បណ្តាញផ្សាយព័ត៌មាននានារាយការណ៍ថា លោកប្រធានាធិបតីស៊ូដង់ Omar al-Bashir បានចុះចេញពីតំណែង ក្រោយពីមានការធ្វើបាតុកម្មអស់ពេលជិត៤ខែប្រឆាំងនឹងការកាន់អំណាចផ្តាច់ការរបស់លោកអស់ពេល ៣០ ឆ្នាំ។
ទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters និយាយថា ពួកគេបានដឹងពីប្រភពរដ្ឋាភិបាលផ្សេងៗថា មេដឹកនាំដែលមានអាយុ ៧៥ ឆ្នាំរូបនេះ នឹងចុះចេញពីតំណែង ហើយថា កំពុងតែមានការពិគ្រោះអំពីការបង្កើតទីប្រឹក្សាអន្តរកាលមួយ។
របាយការណ៍អំពីការចេញពីតំណែងរបស់លោក al-Bashir កើតឡើងប៉ុន្មានម៉ោងក្រោយពេលដែលប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋាភិបាលស៊ូដង់ បាននិយាយថា ពួកយោធានឹងមានសេចក្តីថ្លែងការណ៍សំខាន់មួយ នៅថ្ងៃព្រហស្សតិ៍នេះ ប៉ុន្តែមិនបាននិយាយលម្អិតបន្ថែមអំពីសេចក្តីថ្លែងការណ៍នោះឡើយ។
ពលរដ្ឋនៅក្នុងទីក្រុង Khartoum រាប់ពាន់នាក់បាននាំគ្នាចេញដើរតាមផ្លូវក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ ហើយបាននាំគ្នាដើរសំដៅទៅកាន់ទីស្នាក់ការរបស់កងយោធា ដែលនៅទីនោះ ក្រុមបាតុករបានអង្គុយតវ៉ា តាំងពីថ្ងៃសៅរ៍មក។ មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ នេះបើតាមការឲ្យដឹងរបស់ក្រុមសកម្មជន។
មានសេចក្តីរាយការណ៍ដែលនិយាយថា រថយន្តយោធាដែលដឹកកងទ័ពជាច្រើន បានហ៊ុំព័ទ្ធវិមានប្រធានាធិបតី ដែលស្ថិតនៅក្នុងបរិវេណទីស្នាក់ការយោធា។ ទីភ្នាក់ងារព័ត៌មាន Reuters និង AFP របស់បារាំងរាយការណ៍ថា កងយោធាបានលុកលុយចូលក្នុងទីស្នាក់ការរបស់គណបក្សកាន់អំណាចរបស់លោក al-Bashir ។ បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋាភិបាលស៊ូដង់ ក៏បានរាយការណ៍ដែរថា ទីភ្នាក់ងារសន្តិសុខស៊ូដង់នឹងដោះលែងអ្នកទោសនយោបាយទាំងអស់នាពេលឆាប់ៗខាងមុខនេះ។
បាតុកម្មបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៨។ ក្រុមបាតុករបានចោទថា រដ្ឋាភិបាលស៊ូដង់គ្រប់គ្រងសេដ្ឋកិច្ចប្រទេសជាតិ ដោយមិនត្រឹមត្រូវ នាំឲ្យទំនិញឡើងថ្លៃកប់ពពក នាំឲ្យខ្វះប្រេងឥន្ទនៈ និងរូបិយបណ្ណបរទេស។
លោក al-Bashir ដែលបានឡើងកាន់អំណាចក្នុងអំឡុងរដ្ឋប្រហារឥស្លាមមួយកាលពីឆ្នាំ ១៩៨៩ នោះ បានប្រកាសដាក់ប្រទេសស៊ូដង់ ក្នុងភាពមានអាសន្នកាលពីថ្ងៃទី២២កុម្ភៈ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីគាបសង្កត់ក្រុមបាតុករ ក្រោយពីការបង្ក្រាបនៅគ្រាដំបូងមិនបានទទួលជោគជ័យ។
លោក al-Bashir ត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិរកចាប់ខ្លួន ក្នុងបទចោទថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក និង អំពើប្រល័យពូជសាសន៍ ពាក់ព័ន្ធនិងការសម្លាប់យ៉ាងរង្គាលក្នុងតំបន់ Darfur ដែលស្ថិតនៅភាគខាងលិចនៃប្រទេសស៊ូដង់៕