អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាដែលត្រូវបានធ្វើឡើងកាលពី៤ខែមុន បានបង្កឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស ដោយមានអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ ចេញតវ៉ានៅតាមដងផ្លូវ និងធ្វើកូដកម្មដើម្បីជាការតវ៉ា។
ប៉ុន្តែជាការសងសឹក កងកម្លាំងប្រដាប់អាវុធ បានបង្ក្រាបដោយហិង្សាទៅលើក្រុមបាតុករ ដោយបង្កឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។
ពន្ធនាគារ Insein គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារដ៏ព្រៃផ្សៃបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់មានប្រវត្តិលក្ខខណ្ឌ និងទង្វើអមនុស្សធម៌។ ចាប់តាំងពីរដ្ឋប្រហារមក អ្នកទោសនយោបាយរាប់រយនាក់ត្រូវបានឃុំខ្លួននៅទីនោះ ហើយមនុស្សមួយចំនួនត្រូវបានធ្វើទារុណកម្មក្នុងពេលសួរចម្លើយរបស់អាជ្ញាធរ នេះបើយោងតាមអ្នកទោសដែលត្រូវបានដោះលែង។
កាលពីពេលថ្មីៗនេះ លោក Yuki Kitazumi អ្នកកាសែតជប៉ុនមួយរូប ត្រូវបានជាប់ឃុំនៅពន្ធនាគារ Insein ជាង ១ ខែ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយរបបយោធា ដែលកាលពីដំបូងបានអះអាងថា លោកបានបំពានច្បាប់អន្តោប្រវេសន៍ ហើយក្រោយមកចោទប្រកាន់លោកពីការទិញវីដេអូខុសច្បាប់វិញ។
លោកបានស្ថិតក្នុងបន្ទប់តូចដាច់ដោយឡែកមួយនៅពន្ធនាគារ Insein ជាអ្វីដែលលោកបានពណ៌នាថា «អគារ VIP» ក្នុងចំណោមអ្នកទោសនយោបាយជាច្រើននាក់ផ្សេងទៀត។ ទោះជាយ៉ាងណាក្តី អ្នកទោសជាង ១០០ នាក់ផ្សេងទៀត បានបញ្ច្រៀតគ្នានៅក្នុងបន្ទប់តែមួយយ៉ាងតូចចង្អៀត។
លោក Kitazumi បានថ្លែងថា «អ្នកទោសនយោបាយភាគច្រើនត្រូវបានធ្វើទារុណកម្មនៅក្នុងបវិវេណវិទ្យាស្ថានយោធា ទីកន្លែងដែលអ្នកទោសជាច្រើនរងការរំលោភធ្វើបាប ខណៈដែលពួកគេត្រូវបានគេបិទភ្នែកក្នុងពេលសួរចម្លើយ។ ពួកគេមិនបានធ្វើបែបនេះ នៅក្នុងពន្ធនាគារ Insein នោះទេ»។
កាំបិត ឬកាំភ្លើង?
លោក Kitazumi បានបន្ថែមថា «បុរសម្នាក់ ត្រូវបានគេសួរឱ្យរើសរវាងកាំបិត និងកាំភ្លើង។ លោកបានរើសយកកាំភ្លើង។ ក្រោយមក អ្នកសួរចម្លើយក៏ភ្ជង់កាំភ្លើងជិតក្បាលលោក និងបានធ្វើការសួរចម្លើយ»។
ដោយត្រូវបានដោះលែងដោយមិនមានរបួស និងត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងតូក្យូវិញនៅដើមខែឧសភាកន្លងទៅ លោក Kitazumi ដែលបានដឹងគុណដល់សញ្ជាតិរបស់ខ្លួនចំពោះសេរីភាពដែលលោកទទួលបាននិយាយថា អ្នកទោសត្រូវបានគេបង្ខំឱ្យទទួលទានអាហារពីកម្រាលបេតុង ដោយដៃត្រូវជាប់ខ្នោះនៅនឹងខ្នងរបស់ពួកគេ។
លោកបានបន្ថែមថា «ជួនកាល [ពួកគេត្រូវបាន] វាយដោយដំបង នៅពេលពួកគេមិនព្រមឆ្លើយសំណួរ។ ពួកគេបន្តធ្វើបែបនេះយ៉ាងយូរ អាចថា ២ ឬ៣ថ្ងៃ»។
មនុស្សរាប់ពាន់នាក់ត្រូវបានជាប់ឃុំ
បើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងហោចណាស់ក៏៤.០០០ នាក់ដែរ ត្រូវបានឃុំខ្លួនបន្ទាប់ពីមានរដ្ឋប្រហារមក។
លោក Ko Bo Kyi ស្ថាបនិកសមាគម AAPP បានប្រាប់ VOA ថា អ្នកទោសនយោបាយយ៉ាងហោចណាស់៤០០នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ជាទីកន្លែងដែលលោកពណ៌នាថា ជាកន្លែងដ៏តូចចង្អៀតដែលដាក់អ្នកទោសយ៉ាងហោចណាស់ ១០.០០០ នាក់។ ប៉ុន្តែលោក Kyaw Htun Oo អនុប្រធាននាយកដ្ឋានពន្ធនាគារមីយ៉ាន់ម៉ា បានបដិសេធលើការចោទប្រកាន់នេះ ដោយលើកយកការមិនមានការឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារជាអំណះអំណាង។
