ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា នៅ​តែ​អះអាង​ថា លោក​ប្រកាន់​យុទ្ធសាស្រ្ត​«អហិង្សា»


លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​ ក្នុង​សវនាការ​ជំនុំ​ជម្រះសំណុំ​រឿង​ក្បត់​ជាតិ​របស់មេដឹកនាំ​បក្ស​ប្រឆាំង​ ព្រះរាជ​អាជ្ញា​ និង​មេធាវី​ដើម​បណ្តឹង​ បាន​សួរ​ដេញ​ដោល​លោក​ កឹម​ សុខា ​ឲ្យ​ពន្យល់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅ​សហរដ្ឋអាមេរិក​ គោល​បំណងធ្វើ​ជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ ការបង្កើត​គណបក្ស​ ទំនាក់​ទំនង​របស់​លោក​ជាមួយ​អង្គការ​មួយ​របស់​អាមេរិក​ ដែល​ជួយ​គណបក្ស​នានាពីអភិបាលកិច្ច​ល្អ​ និង​អត្ថន័យ​សារ​នយោបាយ​ «ដូរ ឬ​មិនដូរ»។

តំណាង​អយ្យការ​មួយ​រូប​ក្នុង​ចំណោម​ពីរ​រូប​គឺ​លោក វង្ស ប៊ុនវិសុទ្ធ ​និយាយ​ថា សកម្មភាព​ទាំង​នោះ​ស្រប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា ក្នុង​វីដេអូដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង​ ដែល​បាន​ប្រើ​ជា​ភស្តុតាង​ក្នុង​សវនាការ។

ព្រះ​រាជអាជ្ញា​ក៏​បាន​សួរ​លោក​ កឹម ​សុខា ​ឲ្យ​បញ្ជាក់​ពី​សព្វនាម​ប្រធាន​មនុស្ស​ទី​បី​ដែល​លោក​ កឹម​ សុខា​ និយាយ​នៅ​ក្នុង​វីដេអូ​នោះ​ដោយ​ប្រើ​ពាក្យ​ថា «គេ»។

លោក វង្ស ប៊ុនវិសុទ្ធ បាន​សួរ​ទៅ​កាន់​លោក កឹម សុខា ពី​ពាក្យ​ដែល​លោក កឹម សុខា ថ្លែង​ក្នុង​វីដេអូ​នោះ​ថា​ «គេ​បាន​សម្រេច​ថា​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ គេ ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​អំពី​នយោបាយ​មួយ​គន្លាក់​សិន»​ ដោយ​ព្រះរាជ​អាជ្ញា​សួរថា តើ​ពាក្យ​ «គេ» ​សំដៅ​លើ​នរណា? លោក កឹម សុខា បញ្ជាក់​ថា គេ​នោះ​គឺ​សំដៅ​លើពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក វង្ស ប៊ុន​វិសុទ្ធ ក៏បាន​សួរ​លោក កឹម សុខា លើក​ពី​ការថ្លែង​ក្នុង​វីដេអូ​ថា៖ «សហរដ្ឋ​អាមេរិក​ដែល​ជួយ​ខ្ញុំ​នេះ គេ​ឲ្យ​ខ្ញុំ​យក​ម៉ូដែល​តាម​នៅ​ប្រទេស​យូហ្គោស្លាវី និង​ស៊ែបបី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ​មេឡូសូវិច​បាន​នោះ» ដោយ​លោក​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​ឲ្យ​លោក កឹម សុខា យក​លំនាំ​តាម​ម៉ូដែល​ប្រទេស​យូហ្គោ​ស្លាវី? លោក កឹម សុខា ឆ្លើយ​ថា សហរដ្ឋ​អាមេរិក​នេះ​គឺ​សំដៅ​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​អាមេរិក ដែល​«ប្រឆាំង»​នឹង​ការ​ចូល​ចរចារ​របស់​លោក​ជាមួយ​គណបក្ស​កាន់​អំណាច​នា​ពេល​នោះ ទើប​មាន​ការ​លើកឡើង​ឲ្យ​លោក កឹម សុខា យក​លំនាំ​តាម​ប្រទេស​យូហ្គោស្លាវី។

ក្រោយ​ការ​សួររបស់​តំណាង​អយ្យការ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​បានចាប់​ផ្តើម​សួរ​លោក កឹម សុខា ប៉ុន្តែ​មុន​សួរ​មេធាវី​បាន​ស្នើឲ្យ​លោក កឹម សុខា ឈរ​ឆ្លើយដោយ​អះអាង​ថា សុខភាព​លោក​ កឹម សុខា ល្អ ហើយ​ទាំង​អយ្យការ​ដែល​សួរ​ទៅ​លោក កឹម សុខា សុទ្ធ​តែ​ឈរ។ ចៅក្រម គឺ​លោក កូយ សៅ បាន​សម្រេច​ឲ្យ​លោក កឹម សុខា ឈរ​ក៏​បាន អង្គុយ​ក៏​បាន​ ដោយ​យោង​ថា លោក​ កឹម សុខា មាន​បញ្ហា​សុខភាព​និង​ថា លោក​ពិបាក​ក្នុង​ការ​ឈរ​គ្រប់​ពេល​ដែល​មាន​ភាគី​ជាច្រើន​សួរ។

មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​មួយ​រូប​គឺ​លោក លី ចាន់តុលា ​បាន​សួរលោក កឹម សុខា ពី​ការ​ថ្លែង​ក្នុង​វីដេអូ​ថា៖ «ខ្ញុំ [កឹម សុខា]​ តស៊ូ​ជាមួយ​ពួក ហ៊ុន សែន នេះ​២០​ឆ្នាំ​ហើយ អត់​ដែល​រា​ថយ​ទេ ខ្ញុំ​សន្សំ​ម្ភៃ​ឆ្នាំ​ហើយ»។ លោក លី ចាន់តុលា សួរ​ថា តើ​លោក កឹម សុខា សន្សំ​អ្វី?

លោក កឹម សុខា ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អ្នក​នយោបាយ ជា​សកម្មជន​សិទ្ធិ​មនុស្ស សន្សំ​ឲ្យ​មាន​ការ​គាំទ្រ យល់​ដឹង​ រៀន​សូត្រ​ ខំ​បណ្តុះ​បណ្តាល​ខ្លួនឯង​ ហើយ​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​ផ្សេង​ទៀត រឿង​លទ្ធិ​ប្រជាធិបតេយ្យ»។ លោក កឹម សុខា បន្ត​ថា «ប្រជាធិបតេយ្យ​ប្រកួត​គ្នា​បែប​ហ្នឹង»។

លោក លី ចាន់​តុលា សួរ​បន្ថែម​ថា៖ «ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​ប្រជាធិបតេយ្យ​គេធ្វើ ហើយ​សហរដ្ឋ​អាមេរិក​គេ​ជួយ​ខ្ញុំ​នេះ គឺ​ឲ្យ​ខ្ញុំ​យក​ម៉ូដែល​ប្រទេស​យូហ្គោ​ស្លាវី និង​ស៊ែបប៊ី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ...» លោក​សួរ​ថា តើ​គេ​ប្រាប់​ឲ្យ​យក​តាម​ម៉ូដែល​អ្វី​ខ្លះ?

លោក កឹម សុខា ឆ្លើយ​ថា៖ «នេះ​ជាការ​លើកឡើង​របស់​ខ្មែរ​នៅ​អាមេរិក [...]​ ខ្ញុំ​ថា​ខ្ញុំ​មិន​យក​ក្បាល​ជល់​ថ្ម​ទេ ខ្ញុំ​មិន​បង្ហូរ​ឈាម​ខ្មែរ​ទេ។ ម៉ូដែល​ដែល​គេ​ប្រាប់​ខ្ញុំ ខ្ញុំ​អត់​ធ្វើ​តាម អត់​ចាប់​អារម្មណ៍»។

លោក លី ចាន់តុលា សួរ​បន្ថែម​ពេល​ដែល​លោក កឹម សុខា ថ្លែង​ថា យុទ្ធសាស្រ្ត​នោះ​ «ជោគ​ជ័យ»​ ថា​តើ​ជា​ «ជោគជ័យ» អ្វី? លោក កឹម សុខា ឆ្លើយ​ថា៖ «ជា​ជោគជ័យ​លទ្ធផល​បោះឆ្នោត នៅ​ពេល​ពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ»។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​បន្ត​សួរ​លោក​ កឹម​ សុខា ​ពាក់ព័ន្ធ​នឹង​«ពាក្យ​ថា​ដូរ ឬ​មិនដូរ» ដែល​ជា​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​ទៅ តើ​លោក កឹម ​សុខា មាន​បាន​បណ្តុះ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​ខ្ពើម ប្រកាន់​វណ្ណៈ ​ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ទេ? លោក កឹម សុខា និយាយ​ថា នោះ​ជា​សារ​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត ហើយ​ថា ​លោក​តែង​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋពី​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។

លោក​ កឹម​ សុខា ​បន្ថែម​ថា៖«ទស្សនៈ​នៃ​ការ​ផ្លាស់​ប្តូរ​ជា​ទស្សនៈ​សកល​នៃ​ការ​ផ្លាស់​ប្តូរ​បែប​ប្រជាធិបតេយ្យ​គឺ​ត្រូវ​បំបាត់ «ខ្លៅ ខ្លាច ឃ្លាន»។

ការ​សួរ​ដោះ​បន្ទុក​ពី​មេធាវី​ការពារ​ក្តី

ក្រោយ​ការ​ឆ្លើយ​សំណួរ​ដាក់​បន្ទុករបស់​អយ្យការ​និង​មេធាវី​ការពារ​ក្តី​របស់​រដ្ឋាភិបាល​ចប់ ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ​បាន​សួរ​សំណួរ​ស្រដៀង​គ្នា​មួយ​ចំនួន​ទៅ​កាន់​លោក កឹម សុខា ដើម្បី​ដោះ​បន្ទុក។

