ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសមនុស្ស ២៨ នាក់ឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ រួមជាមួយនឹងការធ្វើការធ្ងន់ៗចំពោះការដុតបំផ្លាញរោងចក្រ ២ កន្លែង បន្ទាប់ពីរោងចក្រជាច្រើនដែលភាគច្រើនជាការវិនិយោគរបស់ចិនត្រូវបានដុតបំផ្លាញក្នុងពេលមានចលាចលក្នុងទីក្រុងរ៉ង់ហ្គូនកាលពីខែមីនាកន្លងទៅ។
គេហទំព័រសារព័ត៌មាន Myawady ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍នៅចុងខែឧសភាថា អ្នកប្រព្រឹត្តបទល្មើសបានយករោងចក្រស្បែកជើង និងរោងចក្រវាយនភណ្ឌនៅក្នុងតំបន់ឧស្សាហកម្ម Hlaing Tharyar នៅជាយក្រុងរ៉ង់ហ្គូនដែលជាក្រុងធំជាងគេនៅមីយ៉ាន់ម៉ាជាគោលដៅ។
ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសកម្មជននិយាយថា ច្បាប់អាជ្ញាសឹកត្រូវបានដាក់ឱ្យអនុវត្តនៅជាយក្រុងនេះបន្ទាប់ពីមានការដុតបំផ្លាញរោងចក្រជាច្រើនរួចមក ដោយមានមនុស្សរាប់សិបនាក់បានស្លាប់ ឬរងរបួសនៅពេលកងកម្លាំងសន្តិសុខបើកការវាយប្រហារទៅលើក្រុមបាតុករប្រឆាំងយោធា។
ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានថ្លែងនៅពេលមានការដុតបំផ្លាញនោះថា បុគ្គលិកចិនជាច្រើនបានរងរបួស និងជាប់នៅក្នុងការវាយប្រហារដោយការដុតបំផ្លាញនោះ និងបានអំពាវនាវឱ្យមីយ៉ាន់ម៉ាការពារទ្រព្យសម្បត្តិ និងប្រជាពលរដ្ឋចិន។
សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានរាយការណ៍នៅក្នុងខែមីនាកន្លងទៅថា រោងចក្រវិនិយោគរបស់ចិនសរុបចំនួន ៣២ កន្លែងត្រូវបានវាយកម្ទេចនៅក្នុងការវាយប្រហារទាំងនោះ ដែលមានការខូចខាតទ្រព្យសម្បត្តិរហូតដល់ ៣៦,៩ លានដុល្លារអាមេរិក។
ចិនត្រូវបានគេមើលឃើញថា បានគាំទ្រដល់របបយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ។
មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវលើការដុតបំផ្លាញរោងចក្រនោះទេ។ ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចល ដោយមានការតវ៉ារាល់ថ្ងៃ ការដើរក្បួន និងកូដកម្មប្រឆាំងនឹងរបបយោធាចាប់តាំងពីពេលយោធាបានដណ្តើមអំណាច និងបានចាប់ខ្លួនលោកស្រី Suu Kyi និងសមាជិកផ្សេងទៀតនៃគណបក្សរបស់លោកស្រីមក។
បើយោងតាមក្រុមសកម្មជនមួយឈ្មោះថា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ កងកម្លាំងសន្តិសុខបានឆ្លើយតបជាមួយនឹងកម្លាំងហួសហេតុ ដោយបានសម្លាប់មនុស្សជាង ៨០០ នាក់។ យោធាបានច្រានចោលតួលេខនេះ ហើយលោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារថ្មីៗនេះបាននិយាយថា មនុស្សប្រមាណ ៣០០ នាក់ត្រូវបានស្លាប់នៅក្នុងភាពចលាចលនេះ ដែលរួមមានប៉ូលិសចំនួន ៤៧ នាក់ផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា