ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​អាមេរិកាំង​ម្នាក់​ត្រូវបាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


លោក Danny Fenster អ្នក​កាសែត​អាមេរិក​មួយរូប​ធ្វើការ​ឲ្យ​ទស្សនាវដ្ដី​ Frontier Myanmar ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។ (រូបថត​ដកស្រង់​ពី​គេហទំព័រ about.me)
លោក Danny Fenster អ្នក​កាសែត​អាមេរិក​មួយរូប​ធ្វើការ​ឲ្យ​ទស្សនាវដ្ដី​ Frontier Myanmar ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។ (រូបថត​ដកស្រង់​ពី​គេហទំព័រ about.me)

អ្នក​កាសែត​អាមេរិក​មួយរូប​ធ្វើការ​ឲ្យ​ទស្សនាវដ្ដី​ព័ត៌មាន​មួយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។ នេះ​បើ​តាមទស្សនាវដ្ដី Frontier Myanmar ដែល​លោក​បម្រើការ។

ទស្សនាវដ្ដី Frontier Myanmar បានសរសេរនៅ​លើ Twitter ថា​និពន្ធ​នាយក​របស់​ខ្លួន​គឺ​លោក Danny Fenster ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ចំណត​អាកាសយាន្ដដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៅ​ពេល​លោក​ត្រៀម​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​កាន់​ពន្ធនាគារ Insein នៅ​ទីក្រុង​រ៉ង់ហ្គូន។

ទស្សនាវដ្តី​នេះ​បាន​បញ្ជាក់​ថា៖ «យើង​មិន​បាន​ដឹង​ថា ហេតុអ្វី​បាន​ជា​លោក Danny ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​យើង​ពុំ​អាច​ទាក់ទង​លោក​បាន​ឡើយ»។

ទស្សនាវដ្តី​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា៖​ «យើង​មាន​ការព្រួយ​បារម្ភ​ពី​សុខុមាលភាព​របស់​លោក​ និងអំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក​ជា​បន្ទាន់។ អាទិភាព​របស់​យើង​នៅ​ពេល​នេះ​គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​មាន​សុវត្ថិភាព ​និង​ផ្ដល់​ឲ្យ​លោក​នូវ​ជំនួយ​គ្រប់យ៉ាង​ដែល​លោក​ត្រូវការ»។

ទស្សនាវដ្តី Frontier Myanmar ផ្សាយ​ជា​ពីរ​ភាសា​គឺ​ភាសា​អង់គ្លេស​និង​មីយ៉ាន់ម៉ា និង​ជា​ទស្សនាវដ្តី​ឯករាជ្យ​បំផុត​មួយ​ក្នុង​ប្រទេស។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​ដឹង​ពី​ការ​រាយការណ៍​ថា​មាន​ពលរដ្ឋ​អាមេរិក​ម្នាក់​ត្រូវ​បានចាប់​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​នាំ​ពាក្យ​រូប​នោះ​និយាយ​ថា៖ «យើង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​រស់នៅ​បរទេស ​ហើយយើង​កំពុង​តាម​ដាន​ស្ថានភាព​នេះ»។

បងប្អូន​ប្រុស​របស់​លោក Fensters ដែល​មាន​ឈ្មោះថា Bryan បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ច័ន្ទថា៖ «យើង​ពិត​ជាតក់ស្លុត​និង​ច្របូក​ច្របល់​ខ្លាំងណាស់​ ថា​ហេតុអ្វីបាន​ជា Dan ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​យ៉ាង​ដូច្នេះ​នោះ»៕

XS
SM
MD
LG