លោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរងការចោទពីបទក្បត់ជាតិ ប្រាប់អង្គសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកធ្វើនយោបាយចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈការបោះឆ្នោត មិនមែនតាមការធ្វើបដិវត្តន៍ពណ៌នោះទេ។
សវនាការថ្ងៃទី៦ សប្តាហ៍ទី៣នេះ បានចាប់ផ្តើមបន្តដោយមេធាវីរបស់លោកកឹម សុខាបានសុំឲ្យលោកកឹម សុខា ពន្យល់ពីពាក្យថា«ផ្លាស់ប្តូរ»។
លោកកឹម សុខា បានថ្លែងថា រហូតមកដល់ពេលនេះអាចមានការយល់ច្រឡំ ឬការមិនយល់គ្នាអំពីពាក្យ«ផ្លាស់ប្តូរ»។ លោកបន្តថា ពាក្យថា ការផ្លាស់ប្តូរដែលលោកតែងប្រើ មិនមែនជាបដិវត្តន៍ ឬមិនមែនជាការផ្តួលរំលំរដ្ឋាភិបាលដោយហិង្សាណាមួយទេ ប៉ុន្តែលោកថា រាល់សកម្មភាពរបស់លោកកន្លងមកគឺឆ្ពោះទៅរកការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោកកឹម សុខាបញ្ជាក់ថា៖ «មួយជីវិតរបស់ខ្ញុំនេះគឺខ្ញុំមិនផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ពណ៌ ឬតាមហិង្សានោះទេ»។
សវនាការព្រឹកនេះមានការបន្តសួរដេញដោលសកម្មភាពរបស់លោកកឹម សុខា ពីឆ្នាំ២០០៧ដល់២០១២។ ក្នុងនោះមានការដេញដោលពីភ័ស្តុតាងជារូបថត និងមូលហេតុដែលលោកកឹម សុខា លាលែងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ មានការចោទសួរអំពីការចាប់ផ្តើមបង្កើតគណបក្សសិទ្ធិមនុស្ស ថវិកាដែលលោកកឹម សុខា ទទួលបាន និងថវិកាសម្រាប់បង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស។ មានការបង្ហាញភ័ស្តុតាងជារូបថតមួយចំនួនផងដែរ។
មេធាវីមួយរូបទៀតរបស់លោកកឹម សុខា គឺអ្នកស្រីម៉េង សុភារី បានបង្ហាញភ័ស្តុតាងរូបថតជាច្រើនសន្លឹកពាក់ព័ន្ធនឹងជំនួបរបស់លោកកឹម សុខា ជាមួយប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីជប៉ុន ព្រមទាំងរូបថតនៃការធ្វើសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ដែលមានគណបក្សនយោបាយជាច្រើនចូលរួម រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។
មេធាវីដដែលបញ្ជាក់ថា រូបថតទាំងនេះបង្ហាញថា លោកកឹម សុខា មានទំនាក់ទំនងជាមួយប្រទេសជាច្រើនទៀត មិនមែនមានតែសហរដ្ឋអាមេរិកនោះទេ ហើយថា វិទ្យាស្ថាន IRI និងវិទ្យាស្ថាន NDI គឺជួយគណបក្សទាំងអស់ មិនមែនជួយតែគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា នោះទេ។
ចៅក្រមមួយរូបក្នុងចំណោមបីរូបគឺលោកសេង លាង បានសួរលោកកឹម សុខា អំពីថវិកា និងជំនួយបច្ចេកទេសក្នុងការបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស ថាតើមានបរទេសណាជួយទេ? លោកកឹម សុខា ឆ្លើយថា ជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសគឺជាអ្នកផ្តល់ថវិកា ចំណែកជំនួយបច្ចេកទេសមានតែខ្មែរប៉ុណ្ណោះ មិនមានបរទេសនោះទេ។
លោកវង្ស ប៊ុនវិសុទ្ធ តំណាងអយ្យការមួយរូប សួរលោកកឹម សុខា ថា តើប្រើយុទ្ធសាស្រ្តអ្វីក្នុងការប្រមូលកម្លាំងអ្នកស្នេហាជាតិ និងទាក់ទាញអ្នកគាំទ្រគណបក្សសិទ្ធិមនុស្ស?
