ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិរាយការណ៍ថា ជនភៀសខ្លួនស៊ូដង់ជាង១ម៉ឺន១ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដក្នុងខែនេះដើម្បីគេចចេញពីអំពើហិង្សារវាងសហគមន៍នៅរដ្ឋ Darfur ខាងលិច។
ស្ថានភាពនៅ Darfur ខាងលិចកាន់តែអាក្រក់ទៅៗចាប់តាំងពីមានជម្លោះរវាងក្រុមជនជាតិអារ៉ាប់និងអាហ្វ្រិកបានបញ្ឆេះការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅ El Geneina កាលពីចុងខែធ្នូ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានរាយការណ៍ថា គ្រាន់តែកាលពីសប្តាហ៍មុន មនុស្សតែ៤ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដដើម្បីសុវត្ថិភាព។
ទីភ្នាក់ងារនេះនិយាយថា ភាគច្រើននៃជនភៀសខ្លួនគឺស្ថិតក្នុងចំណោមប្រជាជន ៦ម៉ឺននាក់ដែលបានរត់ចោលទីលំនៅ ពេលមានការប្រយុទ្ធគ្នាពីមុននៅDarfur។ ក្រុមមន្ត្រី UNHCR និយាយថា ពួកគេរំពឹងថា ជនជាតិស៊ូដង់ប្រហែល៣ម៉ឺននាក់អាចនឹងឆ្លងដែនចូលទៅប្រទេសឆាដក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារភាពតានតឹងកើនឡើង។
លោក Babar Baloch អ្នកនាំពាក្យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និយាយថា ជនភៀសខ្លួនមកដល់ថ្មីបាននិយាយអំពីការបំផ្លិចបំផ្លាញជាទូទៅនិងត្រូវបានបង្ខំឱ្យភៀសខ្លួន បន្ទាប់ពីភូមិផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានវាយប្រហារ ដោយផ្ទះជាច្រើនត្រូវបានដុតបំផ្លាញទាំងស្រុង។ លោកនិយាយថា ជនភៀសខ្លួននៅប្រទេសមានសុវត្ថិភាព តែពួកគេប្រឈមការលំបាកធ្ងន់ធ្ងរណាស់៕