អ្នក​ស្រី​ ម៉េង ​សុភារី​ មេធាវី​មួយ​រូប​របស់​លោក​ កឹម​ សុខា​ បាន​សួរ​លោក កឹម ​សុខា ថា ហេតុ​អ្វីបាន​លោក កឹម សុខា ចង់​ពន្យល់​ពលរដ្ឋ​ឲ្យ​ដឹង​ពី​សិទ្ធិ​និង​ប្រជាធិបតេយ្យ? លោក កឹម សុខា ឆ្លើយ​ថា លោក​សិក្សា​កន្លង​មកឃើញ​ថា​ រាល់​ការ​ផ្លាស់​ប្តូរ​របបដឹកនាំ​សុទ្ធ​តែ​បង្ហូរ​ឈាម អត់​ធ្វើ​តាម​ឆន្ទៈ​រាស្រ្ត ហើយ​ថា​ លោក​ចង់​ឲ្យ​ពលរដ្ឋ​ដឹង​ពី​សិទ្ធិ ពី​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត ដោយ​មិន​ចង់​ឲ្យ​មានការ​ធ្វើ​បដិវត្តន៍។

អ្នកស្រី​ ម៉េង សុភារី សួរ​បន្ថែម​ថា ហេតុ​អ្វី​បាន​បង្កើត​គណបក្ស? លោក​ កឹម សុខា ថា ដើម្បី​អាច​ជួយ​ពលរដ្ឋ​មួយ​ជំហាន​ទៀត​ ទើប​ធ្វើ​នយោបាយប្រកួត​តាម​ការ​បោះឆ្នោត។

មេធាវី ម៉េង សុភារី ក៏​បាន​សួរ​ពី​ចំនួន​អាសនៈ​ដែល​លោក កឹម សុខា ទទួល​បាន​ចាប់​តាំង​ពី​ចូលរួម​និង​បង្កើត​គណបក្ស​នយោបាយ ហើយ​លោក កឹម​ សុខា លើក​ឡើង​ថា ដំបូង​លោក​ទទួល​បាន​៣​អាសនៈ ក្រោយ​មក​បាន​៥៥​អាសនៈ។ លោក កឹម សុខា បន្ថែម​ថា នេះ«គឺ​ជា​ជោគជ័យ​លើ​ការ​បោះឆ្នោត​ដោយ​មាន​ប្រជាពលរដ្ឋ​ជិត​ពាក់​កណ្តាល​នគរ [ប្រទេស​] បោះ​ឆ្នោត​ឲ្យ»។

មេធាវី​ដដែល​សួរ​បន្ថែម​ថា សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​ឲ្យ​ទៅ​រៀនពី​ប្រជាធិបតេយ្យ ឬ​បដិវត្តន៍? លោក កឹម សុខា ឆ្លើយ​ថា៖ «រៀន​ពី​ប្រជាធិបតេយ្យ មិន​រៀន​ពី​បដិវត្តន៍​ទេ»។

ក្រោយ​ការ​ជជែក​សួរ​នាំ និង​ដេញ​ដោល ដោយ​បន្ត​ទៅ​មេធាវី​របស់​លោក កឹម​ សុខា មួយ​រូប​ទៀត​បាន​ប៉ុន្មាន​នាទី លោក​ចៅក្រម កូយ សៅ បាន​សម្រេច​ប្រកាស​បិទ​សវនាការ​នៅ​ម៉ោង​ប្រមាណ​ជា​១២​រសៀល ដោយ​ប្រកាស​លើក​ពេលសវនាការ​ទៅ​ថ្ងៃពុធ​និង​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ។

ថ្ងៃ​ព្រហស្បតិ៍នេះ​គឺ​ជា​ថ្ងៃ​ទី​បួន​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​សវនាការសំណុំរឿង​លោក កឹម សុខា។ លោក កឹម សុខា ដែល​ស្ថិត​ក្នុង​រង្វង់​ក្រចក​សេះដោយ​ពេល​ខ្លះ​ឈរ​និង​ពេល​ខ្លះ​អង្គុយ លែង​មាន​ពូក​ទ្រាប់​អង្គុយ​ដូច​កាល​ពី​សវនាការ​ប៉ុន្មាន​ថ្ងៃ​មុន​ទៀត ក្រោយ​មេធាវី​ការពារ​រដ្ឋាភិបាលសំណូម​ពរ​ឲ្យ​ចៅក្រម​ពិចារណា​លើ​ការ​ដាក់​ពូក​ទ្រាប់​អង្គុយ​នេះ ថា​ខុស​ពី​ជនជាប់​ចោទ​ផ្សេង​ទៀត។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​មក ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​វីដេអូ​មាន​រយៈពេល​ជាង​ពីរ​នាទី ដែលស្រង់​ចេញ​ពី​វីដេអូ​វែង​ជាង​មួយ​ម៉ោង មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​ ចោទ​ប្រកាន់ ហើយ​ឃុំ​ខ្លួន​លោកក្នុង​ពន្ធនាគារ និង​បន្ត​សវនាការ​រហូត​មក​ដល់​ពេល​នេះ ក្រោម​បទ​ចោទ​ថា លោក កឹម សុខា ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិកដើម្បី​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល៕

XS
SM
MD
LG