លោកកឹម សុខា ឆ្លើយថា ផ្អែកលើគោលនយោបាយ ហើយលោកធ្វើនយោបាយរកចំណុចល្អឲ្យពលរដ្ឋ និងអ្នកគាំទ្រពេញចិត្ត។
តំណាងអយ្យការលោកប្លង់ សុផល បានស្នើឲ្យមានការចាក់ឃ្លីបសំឡេងអំពីការផ្តល់បទសម្ភាសន៍របស់លោកកឹម សុខា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបលោក Daniel Baer ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ មុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។
លោកប្លង់ សុផល បានសួរលោកកឹម សុខា អំពីខ្សែអាត់សំឡេងពាក់ព័ន្ធនឹងការស្នើសុំសហរដ្ឋអាមេរិកគាំទ្រអង្គការមិនមែនរដ្ឋាភិបាល ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI)និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) របស់អាមេរិកដែលធ្វើការលើការបោះឆ្នោត និងប្រជាធិបតេយ្យដើម្បីឲ្យអង្គការទាំងនោះជួយគណបក្សនយោបាយ។
លោកកឹម សុខា បានបញ្ជាក់ថា លោកបានស្នើសុំឱ្យលោក Daniel Baer ផ្តល់ថវិកាដល់អង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ដើម្បីជួយគណបក្សនយោបាយទាំងអស់ក្នុងការពង្រឹងសមត្ថភាពយុវជន និងជជែកដេញដោលរវាងគណបក្សនយោបាយ ដូចដែលអង្គការទាំងនោះបានធ្វើនៅកម្ពុជាកន្លងមក។
វិទ្យាស្ថាន NDI ប្រចាំប្រទេសកម្ពុជាត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបិទលែងឱ្យដំណើរការក្នុងប្រទេស ហើយថែមទាំងបណ្ដេញបុគ្គលិកបរទេសនៃអង្គការនេះ ចេញពីកម្ពុជាកាលពីខែសីហាឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា អង្គការនេះ បានជួយរៀបចំគម្រោងការឱ្យគណបក្សសង្គ្រោះជាតិផ្ដួលរំលំរដ្ឋាភិបាល។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក រួមជាមួយម្ចាស់ជំនួយ និងអង្គការអន្តរជាតិជាច្រើនទៀត បានផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមជាច្រើនឆ្នាំ ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រទេសកម្ពុជាដែលសុំជំនួយបច្ចេកទេសក្នុងការពង្រឹងស្ថាប័នប្រជាធិបតេយ្យ កសាងសមត្ថភាព និងជំរុញការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នកស្រីបញ្ជាក់ថា៖
«កម្មវិធីទាំងនេះត្រូវបានអនុវត្តតាមរយៈដៃគូអន្តរជាតិ និងក្នុងស្រុក ដែលបានបង្កើតឡើងយ៉ាងល្អសម្រាប់គណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរដ្ឋាភិបាលជាច្រើន ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
នៅក្នុងសវនាការដដែលនោះ មេធាវីតំណាងរដ្ឋាភិបាលលោកលី ចាន់តុលា បានសុំឲ្យលោកកឹម សុខា បញ្ជាក់អំពីរូបថតដែលលោកកឹម សុខា ចាប់ដៃជាមួយមន្រ្តីជាន់ខ្ពស់បរទេស ដូចជាចិន និងជប៉ុនទាំងនោះថា មានការជជែកដាច់ដោយឡែក ឬទំនាក់ទំនងជិតស្និទ្ធទេ? លោកកឹម សុខា ឆ្លើយថា ពិបាកឆ្លើយណាស់ ហើយលោកថា លោកមិនចាំការជជែកក្នុងជំនួបទាំងនោះទេ។
លោកលី ចាន់តុលា ក៏បានបន្តសួរអំពីចំណូល និងចំណាយរបស់គណបក្សសិទ្ធិមនុស្ស ដោយថា មិនមានការបញ្ជាក់លម្អិតថា ចំណូលបានពីណា និងចំណាយលើអ្វីខ្លះ? លោកកឹម សុខា ឆ្លើយថា ចំណូលចំណាយគ្រប់យ៉ាងគឺធ្វើតាមការកំណត់ដោយច្បាប់ និងក្រសួងមហាផ្ទៃ។
ក្រោយការជជែកជាងបីម៉ោង ចៅក្រមលោកកូយ សៅ បានប្រកាសបិទសវនាការនៅម៉ោងប្រមាណជា១១:៤០នាទី។
សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា ដែលចាប់ផ្តើមតាំងពីដើមខែមករារហូតមកដល់ពេលនេះ មិនទាន់បញ្ជាក់ថា តើលោកកឹម សុខា បានឃុបឃិតជាមួយជនបរទេសរូបណា ឬទទួលបានថវិកា ឬជំនួយពីជនបរទេសរូបណាដើម្បីរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជានៅឡើយទេ៕