហើយក៏មិនបានមានពេលវេលាក្នុងការស្តាប់ ក្នុងថ្លែងសារអីផ្សេងៗរបស់អ្នកនយោបាយដែរ»។
លោកបន្ថែមថា៖ «ហើយវីដេអូនេះ បើយើងមើលគឺជាវោហារសាស្ត្រ...គឺជាថ្នាក់ដឹកនាំគណបក្សអតីតគណបក្សសង្គ្រោះជាតិថ្លែងវោហាសាស្ត្រនយោបាយ នៅក្នុងអំឡុងពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយពួកគាត់ត្រូវបាននិរទេសទៅរស់នៅក្រៅប្រទេសតែប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម រស់ ពិសិដ្ឋ បានលើកពេលសវនាការរបស់ជនជាប់ចោទទាំង១៣នាក់ទៅបន្តធ្វើនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីរដ្ឋបាលតុលាការបានចាក់បញ្ចាំងឃ្លីបវីដេអូនោះ បានជាង២ម៉ោង។
សវនាការសប្តាហ៍ក្រោយ តុលាការ នឹងចាក់បញ្ចាំងបញ្ចប់វីដេអូ ដែលមានរយៈពេលសរុប៣ម៉ោង ១៩នាទី និង១៣វិនាទី។
នៅឯក្រៅរបងតុលាការក្រុងភ្នំពេញ ការតវ៉ាមួយរបស់ស្ត្រីមួយក្រុមប្រឆាំងការឃុំខ្លួនសកម្មជន១៣នាក់របស់អតីតគណបក្សសង្គ្រោះជាតិ មិនទាន់បញ្ចប់ នៅពេលតុលាការប្រកាសបិទសវនាការ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកតវ៉ាជាស្ត្រីយ៉ាងហោចណាស់៦នាក់ បានកាន់បដាស្រែកទាមទារតុលាការឱ្យដោះលែងជនជាប់ចោទ ដែលភាគច្រើនជាស្វាមីរបស់ពួកគាត់។
ទន្ទឹមនឹងពេលដែលស្ត្រីទាំងនោះឈរស្រែករកយុត្តិធម៌ជូនជនជាប់ចោទនៅមុខតុលាការក្រុងភ្នំពេញ ពួកគាត់ត្រូវគេឃើញថា បានប្រឈមនឹងការប្រើហិង្សាពីសំណាក់កងសន្តិសុខមួយក្រុមមានគ្នាប្រហែល១០នាក់ក្នុងខណ្ឌ៧មករា ដែលបានដណ្តើមឆក់យកបដាមួយសន្លឹកដែលសរសេរជាភាសាបារាំង និងមានបកប្រែជាភាសាខ្មែរថា៖ «យុត្តិធម៌ត្រូវតែមានដល់អ្នកស្នេហាជាតិ»។
ជនជាប់ចោទ១៣នាក់ ដែលស្ត្រីអ្នកតវ៉ាទាំងនោះ ទាមទារឱ្យបានចេញពីពន្ធនាគារ រួមមានលោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ស៊ុន ធន់ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និងលោក ងិន ឃាន៕