VOA មិនអាចធ្វើការបញ្ជាក់ឯករាជ្យបានថា តើសហគមន៍ពន្ធនាគារនេះ មិនមានករណីឆ្លងជំងឺកូវីដ១៩ មែន ឬយ៉ាងណានោះទេ។
នៅពេល VOA បានសួរពីចំនួនអ្នកទោសដែលត្រូវបានឃុំខ្លួននៅពេលបច្ចុប្បន្ន ប្រធានផ្នែកសន្តិសុខរូបនេះបាននិយាយថា លោកមិនទទួលបានការអនុញ្ញាតឱ្យឆ្លើយនោះទេ ប៉ុន្តែពន្ធនាគារនេះ អាចផ្ទុកអ្នកទោសបាន៧.០០០ នាក់ និងថា អ្នកទោសទាំងអស់ត្រូវបានយកចិត្តទុកដាក់ដូចៗគ្នា និងមិនមានការបំពានណាមួយកើតឡើងនោះទេ។
លោក Htun Oo បានឆ្លើយដោយស្ម័គ្រចិត្តថា ប៉ុន្តែការបំពាន ជួនកាលអាចកើតមាន «ប្រហែលនៅក្នុងមជ្ឈមណ្ឌលសួរចម្លើយ»។
ការបំពាននៅដំណាក់កាលសួរចម្លើយ
មេធាវីមីយ៉ាន់ម៉ាម្នាក់ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះដោយសារការភ័យខ្លាចចំពោះការគុំគួនបានប្រាប់ VOA ថា ការបំពានទំនងជាកើតមានភ្លាមៗបន្ទាប់ពីការចាប់ខ្លួន ដែលភាគច្រើនធ្វើឡើងយោងតាមមាត្រា ៥០៥ (ក) នៃក្រមព្រហ្មទណ្ឌដែលហាមឃាត់ការរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាល ឬធ្វើសេចក្តីថ្លែងការណ៍ដែលបង្កឱ្យមានការភ័យខ្លាច។
លោកបានប្រាប់ VOA ថា «នៅពេលសួរចម្លើយ យើងឮថា ពួកគេធ្វើទារុណកម្ម» ហើយលោកបានពន្យល់ថា ជាទូទៅអ្វីៗនឹងល្អប្រសើរសម្រាប់អ្នកទោសនៅពេលពួកគេត្រូវបាននាំចូលទៅក្នុងពន្ធនាគារ»។
លោកបាននិយាយថា «វាមិនអីទេនៅក្នុងពន្ធនាគារ។ ខ្ញុំដឹង ដោយសារតែកូនប្រុសរបស់ខ្ញុំក៏ត្រូវបានឃុំខ្លួនដែរនៅពេលនេះ»។
លោក Zay Yar Lwin ជាសកម្មជន និងជាអតីតប្រធានសហព័ន្ធនិស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចរ៉ង់ហ្គូន ត្រូវបានជាប់ឃុំនៅពន្ធនាគារ Insein នៅក្នុងឆ្នាំ២០១៩ និងត្រូវបានដោះលែងនៅក្នុងខែមេសាកន្លងទៅ។ លោកបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារមានភាពល្អប្រសើរ ប៉ុន្តែទង្វើដែលប្រព្រឹត្តលើអ្នកទោសអាស្រ័យលើអារម្មណ៍របស់មន្ត្រីពន្ធនាគារពីមួយថ្ងៃ ទៅមួយថ្ងៃ។
ប្រទេសមីយ៉ាន់ម៉ា ដែលពីមុនត្រូវបានគេហៅថា ភូមា ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩៤៨ ប៉ុន្តែភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់យោធារហូតដល់ឆ្នាំ២០១១ នៅពេលដែលរដ្ឋាភិបាលរបបយោធាត្រូវបានរំលាយ ដែលផ្តល់ឱកាសឱ្យមានរដ្ឋាភិបាលអន្តរកាលដែលដាក់ទណ្ឌកម្មយោធា ដែលនាំឱ្យមានកំណែទម្រង់បែបប្រជាធិបតេយ្យជាមួយនឹងភាពពេញនិយមជាច្រើន។
នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំមុន យោធាបានតវ៉ានឹងលទ្ធផលបោះឆ្នោត ដោយអះអាងដោយមិនមានភស្តុតាងថា មានការបន្លំសន្លឹកឆ្នោត។ នៅថ្ងៃទី១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យចេញពីតំណែង និងបានចាប់ខ្លួនលោកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint។
ពន្ធនាគារ Insein ត្រូវបានសាងសង់ដោយចក្រភពអង់គ្លេសនៅឆ្នាំ១៨៨៧ និងជាប្រធានបទដ៏ចម្រូងចម្រាសចាប់តាំងពីពេលដែលយោធាបានដណ្តើមអំណាច បន្ទាប់ពីមានការបះបោរមួយនៅក្នុងឆ្នាំ១៩៨៨។ មានរបាយការណ៍នៅពេលនោះថា អ្នកទោសប្រឈមមុខនឹងលក្ខខណ្ឌគ្មានអនាម័យ និងការធ្វើទារុណកម្ម ដែលជួនកាលធ្វើឱ្យមានការធ្វើកូដកម្មដោយបង្អត់អាហារ។ នាពេលថ្មីៗនេះ លោកស្រី Suu Kyi ដែលត្រូវបានយោធាទម្លាក់ពីតំណែង ត្រូវបានឃុំខ្លួននៅទីនោះចំនួន ៣ លើក៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន