ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សប្រមាណ ២៥០នាក់ បានស្លាប់ និងជាង១សែននាក់ទៀត ត្រូវបង្ខំចិត្តចាកចេញពីទីលំនៅរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងកុលសម្ព័ន្ធអារ៉ាប់ និងកុលសម្ព័ន្ធ Massalit កាលពីពាក់កណ្តាលខែមករា នៅតំបន់ Darfur ភាគខាងលិច និងភាគខាងត្បូង។
អង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សប្រមាណ៧ម៉ឺននាក់នៅក្នុងចំណោមអ្នកបាត់បង់ទីលំនៅ មកពីក្រុង El-Geneina នៃតំបន់ Darfur ភាគខាងលិច។ អ្នកនាំពាក្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក លោក Tomson Phiri និយាយថា មនុស្សទាំងនោះ មានសុខភាពរាងកាយទន់ខ្សោយ ដែលមួយចំនួន គឺដោយកង្វះខាតអាហារូបត្ថម្ភកម្រិតមធ្យម ឬកម្រិតខ្លាំង។
លោក Phiri បានថ្លែងបន្តថា កម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្តើមកម្មវិធីចែកចាយស្បៀងអាហារជាបន្ទាន់ ដែលមកទល់ពេលនេះបានទៅដល់មនុស្សចំនួនប្រមាណជា៤ម៉ឺននាក់នៅក្នុងមណ្ឌលចំនួន៣០កន្លែង។
លោក Phiri ថ្លែងថា៖ «ជំនួយរួមមាន ការផ្តល់អាហារចាំបាច់ប្រចាំថ្ងៃ។ យើងក៏ផ្តល់គ្រាប់ធុញ្ញជាតិ និងអំបិល ដើម្បីអាចឲ្យពួកគេយកទៅធ្វើជាម្ហូបអាហារ ហើយយើងក៏ផ្តល់នំប៊ីស្គីតដែលផ្តល់ថាមពលខ្ពស់ ដែលវាអាចផ្តល់ជីវជាតិភា្លមៗដល់កុមារ និងមនុស្សពេញវ័យ ដោយមិនចាំបាច់ត្រូវការទឹក ឬចម្អិន»។
លោក Phiri បានលើកឡើងថា កម្មវិធីស្បៀងអាហារពិភពលោក គ្រោងនឹងពង្រីកកម្មវិធីស្បៀងអាហាររបស់ខ្លួននៅពេលការវាយតម្លៃបានបញ្ចប់ ហើយតម្រូវការ នឹងត្រូវបានដឹងច្បាស់។ លោកបានបន្ថែមថា អង្គការរបស់លោកមានការព្រួយបារម្ភខ្លាំងអំពីអំពើហិង្សាដែលកំពុងបន្តកើតមានឡើងនៅតំបន់ Darfur។
លោក Phiri បានកត់សម្គាល់ថា មនុស្សភាគច្រើន ជាកសិករធម្មតាដែលពឹងផ្អែកលើការភ្ជួររាស់ដីដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ។ លោកបានបន្ថែមទៀតថា នៅចន្លោះខែវិច្ឆិកា និងខែមករា គឺជាពេលដាំដុះនៅរដូវត្រជាក់ និងជារដូវប្រមូលផលដំណាំប្រភេទខ្លះផងដែរ។
លោក Phiri ថ្លែងថា៖ «ទោះជាការបង្អាក់សកម្មភាពចិញ្ចឹមជីវិតក្នុងរយៈពេលខ្លីក៏ដោយ ក៏វាអាចមានផលប៉ះពាល់យូរអង្វែងដែរ។ ប្រសិនបើខកខានមិនបានដាំដុះ ឬប្រមូលផល គឺមិនអាចធ្វើឡើងវិញនោះទេ។ ប្រសិនបើសត្វពាហនៈ មិនអាចផ្លាស់ទីទៅរកតំបន់មានស្មៅ ឬទឹក ពួកវាអាច នឹងមិនរស់ទេ»។
កម្មវិធីស្បៀងអាហារពិភពលោក បានចូលរួមជាមួយទីភ្នាក់ងារដទៃទៀតក្នុងការអំពាវនាវសារជាថ្មីឲ្យមានការបញ្ឈប់អំពើហិង្សានៅតំបន់ Darfur។ កម្មវិធីស្បៀងអាហារពិភពលោក បានព្រមានថា ការប្រយុទ្ធគ្នាកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនក្នុងស្រុក ហើយប្រសិនបើនៅមានជាបន្ត នោះកង្វះខាតស្បៀងអាហារ និងភាពអត់ឃ្លាន នឹងមានកាន់តែខ្លាំងឡើង៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា