ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ត្រូវ​ធានា​យុត្តិធម៌​នយោបាយ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ការ​សម្លាប់​រង្គាល


រូបឯកសារ៖ អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់​ម្នាក់​បាន​ទូល​រូប​ជញ្ជីង​យុត្តិធម៌​ក្នុង​ការ​ដើរ​ក្បួន​បាតុកម្មមួយ​របស់​អ្នក​ភូមិបឹង​កក់នៅ​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃច័ន្ទ ទី៦ ខែ​ឧសភា ឆ្នាំ​២០១៣។
រូបឯកសារ៖ អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់​ម្នាក់​បាន​ទូល​រូប​ជញ្ជីង​យុត្តិធម៌​ក្នុង​ការ​ដើរ​ក្បួន​បាតុកម្មមួយ​របស់​អ្នក​ភូមិបឹង​កក់នៅ​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃច័ន្ទ ទី៦ ខែ​ឧសភា ឆ្នាំ​២០១៣។

ប្រទេស​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា ​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​ឯករាជ្យ។

បើទោះ​ជា​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​បរិបូរណ៍​ពី​ឆ្នាំ​១៩៩៨ក្តី ក៏​ប្រទេស​ដ៏​ក្រីក្រ​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ដែល​អាច​ឈាន​ដល់​ការ​កាប់​សម្លាប់ ដោយ​ហេតុ​តែ​ប្រទេស​នេះ​ពុំ​ទាន់​ធានាបាន​នីតិរដ្ឋពេញ​លេញ។

ប្រទេស​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា ​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​ឯករាជ្យ ​ទើប​ប្រទេស​នេះ​ជៀស​ផុត​ពី​លទ្ធភាព​នៃ​ការ​កើត​ឡើង​សកម្ម​ភាព​កាប់​សម្លាប់​ ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ ឬ​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។​

ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​សញ្ញា​ ដែល​អាច​ក្លាយ​ជា​កត្តា​ហានិភ័យ​នាំ​ទៅ​រក​ការ​កើត​មាន​អំពើ​ហិង្សា​សារ​ជាថ្មី​ ខណៈ​ដែល​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជំទាស់​ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។​

ឯកសារ​ស្តីពី​ការ​វិភាគ​អំពី​អំពើ​ឧក្រិដ្ឋ​កម្មឃោរ​ឃៅ​ ដែល​ជា​ឧបករណ៍​សម្រាប់​ការ​បង្ការ​របស់អង្គការ​សហ​ប្រជាជាតិ​ បាន​សរសេរ​ថា​ ហេតុផល​ផ្នែក​នយោបាយនានា​ ដែល​ជំរុញ​ឲ្យ​កើតមាន​នូវសកម្ម​អ្វី​មួយ​ ជាពិសេស​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ ​ដែលមាន​បំណង​ទទួល​បានអំណាច​ និង​ការ​ប្រមូល​ផ្តុំអំណាច​ ឬ​សកម្ម​ភាព​នៃ​ការ​ញុះញង់ ឬ​ក៏​ការឃោសនា​មាន​លក្ខណៈ​ស្អប់​ខ្ពើម​ ដោយ​តម្រង់​គោល​ដៅ​ទៅ​ក្រុម​ជាក់​លាក់​ណាមួយ​ ឬបុគ្គល​នីមួយៗ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឃោរ​ឃៅ​ ហើយ​ឈាន​ដល់​សកម្ម​ភាពកាប់​សម្លាប់​ព្រៃ​ផ្សៃ។

លោក ទឹម ម៉ាឡៃ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ ខណៈ​ពេល​ហែ​ញត្តិ​ទៅ​រដ្ឋ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៥ ខែ​តុលា​ ឆ្នាំ​២០១៥។ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​១០០០​នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ហែ​ញតិ្ត​ទៅ​ដាក់​រដ្ឋ​សភាជាតិ​ ក្នុង​ឱកាស​ទិវា​លំនៅដ្ឋាន​ពិភពលោក​ខួប​លើក​ទី​៣០។ (ឡេង ឡែន/ VOA Khmer
លោក ទឹម ម៉ាឡៃ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ ខណៈ​ពេល​ហែ​ញត្តិ​ទៅ​រដ្ឋ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៥ ខែ​តុលា​ ឆ្នាំ​២០១៥។ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​១០០០​នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ហែ​ញតិ្ត​ទៅ​ដាក់​រដ្ឋ​សភាជាតិ​ ក្នុង​ឱកាស​ទិវា​លំនៅដ្ឋាន​ពិភពលោក​ខួប​លើក​ទី​៣០។ (ឡេង ឡែន/ VOA Khmer

​ឯកសារ​នោះ​បន្ត​ទៀត​ថា​ ការ​កើន​ឡើង​វោហារស័ព្ទ​មាន​លក្ខណៈ​អុជអាល​ និង​យុទ្ធនាការ​ឃោសនា​ ​ឬ​ក៏​ពាក្យ​សម្តី​មាន​លក្ខណៈ​ស្អប់​ខ្ពើម​ សំដៅ​ទៅ​កាន់​ក្រុម​ដែល​ទទួល​បាន​ការ​ការពារ​ប្រជាជន​ ឬ​បុគ្គល​ក៏​ជា​កត្តា​ហានិភ័យ​ ដែល​អាច​នាំ​ទៅ​ដល់​ការ​ប្រើ​ប្រាស់​អំពើហិង្សា​ និង​ការ​កាប់​សម្លាប់។​

លោក​ សុខ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ថ្លែង​ប្រាប់​VOA ​ថា​ ការ​ប្រកាសរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ អំពី​ការ​កើតឡើង​នៃ​សង្គ្រាម​នោះ​ មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធនឹង​ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្មឃោរ​ឃៅ​លើ​មនុស្ស​ជាតិ​ ដែល​ជួយ​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​នឹង​ឈាន​ដល់​ការ​កាប់​សម្លាប់នោះ​ទេ។​

លោក​ថ្លែង​ថា៖

«សុំ​កុំ​ឲ្យ​យល់​ច្រឡំ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គ្រប់​គ្រង​អំណាច​ ហើយ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​គ្រង​អំណាច​ វា​ទៅ​កើត​សង្គ្រាម​ហ្នឹង គឺ​ថា​ វា​មិន​មែន​ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទេ។ វា​ដោយ​សារ​គោល​នយោបាយ​ កម្មវិធី​នយោ​បាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ វា​កើត​ឡើង​ពី​គោល​នយោបាយ​របស់​គាត់​ហ្នឹង​ ហើយ​គោល​នយោបាយ​របស់​គាត់​យ៉ាង​ម៉េច?​ គាត់​លើក​ឡើងតាំងពី​ជំនាន់​ឃោសនា​ប៉ុន្មាន​អាណត្តិ​មក​ហើយ គាត់​ថា​ គាត់​ចាត់​ទុក​ថៅកែ​សុទ្ធ​តែ​ថៅ​កែ​ចិត្ត​ខ្មៅ​ ឧកញ៉ា​ចិត្ត​ខ្មៅ​ វិនិយោគ​គិន​ចិត្ត​ខ្មៅ​ បើសិន​ណា​គាត់​ឈ្នះ​កាន់​អំណាច​ គាត់​នឹង​រំលាយ​កិច្ច​សន្យា​វិនិយោគ​ គាត់​នឹង​រឹប​អូស​ទ្រព្យ​សម្បតិ្ត​ដីធ្លី​របស់​អ្នក​មាន​ទៅ​ចែក​អ្នក​ក្រ។ ​អាហ្នឹង​យ៉ាង​ម៉េច?​ វា​មាន​សង្គ្រាម​ដែរ​អាហ្នឹង! វា​ច្បាស់​ជា​មាន​ហើយ។​ អ្នក​មាន​ គេ​មាន​ទ្រព្យ​សម្បត្តិ​ គេ​សុខចិត្ត​ឲ្យ​យក​រឹបអូស​របស់​គេ​យក​ទៅ​ចែក​អ្នក​ក្រ​ទេ?»​

មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ ដូច​អ្វី​ដែល​បាន​លើក​ឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​នោះ​ឡើយ។​

បើ​ទោះ​ជា​មាន​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ប្រឈម​នឹង​កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​ប្រទេស​ក្រីក្រ​នេះ​ងាក​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​សារ​ជាថ្មី​ក្តី​ ឯកសារ​របស់​អង្គការ​សហប្រជាជាតិ ​ដែល​បង្ហាញ​ពី​កត្តា​ហានិភ័យ​នៃ​ការ​កើត​មាន​អំពើហិង្សា​ និង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរ​ឃៅ​ បាន​ផ្តល់​វិធីសាស្រ្ត​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ និង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទាំង​នោះ។

ឯកសារ​នោះ​លើកឡើង​ថា៖​

«ការ​បង្ការ​គឺ​ជា​ដំណើរការ​បន្ត​ទៅ​មុខ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការប្រឹង​ប្រែង​ដ៏​យូរ​អង្វែង​ដើម្បី​កសាង​នូវ​ការ​ងើប​ឡើង​វិញ​នៃ​សង្គម​ទាំង​ឡាយ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ការធានា​ឲ្យ​បាន​ថា​ នីតិរដ្ឋ​ត្រូវ​បាន​គោរព​ ហើយ​សិទ្ធិ​មនុស្ស​គ្រប់​យ៉ាង​ត្រូវ​បាន​ការពារ​ដោយ​គ្មាន​ការ​រើស​អើង​ និង​បង្កើត​ស្ថាប័ន​ជាតិ​ស្រប​ច្បាប់ ​និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លុបបំបាត់​អំពើ​ពុក​រលួយ​ និង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ចម្រុះ​មួយ​ដែល​ខ្លាំង ​ហើយ​នឹងផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ បរាជ័យ​របស់​រដ្ឋ​ក្នុងការ​ផ្តល់​ការ​គាំពារ​ និង​ការ​ធានា​នានា​ដល់​ប្រជាជន​របស់​ខ្លួន​ អាច​បង្កើត​បរិយាកាស​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ។ នៅ​ក្នុង​ករណី​ទាំងអស់​នេះ​ ការ​បង្ការ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រឹង​ប្រែង​ជា​ច្រើន​ ដើម្បី​បញ្ឈប់​បុព្វហេតុ​នៃ​ការ​កើត​ឡើង​ហេតុ​ការណ៍​ផ្សេងៗ»។​

អ្នក​ជំនាញ​ធ្វើការ​លើ​គម្រោង​ទប់ស្កាត់​ការ​សម្លាប់​រង្គាល និង​អំពើ​ប្រល័យ​ពូជសាសន៍ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​របស់​ពួកគេ ដែល​បាន​ធ្វើ​កន្លង​មក និង​ផែនការ​សម្រាប់​អនាគត​កាល​ពី​ថ្ងៃ​ពុធ ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA Khmer)
អ្នក​ជំនាញ​ធ្វើការ​លើ​គម្រោង​ទប់ស្កាត់​ការ​សម្លាប់​រង្គាល និង​អំពើ​ប្រល័យ​ពូជសាសន៍ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​របស់​ពួកគេ ដែល​បាន​ធ្វើ​កន្លង​មក និង​ផែនការ​សម្រាប់​អនាគត​កាល​ពី​ថ្ងៃ​ពុធ ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA Khmer)

លោក​បណ្ឌិត​ Noel Morada ​នាយក​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ ​(Asia Pacific Center for the Responsibility to Protect) ​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​«ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ» ​ថា​ រដ្ឋ​នីមួយៗ​ចាំបាច់​ត្រូវ​មាន​វិធាន​ការ​បង្ការ​ដោយ​ខ្លួន​ឯង​ ដោយ​ត្រូវ​កសាង​សមត្ថភាព​ក្នុង​ការ​បង្ការអំពើ​ហិង្សា​ និង​សកម្មភាព​ឧក្រិដ្ឋកម្ម។​ លោក​ថា​ រដ្ឋ​នីមួយៗ​មិន​អាច​រង់​ចាំ​រហូត​ដល់ពេល​អំពើ​ហិង្សា​នានា​កើតឡើង​ ទើប​ងាកទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ជួយ​សង្គ្រោះ​នោះ​ទេ​ ព្រោះ​អង្គការ​សហ​ប្រជាជាតិ​មិន​អាច​ជួយ​ដោះ​ស្រាយ​បាន​គ្រប់​បញ្ហា​ភ្លាមៗ​នោះ​ទេ​ ព្រោះ​មាន​វិបត្តិ​ជា​ច្រើន​កំពុង​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក។​

«កុំ​ភ្លេច​ថា​ មាន​វិបតិ្ត​ជាច្រើន​កំពុង​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក។ មូលនិធិ​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​មាន​កំហិត​ខ្លាំង​ណាស់​ សូម្បី​តែ​កិច្ច​ការ​ថែ​រក្សា​សន្តិភាព។​ តើ​អ្នក​យល់​ទេ?​ ដូច្នេះ ចំណុច​ដែល​ខ្ញុំ​ចង់​បង្ហាញ​នោះ​ គឺ​ការ​បង្កា និង​ការ​ឆ្លើយ​តប​នៅ​មូលដ្ឋាន​នឹង​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នោះ និង​អ្នក​អប់រំ​ ហើយ​និង​សង្គម​ស៊ីវិល​ រួម​ទាំង​រដ្ឋាភិបាល។​ ពួក​គេ​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​រយៈ​ការ​សន្ទនា​ថ្នាក់​ជាតិ ​ហើយ​ពិភាក្សា​ និង​កំណត់​សញ្ញា​នៃ​កត្តា​ហានិភ័យដើម្បី​បង្ការ»។​

លោក​ថ្លែង​បន្ត​ថា៖​

«ដូច្នេះ​សម្រាប់​ទស្សនវិស័យ​វែងឆ្ងាយ​ក្នុង​ការ​គិត​ដល់​ការ​អនុវត្ត​កាតព្វ​កិច្ចទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​លើ​មនុស្ស​ជាតិ​ នោះ​គឺការ​កសាង​សមត្ថភាព​ ហើយ​ភាគី​ពាក់​ព័ន្ធ​ទាំង​ឡាយ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ទាំងអស់​គ្នា»។

បទដ្ឋាន​នៃ​ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​សារ​ការ​កើត​ឡើង​ជា​បន្តបន្ទាប់​នូវ​អំពើ​ហិង្សា​ឃោរឃៅ​ ដែល​នាំ​ដល់​ការកាប់​សម្លាប់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។ អំពើ​ព្រៃផ្សៃ​ទាំង​នោះ​រួម​មានការ​សម្លាប់​ជន​ជាតិ​ជ្វីហ្វ​រាប់​លាន​នាក់​ដោយ​ពួក​ណាហ្ស៊ី​នៅ​ទស​វត្សរ៍​១៩៣០​ និង​១៩៤០ ការ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ប្រទេស​ Rwanda​ ហើយ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​អតីត​សាធារណ​រដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោស្លាវី​ (Yugolavia)​ ប្រទេស​ទីម័រខាងកើត​ (East Timor) ​និង​តំបន់​ Darfur ​ក្នុង​ប្រទេស​ស៊ូដង់​ (Sudan)។​

អ្នក​ជំនាញ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​លើ​មនុស្ស​ជាតិ​ ដែល​ធ្វើ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ ថ្លែង​ថា​ ប្រទេស​កម្ពុជា​ គួរ​បង្កើត​ឲ្យមានការ​ជជែក​គ្នា​កម្រិត​ថា្នក់​ជាតិ​ ដើម្បី​ស្វែងយល់​ពី​សញ្ញា​នៃ​កត្តា​ហានិភ័យ​នានា​ ប្រយោជន៍​ទប់​ស្កាត់​ការ​កើត​មាន​នៃ​អំពើ​ហិង្សា ​ដែល​អាច​នាំ​ដល់​ការ​កាប់​សម្លាប់​ និង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ។ ពួក​គេ​ថា​ រដ្ឋាភិបាល​គួរ​ខិតខំ​រក​ដំណោះ​ស្រាយ​ចំពោះ​ចំណុច​អវិជ្ជមាន​ ដែល​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា​ ដូច​ជា​វិបត្តិ​ដីធ្លី​ជា​ដើម៕

XS
SM
MD
LG