កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានព្រមានថា ខ្លួនត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើការសន្ទនារឬក៏ត្រូវប្រឈមមុខដាក់គ្នាជាមួយនឹងសហរដ្ឋអាមេរិក និងបានព្រមានទៀតថា ខ្លួនបានទុកពេលឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រប់គ្រាន់ហើយ ដើម្បីឲ្យអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនក្នុងការទម្លាយភាពជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។
នៅក្នុងសារមួយដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho បានថ្លែងថា នឹងមានរឿងស្មានមិនដល់កើតឡើង ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរដ្ឋាភិបាលកូរ៉េខាងជើង។
លោក Ri បានថ្លែងក្នុងសម្តីដើមថា៖ «យើងបានផ្តល់ការពន្យល់ល្អិតល្អន់ដែលភាគីសហរដ្ឋអាមេរិកគួរតែបានយល់ហើយ ហើយយើងក៏បានទុកពេលវេលាល្មមគ្រប់គ្រាប់ហើយដែរ។ យើងត្រៀមខ្លួនរួចហើយមិនថាជាការសន្ទនារឬត្រូវប្រឈមមុខដាក់គ្នា»។
សេចក្តីថ្លែងការណ៍នេះបានព្រមានទៀតថា កូរ៉េខាងជើងអាចនៅតែជាការគំរាមកំហែងខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរអង្វែង។
នេះគឺជាសញ្ញាថ្មីចុងក្រោយដែលបង្ហាញថា កូរ៉េខាងជើងប្រហែលជានឹងមិនបន្តកិច្ចចរចាក្នុងពេលឆាប់ៗនេះទេ បូករួមទាំងការមិនពេញចិត្តទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលទើបតែបញ្ចប់នៅសប្តាហ៍នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានសន្យាជាមួយលោកតាមរយៈលិខិតផ្ទាល់ខ្លួនមួយថា នឹងឈប់បាញ់គ្រាំជ្រួចម៉ីស៊ីល ហើយនឹងចាប់ផ្តើមការចរចាភ្លាមៗបន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមគ្នានេះ។
នៅក្នុងសេក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការបរទេស Ri បានរិះគន់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលបាននិយាយនាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងរក្សាទុកទណ្ឌកម្មធ្ងន់ធ្ងរបំផុតទៅលើកូរ៉េខាងជើង៕